មេ​ដឹកនាំ​ព្រះ​សង្ឃ​​មួយចំនួន​រង​ការ​ចោទ​ថា​ប្រតិបត្តិ​កិច្ចការ​រំលោភ​សិទ្ធិ​មនុស្ស

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចេញ​លិខិត​ចំហ​មួយ​ដោយ​ចោទ​ប្រកាន់​សម្តេច ​ព្រះសង្ឃ​រាជ​គណៈ​មហានិកាយ​ខ្មែរ​និង​មេ​ដឹកនាំ​ព្រះ​សង្ឃ​ព្រះពុទ្ធ​សាសនា ​មួយចំនួន​ទៀត​ថា​បាន​ប្រតិបត្តិ​កិច្ចការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ គោលការណ៍​ព្រះពុទ្ធ​សាសនា​ទៀត​ផង។
មេ​ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​ អាមេរិក​បាន​ធ្វើការ​អំពាវនាវ​នៅ​ថ្ងៃ​១៩ កញ្ញា សុំ​ឲ្យ​ស្ថានទូត​បរទេស​នៅ​កម្ពុជា​និង​សហគមន៍​ខ្មែរ​នានា​នៅ​ឯ​បរទេស​ផងដែរ ឈប់​ផ្តល់​ទិដ្ឋាការ​និង​គាំទ្រ​ដល់​សកម្មភាព​របស់​មេ​ដឹកនាំ​ព្រះសង្ឃ​ ព្រះពុទ្ធ​សាសនា​ខ្មែរ​មួយចំនួន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ សិទ្ធិ​មនុស្ស​និង​ប្រតិបត្តិ​ប្រាសចាក​គន្លង​ព្រះពុទ្ធ​សាសនា។

លោក ថាច់ ង៉ុកថាច់ ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា ដោយសារ​តែ​រយៈពេល​កន្លង​មក​ថ្មីៗ​នេះ​មាន​កើត​នូវ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស ​ជា​ច្រើន​ដែល​ប្រព្រឹត្ត​និង​ដឹកនាំ​ដោយ​មេ​ដឹកនាំ​ព្រះសង្ឃ​ខ្មែរ ជា​ពិសេស​គឺ​ករណី​របស់​ព្រះតេជគុណ ទឹម សាខន ដែល​ត្រូវ​គេ​ចាប់​ផ្សឹក​និង​បញ្ជូន​ទៅ​ដាក់​គុក​ក្នុង​ប្រទេស​វៀតណាម​នោះ។

លោក ថាច់ ង៉ុកថាច់ បាន​បញ្ជាក់​ថា ៖ «ផ្សឹក​លោក​គ្រូ ទឹម សាខន ហើយ​ជាមួយ​នឹង​ចូលរួម​ក្នុង​ការ​ទៅ​វ៉ៃ​ព្រះសង្ឃ​នៅ​ពេល​ដែល​ព្រះសង្ឃ​ខ្មែរ ​ក្រោម​យើង​ធ្វើ​ញត្តិ​ដាក់​នៅ​ទូត​យួន»។

លោក ថាច់ ង៉ុកថាច់ បាន​មាន​ប្រសាសន៍​បន្ត​ថា ដូច្នេះ​ហើយ​បាន​ជា​លោក​ចង់​ឲ្យ​មាន​ការ​ដាក់​ពិន័យ​ដល់​មេ​ដឹកនាំ​ព្រះសង្ឃ ​ព្រះពុទ្ធ​សាសនា​ខ្មែរ​ទាំង​នោះ​ដែល​មិន​មាន​គំរូ​ល្អ​សម្រាប់​ពុទ្ធ​ បរិស័ទ​ខ្មែរ​ឡើយ។

លោក ថាច់ ង៉ុកថាច់ បាន​ថ្លែង​ថា ៖ «ព្រះ​សង្ឃ​ទាំង​អស់​ហ្នឹង​មិន​ គោរព​នូវ​វិន័យ​សង្ឃ ធ្វើ​នូវ​បទ​ឧក្រិដ្ឋកម្ម​ចំពោះ​មនុស្ស​ជាតិ វា​ខុស​នឹង​ខ្លួន​ជា​មេ​ដឹកនាំ​ក្នុង​ផ្នែក​ព្រះពុទ្ធ​សាសនា»។

នៅ​ក្នុង​លិខិត​ចំហ​នោះ​បាន​រាយនាម​មេ​ដឹកនាំ​ព្រះ​សង្ឃ​ចំនួន​៧​អង្គ​ ដែល​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​នោះ រួម​មាន៖ សម្តេច​ព្រះ​អគ្គ​មហា​សង្ឃរាជាធិបតី ទេព វង្ស សម្តេច​ព្រះ​មហា​សង្ឃ​រាជ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា គង់​នៅ​វត្ត​ឧណ្ណាលោម, សម្តេច​ព្រះ​មហា​សុមេធាធិបតី នន្ទ ង៉ែត សម្តេច​ព្រះ​សង្ឃ​នាយក​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា គង់​នៅ​វត្ត​បទុមវតី, សម្ដេច​ព្រះ​ពោធិវង្ស អំ លឹមហេង គង់​នៅ​វត្ត​ចំពុះក្អែក ខេត្ត​កណ្ដាល, ព្រះតេជគុណ ឡុង គឹមលាង កំពុង​គង់​នៅ​វត្ត​ខ្មែរ​មួយ​នា​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក, ព្រះតេជគុណ សៅ ចាន់ថុល ឧត្តម​ក្រុមប្រឹក្សា​គណៈ​សង្ឃ​នាយក គង់​នៅ​វត្ត​លង្កា, ព្រះតេជគុណ ណយ ច្រឹក គង់​នៅ​វត្ត​ច័ន្ទបុរីវង្ស នា​ស្រុក​ពញាឮ ខេត្ត​កណ្តាល និង​ព្រះតេជគុណ ជៀស ឱម គង់​នៅ​វត្ត​សីហរតនារាម​ក្នុង​ខេត្ត​តាកែវ។

នៅ​ពេល​នេះ​មិន​ទាន់​មាន​ប្រតិកម្ម​ពី​មេ​ដឹកនាំ​ព្រះ​សង្ឃ​ខ្មែរ​ចំពោះ​ ការ​ចោទ​ប្រកាន់​នោះ​ទេ ប៉ុន្តែ​លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ចំពោះ​ការ​ចោទ​ប្រកាន់​ក្នុង​លិខិត​ចំហ​នោះ​ថា ៖ «យើង ​មាន​ច្បាប់​ទម្លាប់​របស់​រាជាណាចក្រ​កម្ពុជា អង្គការ​សាសនា​គឺ​ជា​អង្គការ​សាសនា​របស់​រដ្ឋ ម៉្លោះ​ហើយ​យើង​ជឿ​ថា សម្ដេច​ព្រះ​សង្ឃ​លោក​មាន​អំណាច​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ការងារ​សាសនា»។

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ប្រកាស​ការ​ដាក់ ​សម្ពាធ​ទៅ​លើ​មន្រ្តី​និង​មេ​ដឹកនាំ​ព្រះ​សង្ឃ​ព្រះពុទ្ធ​សាសនា​ខ្មែរ​ទាំង ​ឡាយ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​រឿយៗ​ពី​រឿង​ទាក់ទង​អ្នក​នយោបាយ ហើយ​អ្នក​រិះគន់​ខ្លះ​ចាត់ទុក​ថា មេ​ដឹកនាំ​ព្រះ​សង្ឃ​ទាំង​នោះ​គឺ​មាន​និន្នាការ​ធ្វើ​សកម្មភាព​គាំទ្រ​ រដ្ឋាភិបាល​និង​ប្រទេស​វៀតណាម​ផង៕
ប្រភពពីវិទ្យុអាស៊ីសេរី.