មេបញ្ជាការនាយទាហានខ្មែរមានសំណាងស្គាល់ដីខ្មែរក្រោមតែគ្មានវាសនាស្គាល់ខ្មែរក្រោម

ដោយៈ VOKK
យោងតាមសារព័ត៌មាន ខេត្តព្រែកឫស្សី ឬកឹងថើ បានធ្វើការចុះផ្សាយថា ឧត្តមសេនីយ៍ឯក ដៀង សារុន មេបញ្ជាការរងអង្គរក្សនាយករដ្ឋមន្រ្តី ហ៊ុន សែន កងយោធពលខេមរភូមិន្ទ បានដឹកនាំ
គណៈប្រតិភូខ្មែរមួយក្រុមចុះមកកម្ពុជាក្រោម ដើម្បីជួបមេដឹកនាំយួនក្នុងគោលបំណងថ្លែងអំណរគុណចំពោះបក្សរដ្ឋ និងកងទ័ពយួន ដែលបានឧបត្ថម្ភដល់គណៈបក្សប្រជាជនកម្ពុជា ជាពិសេសចំពោះកងទ័ពកម្ពុជា ។
 ប្រភពច្បាស់ការបានឲ្យដឹងថា ក្នុងឱកាសជួបពិភាក្សាការងារនៅក្នុងស្រុកយួនលោក ដៀង សារុន បានជួបជាមួយលោក សឺន សុងសឺន សមាជិកមជ្ឈិមបក្ស អនុប្រធានប្រចាំអចិន្រ្តៃយ៍
គណៈចង្អុលការភូមិភាគនិរតី ហើយលោក សើន សុងសើន បានព្យាយាមបិទបាំងអស់ពីកម្លាំងចិត្តពីបញ្ហាជីវភាព និងសិទ្ធិសេរីភាពខ្មែរកម្ពុជាក្រោម ។ លោក សើន សុងសើន បានជំរាបដល់គណៈប្រតិភូខ្មែរថា ជនជាតិដើមខ្មែរកម្ពុជាក្រោម នៅយួនខាងត្បូង តែងបានរស់នៅដោយសមភាព លើគ្រប់វិស័យ នយោបាយ វប្បធមិ សង្គម សាសនា ដូចជាជនជាតិដទៃទាំង ៥៣ ដែលកំពុងរស់នៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលកុម្មុយនិស្តយួន ។
 ចំពោះការនិយាយបំផ្លើសគ្មានការពិតបែបនេះ ត្រូវបានមតិជាតិ និងអន្តរជាតិរិះគន់ជុំទិស ។ ពិសេសសភាសហគមន៍ទើបនឹងប្រកាសដឹកនាំបងប្អូនខ្មែរក្រោម ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលយួន ដោយសារតែបានរំលោភសេរីភាពពួកគាត់ និងការរើសអើង ។ ការលើកឡើងរបស់លោក សើន សុងសើន ថាជនជាតិជាបងប្អូននៅក្នុងស្រុកយួនមាន ៥៣ នេះ ធ្វើឲ្យអ្នកចេះចាំប្រវត្តិសាស្រ្ត អក្សរសាស្រ្ត និងអ្នកតាមដានសកម្មភាពបំបាត់ពូជសាសន៍របស់រដ្ឋាភិបាលកុម្មុយនិស្តយួនមានចំងល់យ៉ាងខ្លាំង ខណៈពេលនៅឆ្នាំទសវត្ស៍ទី ៦០ និង ៧០ រដ្ឋាភិបាលយួនបានប្រកាសថា ប្រទេសយួនមាន ៦៣ ជនជាតិកំពុងរស់នៅជាបងប្អូន ។ ដល់ឆ្នាំ ២០០២ អ្នកនាំពាក្យរដ្ឋាភិបាលយួនបានថ្លែងក្នុងអង្គការសហប្រជាជាតិថា ប្រទេសយួនមាន ៥៧ ជនជាតិជាបងប្អូន ។ មកដល់បច្ចុប្បន្ន តាមគេហទំព័រក្រសួងការបរទេសយួន និងឯកសារយួននានាផ្សព្វផ្សាយថា ប្រទេសយួនមាន ៥៤ ជនជាតិ ។ ហើយរឿងដែលចំឡែកបំផុត ក្នុងសារព័ត៍មានកឹងថើ ដែលបានដកស្រង់សំដីលោក សើន សុងសើន និយាយប្រាប់ មេដឹកនាំខ្មែរខណៈពេលបំពេញទស្សនៈកិច្ចនៅស្រុក ថា មានចំនួន ៥៣ ជនជាតិតែប៉ុណ្ណោះ ។ ដូច្នេះ គេមិនដឹងថា រដ្ឋាភិបាលយួនបានធ្វើអីទៅជនជាតិភាគតិចទាំង ១០ នោះទេ ប្រសិនបើគេគ្មានឈ្មោះសំឡេងនៅលើទឹកដីយួនសព្វថ្ងៃនេះ ។ បុរសខ្មែរកម្ពុជាក្រោមម្នាក់ ដែលបានរៀនសូត្រចេះចាំប្រវត្តិសាស្រ្តច្រើន ហើយតាមដានស្ថានភាព និងសកម្មភាពយួនយ៉ាងប្រកិត បានថ្លែងបញ្ជាក់ដូច្នេះ…….។
 ទោះបីលោក សើន សុងសើន ថ្លែងប្រាប់គណៈប្រតិភូខ្មែរបែបណាក្តី សារព័ត៌មានកឹងថើមិនបានបង្ហាញពីប្រតិកម្មរបស់គណៈប្រតិភូខ្មែរសោះឡើយ ។ ដោយមេដឹកនាំគណៈប្រតិភូនេះ គ្រាន់តែថ្លែងអំណរគុណចំពោះរដ្ឋាភិបាលមិនដាច់ពីមាត់តែប៉ុណ្ណោះ ។ ជាពិសេសថ្លែងអំណរគុណីដល់គោលនយោបាយរបស់បក្ស និងរដ្ឋយួន ដែលបានជួយឲ្យបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្រ្តី ហ៊ុន សែន កងយោធពលខេមរភូមិន្ទ ដែលបានដោះដូរបទពិសោធន៍ និងយកទៅអនុវត្តជាក់ស្តែងក្នុងពេលបច្ចុប្បន្ន និងអនាគត ។
 ទោះបីជាគណៈប្រតិភូខ្មែរ ដឹកនាំដោយលោក ដៀង សារុន មិនបានពិភាក្សាស៊ីជំរៅរឿងរ៉ាងបងប្អូនខ្មែរកម្ពុជាក្រោម ក្នុងដំណើរទស្សនៈកិច្ចនៅលើទឹកដីកម្ពុជាក្រោមក្តី ប៉ុន្តែមតិភាគច្រើននិយាយថា យ៉ាងហោចណាស់ លោក ដៀង សារុន មេបញ្ជាការរងអង្គរក្សនាយករដ្ឋមន្រ្តី ហ៊ុន សែន កងយោធពលខេមរភូមិន្ទ មានសំណាងជាងមេដឹកនាំខ្មែរផ្សេង ៗ ដែលបានជាន់ដីកម្ពុជាក្រោម ។ ជាពិសេស លោក ដៀង សារុន ក៏បានទៅទស្សនៈកិច្ច និងដោះដូរបទពិសោធន៍នៅខេត្តព្រះត្រាពំាង ខេត្តឃ្លាំង និងខេត្តព្រែកឫស្សី ៕.