ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៥ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា លោក តាំង សារៈ និងសហការីរបស់ខ្លួនបានចូលទៅគោរព ព្រះសព ភិក្ខុ ថាច់ ខាន់ នៅវត្តសាមគ្គីរង្សី ដែលទើបតែត្រូវបានទទួល អនិច្ចធម្ម កាលពីថ្ងៃទី ១២ ខែមករា កន្លងទៅនេះ ។

លោក តាំង សារៈ បានសម្ដែងនូវការសោកសា្ដយចំពោះមរណភាពរបស់ ភិក្ខុ ថាច់ ខាន់ ព្រះពហូស្សូតឆ្វេងនៃវត្ត សាមគ្គីរង្សី និងបានសរសេរនៅលើសៀវភៅខ្មែរនៃពិធីបុណ្យឈាបនកិច្ចថា៖
“សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក និងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា មានក្ដី សោកស្ដាយជាទីបំផុត ចំពោះមរណភាពដ៏ក្រៀមក្រំរបស់ព្រះតេជព្រះគុណ ថាច់ ខាន់ ព្រះពហូស្សូតឆ្វេងវត្តសាមគ្គី រង្សី” ។
នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ម្សិលមិញនេះដែរ ប្រធានលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា លោក ថាច់ ឡែន ក៏បានដឹកនាំគណៈកម្មការ និងសហការីរបស់ខ្លួនទៅ គោរពព្រះសព ភិក្ខុ ថាច់ ខាន់ ផងដែរ ។
នៅក្នុងពិធីបុណ្យឈាបនកិច្ចដែលរៀបចំនៅក្នុងបរិវេណវត្តសាមគ្គីរង្សី ជាយទីក្រុងភ្នំពេញ លោក ថាច់ ឡែន បាន សម្តែងនូវសេចក្តីរន្ធត់ក្រៀមក្រំយ៉ាងខ្លាំង និងសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់ព្រះភិក្ខុ ថាច់ ខាន់ និង បាននាំយកថវិកាមួយចំនួនចូលកុសលជាមួយក្រុមគ្រួសារនៃសព ដែលទើបតែបានធ្វើដំណើរមកពីដែនដីកម្ពុជា ក្រោម និងសហរដ្ឋអាមេរិក ។
ចំណែកពីប្រទេសកាណាដាវិញ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ង៉ុក ថាច់ បានផ្ញើសាររំលែកទុក្ខប្រគេនចំពោះព្រះសង្ឃវត្តសាមគ្គីរង្សី និង ព្រះតេជព្រះគុណ ថាច់ ហាន់ ព្រះចៅ អធិការវត្តពុទ្ធិកៈខ្មែរនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក ដែលត្រូវជាបងបង្កើតរបស់ព្រះសព ។ ក្នុងសារលិខិត លោក ថាច់ ង៉ុក ថាច់ បានបានចាត់ទុក ព្រះភិក្ខុ ថាច់ ខាន់ ថា ជាព្រះសង្ឃខ្មែរក្រោមមួយអង្គតែងតែចូលរួម ក្នុងសកម្មភាពតស៊ូដើម្បី សិទ្ធិ មនុស្ស និងសេរីភាពនៅក្នុងសង្គមខ្មែរយ៉ាងសកម្មដែលជាគំរូសម្រាប់ព្រះសង្ឃ ឯទៀត ។
សារលិខិតបញ្ជាក់ថា៖
តាងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម យើងខ្ញុំព្រះករុណា ខ្ញុំបាទ មានសេចក្តីរន្ធត់ក្រៀមក្រំយ៉ាងខ្លាំងចំពោះមរណភាព របស់ ព្រះភិក្ខុ ថាច់ ខាន់ ដែលជាគ្រូសូត្រឆ្វេងនៃ វត្តសាមគ្គីរង្សី-កម្ពុជាក្រោម ឋិតនៅក្នុងក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ ។
ព្រះភិក្ខុ ថាច់ ខាន់ បានបំពេញនូវតូនាទីជាកុលបុត្រដ៏ប្រសើរដោយបានសាងព្រះផ្នួសសងគុណមាតាបិតា និងបាន បំពេញកាតព្វកិច្ចក្នុងនាមជាកុលបុត្រខ្មែរក្រោមមួយអង្គ ដោយបានចូលរួមបំរើការងារក្នុងសង្គមខ្មែរយ៉ាងសកម្ម នា ពេលកន្លងមក ។
ព្រះទ័យសន្ដោសសង្គ្រោះដល់ជនរងគ្រោះខ្មែរដែលមកពីបណ្តាខេត្តនានា នៅក្នុងប្រទេសកម្ពុជា និងការចូលរួម សកម្មភាព ដើម្បីសិទ្ធិសេរីភាពជំនឿសាសនា និងសង្គមនៅប្រទេសកម្ពុជាជានិច្ច របស់ព្រះភិក្ខុ ថាច់ ខាន់ ជាគំរូ មួយ សម្រាប់ព្រះសង្ឃខ្មែរនានាយកតម្រាប់តាម”។
ភិក្ខុ ថាច់ ខាន់ ប្រសូតនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៨១ នៅភូមិដើមជ្រៃ ឃុំដើមពោធិ៍ ស្រុកខ្សាច់ ខេត្តឃ្លាំង កម្ពុជាក្រោម ជាព្រះពហូស្សូត នៃវត្តសាមគ្គីរង្សី នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ត្រូវព្រះសង្ឃវ័យក្មេងឈ្មោះ លី ទឹង ជាព្រះសង្ឃខ្មែរក្រោមមកពីខេត្តឃ្លាំង ចាក់នឹងកាំបិតចិតផ្លែឈើចំកញ្ចឹងក និងត្រូវដៃ បណ្តាលឲ្យរងគ្រោះដល់បាត់បង់ជីវិត នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ក្នុងជម្លោះរឿងវិន័យនៅក្នុងវត្ត នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែបុស្ស ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃ ទី ១២ ខែមករា គ្រឹសសករាជ ២០១៥ ។
នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ អតីតសាមណេរឈ្មោះ លី ទឹង អាយុ ១៧ ឆ្នាំ ដែលជាអ្នកបានចាក់សម្លាប់ភិក្ខុ ថាច់ ខាន់នោះ ត្រូវបានតុលាការខ្មែរចោទប្រកាន់ពីបទ «ហិង្សាមានស្ថានទម្ងន់ទោស» តាមមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌដែលនឹងអាចជាប់ពន្ធនាគាររហូតពី ៧ ដល់ ១៥ ឆ្នាំ ហើយបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស នៅថ្ងៃដដែល ៕