នៅក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញ សហរដ្ឋអាមេរិក បានចាប់អារម្មណ៍ទៅលើក្រុមជន ជាតិដើមភាគតិចនៅប្រទេសវៀតណាម ពិសេសខ្មែរ កម្ពុជាក្រោម។ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជួបពិភាក្សាអំពីបញ្ហា រំលោភសិទ្ធិមនុស្ស នៅ ប្រទេសវៀតណាម ជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួ ងការបរទេសអាមេរិកទទួលបន្ទុ កផ្នែកសិទ្ធិមនុស្ស នៅតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២៦ មីនា ឆ្នាំ២០១២។ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍ថា លោកបានជួបមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក លោក បូប ប៊ៃលី (Bob Bailey) កាលពីថ្ងៃទី២៦ មីនា។ ក្នុងជំនួបនោះ លោកបានលើកនូវបញ្ហាសំខាន់ គឺសុំឲ្យរដ្ឋការអាមេរិកជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ដើម្បីសុំឲ្យដោះលែងសកម្មជនការពារដីធ្លី លោក ចៅ ហេន និងអ្នកស្រី ត្រឹង ធីចូវ ដែលកំពុងជាប់ពន្ធនាគារនៅប្រទេសវៀតណាម និងបញ្ហាប្រឈមរបស់ខ្មែរកម្ពុជាក្រោមផ្សេងៗ ទៀត ដូចជាបញ្ហារំលោកសិទ្ធិមនុស្ស និងបញ្ហារំលោភសិទ្ធិសាសនាជាដើម។
ការជួបគ្នារវាងតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម និងមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិកនេះ នៅខណៈដែលវៀតណាមកំពុងមានជំហរផ្នែកនយោបាយមិនច្បាស់លាស់នៅឡើយ។ មិនច្បាស់លាស់ត្រង់ថា ថាតើរដ្ឋាភិបាលវៀតណាមងាកមកចាប់ដៃជាមួយសហរដ្ឋអាមេរិកដូចដែល ប្រទេសភូមាបានផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួន ឬក៏វៀតណាមចង់ចាប់ដៃជាមួយប្រទេសចិន ដើម្បីពង្រឹងអំណាចរបស់ខ្លួននៅក្នុងតំបន់ ឬយ៉ាងណា?
ស្របពេលគ្នានោះដែរ វៀតណាមដែលនិយមរបបសេរីក៏កំពុងទាមទារឲ្យរដ្ឋាភិបាលវៀតណាម បច្ចុប្បន្នផ្លាស់ប្ដូររបបពីកុម្មុយនិស្ត ទៅរបបសេរីវិញ។
នៅត្រង់ចំណុចនេះ រដ្ឋាភិបាលវៀតណាមមិនទាន់បង្ហាញជំហររបស់ខ្លួនថាយ៉ាងណានៅឡើយទេ ពីព្រោះថា រដ្ឋាភិបាលវៀតណាមកំពុងមានជំលោះជាមួយចិនអំពីបញ្ហាឈូងសមុទ្រចិន ខាងត្បូងយ៉ាងក្ដៅគគុកនាពេលបច្ចុប្បន្ននោះ។
នៅត្រង់ចំណុចនេះ លោក ថាច់ ង៉ុកថាច់ បានពន្យល់ថា ប្រសិនបើវៀតណាមផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួនទៅរកប្រទេសលោកខាង លិចនោះ បញ្ហារំលោភសិទ្ធិមនុស្សនៅវៀតណាមនឹងកាត់បន្ថយ ហើយអាមេរិកនឹងស្នើសុំឲ្យដោះលែង លោក ចៅ ហេន និងអ្នកស្រី ត្រឹង ធីចូវ នោះឲ្យមានសេរីភាពវិញ។
ទាក់ទងនឹងបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំ នៅកម្ពុជាបាននៅឡើយទេ នៅថ្ងៃទី២៨ មីនានេះ។
ប៉ុន្តែមន្រ្តីនាំពាក្យស្ថានទូតវៀតណាមបានឲ្យដឹងកន្លងមកថា គោលនយោបាយរបស់រដ្ឋាភិបាល គឺលើកកម្ពស់ផ្នែកសិទ្ធិមនុស្ស ស្មើភាព សាមគ្គីភាព ទំនុកបម្រុង និងលើកកម្ពស់ជីវភាពរស់នៅជនជាតិភាគតិចនៅក្នុងប្រទេសវៀតណាម ដូចនិងជនជាតិវៀតណាមទូទៅដែរ។
សកម្មជនការពារដីធ្លី លោក ចៅ ហេន ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១០ ខណៈដែលលោកបានវិលត្រលប់ទៅផ្ទះវិញ នៅខែត្រមាត់ជ្រួក ក្រោយពេលអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR នៅប្រទេសថៃ មិនផ្ដល់សិទ្ធិជាជនភៀសខ្លួនដល់លោក ហើយឲ្យលោកវិលទៅស្រុកកំណើតវិញ ដោយប្រាប់លោកថា អាជ្ញាធរវៀតណាមមិនចាប់ខ្លួនលោកទេ ផ្ទុយទៅវិញ នៅពេលលោក ចៅ ហេន ទៅដល់ប្រទេសវៀតណាម ប្រមាណជា ១ម៉ោង អាជ្ញាធរវៀតណាមចាប់ខ្លួនភ្លាមៗ ដោយចោទប្រកាន់ថា លោក ចៅ ហេន បង្កអសន្តិសុខជាតិ ខណៈដែលលោកបានដឹកនាំប្រជាពលរដ្ឋធ្វើកូដកម្មអហិង្សាកាលពីឆ្នាំ ២០០៨។ តុលាការបានផ្ដន្ទាទោសលោក ចៅ ហេន ឲ្យជាប់គុកជាង ២ឆ្នាំ។
ដោយឡែកអ្នកស្រី ត្រឹង ធីចូវ វិញ អាជ្ញាធរវៀតណាមបានចាប់ខ្លួនកាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០១១។ តុលាការវៀតណាមបានកាត់ទោសអ្នកស្រីឲ្យជាប់គុកចំនួន ២ឆ្នាំ គេចោទប្រកាន់ពីបទបង្កអសន្តិសុខដូចគ្នា។
ភរិយារបស់លោក ចៅ ហេន បានឲ្យដឹងនៅថ្ងៃទី២៨ មីនា ថា ស្វាមីរបស់គាត់លោក ចៅ ហេន បច្ចុប្បន្ននេះកំពុងមានជំងឺធ្ងន់ធ្ងរនៅក្នុងគុក មិនអាចនិយាយបានទេ។ លោកស្រីបញ្ជាក់ថា ស្វាមីរបស់ គាត់ឈឺក្អកចេញឈាម ហើយអាជ្ញាធរវៀតណាមមិនយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យនោះឡើយ។
លោកស្រី ត្រឹង ធីចូវ បានត្អូញត្អែរថា បច្ចុប្បន្ននេះ គាត់ពិបាកផ្នែកជីវភាពក្នុងរយៈពេលមួយខែគាត់ស្ទើរតែរកលុយទៅសួរ សុខទុកប្ដីរបស់គាត់នៅពន្ធនាគារស្ទើរតែមិនបាន ពីព្រោះគាត់លក់ដូរបន្តិចបន្តូចនៅផ្សាររកចំណូលបានបន្តិចបន្តូច ក្នុងមួយថ្ងៃ។
កាលពីថ្ងៃទី៦ មីនា ឆ្នាំ២០១២ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលជួបមន្ត្រីជាន់ខ្ពស់នៃ ក្រសួងការបរទេសអាមេរិកម្ដងរួចមកហើយ នៅក្នុងជំនួបនោះ សហព័ន្ធខ្មែរកម្ពុជាក្រោមក៏បានជួនលិខិតមួយច្បាប់ដែរ។
នៅក្នុងលិខិតនោះបានទាមទារ ៣ចំណុចសំខាន់ៗ ទី១ ទាមទារឲ្យអាជ្ញាធរវៀតណាមគោរពអត្តសញ្ញាណ និងវប្បធម៌របស់ខ្មែរក្រោម។ ទី២ ត្រូវផ្ដល់សិទ្ធិសេរីភាពជួនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមក្នុង ការរស់នៅ មិនមែនរស់នៅស្ថិតក្នុងសភាពភ័យខ្លាចដូចបច្ចុប្បន្ននេះទេ និងទី៣ ព្រះសង្ឃខ្មែរក្រោមមានសិទ្ធិបង្កើតអង្គការសាសនាឯករាជ្យរបស់ខ្លួន ដោយសេរី មិនស្ថិតនៅក្រោមការជ្រៀតជ្រែករបស់រដ្ឋាភិបាលវៀតណាមនោះឡើយ។
ទាក់ទងទៅនឹងបញ្ហានេះ លោក ថាច់ ង៉ុកថាច់ បានអះអាងថា មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកទទួលបន្ទុកផ្នែកសិទ្ធិ មនុស្សប្រចាំតំបន់អាស៊ី លោក ប៊ូប ប៊ៃលី បានឲ្យលោកទៅជួបគាត់ម្ដងទៀត រួមទាំងតំណាងជនជាតិម៉ុងតាញា និងជនជាតិតៃនៅខែមេសាខាងមុខ៕ ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី