មេដឹកនាំសហព័ន្ធខ្មែរក្រោមសរសើរយុទ្ធសាស្ត្ររដ្ឋាភិបាលខ្មែរចំពោះខ្មែរក្រោម

នាយក ប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម គឺលោក ថាច់ ង៉ុកថាច់ បានកោតសរសើរចំពោះយុទ្ធសាស្រ្ដថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យមន្រ្តីជាន់ខ្ពស់របស់ខ្លួន ដោយរួមទាំងលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ អាចចូលរួមពិធីបុណ្យសែនដូនតានៅកម្ពុជាក្រោមទើបតែកន្លងផុតទៅ នេះផង។
ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមមក ពីរដ្ឋនានា ក្នុងសហរដ្ឋអាមេរិកនិងប្រទេសកាណាដា ដែលបានបញ្ចប់ទៅកាលពីព្រឹកថ្ងៃច័ន្ទនេះ លោក ថាច់ ង៉ុកថាច់ បានមានប្រសាសន៍ថា ក្រុមយុទ្ធសាស្រ្ដ៣របស់សហព័ន្ធលោក គឺសហគមន៍អន្តរជាតិ រដ្ឋាភិបាលកម្ពុជា និងពលរដ្ឋខ្មែរនៅកម្ពុជាក្រោមនោះ លោកមានការលំបាកជាងគេ គឺថារដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលលោកបានមានប្រសាសន៍ថា មានយល់ច្រឡំអំពីសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ប៉ុន្តែឥឡូវនេះហាក់ដូចជាកំពុងងាករកផ្លូវត្រូវវិញខ្លះហើយ។
លោក ថាច់ ង៉ុកថាច់ ថ្លែងយ៉ាងដូច្នេះ ៖ «ប៉ុន្មានឆ្នាំមកនេះ លោកនាយករដ្ឋមន្រ្តីគាត់និយាយ ហើយដោយសារគាត់មិនយល់ គាត់បានប្រើពាក្យថា នរណាចង់យកទឹកដីកម្ពុជា គាត់ជួយក្ដារមឈូស ជួយដីអ៊ីចឹង ហ្នឹងជាការមួយយល់ខុស ដោយមិនដឹងអំពីគោលបំណងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម។ ខ្ញុំឃើញថា ធ្វើត្រូវ ដូចជាលោក ខៀវ កាញារីទ្ធ ទើបតែកន្លងហើយថ្មីៗ គាត់ទៅធ្វើបុណ្យកាន់បិណ្ឌនៅខេត្តព្រះត្រពាំង នៅកម្ពុជាក្រោម ដូច្នេះយើងចង់ជំរុញឲ្យមានការធ្វើបុណ្យ ក៏ដូចជាការសង់សាលារៀនដល់កូនខ្មែរក្រោមនៅកម្ពុជាក្រោម ដូចពួករដ្ឋាភិបាលយួន និងរាស្រ្ដយួន នៅបរទេសគេធ្វើឲ្យរាស្រ្ដរបស់គេនៅប្រទេសកម្ពុជាអ៊ីចឹងដែរ»។
លោករដ្ឋលេខាធិការ ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្រ្តីប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការចូលរួមកាន់បិណ្ឌនៅលើទឹកដីកម្ពុជាក្រោមរបស់លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានត្រូវផ្ដល់ជូននូវតម្លៃដ៏ខ្ពង់ខ្ពស់ ក្នុងឋានៈជាពុទ្ធបរិស័ទម្នាក់ផង និងដោយសារទំនាក់ទំនងល្អនៃរដ្ឋាភិបាលប្រទេសទាំងពីរផង។
ទាក់ទងនឹងបញ្ហាកម្ពុជាក្រោម លោករដ្ឋលេខាធិការ ផៃ ស៊ីផាន បានពន្យល់ប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា គឺជាប្រសាសន៍ខ្លីតបទៅនឹងក្រុមអ្នកចូលចិត្តប្រើអំពើហិង្សា ដើម្បីដោះស្រាយបញ្ហាតែប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន ថ្លែងដូច្នេះថា ៖ «និយាយយ៉ាងសាមញ្ញ។ ការពិតសម្ដេច គឺលោកប្រឆាំងនឹងអំពើហិង្សាទាំងឡាយទាំងពួង នៅក្នុងការងារដោះស្រាយ ហ្នឹងជាការងារខ្ពស់ ហើយយើងចង់ឲ្យការដោះស្រាយហ្នឹងក្នុងលក្ខណៈអហិង្សា ដែលយើងចង់ធ្វើតាមអ្វីដែលរដ្ឋធម្មនុញ្ញប្រាប់យើងថា ត្រូវតែកសាងព្រះរាជាណាចក្រកម្ពុជា នៅក្នុងកោះសន្តិភាព។ ហើយយើងឃើញហើយថា ការវាយតប់គ្នាជាមួយប្រទេសជិតខាង គ្មានបានអ្វីក្រៅពីទុក្ខសោកដល់ប្រជាពលរដ្ឋកម្ពុជានោះឯង»។
គួររំឭកផងដែរថា លោក តោ គឹមថុង អធិបតីរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ដោតសំខាន់ទៅលើយុទ្ធសាស្រ្ដផ្សេងៗរបស់សហព័ន្ធខ្មែរកម្ពុជា ក្រោម ដោយមានកម្មវិធីអហិង្សាជាវិធីចម្បងគេ ប្រើច្បាប់ សន្ធិសញ្ញាជាតិ និងអន្តរជាតិ រួមបញ្ចូលទាំងរដ្ឋធម្មនុញ្ញបច្ចុប្បន្ននៃប្រទេសវៀតណាម ដែលបើកឲ្យជនជាតិដើមម្ចាស់ទឹកដីទាំងអស់មានសេរីភាពក្នុងការ កាន់ជំនឿសាសនាប្រពៃណីវប្បធម៌រហូតដល់សេរីភាពធ្វើការសម្រេចចិត្ត ដោយខ្លួនឯងផង៕
អត្ថបទវិទ្យុអាស៊ីសេរី.