វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម៖ មិត្ត និង សត្រូវ

ថ្មីៗនេះ វិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើការផ្សាយ ពាក្យស្លោកមួយរបស់លោក George Clemenceau ដែលនាយកដ្ឋានព័ត៌មានសហព័ន្ធកម្ពុជាក្រោម បាន ទទួលពីលោកព្រឹទ្ធាចារ្យ ថាច់ វៀង ជាប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអឺរ៉ូប។ ដោយលោក ព្រឹទ្ធាចារ្យ ថាច់ វៀង បានផ្ញើមកជាភាសាបារាំង ខ្ញុំក៏បានធ្វើការបកប្រែជាភាសាខ្មែរនិងអង់គ្លេស ហើយ ផ្សាយតាមគេហទំព័រ និងវិទ្យុសំឡេងកម្ពុជាក្រោម និង មានចុះក្នុងគេហទំព័រព្រៃនគរផងដែរ មានសេចក្តីដូចត ទៅនេះ៖ « Ne craignez jamais de vous faire des ennemis ; si vous n’en avez pas, c’est que vous n’avez rien fait.  »

’’សូមអ្នកកុំខ្លាចបង្កើតឱ្យមានសត្រូវ ប្រសិនបើអ្នកគ្មានទេ គឺអ្នកមិនបានធ្វើអ្វីទាំងអស់’’

“Don’t be afraid of making enemies; if you don’t have none, it means you have done nothing.”     George Clemenceau

បន្ទាប់ពីការផ្សាយពាក្យស្លោកនេះ មានមិត្តអ្នកស្តាប់មានមតិមិនយល់ស្រប ចំពោះខ្លឹមសារពាក្យស្លោក ដោយមាន ទឡ្ហីករណ៍ដ៏សមរម្យថា មនុស្សយើងម្នាក់ៗគួរតែសន្សំមិត្ត-បន្ថយសត្រូវ។ យើងខ្ញុំសូមថ្លែងនូវអំណរគុណ ចំពោះមតិមិត្តអ្នកស្តាប់ ហើយក៏សូមអនុញាតធ្វើការបកស្រាយជូន ដូចតទៅនេះ៖

ប្រជាពលរដ្ឋខ្មែរ មិនថាខ្មែរកណ្តាល ខ្មែរលើ ឬខ្មែរក្រោម ស្ទើរតែមួយរយភាគរយ ជាអ្នកកាន់ព្រះពុទ្ធ សាសនា ហើយជាអ្នកសន្តិភាពនិយម។ ខ្មែរយើងមានផ្នត់គំនិតជាមនុស្សស្លូតបូត ហើយចូលចិត្តញញឹម។ ជួនកាលខ្ញុំ ក៏ចេះតែគិតពិចារណាពីចរិតខ្មែរដែរ ពេលឃើញនារីខ្មែរជិះម៉ូតូនៅភ្នំពេញ បុកប៉ះគ្នាដួលហើយ ក្រោកឡើង នៅតែញញឹមទៀត។ លក្ខណៈញញឹមឆ្លើយតបគ្រប់សភាពការណ៍ដែលកើតឡើងនេះ ជាសញ្ញាល្អ មួយ សម្រាប់ដំណោះស្រាយជីវិតរបស់មនុស្សជាទួទៅ។ ព្រះបាទជ័យវរ្ម័នទី៧ ស្តេចដ៏ល្បីល្បាញនៃមហានគរ ខ្មែរ ក៏បានបន្សល់ទុកនូវស្នាមញញឹមបែរទៅគ្រប់ទិសទាំងបួន លើចម្លាក់ថ្មដ៏ល្បីរន្ទឺនៃប្រាសាទបាយ័ន ជាមត៌ក ទុកឱ្យប្រជារាស្ត្រខ្មែរជំនាន់ក្រោយពិចារណាដែរ។ ញញឹមជាសញ្ញនៃសន្តិភាព កាត់បន្ថយសត្រូវ បង្កើនមិត្ត។ ខ្មែរមិនជួញសត្រូវទេ ហើយជាអ្នកស្មោះត្រង់ និងដឹងគុណគេទៀតផង។ សូម្បីកាលបារាំងកាន់កាប់ទឹកដី ឥណ្ឌូចិន ពួកយួនបានធ្វើចម្បាំងដេញបារាំង(មុនខ្មែរ) ចំណែកខ្មែរសុខចិត្តស្មោះត្រង់ជាមួយនឹងចៅហ្វាយថ្មី ព្រោះតែចង់ បានសេចក្តីសុខនោះឯង។  នៅឆ្នាំ១៩៤៩ មុននឹងបារាំងសម្រេចកាត់ទឹកដីកម្ពុជាក្រោមទៅឱ្យយួន លោក ម៉ាក រុកកាត(Mark Rucat) អ្នកនាំសារគណកម្មការបារាំងនាយសមុទ្រ បានជំរាបទៅសភាបារាំងថាៈ យើងយល់ថា វាមកពីប្រទេសមួយ(កម្ពុជា)ដែលស្មោះត្រង់នឹងយើងរហូត នៅពេលលំបាក ក៏ដូចជានៅពេល សប្បាយរីករាយ យើងកំពុងតែធ្វើឱ្យកម្ពុជាស្តាយខ្លួនមកពីការទុកចិត្តលើយើង និងបានស្ម័គ្រចិត្តចូលមុនគេ ជាសមាជិកសហភាព បារាំង…’’។

ចំណែកអ្នកទេសចរណ៍អន្តរជាតិ ក្រោយពីបានទស្សនាប្រទេសកម្ពុជា ក្រៅពីសំដែងការមិនពេញចិត្ត ចំពោះអំពើ ពុករលួយក្នុងជួររដ្ឋាភិបាលដែលរាលដាលពេញផ្ទៃប្រទេស តែងមានចំណាប់អារម្មណ៍ ចំពោះភាពញញឹមរាក់ទាក់ ជាមិត្តភាពរបស់ប្រជាពលរដ្ឋខ្មែរជាទួទៅ។ ដោយមិនសន្សំសត្រូវ ស្រឡាញ់សេចក្តីសុខ  ខ្មែរក៏មិនចូលរស់ នៅជិតអ្នកណា ដែលបង្ករភាពញ៉ោកញ៉ាករញ៉រញ៉ៃដែរ។ ដោយប្រការនេះ ទីណាមានយួនមក នៅជិតខ្មែរ ខ្មែរច្រើនតែសុខចិត្តរើខ្លួនថយចេញ។

ប៉ុន្តែទោះយ៉ាងណាក៏ដោយ សំណួរចោទឡើងថា តើចំពោះដំណើរមកទិសខាងលិចរបស់យួន ដែលរស់ នៅគ្រប់ច្រកល្ហកនៃប្រទេសកម្ពុជានាពេលនេះ ជាដំណើររបស់មិត្ត ឬជាដំណើររុករានរបស់សត្រូវឈ្លានពាន?

បងប្អូនខ្មែរដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម ដែលបន្ទាប់ពីបារាំងកាត់ចេញពីខ្មែរទៅប្រគល់ ឱ្យយួនហើយ ដែលស៊ូទ្រាំរស់សន្សំសុខជាច្រើនជំនាន់មកហើយ រហូតដល់យួនបានប្រព្រឹត្តនូវការរំលោភ បំពានលើសិទ្ធិ សេរីភាពសព្វបែបយ៉ាង។ យួនបានបន្លំបំបាត់ចំនួនពលរដ្ឋខ្មែរក្រោម។ យួនបានប្តូរជិតអស់ទៅ ហើយ នូវឈ្មោះស្រុកភូមិ ឃុំខេត្តរបស់ខ្មែរ ឱ្យទៅជាឈ្មោះយួន។ យួនបានបន្លំយកជំនួយបរទេស មិនឱ្យបាន ជាប្រយោជន៍ដល់ខ្មែរក្រោមជាជនជាតិដើម។ យួនបានប្រើល្បិចបន្លំយកការស្ម័គ្រចិត្តក្លែងក្លាយ មកបិទបាំងការ គម្រាមកំហែងបង្ខិតបង្ខំទៅលើព្រះសង្ឃព្រះពុទ្ធសាសនា។ យួនបានតាំងអ្នកតំណាងរាស្ត្រជាតិខ្មែរក្រោម ឱ្យតែមាន ដូចតាំងរូបតិកតាឱ្យតែល្អមើល តែមិនដែលហ៊ានហើបមាត់តវ៉ាការពារខ្មែរក្រោមដល់ម្តងណាឡើយ។ យួនមិនដែលបានរកយុត្តិធម៌ឱ្យជនខ្មែរក្រោមដែលរងគ្រោះ ដោយសារបទឧក្រិដផ្សេងៗ ដែលពួកយួនបាន ប្រព្រឹត្ត ចំពោះខ្មែរក្រោមទេ។ យួនបានព្យាយាមកែបំភ្លៃពង្សសាវតាពិតប្រាកដនៃទឹកដីកម្ពុជាក្រោម ថាខ្មែរក្រោម មិនមែនជាអ្នកមករស់នៅទីនោះមុនពួកយួនឡើយ ទោះជាឯកសារប្រវត្តិសាស្ត្រសកលលោកមានជាតឹកតាងក្តី។ យួនបានកែក្រឡៃបង្ខូចសិល្បៈវប្បធម៌ខ្មែរ កែរចនាបទលំនាំសិល្បៈខ្មែរ ឱ្យមានលក្ខណៈដូចជារបស់យួន។ យួនបានជ្រើសរើសយកយុវជនខ្មែរទៅពង្វក់មនោគមវិជ្ជាកុម្មុយនិស្ត ហើយឱ្យវិលមកភូមិស្រុកវិញ ដើម្បីធ្វើការ តាមដានចំពោះសកម្មភាពម្តាយឳពុកមាមីងបងប្អូនរបស់ខ្លួនឯង មិនខុសពីពួកខ្មែរក្រហមដែលបានធ្វើចំពោះ ពលរដ្ឋខ្មែរនៅប្រទេសកម្ពុជាជំនាន់ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧ឡើយ។ យួនបានតាមពិនិត្យឆែកឆេរការប្រើ ទូរសព្ទនិងអាំងទើណែតរបស់ខ្មែរ។ យួនបានចេញបញ្ជាដាច់ណាត់ មិនឱ្យមានថាសផ្កាយរណប ដែលមើល ទូរទស្សន៍ពីប្រទេសកម្ពុជាឃើញបាន។ យួនបានចាប់ចងខ្មែរក្រោមដាក់គុកច្រវាក់ រំលោភលើច្បាប់អន្តរជាតិ តាមអំពើចិត្ត ខ្មែរក្រោមមិនដែលមានមេធាវីអាចជួយការពារតាមផ្លូវច្បាប់ នៅចំពោះមុខការចោទប្រកាន់របស់ តុលាការយួនឡើយ។ ជាសរុប គឺមិនមានពាក្យសំដី ឬស្លឹកក្រដាសដែលអាចសរសេរ ឬផ្ទុកករណីរំលោភ ជិះជាន់របស់យួន មកលើខ្មែរក្រោមបានឡើយ។ (យោងលើឧក្រិដកម្មរបស់យួនចំពោះខ្មែរក្រោម បើមានការ កាត់ទោសខ្មែរក្រហមនៅប្រទេសកម្ពុជា ថ្ងៃណាមួយ ក៏នឹងត្រូវមានការកាត់ទោសអ្នកដឹកនាំយួន ដែលបាន ប្រព្រឹត្តឧក្រិដកម្មចំពោះខ្មែរក្រោមដែរ។)

ទង្វើរបស់យួនទាំងអស់នេះ ខ្មែរជាអ្នកស្រឡាញ់សន្តិភាពសន្សំមិត្ត មិនដែលបានចាត់ទុកយួនជាសត្រូវ ឡើយ ព្រោះដឹងថាខ្លួនកំពុងជាប់ចំណង ហើយចំណងនោះ គ្មានអ្នកណាអាចជួយស្រាយបានទេ។ ពីព្រលឹម ទល់ព្រលប់ ខ្មែរក្រោមមិនដែលសូវខ្វល់អំពល់ពីរឿងពួកយួនដែលត្រួតត្រាលើខ្លួនឡើយ គឺគិតតែពីឆ្ងោកធ្វើស្រែ ចំការ លើដីមរត៌កកេរដូនតារបស់ខ្លួនប៉ុណ្ណោះ។ ទោះជាស៊ូទ្រាំញញឹមទាំងទឹកភ្នែកដើម្បីសន្សំមិត្តប៉ុណ្ណឹងហើយ ក៏ខ្មែរក្រោមបានត្រូវយួនគូសចំណាំទុកជាសត្រូវរបស់គេ ជាក្រុមមនុស្សដែលគេត្រូវតែកំចាត់ចោលជាចាំបាច់។ ហើយរឿងនេះក៏មិនមានអ្វីគួរឱ្យឆ្ងល់ដែរ អំពីលក្ខណៈរបស់ពួកចោរបន្លំយកផ្ទះគេ គឺតែងរកមធ្យោបាយសម្លាប់ ម្ចាស់ផ្ទះ ដើម្បីបំបិទភ័ស្តុតាងនោះឯង។  គ្រាន់តែវិធីកំចាត់ចោលនោះ យួនកំពុងប្រើល្បិចថ្ពិនភ្នែក ឱ្យមើលទៅ ឃើញដូចជាការស្រឡាញ់ថ្នាក់ថ្នមទៅវិញប៉ុណ្ណោះ។

សំណួរសួរថា ប្រឈមនឹងស្ថានការណ៍បែបនេះ តើខ្មែរក្រោមគួររើសយកការសម្ងំក្នុងរង្វង់នៃសេចក្តីសុខ ដែលកាន់តែរួញតូចទៅ(គ្រាន់តែប្រៀបផ្ទឹមស្ថានភាពពេលនេះនឹងម្ភៃសាមសិបឆ្នាំមុន ឃើញថាយើងបានបាត់បង់ អ្វីខ្លះថែមទៀត?)(Our comfort zone shrunk)ដោយសុខចិត្តឱ្យរលត់រលាយពូជសាសន៍បាត់បង់ទឹកដី ឬក៏ ហ៊ានធ្វើការតវ៉ា? ប្រាកដហើយ ការតវ៉ា បានន័យថាបានបង្កើតសត្រូវ។ ប៉ុន្តែការច្រឡំគ្នារវាងមិត្តនិង សត្រូវ មិនខុសពីអ្នកដេកឱបពស់វែកអសិរពិសដូច្នោះដែរ។

ចំណែកលោកព្រឹទ្ធាចារ្យ ថាច់ វៀង ជាអ្នកផ្ញើពាក្យស្លោក ពានពន្យល់បកស្រាយយ៉ាងដូច្នេះ៖

’’ការដែលលើកយកពាក្យលោក ​Georges Clémenceau មកធ្វើអត្ថាធិប្បាយពេលនេះជាការ ប្រសើរណាស់ ក្នុងពេលនេះដែលសហព័ន្ធកំពុងធ្វើការប្រយុទ្ធមួយដោយសន្តិវិធីដើម្បីរកសេចក្តីសុខ ជូនប្រជារាស្រ្តខ្មែរក្រោម ។ ក្នុងសុភាសិតនិមួយៗ ឬឱវ៉ាទនៃព្រឹទ្ធាចារ្យ មិនអាចបកប្រែឲ្យត្រូវគ្រប់វិស័យ ទាំងអស់ទេ ។ សូម្បីតែច្បាប់រដ្ឋដែលគេបង្កើតឡើង ក៏គង់នៅមានការលើកលែងដែរ ។ យើងត្រូវតែបកប្រែ តាមប្រធានបទ និងតាមកាលៈទេសៈដែលគេនិយាយ ។ លោក Georges Clémenceau ជាមេទ័ពបារាំង។ គាត់និយាយក្នុងនាទីជាមេទ័ព ដែលគេតែងតែនិយាយថា “បើចង់បានសេចក្តីសុខ ត្រូវតែរៀបចំសង្រ្គាម” ។ ហេតុដូច្នេះ ន័យនេះគឺមានពាក្យ’’សត្រូវ’’នៅក្នុងនោះ ។ ប៉ុន្តែពាក្យរបស់គាត់នេះក៏ត្រូវនឹងនាទីផ្សេងៗទៀតដែរ ដូចជាវិស័យឧត្តមគតិសង្គម ដែលយើងជាមនុស្សត្រូវយកមកពិចារណារនៅពេលដែលយើងជួបប្រទះនូវបញ្ហា ផ្សេងៗ។ យើងមិនអាចរកសេចក្តីសុខដោយចុះចូលជាមួយពួកចោរបានទេ ។ ក្នុងផ្នែកនយោបាយយើងក៏មិន អាចយកយួនដែលកំពុងបំផ្លិចបំផ្លាញឲ្យជនជាតិយើងវិនាសមកធ្វើជាមិត្តបានដែរ ។ ក្នុងរឿងប្រស្រ័យនិមួយៗ យើងត្រូវលើកយកមកបកប្រែតាមកាលៈទេសៈ ។’’

ពាក្យស្លោក នៅតែជាពាក្យស្លោក។ សូមបងប្អូនមេត្តាសញ្ជឹងគិតពិចារណាចុះ។ សូមអរគុណ។

ថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០១២

ដោយ៖ សឺង សម្រេច/VOKK