យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់គេហទំព័រ វិសាខបូជាអង្គការសហប្រជាជាតិ ឆ្នាំ ២០១២ បានឲ្យ ដឹងថា មហាសន្និបាតថ្ងៃវិសាខបូជានៃ អង្គការសហ ប្រជាជាតិ លើកទី ៩ (ព. ស. ២៥៥៦ គ. ស. ២០១២) នឹងប្រារព្ធ នៅប្រទេសថៃ ចាប់ពីថ្ងៃទី ៣១ ខែឧសភា និង ដល់ទី ២ ខែមិថុនា ឆ្នាំ ២០១២ ខាងមុខនេះ ។ មហាសន្និបាតលើកទី ៩ នេះ អ្នកចូល រួម នឹងពិភាក្សាផ្តោតលើប្រធានបទនៃពាក្យ «ពុទ្ធ ជយន្តិ» នៃ ខួប ២.៦០០ ឆ្នាំ ថ្ងៃព្រះសម្មាសម្ពុទ្ធ ត្រាស់ដឹង និង មហាសន្និបាត លើកទី ២ របស់បណ្ឌិតសភានៃពុទ្ធិកៈសកលវិទ្យាល័យអន្តរជាតិ ផ្ដោតលើ ប្រធានបទ « ការប្រតិបត្តិ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា» ។ កម្មវិធី ៣ ថ្ងៃនេះ ប្រព្រឹត្តិទៅនៅមណ្ឌលទាំង ៣ គឺ សកលវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ ក្នុងខេត្តអយុធ្យា , ពុទ្ធមណ្ឌល ក្នុងខេត្ត នគរបឋម និង នៅមជ្ឈមណ្ឌលសន្និបាតអង្គការសហប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងទីក្រុងបឹងកក់ ។
កាលពីឆ្នាំទៅមិញ មហាសន្និបាត លើកទី ០៨ ដែលបានប្រារព្ធនៅប្រថៃដែរនោះ មានវាគ្មិន , អ្នកប្រាជ្ញ ខាងព្រះពុទ្ធសាសនា ,អ្នកសិក្សាស្រាវជ្រាវ និង ពុទ្ធសាសនិក ប្រមាណជាង ៥.០០០ នាក់ មកពីប្រទេសជាង ៨០ បានចូលរួម ។ ប្រភពពីព្រះសង្ឃខ្មែរក្រោមនៅប្រទេសថៃបានឲ្យដឹងថា ឆ្នាំនេះ នឹងមានព្រះសង្ឃ និងពុទ្ធបរិស័ទ ខ្មែរក្រោមដែលនិមន្ត និងអញ្ជើញមកពីដែនដីកម្ពុជាក្រោម (វៀតណាមខាងត្បូង) និងតាមប្រទេស នានា ដូចជា កម្ពុជា , សហរដ្ឋអាមេរិក ,កាណាដា , ស្វិស , ញីវសាឡែន និង ថៃ មកចូលរួមផង ដែរ ។ ប្រភពដដែលនេះ បានឲ្យដឹងថា ពុទ្ធបរិស័ទខ្មែរក្រោមដែលបានចុះឈ្មោះចូលរួមមកដល់ថ្ងៃ ទី ១១ ខែមេសា ឆ្នាំ ២០១២ នេះ មានប្រមាណជិត ១០០ នាក់ ហើយ ។ ឆ្នាំ ១៩៩៩ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានសម្រេចទទួលស្គាល់ «វិសាខបូជា» ថាជាថ្ងៃ «វប្បធម៌ពិភពលោករបស់អង្គការសហប្រជាជាតិ» ។ ក្រោយពីមានសេចក្តីសម្រេចរបស់ អង្គការសហប្រជាជាតិប្រ ទេសថៃមានតួនាទីយ៉ាងសំខាន់ ក្នុងការប្រារព្ធ ពិធីបុណ្យមួយនេះជារៀង រាល់ឆ្នាំ ។ សូមបញ្ជាក់ថា «វិសាខបូជា» ជាកម្មវិធីបុណ្យមួយត្រូវបានពុទ្ធសាសនិក ប្រារព្ធឡើងនៅថ្ងៃបូណ៌មី ខែវិសាខទៅតាម ប្រតិទិនចន្ទគតិនៃប្រទេសនីមួយៗជារៀងរាល់ឆ្នាំ ។ បុណ្យវិសាខបូជា ឆ្នាំនេះខ្មែរ ក្រោមនៅកម្ពុជាក្រោម ពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា និងនៅក្រៅប្រទេសជាពុទ្ធសាសនិកប្រារព្ធ នៅថ្ងៃសៅរ៍ ១៥ កើតខែពិសាខ ឆ្នាំ រោងចត្វាស័ក ព. ស. ២៥៥៥ ត្រូវនឹងថ្ងៃទី ០៥ ខែឧសភា គ. ស. ២០១២ ហើយព្រះពុទ្ធសករាជឈានចូល ២៥៥៦ នៅថ្ងៃ ០១ រោច ខែវិសាខ ឆ្នាំ រោងចត្វាស័ក ត្រូវនឹងថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១២ ដដែល ។ ពិធីបុណ្យនេះ ត្រូវបានគេប្រារព្ធឡើងដើម្បីឧទ្ទិសដល់ថ្ងៃ ដែលព្រះពុទ្ធ សមណគោត្តម ជាស្ថាបនិក ព្រះពុទ្ធសាសនា ទ្រង់ប្រសូត, ទ្រង់បានបរមាភិសម្ពោធិ (បានត្រាស់) និងទ្រង់រលត់ខន្ធចូលកាន់ បរិនិព្វាន (អស់ព្រះជន្ម) នៅក្នុងតិថី “បុណ្ណមី” មានសេចក្ដីថា “ខែពេញ បូណ៌មី” នៃខែវិសាខ ។ ក្រៅពី ពុទ្ធសាសនិកខ្មែរក្រោមជាង ៨ លាននាក់នៅកម្ពុជាក្រោមប្រារព្ធពិធីបុណ្យវិសាខ បូជាមួយ នេះ ក៏មានពលរដ្ឋនៃ ប្រទេសក្នុងលោករាប់លាននាក់បាន ប្រារព្ធផងដែរ ក្នុងនោះមានសាមន្តប្រទេសជាប់ព្រំដែន ប្រទេសឥណ្ឌា ដូចជា នេប៉ាល ស្រីលង្កា និងទីបេត៍ ។ ចំណែកពលរដ្ឋនៃប្រទេសអាស៊ីអាគ្នេយ៍វិញ មានប្រទេស កម្ពុជា វៀតណាម សិង្ហបុរី ថៃ ម៉ាឡេស៊ី ភូមា ឥណ្ឌោនេស៊ីនិងក្រៅពីនេះក៏មានបណ្តាប្រទេសជាច្រើនទៀត នៅក្នុងលោក ដែលគោរពព្រះ ពុទ្ធសាសនាប្រារព្ធជារៀងរាល់ឆ្នាំផងដែរ ៕ ប្រភពព័ត៌មាន៖ សារព័ត៌មានព្រៃនគរ
———————————————————