ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃអាទិត្យ ទី ០៨ ខែមិថុនា សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ទីក្រុង Stockton រដ្ឋកាលីហ្វញ៉ា បានប្រារព្ធ ពិធីរំឭកខួប ៦៥ ឆ្នាំ ថ្ងៃបារាំងកាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាម នៅអាគារសមាគមអប្សរា ។ ពិធី នេះមានការ ចូលរួមពី លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានទី ១ និង លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម, ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម , ព្រះតេជព្រះគុណ នាថសីលោ ត្រឹង វ៉ាំង យុង ព្រះសង្ឃវត្តខេមររង្សី ដែលទើបតែបាននិមន្តមកពីកម្ពុជាក្រោមថ្មីៗ និងតំណាងគណ បក្សសង្គ្រោះជាតិ ប្រចាំទីក្រុង Stockton ។ អ្នកទាំងនេះ បានលើកឡើងអំពីសកម្មភាពថ្មីៗរបស់សហព័ន្ធខ្មែរ កម្ពុជាក្រោម រយៈពេល ១០ ឆ្នាំចុងក្រោយនៅក្នុងអង្គការសហប្រជាជាតិ ដើម្បីជម្រុញឲ្យវៀតណាមគោរពសិទ្ធិខ្មែរ ក្រោមម្ចាស់ស្រុក និងធ្វើឲ្យអន្តរជាតិស្គាល់ខ្មែរក្រោមជានរណា ។

លោក លុយ លិនថាយ ប្រធានសាខាសហព័ន្ធប្រចាំរដ្ឋ California ភាគខាងជើង បានមានប្រសាសន៍ប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោមទាំងក្ដុក្ដួកស្រក់ទឹកភ្នែក ពេលគាត់រំឭកដល់ប្រវត្តិនៃការបាត់បង់ដែនដីកម្ពុជាក្រោមថា ពិធី នេះ លោកធ្វើឡើងដើម្បីធ្វើឲ្យយុវជនខ្មែរក្រោមជំនាន់ក្រោយដឹងថា ដែនដីកេរដូនតារបស់ខ្លួនត្រូវបានបារាំងកាត់ឲ្យ វៀតណាម ។
ថែរក្សាជាតរៀងទៅ ដូច្នោះ យើងខ្ញុំ នឹងខំប្រឹងផ្សព្វផ្សាយទៅយុវជនខ្មែរក្រោម និងយុវជនខ្មែរជាទូទៅ ឲ្យបានយល់អំពីទឹកដីដូនតារបស់ខ្លួនទំហំប៉ុណ្ណា រហូតមកទល់ នឹងសព្វថ្ងៃហ្នឹងវានៅប៉ុណ្ណា ដើម្បីឲ្យពួកគេថែរក្សាជាបន្តទៅមុខទៀត។
លោក បានបន្តថា សម័យបច្ចុប្បន្ននេះ វៀតណាមមិនអាចធ្វើទុក្ខបុកម្នេញលើខ្មែរក្រោមតាមទំនើងចិត្តបានទៀតទេ ព្រោះសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្ដឹងទៅអង្គការសហប្រជាជាតិអំពីបញ្ហារំលោភសិទ្ធិមនុស្សផ្សេងៗរបស់រដ្ឋាភិ បាលវៀតណាមលើខ្មែរក្រោម ដែលទង្វើទាំងនេះ លោកចាត់ទុកថា វៀតណាមបានបង្ខំចិត្តផ្លាស់ប្ដូរឥរិយាបថគោរព សិទ្ធិបានបន្តិចបន្តួចលើពលរដ្ឋខ្មែរក្រោម ។
គេផ្លាសប្តូរដែរ យួនគេផ្លាសប្តូរ ពីព្រោះគេមិនចង់ធ្វើអ្វីតាមយើងប្រាប់ទៅគេភ្លាមៗ ទេ គេត្រូវរកមធ្យោបាយ ដើម្បី នឹងធ្វើបន្លំភ្នែកយើងទាំងអស់គ្នា កុំឲ្យយើងយល់ឃើញថា គេដោយសារត្រូវកម្លាំងឥទ្ធិពល ពីសហព័ន្ធខ្មែរកម្ពុជាក្រោម ទើបបានគេផ្លាសប្តូរឥរិយាបទជាមួយ នឹងប្រជាជនខ្មែរក្រោមយើង នៅក្នុងស្រុក។
ចំណែក លោក ខៀវ សំអុល អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង Stockton បានមាន ប្រសាសន៍ប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម អំពីប្រសិទ្ធិភាពរបស់ចលនាតស៊ូនៃសហព័ន្ធខ្មែរកម្ពុជាក្រោមថា សម្រាប់លោកអ្នក ដែលគិតគូររឿងដែនដីកម្ពុជាក្រោម គួរតែក្រឡេកមើលទៅសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលលោកចង់សំដៅថា មាន តែសហព័ន្ធខ្មែរកម្ពុជាក្រោមទេ ដែលជាចលនាតស៊ូដ៏មានប្រសិទ្ធិភាពសម្រាប់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ។ លោក បន្ថែមថា សម្រាប់នៅកម្ពុជា វិញ មានទេគណបក្សសង្គ្រោះជាតិទេ ដែលជាក្ដីសង្ឃឹមរបស់ពលរដ្ឋខ្មែរ ។
រឿងហ្នឹង ដែលខ្ញុំបានជម្រាបអម្បាញថា បើសិនជាបងប្អូន គិតពីរឿងទឹកដី គិតពីរឿងប្រទេសជាតិ ដែលត្រូវបាត់បង់ សូមឲ្យក្រឡេកមើលលោក ថាច់ ង៉ុកថាច់ ហើយនិងលោក សម រង្ស៉ី។ ពីព្រោះ អ្នកទាំងពីរនេះ សុទ្ធតែអ្នកដឹកនាំដ៏កំពូលៗ ដែលដោះស្រាយបញ្ហាប្រទេសជាតិ ចឹងយើងខ្ញុំដែលជាខ្មែរនៅកណ្តាលនេះ គឺមានការទំនាក់ទំនងជាមួយបងប្អូនកម្ពុជាក្រោម យ៉ាងស្អិតរមួត ដោយថាយើងយល់ថាខ្មែរដូចគ្នា។
លោកបន្តផ្ដល់អនុសាសន៍ដល់សហព័ន្ធខ្មែរកម្ពុជាក្រោមថា មានតែខ្មែរក្រោមជួយខ្លួនឯងជាខាងដើម ទើបអន្តរ ជាតិ ឬ អ្នកដទៃគេជួយខាងក្រោយ គឺមិនមានអ្នកណាក្រៅពីខ្មែរក្រោមជួយខ្មែរក្រោមទេ ។
បានទៅចូលប្រជុំជាមួយអង្គការសហប្រជាជាតិ ប៉ុន្មានខែមុននៅ Auckland ហើយទៅជួបហ្នឹងសុទ្ធតែថ្នាក់កំពូល អ្នកនយោបាយនៅលើពិភពលោក ដូចលោក ស៊ូបែឌី គ្រាន់តែលើកលោក ស៊ូបែឌី ចុះ។ ខ្ញុំបាននិយាយជាមួយគាត់ៗ បាននិយាយជាមួយខ្ញុំៗ ថា សូមឲ្យលោកជួយធ្វើយ៉ាងណាឲ្យខ្មែរយើងបានផុតពីកណ្តាប់ដៃកុម្មុយនិស្ត និងអំណាចផ្តាច់ការ ហើយគាត់បានជម្រាបមកខ្ញុំវិញ គាត់ថារឿងអន្តរជាតិ គេចាំតែជួយយើងទេ។ ប៉ុន្តែ លុះត្រាតែខ្មែរខ្លួនឯងចេះជួយខ្លួនឯងសិន។ ចឹងយ៉ាងណាមិញ គឺត្រឡប់មកគិតពីរឿងអនុសាសន៍របស់កម្ពុជាក្រោម និងអនុសាសន៍របស់កម្ពុជាកណ្តាលយើង គឺដូចគ្នាៗ យ៉ាងម៉េច? គឺមានតែយើងជួយខ្លួនយើងជាមុន ហ្នឹង! ដូចបងប្អូនកម្ពុជាក្រោមជួយខ្លួនឯង បានអន្តរជាតិគេជួយយើង ខ្មែរកណ្តាលយើងត្រូវតែងើបប្រឹងប្រែងទាំងអស់គ្នា បានអន្តរជាតិគេជួយយើង។ ហេតុដូច្នេះ មិនខុសពីធម៌ព្រះពុទ្ធបានប្រាប់យើងទេថា ឬចាស់ទុំបានប្រាប់យើងតៗ ថា បើយើងបនឲ្យព្រះជួយយើង ទាល់តែយើងជួយខ្លួនយើងសិន។
ងាកទៅទីក្រុង Long Beach ឯណោះវិញ នៅថ្ងៃអាទិត្យ ទី ០៨ ខែមិថុនា នេះដែរ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំតំបន់មួយនេះ ក៏បានប្រារព្ធពិធីមួយនេះ ផងដែរ ។ ពិធីនេះ ប្រារព្ធនៅវត្តកម្ពុជាក្រោម មានការចូលរួមពី លោក សឺង ហួរ លេខាធិការសហព័ន្ធខ្មែរកម្ពុជាក្រោម, លោក សឺង សម្រេច សមាជិកឧត្ដមក្រុមប្រឹក្សានៃ សហព័ន្ធ ខ្មែរកម្ពុជាក្រោម, អ្នកស្រី កៀង សាខន អ្នកនិពន្ធបទចម្រៀង នៃផលិតកម្មខ្មែរក្រោម និងសមាជិក សមាជិកា សហ ព័ន្ធខ្មែរកម្ពុជាក្រោម ជាច្រើនរូបផ្សេងទៀត ។
លោក សឺង សម្រេច បានផ្លែងនៅក្នុងពិធីនេះថា៖
ឥឡូវដល់ពេលនេះ យួនកំពុងតែភ័យខ្លាំង តាមខ្ញុំមើលទៅ មិនដែលឃើញមានកាលៈទេសៈណាដូចកាលៈទេសៈបច្ចុប្បន្ននេះ ដែលខ្មែរក្រោម ខ្មែរកណ្តាលក្រោកឡើងយ៉ាងសស្រាក់សស្រាំ។ ក្នុងនាមខ្ញុំជា ឧត្តមក្រុមប្រឹក្សានៃសហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ញុំសូមជូនក្រេឌិត ជូនគុណសម្បត្តិ ដល់ការដឹកនាំរបស់សហព័ន្ធ ដែលបានធ្វើផែនការឲ្យពិភពលោកទាំងមូល ឲ្យអង្គការអន្តរជាតិ ឲ្យអង្គការសហប្រជាជាតិទទួលស្គាល់។ ជាពិសេសឲ្យប្រទេសវៀតណាមខ្លួនឯងហ្នឹង បានដឹងថា យើងខ្ញុំនេះ មិននៅស្ងៀមជាដាច់ខាត់។ អ្នកឯងត្រូវទទួលនូវសារនេះទៅ ហើយអ្នកឯងត្រូវតែចងចាំថា ច្រកជម្រើសមានតែមួយគត់ គឺត្រូវទទួលស្គាល់ខ្មែរកម្ពុជាក្រោម ជាជនជាតិដើម គោរពសិទ្ធិប្រតិបត្តិសាសនា ប្រពៃណី ទំនៀមទម្លាប់ ឲ្យរៀនអក្សរសាស្ត្រខ្មែរគ្រប់សព្វបែបយ៉ាង។ យើងទាមទារប៉ុណ្ណឹង វាខុសអីទៅ? បងប្អូនជួយគិតមើល រឿងអីដែលយើងត្រូវខ្លាចយួនមិនហ៊ានទាមទារ។
សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យទី ៨ ខែមិថុនា ចំពេលតែមួយគ្នានេះដែរ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅតាមប្រ ទេស និង រដ្ឋនានាក្នុងទឹកដីសហរដ្ឋអាមេរិក បានប្រារព្ធពិធីនេះ ផងដែរ ។ សាខាដែលប្រារព្ធនោះ រួមមាន រដ្ឋ Washington State , Colorado, Illinois, Jew Jersey និង Pennsylvania ។ ចំណែក នៅប្រទេសបារាំង បានប្រារព្ធនៅទីក្រុងប៉ារិស, ប្រទេស New Zealand បានប្រារព្ធ នៅទីក្រុង Auckland និង ប្រទេសអូស្ត្រលី បានប្រារព្ធនៅទីក្រុង Victoria ។
ដែនដីកម្ពុជាក្រោម ជាដីខ្មែរមួយភាគធំ ត្រូវបានបារាំងកាត់ឲ្យក្លាយទៅជារដ្ឋចំណុះវៀតណាម នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ១៩៤៩ ៕