មន្ត្រី​បក្ស​សមរង្ស៊ី​ស្នើ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​រឿង​ឃាតកម្ម​ខ្មែរ​ក្រោម​២​នាក់

ថ្ងៃអង្គារ, 21 ខែកញ្ញា 2010 ដោយលោក សុខ សេរី វិទ្យុអាស៊ីសេរី ភ្នំពេញ

ដោយសារ​ ពុំ​មាន​ចំណាត់​ការ​ណា​មួយ​ដោយ ​អាជ្ញាធរ​វៀតណាម លើ​សំណុំ​រឿង​ឃាតកម្ម​ លើ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ២​នាក់​កន្លង​មក​នេះ តំណាង​រាស្ត្រ​មួយ​ចំនួន​របស់​គណបក្ស សម រង្ស៊ី បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា ជួយ​ធ្វើ​អន្តរាគមន៍។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង សម រង្ស៊ី ចំនួន ៩​រូប បាន​ស្នើ​សុំ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ដើម្បី​ណែនាំ​ឲ្យ​អគ្គ​កុងស៊ុល​កម្ពុជា នៅ​ទីក្រុង​ព្រៃនគរប្រទេស វៀតណាម សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ចាប់​ខ្លួន និង​ផ្ដន្ទា​ទោស​ជន​សង្ស័យ​ ដែល​បាន​សម្លាប់​ខ្មែរ​កម្ពុជា​ក្រោម ចំនួន ២​នាក់ កាល​ពី​ដើម​ខែ​កញ្ញា កន្លង​ទៅ​នេះ។

សូមចុចស្តាប់សេចក្តីរាយការណ៍របស់លោក សុខ សេរី វិទ្យុអាស៊ីសេរី ភ្នំពេញ

ការ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​នោះ បាន​ធ្វើ​ឡើង​តាម​រយៈ​ញត្តិ​រួម​គ្នា​មួយ ចុះ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា កន្លង​ទៅ​នេះ។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង សម រង្ស៊ី លោក យន្ត ថារ៉ូ នៅ​ក្នុង​ចំណោម​តំណាង​រាស្ត្រ ៩​រូប​នោះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​ថា ៖ «យើង ​ចង់​ឲ្យ​មាន​ប្រព័ន្ធ​ច្បាប់​មួយ​ដ៏​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ ទី​នោះ។ ជៀសវាង​កុំ​ឲ្យ​មាន​ទង្វើ​ទាំង​អស់​នេះ​កើត​មាន​ដល់​ជន​រួម​ជាតិ​ខ្មែរ​ កម្ពុជា​ក្រោម នៅ​ថ្ងៃ​អនាគត​ខាង​មុខ»

កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា កន្លង​ទៅ ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ២​នាក់​បាន​រង​ការ​ព្រួត​វាយ​សម្លាប់ ដោយ​ប្រើ​កាំបិត និង​ដំបង​ពី​សំណាក់​អ្នក​ភូមិ​វៀតណាម រាប់​សិប​នាក់ នៅ​តំបន់​ចម្ការ​កៅស៊ូ​មួយ នៅ​ក្នុង​ខេត្ត​រោងដំរី ឬ​ខេត្ត​តៃនិញ ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។ ខ្មែរ​កម្ពុជា​ក្រោម ១១​នាក់​ទៀត បាន​រង​របួស​នៅ​ក្នុង​អំពើ​ហិង្សា​នោះ ដែល​គេ​ចោទ​ថា គឺ​បណ្ដាល​មក​ពី​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា និង​ការ​រើស​អើង​ជាតិ​សាសន៍​ជាដើម។

ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ស្លាប់​នោះ មាន​ឈ្មោះ ចៅ ណែត អាយុ ២២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិ​រលៀង ឃុំ​រលៀង ស្រុក​ស្វាយទង ខេត្ត​អានយ៉ាង ឬ​ខេត្ត​មាត់ជ្រូក និង​ខ្មែរ​កម្ពុជា​ក្រោម​មួយ​រូប​ទៀត​ឈ្មោះ ចៅ ផាត មាន​ស្រុក​កំណើត​នៅ​ឃុំ​បន្ទាយស្វាយ ស្រុក​ស្វាយទង ខេត្ត​អានយ៉ាង ឬ​ខេត្ត​មាត់ជ្រូក។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​ថា ក្រសួង​មិន​ទាន់​បាន​ទទួល​លិខិត​នោះ​នៅ​ឡើយ​ទេ។

លោក​បាន​បន្ត​ថា ៖ «ក្រសួង​តែងតែ​ណែនាំ​ឯក​អគ្គ​កុងស៊ុល​យើង​នៅ​ក្រុង ​ហូជីមិញ​ហ្នឹង (Ho Chi Minh) ធ្វើ​ការ​ស្រាវជ្រាវ​ព័ត៌មាន​ហ្នឹង​ពិត ឬ​មិន​ពិត ហើយ​ទី​២ បើ​ពិត​ហើយ គឺ​ឲ្យ​អគ្គ​កុងស៊ុល​យើង​នៅ​ទី​នោះ​ធ្វើ​ការ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ វៀតណាម ដើម្បី​ផ្ដន្ទា​ទោស​ជន​ល្មើស»

ឪពុក​របស់ ចៅ ណែត សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ នៅ​ភូមិ​រលៀង ​ឃុំ​រលៀង ស្រុក​ស្វាយទង ខេត្ត​អានយ៉ាង ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា តាម​ទូរស័ព្ទ​មក​ថា លោក​បាន​ទៅ​ជួប​ជាមួយ​អាជ្ញាធរ​នគរបាល នៅ​ស្រុក​ស្វាយទង រួច​ហើយ ប៉ុន្តែ​គេ​បាន​ណែនាំ​លោក​ឲ្យ​ធ្វើ​ពាក្យ​បណ្ដឹង​ដោយ​ខ្លួន​ឯង​ផ្ទាល់​ទៅ​ អាជ្ញាធរ​ក្រុង​ព្រៃនគរ ៖ «ឲ្យ​អ៊ីចឹង​ណា ដល់​ថ្នាក់​លើ​ឲ្យ​គេ​ដឹង​ឮ។ ឥឡូវ​គម្រោង​ការ​គិត​ធ្វើ​លិខិត​ថ្មី​ទៀត។ ក្រដាស​បណ្ដឹង»

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង សម រង្ស៊ី លោក យន្ត ថារ៉ូ ដែល​ជា​ខ្មែរ​កម្ពុជាក្រោម​ផង​ដែរ​នោះ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ជូន​លោក សឺន សុងសឺន ជា​សមាជិក​មជ្ឈិម​បក្ស និង​ជា​អនុ​ប្រធាន​ចង្អុល​ទិស​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​វៀតណាម ឲ្យ​ជួយ​អន្តរាគមន៍​បើក​ការ​ស្រាវជ្រាវ​ចាប់​ខ្លួន​ជន​សង្ស័យ​ដើម្បី​ ផ្ដន្ទា​ទោស។

លិខិត​នោះ​ត្រូវ​បាន​ផ្ញើ​តាម​រយៈ​ស្ថានទូត​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​មន្ត្រី​ស្ថាន​ទូត​វៀតណាម មិន​បាន​អនុញ្ញាត​ឲ្យ​ចូល​ដាក់ ឬ​ទទួល​យក​លិខិត​នោះ​ទេ៕

.