មន្ត្រីទទួលបន្ទុកសិទ្ធិមនុស្សរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានទីស្នាក់ការបណ្តោះអាសន្ននៅទីក្រុងបាងកក បានអំពាវនាវសុំរដ្ឋាភិបាលកម្ពុជា ឲ្យបន្ធូរបន្ថយលក្ខខណ្ឌផ្សេងៗក្នុងការដាក់ទៅលើជនជាតិខ្មែរ ក្រោម ដែលបានភៀសខ្លួនចូលមកកម្ពុជាដើម្បីទទួលបាននូវអត្តសញ្ញាណប័ណ្ណ ខ្មែរ។
លោក ថាច់ ឡេនី មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស បានធ្វើសេចក្តីអំពាវនាវនេះកាលពីយប់មិញ សុំឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យមើលការប្រតិបត្តិរបស់អាជ្ញាធរ ខ្មែរក្នុងការជួយសម្រួលភាពលំបាកនៃជនភៀសខ្លួនខ្មែរក្រោម ដែលកំពុងជួបប្រទះក្នុងពេលមកដល់កម្ពុជាហើយនោះ។
លោក ថាច់ ឡេនី មានប្រសាសន៍ដូច្នេះថា ៖ «បើយើងចង់ធ្វើ អត្តសញ្ញាណប័ណ្ណ ចង់រស់នៅខ្មែរ យើងត្រូវប្ដូរឈ្មោះ ប្ដូរទីកន្លែង ស្រុកកំណើតជាដើម។ យើងជាជនជាតិខ្មែរក្រោម យើងមិនអាចប្ដូរស្រុកកំណើត ឈ្មោះ ឬនាមត្រកូលបានទេ បើយើងប្ដូរឈ្មោះ ប្ដូរទីកន្លែង មានន័យថាជាតិខ្មែរក្រោមមួយរូបត្រូវសាបសូន្យ អត់មាននរណាដឹងឮតទៅទៀតទេ គេដឹងតែខ្មែរ ប៉ុន្តែជាតិខ្មែរក្រោម ជាជាតិដើមឫសគល់របស់យើងហ្នឹង ត្រូវបាត់បង់អស់។ ដូច្នោះហើយ បងប្អូនខ្មែរក្រោមយើង ដែលឡើងមកដល់ប្រទេសខ្មែរ គាត់មិនហ៊ានធ្វើទេ គាត់ថា អរគុណច្រើន ដែលរដ្ឋាភិបាលខ្មែរបានប្រកាសថា ខ្មែរក្រោមដែលឡើងមកដល់ស្រុកខ្មែរហើយ គឺជាពលរដ្ឋខ្មែរ ប៉ុន្តែចំពោះខ្មែរក្រោមវិញ គាត់មិនអាចទទួលបានទេ ពីព្រោះជីដូនជីតាដីស្រែចម្ការរបស់ខ្មែរកម្ពុជាក្រោមនៅវៀតណាម ខាងត្បូងសព្វថ្ងៃ គឺជាដីរបស់កម្ពុជាក្រោម ពីជីដូនជីតាពីមុនៗមកហ្នឹង គាត់មិនអាចដូរបានទេ»។
លោក ថាច់ ឡេនី ឲ្យដឹងទៀតថា ទោះបីជាថ្មីៗនេះ មានការជួយសម្រួលពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជន ភៀសខ្លួន ក្នុងការទទួលយកខ្មែរក្រោម ទៅរស់នៅប្រទេសទី៣ខ្លះក្តី ក៏ខ្មែរក្រោមផ្សេងទៀត ដែលកំពុងភៀសខ្លួនក្នុងប្រទេសថៃបច្ចុប្បន្នជួបការលំបាកក្នុងការ ចិញ្ចឹមជីវិត ភ័យព្រួយ និងគេចវេះចេញពីការចាប់ខ្លួន បញ្ជូនត្រឡប់ទៅស្រុកកំណើតវិញជាប្រចាំ។
លោកបានអំពាវនាវសុំអន្តរាគមន៍ពីគ្រប់អង្គការមនុស្សធម៌ទាំងអស់ ក្នុងលោកដើម្បីជួយកាត់បន្ថយទុក្ខវេទនានៃជនភៀសខ្លួនខ្មែរក្រោម រួមឈាមរបស់លោកឲ្យនៅតិចដែលអាចធ្វើទៅបាន៕
ប្រភពពីវិទ្យុអាស៊ីសេរី.