ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
គណៈមន្ត្រីសង្ឃខេត្តព្រះត្រពាំង ជំនួសដោយ ព្រះតេជព្រះគុណ ថាច់ សុខសាន្ត បានចេញសេចក្ដីប្រ កាសមួយហាមប្រាមពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមនៅក្នុងខេត្តព្រះត្រពាំង ផលិត និង បង្ហោះគោមតាម សេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រីវៀតណាម ។ សេចក្ដីប្រកាសនេះធ្វើឡើង ខណៈដែលពលរដ្ឋ និង ព្រះសង្ឃនៅកម្ពុជាក្រោមទាំង ៤៥៩ វត្ត កំពុងតែត្រៀមរៀបចំពិធីបុណ្យសំពះព្រះខែ អកអំបុក លយប្រ ទីប និងប្រណាំងទូក ង ដែលនឹងប្រារព្ធនៅក្នុងសប្ដាហ៍នេះ ។

យោងតាងសេចក្ដីប្រកាសមួយច្បាប់ ចេញថ្ងៃសុក្រ ៨ កើត ខែកត្កិក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃ ទី ៣០ ខែតុលា ឆ្នាំ ២០១៤ ចុះហត្ថលេខាដោយ ព្រះតេជព្រះគុណ ថាច់ សុខសាន្ត ជំនួសឲ្យគណៈ មន្ត្រីសង្ឃខេត្ត និង ក្នុងនាមជាព្រះមេគណរងខេត្ត ស្ដីអំពី “ពិធីបុណ្យសំពះព្រះខែ អកអំបុក លយប្រទីប និងប្រណាំងទូក ង” បានហាមប្រាមព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមថា “ព្រះចៅអធិការ ព្រះសង្ឃ និងពុទ្ធបរិស័ទ គប្បីគោរព និងអនុវត្តតាមសេចក្ដីសម្រេចលេខ 95/2009/QD-TTg ថ្ងៃទី ១៧/០៧/ ២០០៩ របស់នាយករដ្ឋមន្ត្រីស្ដីពីការហាមប្រាមផលិត និងបង្ហោះគោមទូទាំងប្រទេស” វៀតណាម ។
មូលហេតុនៃការចេញសេចក្ដីប្រកាសនេះ ព្រះតេជព្រះគុណ ថាច់ សុខសាន្ត បានបញ្ជាក់នៅក្នុងលិខិត នេះថា ៖
“ដើម្បីរក្សានូវសណ្ដាប់ធ្នាប់ក្នុងពិធីអកអំបុក សំពះព្រះខែឲ្យបានល្អត្រឹមត្រូវ ទៅតាមទំនៀម ទម្លាប់ ប្រពៃណីរបស់ជាតិ ជៀសវាងនូវទម្រង់រូបភាពណាដែលមិនសមស្របនឹងសម័យកាលកំពុងតែ អភិវឌ្ឍន៍ ។
ក្រៅពីសេចក្ដីប្រកាសហាមប្រាមព្រះសង្ឃ និងពលរដ្ឋផលិត និងបង្ហោះគោម គណៈមន្ត្រីសង្ឃក៏បានហាម ព្រះសង្ឃ “មិនត្រូវគង់ឆាន់ទឹកជាមួយស្ត្រីភេទ” នៅក្នុងការនិមន្តទៅមើលពិធីប្រណាំងទូក ង និងបុណ្យ អកអំបុកនៅស្រះគូ ដែលឋិតនៅក្នុងទីរួមខេត្តព្រះត្រពាំង ។ ការហាមប្រាមនេះ ព្រះតេជព្រះគុណ ថាច់ សុខសាន្ត ជំនួសឲ្យគណៈមន្ត្រីសង្ឃខេត្តបានលើកហេតុផលថា “ ដើម្បីរក្សានូវធម៌អាថ៌ វិន័យ និងរក្សានូវ តម្លៃនៃអ្នកបួសក្នុងព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរខេត្តត្រាវិញ [ព្រះត្រពាំង] ឲ្យបានល្អ” ។

សេចក្ដីប្រកាសនេះ គណៈមន្ត្រីសង្ឃបានផ្ញើជូនទៅព្រះចៅអធិការទាំង ១៤២ វត្ត នៅក្នុងខេត្តព្រះត្រពាំង និងគណៈមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ក្នុងខេត្តដើម្បីអនុវត្តតាម និងជ្រាបជាព័ត៌មាន ។ ក្រៅពីនេះ សេចក្ដី ប្រកាសនេះ ក៏បានអំពាវនាវឲ្យ “គណៈមន្ត្រីសង្ឃស្រុក ក្រុង និងព្រះចៅអធិការ អាចារ្យបង្រៀនគ្រប់វត្ត ជួយអប់រំព្រះសង្ឃក្នុងស្រុក ក្រុង វត្តអារាមរបស់ខ្លួនឲ្យបានល្អ” ផងដែរ ។
លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀង តឹង យ៉ុង បានចេញបទសម្រេចមួយចុះ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០០៩ និងមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០០៩ រហូតមកដល់សព្វថ្ងៃ បានហាមពល រដ្ឋវៀតណាមទូទាំងប្រទេស បង្ហោះគោមគ្រប់រូបភាពតាមអ្វីមួយដែលលោកលើកឡើងថា ដើម្បីបង្ការគ្រោះ អគ្គិភ័យ ។ ក្រោយពីសេច ក្ដីសម្រេចនេះចេញមក ព្រះសង្ឃ និង ពលរដ្ឋ ខ្មែរក្រោមបានអះអាងថា រដ្ឋាភិ បាលធ្វើនេះក្នុងគោលលុបបំបាត់ប្រពៃណីបង្ហោះគោមរបស់ពួកគេ ដែលធ្លាប់មានតាំងពីបុរាណកាលមក នៅដែនដីកម្ពុជាក្រោម ។
បង្ហោះគោមជាពិធីដ៏សំខាន់មួយ ដែលព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម តែងតែងបង្ហោះនៅតាមវត្តអារាម នានា នៅក្នុងពិធីបុណ្យអកអំបុករៀងរាល់ឆ្នាំ នារាត្រីថ្ងៃ ១៥ កើតខែកត្ដិក ។

ក្រោយពីរដ្ឋាភិបាលវៀតណាម បានចេញសេចក្ដីសម្រេចហាមបង្ហោះគោមនេះមក គេសង្កេតឃើញព្រះ សង្ឃ និងពលរដ្ឋខ្មែរក្រោមនៅតាមវត្តអារាមមួយចំនួន មិនបានបង្ហោះគោមទៀតទេ ព្រោះខ្លាចត្រូវពិន័យ ដោយអាជ្ញាធរវៀតណាម និងកន្លែងខ្លះទៀតនៅតែព្យាយាមបង្ហោះធម្មតាដោយគេយល់ឃើញថា នេះជា ប្រពៃណីរបស់ពួកគេដែលមានមកតាំងពីមុនសម័យដែលជនជាតិយួនមិនទាន់មានប្រទេសម្ល៉េះ ។
រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញមានក្រុមពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមណាមួយនៅកម្ពុជាក្រោម ដែលហ៊ានចេញមុខមកតវ៉ាចំពោះសេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រីវៀតណាមក្នុងការលុបបំបាត់ប្រ ពៃណីជាតិខ្មែររបស់ពួកគេនៅ ឡើយ ៕

