ដោយ សឺង វិចិត្រ l VOKK
អ្នកឯកទេសទទួលបន្ទុក អំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានប្រកាសជាសាធារណៈថា ដល់ពេលវៀតណាម ត្រូវធានាសិទ្ធិសេរីក្នុងចេញមតិរបស់ពលរដ្ឋ ដើម្បីរារាំងករណីអ្នកសិល្បៈត្រូវបានចាប់ខ្លួនធ្វើទុក្ខ ឬចាប់ឃុំឃាំង ដោយគ្មានហេតុផល ដូចធ្លាប់បានកើតមាន ក្នុងប្រទេសវៀតណាមក្នុងពេលកន្លងទៅនេះ ។

មន្ត្រីរាយការណ៍ពិសេសផ្នែកវប្បធម៌ នៃអង្គការសហប្រជាជាតិ អ្នកស្រី Farida Shaheed បានចេញប្រកាសនេះ ក្រោយ ពេល បានបំពេញទស្សនកិច្ចលើកដំបូងរបស់លោកមកប្រទេសវៀតណាមពីថ្ងៃ ១៨ ដល់ ថ្ងៃ ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ដើម្បីសិក្សានូវមធ្យោបាយដែលរដ្ឋាភិបាលវៀតណាមបានអនុវត្តដើម្បីឲ្យពលរដ្ឋអាចទទួលបានសិទ្ធិអំពីវប្បធម៌ក្នុងស្រុក ដោយពេញលេញ ។
អ្នកស្រី Shaheed បាននិយាយថា អាជ្ញាធរក្រុងហាណូយត្រូវបើកទូលាយ ឲ្យប្រជាពលរដ្ឋបានចេញមតិ ដោយរួមទាំង ការ សម្ដែងសិល្បៈ និង អក្សរសាស្ត្រដោយសេរី ។ ជាមួយនឹងនោះ ត្រូវធានាឲ្យប្រជាពលរដ្ឋមានឱកាសប្រើប្រាស់ ចំណេះ ដឹងរបស់ខ្លួនចូលក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ។
អ្នកស្រី ក៏បានសម្ដែងនូវក្ដីបារម្ភរបស់ខ្លួនចំពោះ ក្ដីកង្វះខាតរោងពុម្ពឯកជននៅប្រទេសវៀតណាម ដែលនាំឲ្យមតិ សេរី មិន អាចផ្សព្វផ្សាយ ហើយវៀតណាមប្រើប្រាស់តែសៀវភៅប្រវត្តិសាស្ត្រតែមួយប៉ុណ្ណោះសម្រាប់បង្រៀននៅគ្រប់សាលា ។
សេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិប្រចាំប្រទេសវៀតណាមបាននាំពាក្យរបស់លោកស្រី Shaheed សង្កត់ ធ្ងន់ថា ការបង្រៀនប្រវត្តិសាស្ត្រគួរជម្រុញគំនិតរិះគន់ – វិភាគ – ចម្ងល់ ដូចលោកស្រីធ្លាប់បានថ្លែងក្នុងរបាយ ការណ៍ថ្មីៗ នេះ ក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ កាលខែ សីហា កន្លងទៅនេះ ។
លោកស្រីក៏បានលើកឡើងនូវករណីរបស់អ្នកសិល្បៈមួយចំនួនត្រូវបានទោសតាមមាត្រាទី ៨៨ ក្រមព្រហ្ម ទណ្ឌ ចំពោះ បទ ល្មើស «ផ្សព្វផ្សាយប្រឆាំងរដ្ឋាភិបាល» អ្នកឯកទេសអ្នកឯកទេសទទួលបន្ទុកអំពីសិទ្ធិ មនុស្សរបស់អង្គការសហ ប្រជាជាតិមានប្រសាសន៍ថា លោកស្រីសង្ឃឹមយ៉ាងមុតមាំថា វៀតណាមនឹងពិនិត្យឡើងវិញនូវគោលនយោបាយ ដើម្បី ធានាឲ្យមានសិទ្ធិសេរីក្នុងការសម្ដែងសិល្បៈនិងវិចិត្ររបស់ប្រជាជន ដោយគោរពតាមច្បាប់របស់ពិភពលោក ។
ក៏តាមលោកស្រី Shaheed ដដែល ដល់ពេលការជឿនលឿនក្នុងកិច្ចបំបាត់ភាពអត់ឃ្លាន និង បន្ថយភាពក្រីក្រ និង សេដ្ឋកិច្ច របស់វៀតណាមត្រូវបានបន្ថែមនៅបើកទូលាយឲ្យប្រជាពលរដ្ឋបានបញ្ចេញជាសាធារណៈនូវមតិ និង គំនិតពី ពហុភាគី ក្នុងដំណើរការអភិវឌ្ឍប្រទេស ។
ក្នុងបេសកកម្ម ១២ ថ្ងៃនេះ អ្នកឯកទេសទទួលបន្ទុកខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Shaheed បានទៅកាន់ ហាណូយ ព្រៃនគរ ហូយអាន (Hội An) ដាណាំង (Đà Nẵng) ក្វាងណាម (Quảng Nam) និង ឡាវកាយ (Lào Cai) ដើម្បីជួបជុំពលរដ្ឋវៀតណាមគ្រប់វណ្ណៈ និង កម្មាភិបាលអាជ្ញាធរ ។
បេសកកម្មរបស់លោកស្រីបានដំណើរការ ១ សប្ដាហ៍ក្រោយពេលវៀតណាមបានក្លាយជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិ មនុស្ស អង្គការសហប្រជាជាតិ នាថ្ងៃ ១២ ខែ វិច្ឆិកា និង ការរិះគន់ដ៏ធ្ងន់ធ្ងរពីអង្គការការពារសិទ្ធិមនុស្សអំពីឯកសារសិទ្ធិ មនុស្សមានស្ថានភាពអាក្រក់របស់វៀតណាម ។
គួររំឭកថា កាលពីថ្ងៃទី ២៥ ខែកញ្ញា អ្នកភូមិព្រៃជាប់ ៥ នាក់ ដែលជាប់ទាក់ទិននឹង ព្រះតេជព្រះគុណ លី ចិន្ដា នៃវត្តព្រៃជាប់ ត្រូវ បានតុលាការបក្សកុម្មុយនិស្តវៀតណាម ប្រកាសសាលក្រមឲ្យជាប់ពន្ធនាគារ ម្នាក់ៗ ពី ១០ ខែទៅ ១ ឆ្នាំ ពីបទ “បង្ក អសន្តិសុខ ទីសាធារណៈ” តាមមាត្រា ២៤៥ នៃច្បាប់ព្រហ្មទណ្ឌ របស់ប្រទេសវៀតណាម ។
ជនជាប់ចោទជាពលរដ្ឋខ្មែរក្រោមទាំង ៥ នាក់ នេះ មានស្រុកកំណើតនៅភូមិបៀងដុង A (Bien Dong A ) ឃុំ វិញត្រាច់ ដុង (Vinh Trach Dong) ទីក្រុងពលលាវ ខេត្តពលលាវ ម្នាក់ៗត្រូវបានតុការដំបូង របស់ បក្សកុម្មុយនិស្ត វៀតណាម សម្រេច ប្រកាស សាលក្រមឲ្យជាប់គុក ដូចតទៅ ៖
១.អ្នកស្រី លី ធី សាបុត (Lý Thị Sà Bột) ១ ឆ្នាំ
២.អ្នកស្រី លី ធី យន់ (Lý Thị Dạnh) ១ ឆ្នាំ
៣.អ្នកស្រី ឡឹម ធី ឡង (Lâm Thị Loan) ១ ឆ្នាំ
៤.លោក លី មិន ហាយ (Lý Minh Hải) ១១ ខែ និង
៥.លោក តាំង ផល្លា (Tăng Pho La) ១០ ខែ
ចំណែកអ្នកស្រី លី ធី សាបុត ត្រូវបានតុលាការកាត់ទោសកំបាំងមុខ ព្រោះគាត់បានភៀសខ្លួនចេញ ទៅក្រៅប្រទេស មុនពេល វៀតណាមចាប់ខ្លួន ។
យោងតាមសេចក្ដីប្រកាសរបស់ចៅក្រមនៅក្នុងអង្គសវនាការនេះថា ពលរដ្ឋខ្មែរក្រោមទាំង ៥ រូបនេះ ត្រូវ បានចោទប្រ កាន់ទោស ព្រោះបានជួយទូងស្គរ និងវៃរគាំងនៅវត្តព្រៃជាប់ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៣ ដើម្បីប្រឆាំងនឹងការ សម្រេចរបស់រដ្ឋាភិបាលវៀតណាម ក្នុងការចាប់ផ្សឹកព្រះតេជព្រះគុណ លី ចិន្ដា ។
មកដល់ថ្ងៃ ទី ២៧ ខែកញ្ញា តុលាការខេត្តឃ្លាំង នៃបក្សកុម្មុយនិស្តវៀតណាមបានប្រកាសសាលក្រម សម្រេចផ្ដន្ទាទោស ព្រះសង្ឃ ២ អង្គ និងពលរដ្ឋខ្មែរក្រោម ២ រូបឲ្យជាប់គុកម្នាក់ៗពី ២ ទៅ ៦ ឆ្នាំ ពីបទ “ចាត់តាំងនាំមនុស្សចេញទៅក្រៅ ប្រ ទេស” និង ” ទទួលប្រាក់ពីសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីចាត់តាំង ប្រឆាំងរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម” ។
សាលក្រមនេះ បានសម្រេចផ្ដន្ទាទោស ព្រះតេជព្រះគុណ ថាច់ ធឿន (Thach Thuol) ប្រសូត ឆ្នាំ ១៩៨៥ ជាគ្រូសូត្រវត្ត សេរីតា សេកឲ្យ ជាប់ពន្ធនាគារ ៦ ឆ្នាំ ព្រះតេជព្រះគុណ លីវ នី (Lieu Ny) ប្រសូត ឆ្នាំ ១៩៨៦ ជាព្រះចៅអធិការវត្ត សេរីតាសេក ឲ្យជាប់ពន្ធនាគារ ៤ ឆ្នាំ លោក ថាច់ ភូមិរិទ្ធ (Thach Phum Rich) កើត ឆ្នាំ ១៩៨៩ ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “ភៀសខ្លួនទៅប្រទេសក្រៅ ដើម្បីប្រឆាំងរដ្ឋាភិ បាល” និង លោក ត្រា វណ្ណ ថា (Tra Quanh Tha) ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ “ចាត់តាំងនាំ មនុស្សរត់ចេញទៅប្រទេសក្រៅ” ។ អ្នកទាំង ៤ រូបនេះ មានស្រុកំណើត ឃុំវិញហាយ (Vĩnh Hải) ស្រុកជ្រោយញរ ខេត្តឃ្លាំង ៕