លោក ទីន ហ្សាការីយ៉ា | RFA
ចាប់តាំងពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ មក ដែនដីកម្ពុជាក្រោម និង ពលរដ្ឋខ្មែរក្រោមត្រូវ បានឋិតនៅក្រោម ការត្រួតត្រារបស់ របបកុម្មុយនិស្ត ឬ របបសង្គមនិយមវៀតណាម ។
បច្ចុប្បន្ន វៀតណាមជាប្រទេសប្រកាន់យករបបកុម្មុយនិស្តនិយម ឬ របបសង្គមនិយម ដែលជាទូទៅប្រទេស ទាំងឡាយ ប្រកាន់យករបបនេះ មិនមានក្រសួងព័តមានទេ គឺមានតែក្រួសួង ឃោសនាការមជ្ឈិមបក្សតែមួយ ប៉ុណ្ណោះ ។ កត្តានេះហើយ រាល់ការផ្សព្វផ្សាយដូចជា ទូរទស្សន៍ វិទ្យុ និងកាសែត ជាដើម នៅក្នុងប្រទេស វៀតណាម គឺជាការឃោសនារបស់បក្សកុម្មុនិស្តផ្ដាច់មុខ ។
គ្មានស្ថាប័នព័ត៌មានឯកជន ឬ ស្ថាប័នព័ត៌មានឯករាជ្យទេ នៅក្នុងប្រទេសវៀតណាម ។ ដូច្នេះ រាល់ការផ្សព្វផ្សាយ ជាភាសាខ្មែរ នៅក្នុងប្រទេសវៀតណាម ដែលយើងមើលឃើញ ពលរដ្ឋខ្មែរក្រោមឡើងនិយាយលើកញ្ចក់ទូរទស្សន៍ , វិទ្យុ និងរាល់អត្ថបទនៅលើទំព័រកាសែត សុទ្ធតែជាការរៀបចំរបស់បក្សកុម្មុយនិស្តវៀតណាម ទាំងស្រុង ។
បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១១ – ២០១២ ស្ដីអំពីសេរីភាពព័ត៌មានក្នុងពិភពលោក នៃទីភ្នាក់ងារ ព័ត៌មានគ្មានព្រំដែន (RSF) បានចាត់វៀតណាមលំដាប់លេខ ១៧២ ក្នុងចំណោមប្រទេសទាំង ១៧៩ ក្នុងលោក គឺសេរីភាពព័ត៌មាននៅវៀតណាមអន់ជាងគេក្នុងលោក ។
បក្សកុម្មុយនិស្តវៀតណាមតែងតែលាក់បាំងប្រវត្តិពិតរបស់ ហូ ជីមិញ និងឃោសនាចំពោះគុណ សម្បត្តិរបស់គាត់ ប្រៀបដូចជាព្រះ ដើម្បីឲ្យពលរដ្ឋវៀតណាមជឿទៅលើរបបសង្គមនិយម ឬរបបកុម្មុយនិស្តរបស់ខ្លួន។ តែផ្ទុយទៅ វិញ ពលរដ្ឋវៀតណាមដែលគេដឹងច្បាស់អំពីឧក្រិដ្ឋរបស់ ហូ ជីមិញ និងប្រវត្តិនៃការរំលោភសិទ្ធីមនុស្សរបស់ បក្សកុម្មុយនិស្តវៀតណាម បច្ចុប្បន្ន ហូ ជីមិញ គឺជាជនជាប់បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ព្រោះ ហូ ជីមិញ បាននាំយកលទ្ធិផ្ដាច់ការមកសាប ព្រោះនៅក្នុងប្រទេសវៀតណាម ។