ប្រជាពលរដ្ឋខ្មែរ កំណើតខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា បាននិយាយឲ្យដឹងថារដ្ឋាភិ-
បាលកុម្មុយនិស្តក្រុងហាណូយ បានបញ្ជាឲ្យបុគ្គល សើង សុង សើង ដឹកនាំគណៈប្រតិភូយួនមួយក្រុម ទៅបំពេញទស្សន-កិច្ចនៅឯប្រទេសកម្ពុជារយៈពេលមួយសប្តាហ៍ ដើម្បីជួបសំណេះសំណាលនឹងក្រុមមេដឹកនាំស្រុកខ្មែរ, ជនជាតិយួនរស់នៅស្រុកខ្មែរ និងជនជាតិដើមខ្មែរកម្ពុជាក្រោម នៅទីក្រុងភ្នំពេញ ។
យោងតាមវិទ្យុផ្សាយសំឡេងជាភាសាយួនមួយ បានឲ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ក្រុមរបស់បុគ្គលឈ្មោះ សើង សុង សើង បានជួបសំណេះសំណាលនឹងក្រុមប្រឹក្សារដ្ឋមន្រ្តីកម្ពុជា នាយកដ្ឋានកិច្ចការសាធារណៈ ដែលបានពិភាក្សាយ៉ាងស៊ីជំរៅ អំពីបញ្ហាសន្តិសុខតាមព្រំដែនរវាងប្រទេសទាំងពីរ ។ ហើយដំណើរទស្សនកិច្ចពេញមួយសប្តាហ៍ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៨ សីហា ត្រូវបានក្រុម សើង សុង សើង អះអាងថា ទទួលបានផ្លែផ្កាគួរសម ។
ក្រៅពីជួបក្រុមមេដឹកនាំកម្ពុជា គណៈប្រតិភូក្រុមនេះបានកោះហៅព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមមួយចំនួនដែលមាននិន្នាការស្របនឹងគណៈប្រជាជនកម្ពុជា ចូលទៅក្នុងស្ថានទូតយួន ដែលមានការិយាល័យនៅកណ្តាល
ទីក្រុងភ្នំពេញ ដើម្បីផ្តាំសួរសុខទុក្ខ ស្តាប់ការណែនាំ និងទទួលអំណោយ ។
ចំពោះហេតុការណ៍នេះ ព្រះសង្ឃខ្មែរក្រោមមួយអង្គ គង់នៅវត្តអង្គតាមិញ នាទីក្រុងភ្នំពេញដែលបាននិមន្តចូលទៅក្នុងស្ថានទូតយួន ស្តាប់បុគ្គលឈ្មោះសើង សុង សើង និយាយនោះបានឲ្យដឹងថា បុគ្គលឈ្មោះ សើង សុង សើង បានវាយតំលៃខ្ពស់ចំពោះស្មារតីដ៏អង់អាចរបស់ព្រះសង្ឃ ជនរួមឈាមខ្មែរក្រោម ដែលស្នេហាជាតិ ជាពិសេសចូលរួមរក្សាទំនាក់ទំនងល្អរវាងប្រទេសវៀតណាម និងកម្ពុជា ។
ខណៈពេលជួបប្រជុំជាមួយព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅក្នុងទីក្រុងភ្នំពេញនេះដែរ គណៈប្រតិភូបក្សកុម្មុយនិស្តយួនមួយនេះបាននិយាយថា បក្សនិងរដ្ឋ បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ជនជាតិភាគតិច រួមបញ្ចូលទាំងខ្មែរក្រោមផងដែរ ។ ដូច្នេះហើយបុគ្គល សើង សុង សើង ទទូចស្នើកុំឲ្យព្រះសង្ឃជឿ ឬត្រាប់តាមអ្នកប្រឆាំងនឹងរដ្ឋាភិបាលកុម្មុយនិស្តយួន ដោយគេបានចាត់ទុកថាក្រុមអ្នកប្រឆាំងនោះ គឺជាជនប្រតិកិរិយា ។
បន្ទាប់ពីកិច្ចសំណេះសំណាល ជាមួយក្រុមព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅក្នុងស្ថានទូតយួន ក្រុមរបស់ សើង សុង សើង បានប្រគេនបច្ច័យជូនព្រះសង្ឃ និងចែកជូនពលរដ្ឋខ្មែរក្រោម ២០ដុល្លាម្នាក់ ពោលគឺស្មើប្រមាណ ៣៥០ ពាន់ដុង ។
ទាក់ទិននឹងហេតុការណ៍នេះ មិត្តអ្នកតាមដានស្ថានភាពមួយរូបដែលមិនបានបញ្ចេញឈ្មោះ បាននិយាយថា គាត់បានឮថាបុគ្គល សើង សុង សើង សំដែងអាកប្បកិរិយាដូចជាធ្វើការបំរើរដ្ឋាភិបាលកុម្មុយនិស្តយួន ព្រោះ សើង សុង សើងត្រូវដើរឃោសនាអំពីគោលនយោបាយ យុទ្ធសាស្រ្ត និងបញ្ចុះបញ្ចូលពលរដ្ឋគ្រប់ទីកន្លែង ប៉ុន្តែបុគ្គលឈ្មោះ សើង សុង សើង បានធ្វើការងារល្អមួយចំនួនសំរាប់ខ្មែរក្រោម ។ អ្នកតាមដានសភាពការណ៍នេះបន្តទៀតថា ពេលដែលបុគ្គលឈ្មោះ សើង សុង សើង ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងកម្ពុជា, សើង សុង សើង បាននិយាយទៅកាន់ខ្មែរក្រោមមួយចំនួនយ៉ាងអាថ៌កំបាំង ថាគេនឹងមិនក្បត់ប្រជាពលរដ្ឋគេឡើយ ។ គេដឹងច្បាស់ថា ប្រជាពលរដ្ឋបានត្រូវរដ្ឋាភិបាលយួនគាបសង្កត់ រំលោភសិទ្ធិសេរីភាព ។ គេធ្វើភ្លីភ្លើ និងមិនអាចគ្រប់គ្រងខ្លួនឯងបានដូច្នេះ ដោយសារតែរដ្ឋាភិបាលយួន ចេះតែជំរុញឲ្យគេធ្វើអ្វីដែលរូបគេមិនចង់ធ្វើ ។
អ្នកតាមដានការណ៍រូបនេះបន្ថែមថា ប្រសិនបើយើងកំពុងដើរលើផ្លូវ សើង សុង សើង យើងនឹងធ្វើដូចគេដែរ ។ ដូច្នេះ យើងអំពាវនាវឲ្យដល់ជនជាតិដើមខ្មែរក្រោមគ្រប់រូប ដែលកំពុងបំរើការជូនរដ្ឋាភិបាលយួន សូមឲ្យមានគំនិតជាតិនិយមដូច សើង សុង សើង ។
អ្នកតាមដានហេតុការណ៍មួយរូបផ្សេងទៀត ដែលសូមមិនបញ្ចេញឈ្មោះនិយាយថា “ពិតណាស់ថា នៅពេលនេះយួនប្រើប្រាស់ សើង សុង សើង ដូចជាអាយ៉ងរបស់គេ ដើម្បីគាបសង្កត់ខ្មែរក្រោម នៅលើទឹកដីកម្ពុជាក្រោម ។ ហើយពេលនេះ យួនបានបញ្ជូនគេទៅកាន់ប្រទេសកម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀត ដើម្បីឃោសនាអំពីគោលនយោបាយយួន” ។
អ្នកតាមដានការណ៍រូបនេះនិយាយទៀតថា “តាំងពី សើង សុង សើង ស្រវឹងនឹងល្បែងយួនមក ពេលដែលគេដឹងខ្លួនម្តង ៗ គេតែងបង្ហាញនូវបេះដូងរបស់គេ ដែរថាបេះដូងគេគឺខ្មែរក្រោមមួយរយភាគរយ ។ ដូច្នេះហើយ គេតែងនិយាយប្រាប់រឿងអាថ៌កំបាំង ពោលគឺនិយាយនៅអ្វីដែលមេដឹកនាំយួនបានប្រាប់គេ និងបញ្ជាឲ្យគេធ្វើក្នុងពេលដែលរូបគេស្រវឹងវង្វេង ។ ហើយពិតណាស់ថា សើង សុង សើង គឺជាបុរសខ្មែរក្រោមមួយរូប ។ ហើយនេះក៏ជាអ្វីដែលខ្ញុំបានឮពេលគេស្នាក់នៅអាមេរិក”។
មិត្តអ្នកដឹងរឿង សើង សុង សើង រូបនេះបន្តថា “ក្រោយពេលប្រពន្ធ សើង សុង សើង ដែលមានដើមកំណើតជាជនជាតិដើមខ្មែរក្រោមបានស្លាប់ រដ្ឋាភិបាលយួនបានរកប្រពន្ធជនជាតិយួនឲ្យគេ ដូច្នេះទើបគេអាចធ្វើការដូចជាឆ្កែមួយក្បាលសំរាប់មេដឹកនាំប្រទេសវៀតណាម ។ ប៉ុន្តែឆ្កែមួយក្បាលនេះ នឹងខាំម្ចាស់វាវិញ ប្រសិនបើវាដឹងថាម្ចាស់របស់វាមានបំណងចង់ស៊ីវានៅថ្ងៃណាមួយ ។ ហើយពេលនោះ សើង សុង សើង នឹងរត់ភៀសខ្លួនស្វែងរកសិទ្ធិជ្រកកោនផ្នែកនយោបាយ”។
ចំណែកឯមតិមួយចំនួនផ្សេងទៀតនិយាយថា ការដែល សើង សុង សើង គំរាមកំហែង និងធ្វើសកម្មភាពដូចសព្វថ្ងៃនេះ ព្រោះ សើង សុង សើង គឺជាខ្ញុំកញ្ជះដាច់ថ្លៃរបស់បក្សកុម្មុយនិស្តយួន ហើយក៏ជាចារកម្មដែលបំផ្លិចបំផ្លាញប្រទេសខ្មែរ ។ ប៉ុន្តែថ្ងៃណាមួយអំពើបាបទាំងនេះនឹងជះទៅលើយួនវិញជាមិនខាន ។
គួរបញ្ជាក់ជូនដែរ កន្លងមក សើង សុង សើង តែងចុះគំរាមកំហែងព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមនៅតាមភូមិ ស្រុក វត្តអារាមនានា ដោយហាមផ្តាច់មិនឲ្យខ្មែរក្រោកបះបោរប្រឆាំងបក្ស និងរដ្ឋ ។ រីឯដំណើរទស្សនកិច្ចនៅកម្ពុជាវិញ បានត្រូវបញ្ចប់ក្នុងថ្ងៃទី ១៨ សីហា បន្ទាប់ពី
គណៈប្រតិភូមួយនេះ ទៅជួបពួកជនអន្តោរប្រវេសន៍យួនខុសច្បាប់កំពុងរស់នៅខេត្តកំពុងស្ពឺ, ខេត្តសៀមរាប, ខេត្តកំពុងឆ្នាំង, បាត់ដំបង និងពោធ៌សាត់ ៕
ដោយៈ VOKK.