ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ភិក្ខុ ថាច់ ខាន់ ប្រសូត ឆ្នាំ ១៩៨១ នៅខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ជាព្រះពហូស្សូតឆ្វេង វត្តសាមគ្គីរង្សី នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងត្រូវបានសាមណេរ លី ទឹង ចាក់នឹងកូនកាំបិតចិតបន្លែឲ្យសុគត ក្នុងករណីទាស់គ្នារឿងវិន័យក្នុងវត្តកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៥ ។

ភិក្ខុ ថាច់ ខាន់ ប្រសូតនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៨១ នៅភូមិដើមជ្រៃ ឃុំដើមពោធិ៍ ស្រុកខ្សាច់ ខេត្តឃ្លាំង កម្ពុជាក្រោម ។ ព្រះអង្គជាកូនរបស់លោកតា ថាច់ ជឿង និង លោកយាយ ថាច់ ធី ទឺ ។ ព្រះអង្គមានបង ប្អូនរួមផ្ទៃទាំងអស់ ៨ នាក់ គឺ ប្រុស ៥ នាក់ ស្រី ៣ នាក់ ។
ឆ្នាំ ១៩៩៦ ភិក្ខុ ថាច់ ខាន់ បានបួសជាសាមណេរ នៅក្នុងវត្តផ្នោរកា ភូមិផ្នោរកា ស្រុកកំពង់ធំ ខេត្តឃ្លាំង និងបាន បំពេញឧបសម្បទាជាភិក្ខុ នៅក្នុងឆ្នាំ ២០០២ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះនាម ថាច់ សរ នាវត្តចម្ប៉ាវនារាម ។
ឆ្នាំ ២០០៦ ព្រះអង្គបាននិមន្តពីកម្ពុជាក្រោមឡើងមកប្រទេសកម្ពុជាដើម្បីបន្តការសិក្សា ។ នៅប្រទេសកម្ពុជា ព្រះអង្គបានមកស្នាក់អាស្រ័យនៅក្នុងវត្តសាមគ្គីរង្សី ស្ថិតនៅភូមិទ្រា ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លុះដល់ឆ្នាំ ២០០៨ ព្រះអង្គក៏បានភៀសព្រះកាយទៅសុំសិទ្ធិជ្រកកោននយោបាយនៅឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា (UNHCR) ប្រចាំទីក្រុងបាងកក ប្រទេសថៃ ក្រោយពី ព្រឹត្តិការណ៍ព្រះសង្ឃខ្មែរក្រោមធ្វើបាតុកម្មមុខស្ថានទូតវៀតណាមទាមទារឲ្យដោះលែងព្រះតេជព្រះគុណ ទឹម សាខន កាលពីឆ្នាំ ២០០៧ ។
ឆ្នាំ ២០១០ ព្រះអង្គបានវិលត្រឡប់ពីប្រទេសថៃ មកប្រទេសកម្ពុជាវិញ ហើយបានស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ជាលើកទី ២ ។ ក្នុងអំឡុងពេលស្នាក់នៅវត្តមួយនេះ ព្រះអង្គត្រូវបានគណៈកម្មការ និងព្រះចៅអធិការវត្តតែងតាំង ជាព្រះពហូស្សូតឆ្វេងក្នុងឆ្នាំ ២០១៣ ទទួលបន្ទុកផ្នែកអាគន្តុកៈ ។
ថ្មីៗនេះព្រះអង្គត្រូវបានលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា តែងតាំងជាមន្ត្រីបច្ចេកទេសនៃការិយាល័យទទួលបន្ទុកផ្នែកសាសនា និងវប្បធម៌ ។
ក្រោយពីបានមកមកស្នាក់នៅវត្តសាមគ្គីរង្សី ជាលើកទី ២ ព្រះអង្គតែងចូលរួមសកម្មភាពធ្វើការតវ៉ាក្នុងសង្គមខ្មែរ ជាច្រើនទាក់ទិននឹងបញ្ហាជម្លោះដីធ្លី សិទ្ធិមនុស្ស និងការចូលរួមតវ៉ានៅមុខស្ថានទូតវៀតណាម ទាក់ទងការបំភ្លៃ ប្រវត្តិសាស្ត្រកម្ពុជាក្រោម នាពេលកន្លងមក ។
នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែបុស្ស ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃ ទី ១២ ខែមករា គ្រឹសសករាជ ២០១៥ ភិក្ខុ ថាច់ ខាន់ ត្រូវព្រះសង្ឃវ័យក្មេងឈ្មោះ លី ទឹង ជាព្រះសង្ឃខ្មែរក្រោមមកពីខេត្តឃ្លាំង ចាក់នឹងកាំបិតចិតផ្លែឈើចំកញ្ចឹងក និងត្រូវដៃ បណ្តាលឲ្យរងគ្រោះដល់បាត់បង់ជីវិត នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ក្នុងជម្លោះរឿងវិន័យនៅក្នុងវត្ត ។
អ្នកសម្លាប់អាចនឹងជាប់គុកពី ៧ ទៅ ១៥ ឆ្នាំ៖
នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ អតីតសាមណេរឈ្មោះ លី ទឹង អាយុ ១៧ ឆ្នាំ ដែលជាអ្នកបានចាក់សម្លាប់ភិក្ខុ ថាច់ ខាន់ ឲ្យសុគតនោះ ត្រូវបានតុលាការខ្មែរចោទប្រកាន់ពីបទ «ហិង្សាមានស្ថានទម្ងន់ទោស» តាមមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌដែលនឹងអាចជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ហើយបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស នៅថ្ងៃដដែល ។

កាសែតភ្នំពេញប៉ុស្តិ៍បានស្រង់សម្ដី លោក ជា ម៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹង នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ថា ជនដៃដល់ឈ្មោះ លី ទឹង អាយុ ១៧ ឆ្នាំ ត្រូវចៅក្រមសម្រេចឃុំខ្លួននៅពន្ធ នាគារ ក្រោយពីបានបញ្ចប់ការសាកសួរកាលពីរសៀលថ្ងៃពុធ ទី ១៤ ខែមករា ។ លោក ជា ម៉េត ថា លោកបានសម្រេចចោទប្រកាន់ជនដៃដល់រួចហើយ និងថា បទចោទមួយនេះ ដូចនឹងអ្វីដែលនគរបាលខណ្ឌមានជ័យ បានធ្វើការចោទប្រកាន់ជាបឋមដែរ ដែលអាចនឹងជាប់ពន្ធនាគារពី ៧ ដល់ ១៥ ឆ្នាំ ៕
ឯកសារយោង៖
- សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម, ប្រវត្តិរូបសង្ខេប របស់ ព្រះតេជព្រះគុណ ថាច់ ខាន់
- កាសែតភ្នំពេញប៉ុស្តិ៍ុ, អតីតសង្ឃចាក់សម្លាប់គ្រូសូត្រ វត្តសាមគ្គីរង្សី ត្រូវឃុំខ្លួននៅគុកព្រៃស