ភាពក្តុកក្តួលរបស់អ្នកស្រី ថាច់ សូម៉ាលីន បង្កើនការចាប់អារម្មណ៍ពីអន្តរជាតិ

ដោយៈ ចៅ មុនីខេមរា
បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់កញ្ញា គឹម ម៉ាយលី នៅក្នុងវេទិកាអចិន្រ្តៃយ៍អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម សហព័ន្ធខ្មែរកម្ពុជាក្រោមបានដាក់សំណុំឯកសារមួយចំនួនផ្សេងទៀតដូចជាស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម, ច្បាប់ស្រ្តីជនជាតិដើម, ការអនុវត្តន៍សេចក្តីប្រកាសសកល របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម, ការពិភាក្សានឹងប្រេសិតពិសេសអង្គការសហប្រជាជាតិ អំពីស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិមូលដ្ឋានជនជាតិដើម ។ ក្រៅពីសំណុំឯកសារនៃសេចក្តីថ្លែងការណ៍ទាំងនេះ តំណាងយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមមួយរូបផ្សេងទៀត នោះគឺអ្នកនាងថាច់ សូម៉ាលីន ក៏បានឡើងថ្លែងក្នុងវេទិកានោះផងដែរ ។
សេចក្តីថ្លែងការណ៍របស់អ្នកនាង ថាច់ សូម៉ាលីន បានធ្វើឲ្យសាធារណៈជនចាប់អារម្មណ៍យ៉ាងខ្លាំង ពោលគឺសេចក្តីក្តុកក្តួលបង្ហូរទឹកភ្នែករបស់អ្នកនាង ខណៈពេលដែលអ្នកនាងកំពុងអានសុន្ទរកថារបស់ខ្លួន ដោយទប់មិនបាននឹងអារម្ម នឹកអាណិតស្រណោះដល់ជនរួមឈាមខ្មែរ ដែលកំពុងរងទុក្ខវេទនានៅកម្ពុជាក្រោម ។
ថាច់ សូម៉ាលីន ជនជាតិដើមខ្មែរកម្ពុជាក្រោម បានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក ជាមួយម្តាយឪពុកតាំងពីកុមារភាព ។ អ្នកនាង បានថ្លែងអះអាងនៅក្នុងកិច្ចប្រជុំ នៃវេទិកាអចិន្រៃ្តយ៍អង្គការសហប្រជាជាតិថា យើងជាជនជាតិដើមនៃដែនដីសណ្តទន្លេមេគង្គ ។ គ្រួសារយើងត្រូវគេបង្ខំឲ្យភៀសខ្លួនចេញពីយៀកណាម ដោយសារតែប្រព័ន្ធរើសអើងបានបង្កើតឡើងក្នុងគោលបំណងប្រឆាំង នឹងប្រជាពលរដ្ឋយើង ជាមូលដ្ឋានគឺអត្តសញ្ញាណនិងប្រវេណីទំនៀមទម្លាប់ ។
ជាងនេះទៅទៀត ប៉ុន្មានទសវត្សរ៍មកនេះ ប្រជាជនយើង រស់នៅក្នុងស្រុកនៅតែត្រូវគេរំលោភសិទ្ធិមនុស្ស ។ ហើយសព្វថ្ងៃកំពុងប្រឈមមុខនឹងការរើសអើង។ ជាញ៉យ ៗ ពួកគាត់ក្រោកឡើង ប្រឆាំងរដ្ឋាភិបាលយៀកណាម ដើម្បីរបស់ដែលពួកគាត់អះអាងថា ខ្វះសេរីភាព និងដីធ្លី ។ នេះក៏ជាមូលហេតុ ដែលយើងត្រូវលើកឡើងក្នុងអង្គវេទិការនេះ ។
អ្នកនាង ថាច់ សូម៉ាលីន បានថ្លែងបន្តទៀតថា យើងសួរថា ប្រសិនបើយើងជាសាច់ញាតិ និងជនធ្លាប់រងគ្រោះមិនត្រូវមានវត្តមាន ក្នុងអង្គវេទិកាអចិន្រ្តៃយ៍អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមនេះ តំណាងឲ្យប្រជាពលរដ្ឋយើង តើនរណាទៅ ដែលតំណាងឲ្យពួកគេ ?
យៀកណាមមានបំណងបិទមាត់យើង ទោះជាយ៉ាងណាយើងនិយាយដោយស្មោះ គឺយើងនិយាយត្រង់ ៗ នូវអ្វីដែលជាការពិត ដែលព្រះសង្ឃ និងប្រជាពលរដ្ឋយើងកំពុងតែជួបប្រទះសព្វថ្ងៃ ។
សេចក្តីថ្លែងការណ៍របស់អ្នកនាង ថាច់ សូម៉ាលីន បានបន្តទាំងក្តុកក្តួលអួលណែនឱរ៉ា ស្រក់ទឹកនេត្រាលើក្រដាស់ ។ អ្នកនាងបន្តថា យើងមិនចង់បានអ្វីច្រើនក្រៅពីការរស់នៅលើទឹកដីកេរដូនតារបស់យើង ប្រកបដោយសិទ្ធិសេរីភាព និយាយភាសាជនជាតិដើមយើង និងប្រតិបត្តិប្រពៃណីវប្បធមិដែលមានតាំងពីបុរាណកាលមកនោះទេ ។ ប៉ុន្តែជាអកុសល កាយវិការ និងទង្វើរបស់យៀកណាមសព្វថ្ងៃនេះ បញ្ជាក់ប្រាប់យើងថា ស្រុកកំណើតយើងមិនស្វាគមន៍យើងទៀតឡើយ ។
អាកប្បកិរិយាទាំងនេះ បានបញ្ជាក់ដោយតំណាង
គណៈប្រតិភូយៀកណាមផ្ទាល់ ។ ដូចជាអស់លោកអ្នកបានដឹងហើយថា យៀកណាមនៅតែបន្តបដិសេធន៍ មិនផ្តល់សិទ្ធិឲ្យយើងថ្លែងការណ៍ក្នុងវេទិកានេះ ហើយជំនួសមកវិញនៅគំនិតរំលោភសិទ្ធិសេរីភាព ដែលរដ្ឋាភិបាលយៀកណាម  ប៉ុនប៉ងកំចាយអត្ថិភាព និងវត្តមានយើងនៅទីនេះ ដោយ សារតែពួកគេដឹងថា យើងជាជនជាតិដើមខ្មែរក្រោមនឹងនាំមកនៅឯកសារនិងព្រឹត្តិការណ៍ជាក់ស្តែង ដែលកំពុងកើតមានលើទឹកដីកម្ពុជាក្រោមមកជំរាបជូនអង្គការសហប្រជាជាតិ ។
ពេលនេះ មិនមែនយើងកំពុងនៅប្រទេសយៀកណាមទេ គឺយើងកំពុងឋិតក្នុងវេទិការអចិន្រ្តៃយ៍អង្គការសហប្រជាជាតិ ។ យើងជាប្រជាពលរដ្ឋ ដែលត្រូវបានគេទទួលស្គាល់ថាជាជនជាតិដើម ហើយក៏ត្រូវបានគេផ្តល់សិទ្ធិ ដើម្បីបង្ហាញក្តីសង្ឃឹមដល់ជនជាតិដើមយើងផងដែរ ។
អ្នកនាង ថាច់ សូម៉ាលីន បានថ្លែងទៀតថា នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានប្រវែង ១២៥ ទំព័រ បានសរសេរយ៉ាងលំអិតអំពីស្ថានភាពព្រះសង្ឃ និងប្រជាពលរដ្ឋជនជាតិដើមខ្មែរក្រោម ត្រូវរដ្ឋាភិបាលកុម្មុយនិស្តយៀកណាមរំលោភសិទ្ធិយ៉ាងអមនុស្សធមិ ។ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅតែទទួលរងការរើសអើង ការគំរាមកំហែង និងការរុកគួន មានពេលខ្លះចាប់ផ្សឹកហើយច្រកពន្ធនាគារទៀត ។
ស្របនឹងសេចក្តីថ្លែងការណ៍នេះ អ្នកនាង សូម៉ាលីន បន្តអំពាវនាវដល់វេទិកាទាំងមូល ទាំងក្តុកក្តួលក្នុងចិត្ត ក្រោយពីបានលើកឡើងអំពីទុក្ខសោក ដែលព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមកំពុងជួបប្រទះ ។ សូម៉ាលីន តំណាងឲ្យគណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមបានស្នើដល់អង្គវេទិកាទាំងមូល៖
ទី១-ស្នើដល់អង្គវេទិកាទាំងមូល បង្កើតគណៈកម្មការមួយសំរាប់ការទទួលស្គាល់ជនជាតិដើម ដែលគួរត្រូវអញ្ជើញដោយរដ្ឋាភិបាលកុម្មុយនិស្តយៀកណាម ។
ទី២-ស្នើដល់ប្រទេសយៀកណាម គួរបើកចំហរនៃកិច្ចចរចាជាមួយសហព័ន្ធខ្មែរកម្ពុជាក្រោមជាមូលដ្ឋាន ។
ទី៣-ស្នើឲ្យមានការជួយជ្រោមជ្រែង ពីសមាជិកនៃអង្គវេទិកា និងលោកស្រីប្រធាន បង្កើតឲ្យមានការជួបប្រជុំមួយរវាងសហព័ន្ធខ្មែរកម្ពុជាក្រោម, មូលនិធិម៉ុងតាញ៉ា និង
រដ្ឋាភិបាលយៀកណាម ដើម្បីសហព័ន្ធខ្មែរកម្ពុជាក្រោមមានឱកាសបញ្ជាក់ជូនភាពខុសគ្នា នៃអត្តសញ្ញាណជនជាតិដើមនៅតំបន់នីមួយ ៗ ។ មានតែកិច្ចពិភាក្សាដូច្នេះទេ ដែលអាចមើលឃើញទស្សនៈវិស័យជនជាតិដើមយើងនិងដើម្បីសំរេចបាននូវកិច្ចអភិវឌ្ឍន៍សហសវត្សរ៍ថ្មីជាមួយគ្នា ។
ទី៤-ជំរុញឲ្យយៀកណាម ធ្វើការជាមួយប្រេសិតពិសេសសហប្រជាជាតិ ដែលរួមមានអង្គការ UNESCO និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP ហើយជួយបកប្រែឯកសារអង្គការ UNDRIP ទៅជាភាសាខ្មែរ និង
យៀកណាម ដើម្បីចែកចាយជូនជនជាតិយើងក្នុងប្រទេស ។
ទី៥-បញ្ជាក់សារជាថ្មីថា អ្វីដែលតម្រូវការនៃកិច្ចសហប្រតិបត្តិការ គឺដើម្បីបង្កើតសកម្មភាពនៃគំរោងជាតិមួយ ដែលក្នុងនោះរួមមានទាំងគម្រោងស្របច្បាប់មួយ ទទួលស្គាល់ប្រជាពលរដ្ឋខ្មែរក្រោម ថាជាជនជាតិដើមនៅលើដែនដីសណ្តទន្លេមេគង្គ ។
គួរបញ្ជាក់ជូនដែរថា វេទិកាអចិន្រ្តៃយ៍អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម នៅប៉ូរីញ៉ូវយ៉ក សហរដ្ឋអាមេរិក បានបញ្ចាប់កាលពីចុងខែឧសភាថ្មី ៗ នេះ ។ ក្នុងវេទិកានេះដែរ គេសង្កេតឃើញរដ្ឋាភិបាលកុម្មុយនិស្តយៀកណាម បានបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅចូលរួម ជាពិសេស ប្រទេសយៀកណាមបានបញ្ជូនមន្រ្តីខ្មែរក្រោមម្នាក់ ដែលត្រូវតែងតាំងដោយយៀកណាមផ្ទាល់ ថ្លែងការណ៍តទល់នឹងតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ។ ទោះជាយ៉ាងណាមន្រ្តីខ្មែរក្រោម ដែលយៀកណាមបញ្ជូនទៅនោះមិនបានធ្វើឲ្យអន្តរជាតិចាប់អារម្មណ៍ច្រើនទេ ។ មន្រ្តីរូបនោះមិនត្រូវបានតែងតាំង ឬជ្រើសរើសដោយជនជាតិដើមខ្មែរកម្ពុជាក្រោម ។ ម្យ៉ាងទៀតទង្វើនេះ កាន់តែធ្វើឲ្យសហគមន៍អន្តរ-ជាតិដឹងច្បាស់ពីគំនិតអាក្រក់ របស់រដ្ឋាភិបាលទមិឡឥតសាសនាកុម្មុយនិស្តយៀកណាម ៕.