ព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គ គង់នៅវត្តសា មគ្គីរង្សី ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានបដិសេធបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែល ចោទព្រះអង្គថា បានញុះញង់អោយមានបទឧក្រិដ្ឋជា អាថ៌។ មានសង្ឃដីកាប្រាប់អ្នកសារព័ត៌មាន នៅមុខសាលា ដំបូងរាជធានីភ្នំពេញ បន្ទាប់ពីព្រះអង្គបានចូលបំភ្លឺ នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១១នេះ ព្រះគ្រូសូត្រស្តាំគង់នៅវត្តសាមគ្គីរង្សី ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះសង្ឃព្រះនាម សៀង សុវណ្ណារា មានសង្ឃដីកាថា មន្ត្រីតុលាការឈ្មោះ សេង សុខា បានចោទសួរព្រះអង្គ ពីទំនាក់ទំនងរបស់ព្រះអង្គ ជាមួយ លោក សួន សេរីរដ្ឋា និង ព្រះសង្ឃ លួន សុវ៉ាត ។
ព្រះអង្គមានសង្ឃដីកា បន្តថា ព្រះអង្គមិនដែលបានស្គាល់ និងមិនធ្លាប់មានទំនាក់ទំនងណាមួយជាមួយ លោក សួន សេរីរដ្ឋា នោះទេ និងក៏មិនដែលមានទំនាក់ទំនងណាមួយ ជាមួយព្រះសង្ឃ លួន សុវ៉ាត ដែរ។ ព្រះអង្គបញ្ជាក់ថា ការដែលនាំអោយតុលាការសាកសួរព្រះអង្គ នៅថ្ងៃនេះ មន្ត្រីតុលាការបានបង្ហើបអោយដឹងថា ធ្វើឡើងតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ៖ “អញ្ចឹងសុំក្រោយ មុននឹងកោះហៅអ្វីមួយ សុំអោយច្បាស់អំពីបញ្ហាហ្នឹងផង ដាក់អោយចំ កុំអោយចេះតែចោទៗ ចេះតែដាក់ៗអញ្ចឹង ពាក្យថាញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋ នេះជាបទធ្ងន់ណាស់ អញ្ចឹងមនុស្សអត្មាជាលោកសង្ឈ អត្មាមិនដែលធ្វើនូវអំពើអញ្ចឹងទេ អត្មាធ្វើម៉េចដឹកនាំញាត្តិញ៉ោមអោយប្រព្រឹត្តធម៌អារវិន័យរបស់ ព្រះពុទ្ធតែប៉ុណ្ណោះ”។
VOD មិនអាចសុំការអត្ថាធិប្បាយករណីនេះ ពីអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ្ត បានទេនៅថ្ងៃពុធនេះ ដោយលោកមិនលើកទូរស័ព្ទ។
ទាក់ទិននិងករណីនេះ ប្រធានសមាគមសាមគ្គីធម៌នៅភូមិទ្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក អ៊ិន ជឹង អាយុ៦០ឆ្នាំ មានប្រសាសន៍ថា ព្រះសង្ឃព្រះនាម សៀង សុវណ្ណារា អង្គនេះ មិនដែលនិមន្តចេញក្រៅវត្តធ្វើសកម្មភាពផ្សេងក្រៅពី នាំពុទ្ធបរិសត្វអោយយល់ពីឱវាទព្រះធម៌នោះទេ។ លោកសូមពរអោយអាជ្ញាធរពាក់ព័ន្ធពិនិត្យការចោទនេះឡើង វិញ ដើម្បីផ្តល់យុត្តិធម៌ជូនព្រះសង្ឃអង្គនេះ ៖ “បើសិនជាគេចោទប្រកាន់លោក ក៏វាដូចជាមិនមានហេតុផលអ្វីច្បាស់លាស់ ព្រោះលោកអត់ដែលប្រព្រឹត្តអីផង លោកនៅតែនឹងវត្ត”។