ដោយ សឺង វិចិត្រ l VOKK
កាសែតក្នុងស្រុករបស់ចិនបានឲ្យដឹង នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៣ មានព្រះសង្ឃទីបេត៍ មួយព្រះអង្គទៀត បានដុតព្រះកាយសម្លាប់ខ្លួននៅខេត្ត កានស៊ូ (Gansu) ។ តាមប្រភពព័ត៌មានពីជនជាតិទីបេត៍វិញ ករណីដុតសម្លាប់ព្រះកាយនេះ បានប្រព្រឹត្តឡើង ដើម្បីប្រឆាំងនឹងគោលនយោបាយរបស់ក្រុង ប៉េកាំង ។

ភ្នាក់ងារព័ត៌មានស៊ីនហួ បានឲ្យដឹងថា ព្រះសង្ឃអង្គនេះ មានព្រះជន្មាយុ ៤៣ ព្រះវស្សា ជាជនជាតិទីបេត៍ ។
តាមគេហទំព័រ http://phayul.com/ជាគេហទំព័ររបស់ជនជាតិទីបេត៍ ដែលកំពុងភៀសខ្លួននៅប្រទេសឥណ្ឌា ព្រះសង្ឃ អង្គនេះមានព្រះនាមថា Tsuiltrim Gyatso បានសុគតក្រោយពេលបានដុតព្រះកាយសម្លាប់ខ្លួន ដើម្បី «ប្រឆាំងនឹង អាជ្ញាធរចិន» ។ អាជ្ញាធរខេត្ត កានស៊ូ មិនបានចេញមតិអ្វីស្ដីអំពីករណីទេ ។
ពីដើមឆ្នាំ ២០០៩ ដល់ បច្ចុប្បន្ននេះ មានព្រះសង្ឃ និងប្រជាជនជនជាតិទីបេត៍ជាង ១២០ អង្គ និងរូប បានដុតសម្លាប់ខ្លួន ដើម្បីប្រឆាំងនឹងការត្រួតត្រាពីក្រុងប៉េកាំង ។ ព្រឹត្តិការណ៍នេះ បានកើតឡើងជាញឹកញយកាលពីខែ វិច្ឆិកា ស្របពេល នឹង សន្និបាតមជ្ឈិមបក្សកុម្មុយនិស្តចិន ហើយក៏តិចមានក្នុងរយៈពេលថ្មីៗនេះ ។
តាមវិទ្យុអាស៊ីសេរី និងក្រុមការពារសិទ្ធិមនុស្សទីបេត៍ មានបុរសទីបេត៍មួយរូប បានដុតសម្លាប់ខ្លួនកាល់ពីដើមខែ នេះ ។ កាលពីខែវិច្ឆិកា ព្រះសង្ឃមួយព្រះអង្គនៅខេត្ត Qinghai រីឯកាលពីខែ មេសា ឆ្នាំនេះ ដែរក៏មានព្រះសង្ឃ ២ ព្រះអង្គ បាន ដុតសម្លាប់ព្រះកាយ និងសុគតនៅស្រុក Aba ខេត្ត Sichuan ។

ក្រុងប៉េកាំងបានរិះគន់ករណីដុតសម្លាប់ខ្លួនទាំងនេះ ហើយចោទថា សម្ដេចសង្ឃ ដាឡៃ ឡាម៉ា ជាអ្នកឈនៅខាង ក្រោយ បញ្ឆោតឲ្យគេដុតខ្លួនដើម្បីទាមទារឯករាជ្យ ។ ប៉ុន្តែអង្គការការពារសិទ្ធិមនុស្សទាំងឡាយបានបញ្ជាក់ថា ព្រឹត្តិ ការណ៍ទាំងឡាយនេះ សុទ្ធតែបានប្រព្រឹត្តដោយគំនិតបុគ្គល ជាសកម្មភាពប្រឆាំងនឹងគោល នយោបាយ ត្រួត ត្រា សាសនា និង គំនិតចិនរូបនីយកម្ម របស់ប៉េកាំងទៅលើទីបេត៍ ។
សម្ដេចសង្ឃ ដាឡៃឡាម៉ា បានហៅការដុតសម្លាប់ខ្លួននេះជាការសម្កែងនូវសេចក្ដីអស់សង្ឃឹម ហើយទ្រង់ក៏ពុំ អាចធ្វើ អ្វីរារាំងបានឡើយ ៕