ព្រះសង្ឃប្រមាណជា ៣០០ អង្គ ដឹកនាំប្រជាពលរដ្ឋជាង ១០០០ នាក់ នៅព្រឹកថ្ងៃអាទិត្យនេះ តវ៉ានៅខាងមុខក្រសួងធម្មការ និងសាសនា ទាមទារឲ្យដករដ្ឋមន្ត្រីស្ថាប័នមួយនេះ និងជំរុញឲ្យស្ថាប័នផ្សេងៗស្វែងរកព្រះសារីរិកធាតុ ។

ព្រះសង្ឃមានសង្ឃដីកានៅកន្លែងតវ៉ាខាងមុខក្រសួងថា រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន មិនមាន សមត្ថភាព គ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថាប័នរដ្ឋមួយនេះ បណ្តាលឲ្យមានការមើលងាយប្រមាថព្រះសង្ឃជាបន្តបន្ទាប់ ។ ព្រះ សង្ឃ ក៏បានជំរុញឲ្យស្ថាប័នព្រះមហាក្សត្រ និងស្ថាប័នទាក់ទង ជួយស្វែងរកព្រះសារីរិកធាតុ ដែលត្រូវបាន បាត់បង់ កាលពីកន្លងទៅ ។
បន្ទាប់ពីការតវ៉ាជិត ១ ម៉ោង លោក ផ្លោក ផន បានចេញមកទទួលញត្តិដោយចុះហត្ថលេខា និងឈ្មោះថាបានទទួល ។ លោក បានទទួលញត្តិ និងប្រាប់ទៅអ្នកតវ៉ាថា នឹងដោះស្រាយតាមញត្តិដែលបានសរ សេរ ។
ញត្តិចុះកាលបរិច្ឆេតនៅថ្ងៃទី ២៩ ខែធ្នូ ឲ្យដឹងថា តំណាងព្រះសង្ឃចំនួន ១០ ខេត្ត ប្រកាសមិនទទួលស្គាល់រដ្ឋមន្ត្រីក្រសួង លោក មិន ឃិន និងស្នើសុំឲ្យលោកលាលែងពីតំណែងជាផ្លូវការ ដោយឥតលក្ខខណ្ឌ និងបានឆាប់ក្នុងរយៈពេលត្រឹមតែ ១៤ ថ្ងៃ ។ ការសុំឲ្យលាលែងពីតំណែងនេះ ក្រោមហេតុផលថា លោក មិន ឃិន អសមត្ថភាពក្នុង ការដឹកនាំស្ថាប័នព្រះ ពុទ្ធសាសានា និងវិស័យពុទ្ធកសិក្សា ត្រូវបានបាត់បង់គុណភាព ហើយបង្កឲ្យមានការប្រព្រឹត្តអំពើពុករលួយជាច្រើនដូចជា បង្ខំឲ្យវត្តបង់ប្រាក់ចូលក្រសួងប្រចាំខែ ១០.០០០០ រៀល អំពើពុករលួយក្នុងការប្រឡងគ្រូក្នុងវិស័យពុទ្ធិកសិក្សាគ្រប់ជំនាន់ និងការចុះហត្ថលេខាលក់ដីវត្តពោធិ៍ព្រឹក ហៅវត្តខ្ទរ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ញត្តិបន្តថា ថ្មីៗនេះ លោក មិន ឃិន មិនបានយកចិត្តទុកដាក់ចំពោះការបាត់បង់ព្រះបរមសារីរិកធាតុ ហើយមិនមាន វិធានការ ច្បាស់ការណាមួយដាក់ទៅរាជរដ្ឋាភិបាល ឲ្យចាត់វិធានការចាប់ចោរយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។
ព្រះសុវណ្ណកោដ្ឋតម្កល់សារីរិកធាតុព្រះពុទ្ធ និងវត្ថុមានតម្លៃផ្សេងទៀត ក្នុងព្រះសក្យមុនីចេតិយ នៅលើភ្នំឧត្តុង្គ បានបាត់ កាល ពីយប់រំលងអាធ្រាតថ្ងៃទី 0៩ ខែធ្នូ ឈានចូលថ្ងៃទី ១០ ៕