អាជ្ញាធរវៀតណាម ដែលបានបង្ក្រាប និងចាប់ខ្លួនសកម្មជនខ្មែរកម្ពុជាក្រោម រួមមាន ព្រះសង្ឃ ទឹម សាខន ជាដើម កាលពីឆ្នាំ ២០០៧ កន្លងមក មកដល់ពេលនេះ នៅមិន ទាន់ឈានដល់ទីបញ្ចប់នៅឡើយទេ។
ប្រភពពីព្រះសង្ឃខ្មែរកម្ពុជាក្រោមបានឲ្យដឹង ថា អាជ្ញាធរនគរបាលវៀតណាម និងភ្នាក់ងារ ស៊ើបការសំងាត់ វៀតណាម កំពុងតាមដាន ព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គ ព្រះនាម ថាច់ ធឿន ជារៀងរាល់ថ្ងៃ។ សកម្មភាពនេះ បានធ្វើឡើងអស់រយៈពេល ១សប្ដាហ៍មកហើយ នៅក្នុងវត្តសេរីតាសេក ស្រុកជ្រោយញរ ខេត្តឃ្លាំង ទឹកដីខ្មែរកម្ពុជាក្រោម គ្រប់គ្រងដោយវៀតណាម។
អាជ្ញាធរវៀតណាមបានគំរាមនឹងចាប់ខ្លួនព្រះសង្ឃ ថាច់ ធឿន ក្រោមបទសង្ស័យថា បានទាក់ទងតាមសារអេឡិចត្រូនិក (E-mail) ទៅសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក នៅសហរដ្ឋអាមេរិក និងសហគមន៍ខ្មែរកម្ពុជាក្រោមនានា នៅប្រទេសមួយចំនួនទៀត ដើម្បីប្រឆាំងរដ្ឋាភិបាលវៀតណាម។
ចំពោះព្រះសង្ឃខ្មែរកម្ពុជាក្រោមចំនួន ២អង្គផ្សេងទៀត បានរត់លាក់ខ្លួន ដែលមានព្រះនាម ថាច់ សាម៉ី និងព្រះនាម គឹម ចាន់សាមឿន។
ព្រះសង្ឃខ្មែរកម្ពុជាក្រោមព្រះនាម ថាច់ ធឿន មានព្រះជន្មាយុ ២៣ព្រះវស្សា គង់នៅក្នុងវត្តសេរីតាសេក នៅក្នុងស្រុកជ្រោយញរ ខេត្តឃ្លាំង ទឹកដីខ្មែរកម្ពុជាក្រោម បានមានព្រះថេរដីកាប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទនៅថ្ងៃទី ៣០ ខែមករា ថាមានកងកម្លាំងចម្រុះនគរបាលវៀតណាមចំនួន ២នាក់ តាមដានរាល់សកម្មភាពរបស់ព្រះអង្គមួយសប្ដាហ៍មកហើយ និងមានកម្លាំងមួយចំនួនទៀត មានអាវុធឈរជើងនៅក្រៅវត្ត ៖ “អាន និមន្តបានដែរ ប៉ុន្តែវាចេះតែនៅតាមក្រោយអ៊ីចឹង ប៉ុន្តែអាត្មាអាចនិមន្តទៅហ្នឹង ពី៣ ឬ៤អង្គឡើង ទើបអាត្មាហ៊ាននិមន្ត។ អាត្មាមិនអាចធានាសុវត្ថិភាពអាត្មាបានទេ ហេតុហ្នឹងហើយបានជាអាត្មាមិនសូវហ៊ាន ចេញនិមន្តទៅណារហេតរហូតបានទេ។ អាត្មាសូមសំណូមពរទៅដល់អង្គការអន្តរជាតិ និងអង្គការជាតិ ជាពិសេសអ្នកដែលនៅប្រទេសក្រៅ ជួយដឹងឮទាំងអស់ ជួយតាមមើលអាត្មាផង”។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតវៀតណាមនៅក្នុង ប្រទេសកម្ពុជាបានទេ នៅថ្ងៃអាទិត្យដើម្បីសុំការបញ្ជាក់អំពីការចោទប្រកាន់នេះ ដោយសារតែគ្មានអ្នកឆ្លើយទូរស័ព្ទ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជា លោក ថាច់ សេដ្ឋា បានមានប្រសាសន៍ថា លោកមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ព្រះសង្ឃ ថាច់ ធឿន ៖ “កាល ណាចង់ធ្វើបាបព្រះសង្ឃ ចង់ចាប់អ្នកណាម្នាក់ តែងតែប្រឌិតរឿងដើម្បីចោទប្រកាន់ថា អ្នកនេះជាភ្នាក់ងារ អ្នកនេះបម្រើឲ្យអ្នកនេះ។ អាហ្នឹងជាល្បិចកិច្ចកល់មួយក្នុងការគំរាមកំហែងបំបាក់ស្មារតី ក្នុងតស៊ូ”។
ប្រភពពីសកម្មជនខ្មែរកម្ពុជាក្រោមបានឲ្យដឹងថា កាលពីឆ្នាំ២០១០ កន្លងទៅនេះ ព្រះសង្ឃខ្មែរកម្ពុជាក្រោមចំនួន ៣អង្គ បានរងការចាប់ខ្លួន ក្រោមបទសង្ស័យថា បានប៉ុនប៉ងងើបបះបោរប្រឆាំងរដ្ឋាភិបាលវៀតណាម ដើម្បីទាមទារឯករាជ្យនៃទឹកដីខ្មែរកម្ពុជាក្រោម។
របាយការណ៍ឆ្នាំ២០១០ ចេញផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា រដ្ឋាភិបាលវៀតណាមបានបង្កើនការគាបសង្កត់លើសកម្មជន និងក្រុមប្រឆាំងរដ្ឋាភិបាលយ៉ាងខ្លាំង ដោយបានបង្ក្រាបលើសេរីភាពនៃការបញ្ចេញមតិ និងសមាគម និងការប្រមូលផ្ដុំតវ៉ា។
របាយការណ៍បានបន្តថា សកម្មជន និងអ្នកប្រឆាំងទាំងនោះ ប្រឈមមុខនិងការគំរាមកំហែងចាប់ខ្លួន ការធ្វើទារុណកម្ម និងការចាប់ដាក់គុក។ ប៉ុន្តែមន្ត្រីអ្នកនាំពាក្យនៃស្ថានទូតវៀតណាមនៅកម្ពុជា ធ្លាប់បានប្រតិកម្មប្រាប់វិទ្យុអាស៊ីសេរីភាសាវៀតណាមសប្ដាហ៍ថ្មីៗ នេះថា របាយការណ៍នោះ គឺជាការចោទប្រកាន់ខុសការពិត និងជារបាយការណ៍ផ្អែកលើភាគីតែម្ខាង៕ ប្រភពព័ត៌មាន៖ RFA.