សុខ ខេមរា វី អូ អេ ខ្មែរ
វ៉ាស៊ីនតោន៖ ព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គព្រះនាម ថាច់ ធឿន (Thach Thuon) គង់នៅវត្តមួយក្នុងទឹកដីកម្ពុជាក្រោមត្រូវអាជ្ញាធរវៀតណាមបញ្ជាឲ្យ ចាប់ផ្សឹកក្នុងរយៈពេលបីថ្ងៃ ក្រោមបទចោទប្រកាន់ថា បានរំលោភច្បាប់ប្រទេសវៀតណាម។ ប៉ុន្តែ ព្រះសង្ឃរងគ្រោះនិងក្រុមសកម្មជនបានបញ្ជាក់ថា នេះជាការរំលោភលើសិទ្ធិ ជំនឿសាសនា និងសិទ្ធិមនុស្ស។
ព្រះតេជគុណថាច់ ធឿន ព្រះជន្ម២៥វស្សា បួស៧ព្រះវស្សានៅវត្តសិរីតាសេក ភូមិតាសេក ឃុំតាសេក ស្រុកជ្រោយញរ (Vinhchau) ខេត្តឃ្លាំង (Soc Trang) ត្រូវអាជ្ញាធរវៀតណាមចោទប្រកាន់ពីបទលួចទាក់ទងជាមួយសហព័ន្ធខ្មែរ កម្ពុជា ក្រោមដែលមានមូលដ្ឋាននៅស.រ.អា. និងបានបង្រៀនប្រវត្តិសាស្ត្រខ្មែរដល់ព្រះសង្ឃដទៃ គឺខុសច្បាប់វៀតណាម ដោយមិនមែនបង្រៀនធម៌វិន័យពុទ្ធសាសនាទេ នេះបើតាមដីការផ្សឹករយៈពេលបីថ្ងៃដែលបញ្ជូនចេញតាំងពីថ្ងៃ២៨ កក្កដា។
មានសង្ឃដីការប្រាប់វីអូអេតាមប្រព័ន្ធអេឡិចត្រូនិចពីប្រទេសវៀតណាម ព្រះតេជគុណថាច់ ធឿនអះអាងថា ព្រះតេជគុណពុំបានធ្វើអ្វីខុសជាមួយនឹងច្បាប់សាសនានិង ច្បាប់ រដ្ឋវៀតណាមទេ។
«អត់ទទួលបានទេ។ អត់ទទួលនូវដីការដែលគេចេញមកឲ្យអាត្មាសិកហ្នឹងទេ។ អាត្មាមិនទទួលស្គាល់ ហើយ អាត្មាមិនសិកដាច់ខាត ព្រោះអាត្មាមិនបានធ្វើអ្វីខុសនឹងច្បាប់ទាំងពីរនេះ»។
តាមដីការ ឬបទបញ្ជាមួយចេញដោយគណៈសង្ឃខេត្តឃ្លាំង ដែលវីអូអេទទួលបាន អាជ្ញាធរវៀតណាមបានបង្ខំ ឲ្យព្រះតេជគុណថាច់ ធឿន សិកនៅថ្ងៃទី៣១ខែ កក្កដានេះ។
ព្រះតេជគុណថាច់ ធឿនបានអះអាងដែរថា អាជ្ញាធរវៀតណាមបានជូនដំណឹង ដល់វត្តខ្មែរកម្ពុជាក្រោមជាង៧០ វត្តឲ្យបានដឹងពីការផ្សឹកដើម្បី ឲ្យវត្តផ្សេងៗទៀតឈប់ទទួលស្គាល់ព្រះតេជគុណថាច់ ធឿន។
ពលរដ្ឋខ្មែរកម្ពុជាក្រោមដែលរស់នៅក្នុងអតីតទឹកដីកម្ពុជាក្រោម តែត្រូវវៀតណាមកាន់កាប់នោះ ត្រូវគេរាយ ការណ៍មកថា មានការរិតត្បិតជំនឿសាសនា រៀនសូត្រ ពីប្រវត្តិសាស្ត្រខ្មែរ អក្សរសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ ខ្មែរជាដើម។ ហើយប្រទេសវៀតណាមបានក្លាយជាប្រទេសមានប្រវត្តិមិនល្អខាងការ រំលោភសិទ្ធិមនុស្សនិង សេរីភាពសាសនាជាដើម។ ប្រទេសវៀតណាមបដិសេធជារឿយៗ ដោយចាត់ទុកថា ជាការមួលបង្កាច់។
លោកថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមនៅស.រ.អា. បានអះអាងថា ការបញ្ជាឲ្យផ្សឹកព្រះសង្ឃ ខ្មែរកម្ពុជាក្រោម ព្រះតេជគុណថាច់ ធឿននេះ ជាការរំលោភបំពានថ្មីទៀតលើសេរីភាពសាសនាសម្រាប់បងប្អូន ខ្មែរ កម្ពុជាក្រោមដែលកំពុងរស់នៅលើទឹកដីខ្មែរកម្ពុជាក្រោមដែលវៀតណាម កាន់កាប់។
«មានការរំលោភជាបន្តបន្ទាប់។ នៅពេលនេះនៅវត្តសិរីតាសេក ខេត្តឃ្លាំងហ្នឹង គឺថា គេដាក់គំនាប ចង់បំបែក បំបាក់ដល់ស្មារតីព្រះសង្ឃ ដល់ស្មារតីបងប្អូនខ្មែរ យើង ហើយចោទថា វត្តហ្នឹងជាវត្តដែលមានការប្រឆាំង ជំទាស់ជាហូរហែរជាមួយនឹង រដ្ឋាភិបាល(វៀតណាម)»។
លោកថាច់ ង៉ុកថាច់បានចេញសេចក្តីថ្លែងការណ៍រិះគន់អាជ្ញាធរវៀតណាម ដោយបានទាមទារឲ្យមានការ បញ្ឈប់ការផ្សឹកព្រះសង្ឃខ្មែរកម្ពុជាក្រោម។ លោកបានថ្លែងថា៖
«នៅក្នុងបរិបទនេះ យើងសូមជំរុញដល់ស្ថានទូតបរទេសនានាក្នុងប្រទេសវៀតណាមនិងអង្គការ សង្គមស៊ីវិល ក្នុងពិភព លោកឲ្យជំរុញដល់វៀតណាម ឲ្យបោះបង់ចោលការផ្សឹកព្រះតេជគុណថាច់ ធឿនដោយឥតលក្ខខណ្ឌ និងរំឭកដល់វៀតណាមថា សរីភាពសាសនាជាសិទ្ធិ មិនមែនជាឯកសិទ្ធិ ដែលត្រូវផ្តល់ឲ្យដោយរដ្ឋាភិបាល វៀតណាមទេ»។
មន្ត្រីវៀតណាមនៅខេត្តឃ្លាំងនិងមន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល ពុំអាចទាក់ទងបាន ដើម្បីអត្ថាធិប្បាយបំភ្លឺបានទេនៅថ្ងៃអង្គារនេះ។
ព្រះសង្ឃខ្មែរកម្ពុជាក្រោមជាច្រើនអង្គ ដូចជាព្រះតេជគុណគឹម មឿន ព្រះតេជគុណលី សូលត្រូវចាប់ដាក់គុក ចាប់ផ្សឹកជាបន្តបន្ទាប់តាំងពីឆ្នាំ២០០៧មក ដោយសារតែការសម្តែងមតិ និងសកម្មភាពនានាជំទាស់ទៅនឹងបម្រាមរបស់អាជ្ញាធរវៀតណាមក្នុងការលើក ស្ទួយសាសនា៕ ប្រភពព័ត៌មានៈ VOA