ព្រះសង្ឃ​ខែ្មរ​​ក្រោម​៥​អង្គ​សុំ​ឲ្យ​រដ្ឋាភិបាល​ឈប់​​តាម​ចាប់​​​ទៀត

ព្រះសង្ឃ​ខែ្មរ​​ក្រោម ៥​អង្គ​ដែល​កំពុង​​លាក់​ខ្លួន​​ក្នុង​ទី​ក្រុង​ភ្នំពេញ​នា​ពេល​នេះ​ បាន​អំពាវ​នាវ​សុំ​ឲ្យ​រដ្ឋាភិបាល​និង​អាជ្ញា​ធរ​ក្រសួង​មហា​ផ្ទៃ​បញ្ឈប់​ ការ​ចោទ​ប្រកាន់​​និង​ការ​ស្វែង​រក​ចាប់​ខ្លួន ​ដោយ​សារ​តែ​ព្រះអង្គ​មិន​បាន​បាច​ខិត្តប័ណ្ណ​ប្រឆាំង​ថៃ្ង​៧​មករា ដូច​ការ​ចោទ​ប្រកាន់​ពី​អាជ្ញាធរ​​ក្រុង​ភ្នំពេញ​នោះ​ទេ។
ព្រះសង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន ៥​អង្គ​នោះ​បាន​រត់​លាក់​ខ្លួន​ទៅ​ជ្រក​កោន​នៅ​តាម​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់​ពី​ថៃ្ង​ទី​៥ និង​ថៃ្ង​ទី​៧ ខែ​មករា នៅ​គ្រា​ដែល​មាន​អាជ្ញាធរ​មាន​រូប​ថត​ និង​ឈ្មោះ​ស្វែង​រក​ចាប់​ខ្លួន​នៅ​ក្នុង​វត្ត​កន្លង​មក​នេះ។

ព្រះសង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​ព្រះ​នាម លីវ ផល្លី គង់​នៅ​វត្ត​ស្ទឹងមានជ័យ ដែល​កំពុង​តែ​រត់​លាក់​ខ្លួន​​ជាង ២​សប្តាហ៍​មក​ហើយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​មាន​ព្រះ​ថេរដីកា​ប្រាប់​ វិទ្យុអាស៊ីសេរី​តាម​ទូរស័ព្ទ​មក​ថា ព្រះ​អង្គ​មិន​បាន​បាច​ខិត្តប័ណ្ណ​ប្រឆាំង​ថៃ្ង​៧ មករា ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

ព្រះសង្ឃ លីវ ផល្លី មាន​ព្រះ​ថេរ​ដីការ​ថា ៖ «ព្រោះ​អាត្មា​អត់​ទេ​ ញោម ព្រោះ​ថា​អា​ត្មា​យល់​ឃើញ​ថា អា​​រឿង​​អី​​ចឹង​ៗ​វា​​គ្មាន​បាន​ប្រយោជន៍​អី​ដល់​អាត្មា​ហើយ​ក៏​គ្មាន​ ប្រយោជន៍​អី​ដល់​សង្គម​ជាតិ​ទេ។ រដ្ឋាភិបាល​ធ្វើ​អី​ចឹង​នាំ​ឲ្យ​បែក​បាក់​ដល់​សង្គម​យើង​ណា!»។

សុខ សេរី ៖ ចុះ​ហេតុ​អ្វី​បាន​ជា​មាន​ការ​ចោទ​ប្រកាន់​លើ​ព្រះអង្គ? ព្រះតេជគុណ លីវ ផល្លី ៖ ថា​អាត្មា​អត់​ដឹង​អី​សោះស្រាប់​តែ​មក​ចោទ​អី​ចឹង​ណា​ញោម!។

ព្រះសង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​ព្រះ​នាម ថាច់ ញ៉ាញ់ គង់​នៅ​វត្ត​សារាវ័ន្ត ក្រុង​ភ្នំពេញ​នៅ​ក្នុង​ចំណោម​ព្រះ​សង្ឃ​៥​អង្គ​ដែល​កំពុង​តែ​រត់​លាក់​ ខ្លួន​ដែរ​នោះ​បាន​មាន​ព្រះ​ថេរដីការ​តាម​ទូរស័ព្ទ​ ពី​កន្លែង​លាក់​ខ្លួន​មក​ថា ៖ «សព្វ​ថ្ងៃ​នេះ​ការ​ភ័យ​ខ្លាច​របស់​អាត្មា​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ណា​ញោម​»។

សុខ សេរី ៖ ភ័យ​ខ្លាច​យ៉ាង​ម៉េច​ខ្លះ​ទៅ​ព្រះអង្គ​? ព្រះតេជគុណ ថាច់ ញ៉ាញ់ ៖ ចេញ​ទៅ​ណា​មក​ណា​មាន​ការ​ប្រយ័ត្ន​ប្រយ៉ែង​ណា​ញោម! សុខ សេរី ៖ ចុះ​ឥឡូវ​នេះ​ព្រះអង្គ​សឹក​ហើយ ឬ​ក៏​នៅ​ជា​សង្ឃ​ទេ​ព្រះអង្គ? ព្រះតេជគុណ ថាច់ ញ៉ាញ់ ៖ បួស​នៅ​ជា​សង្ឃ​ណា​ញោម។

សុខ សេរី ៖ ប៉ុន្តែ​អត់​ទាន់​មាន​វត្ត​អារាម​ស្នាក់​នៅ​ទេ​ព្រះអង្គ? ព្រះតេជគុណ ថាច់ ញ៉ាញ់ ៖ ​អត់​ទេ! សព្វ​ថ្ងៃ​នេះ​នៅ​គេច​ចុះ​គេច​ឡើង​ដែរ​ញោម។ សុខ សេរី ៖ បាយ​ទឹក​យ៉ាង​ម៉េច​ដែរ​ព្រះអង្គ​? ព្រះតេជគុណ ថាច់ ញ៉ាញ់ ៖ សព្វ​ថ្ងៃ​នេះ​អត់​ដែរ​ញោម​អើយ! គ្មាន​ទេ។ អា​ការ​ចោទ​ប្រកាន់​សព្វ​ថ្ងៃ​ហ្នឹង​គ្មាន​ការ​ពិត ហើយ​គ្មាន​មូល​ហេតុ​ទៀត​។

ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​ខាង​លើ​នេះ​លោក ឧត្តម​សេនីយ៍​ឯក ខៀវ សុភ័គ មន្រ្តី​អ្នក​នាំ​ពាក្យ​​របស់​ក្រសួង​មហាផៃ្ទ​ បាន​មាន​ប្រសាសន៍​បញ្ជាក់​​ថា ក្រសួង​មហា​ផៃ្ទ​គ្មាន​ផែន​ការ​ចាប់​ខ្លួន​នោះ​ទេ ដោយ​លោក​បាន​បញ្ជាក់​ថា ៖ «ទេ! យើង​ដូច​ជា​គ្មាន​ចោទ​ថា ព្រះ​សង្ស​ហ្នឹង​បាច​ត្រាក់​បាច​អី​ណា! ចេះ​តែ​ភ័យ​ខ្លួន​លោក​ទេ​? អាហ្នឹង​ចេះ​តែ​យក​បញ្ហា​មក​ដាក់​បញ្ហា​អី​ចឹង​មិនគួរ​ទេ»។

ប្រធាន​សហគមន៍​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា​លោក ថាច់ សេដ្ឋា បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​តែ​ស្វែង​រក​ការ​បំភ្លឺ​នានា​ពី​ក្រសួង​មហា​ផ្ទៃ​អំពី​រឿង​នេះ​ ដើម្បី​ឲ្យ​ព្រះ​សង្ឃ ៥​អង្គ​នោះ​មាន​សេរីភាព។

លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា ៖ «ដោយសារ​តែ​មន្ត្រី​ប៉ូលិស​ថ្នាក់ ​ក្រោម​របស់​លោក​ហ្នឹង​ចេះ​តែ​មក​សម្លុត​គំរាម​លោក។ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ស្នើ​សុំ​ឲ្យ​លោក​ជួប​មន្ត្រី​ហ្នឹង​ដែរ វា​អាច​ខូច​ដល់​នយោបាយ​របស់​រដ្ឋាភិបាល​ហ្នឹង​ផង»។

គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​តែ​កាន់​អំណាច​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ ​បាន​ប្រារព្វ​ខួប​លើ​ទី​៣១ នៃ​ថៃ្ង​ជ័យ​ជម្នះ​៧មករា លើ​របប​ខែ្មរ​ក្រហម​កាល​ពី​ថៃ្ង​ទី​៧ ​ខែ​មករា​កន្លង​ទៅ​ថ្មីៗ​នេះ ​ដែល​មាន​អ្នក​គាំទ្រ​ចំនួន​ច្រើន​ពាន់​បាន​ចូល​រួម​សាទរ។

នៅ​មុន​ថ្ងៃ​ប្រារព្វ​ថៃ្ង៧​មករា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ព្រមាន​ថា អ្នក​ដែល​ប្រឆាំង​ថៃ្ង​៧​មករា អ្នក​នោះ​ប្រៀប​បាន​ដូច​ជា​សត្វ៕
ដោយ សុខ សេរី.