ព្រះសង្ឃវត្តដើមពោន ខេត្តពលលាវ ២៨ អង្គ ប្រឡងបញ្ចប់ថ្នាក់ឯក

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

សមណសិស្សរងចាំគណៈកម្មការប្រកាសលទ្ធផលប្រឡងនៅវត្តងវត្តសុវណ្ណសាគរសិរីដើមពោន  រាត្រីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៣ នេះ ។

សមណសិស្សរងចាំគណៈកម្មការប្រកាសលទ្ធផលប្រឡង នៅវត្តងវត្តសុវណ្ណសាគរសិរីដើមពោន  រាត្រីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៣ នេះ ។

ខេត្ត​ពល​លាវ​៖ ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​សុវណ្ណ​សាគរ​សិរី​ដើម​ពោន ឋិត​នៅក្នុង​ទី​រួម ខេត្ត​ពល​លាវ  ទើបតែ​បានបញ្ចប់​កម្មវិធី​ប្រឡង​ថ្នាក់​ឯកនៃ​កម្មវិធីសិក្សា​ថ្នាក់​ធម្ម​វិន័យ​របស់​ព្រះសង្ឃ រយៈពេល ៣ ថ្ងៃ ដោយមាន​សមណ​សិស្ស​សរុប ២៨ អង្គ ។ កម្មវិធី​ប្រកាស​លទ្ធផល និង​ប្រគល់ សញ្ញាបត្រ​ដល់​សមណ​សិស្ស​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង ៧ យប់ នៅ​វត្ត​សុវណ្ណ​សាគរ​សិរី​ដើម​ពោន កាលពី​ថ្ងៃទី ៦  ខែមករា កន្លងទៅនេះ ។​

គណៈកម្មការប្រកាសលទ្ធផលប្រឡង ។

គណៈកម្មការប្រកាសលទ្ធផលប្រឡង ។

​ព្រះតេជព្រះគុណ ថាច់ សុខ ព្រះចៅអធិការ​វត្ត​សុវណ្ណ​សាគរ​សិរី​ដើម​ពោន បាន​មាន​ថេរ​ដីកា​ប្រាប់ សារព័ត៌មាន ព្រៃនគរ ថា ព្រះសង្ឃ​ទាំង ២៨ អង្គ​ដែល​បាន​និមន្ត​ចូលមក​ប្រឡង​ថ្នាក់​ឯក​នេះ រួមមាន ពីរ​វត្ត គឺ វត្ត​សុវណ្ណ​សាគរ​សិរី​ដើម​ពោន ខេត្ត​ពល​លាវ និង​សិរី​តាសេក ឋិត​នៅក្នុង​ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ។​
​ព្រះតេជព្រះគុណ ថាច់ សុខ មាន​ថេរ​ដីកា​ថា​៖” ហ្នឹង​មានតែ​ពីរ​វត្ត វត្ត​ដើម​ពោន និង វត្ត​តាសេក ២៨ អង្គ ។ មួយ​វត្ត ១៤ អង្គ​” ។​
​ព្រះតេជព្រះគុណ ថាច់ សុខ  មាន​ថេរ​ដីកា​បន្តទៀតថា កម្មវិធីសិក្សា​ថ្នាក់​ធម្ម​វិន័យ​នៅ​ខេត្ត​ពល​លាវ នេះ សិក្សា​រយៈពេល ៧ ខែ គឺ​ចាប់ពី​ខែវិសាខ​ដល់​ថ្ងៃ ១៥ កើត​ខែ​មិគសិរ រៀងរាល់ឆ្នាំ ។ ព្រះអង្គ បាន​បន្តទៀតថា មុខ​វិញ្ញាសា​ដែល​សមណ​សិស្ស​សិក្សា​នោះ​មាន​ច្រើន តែ​លើក​យកមក​ប្រឡង ដំណាច់ឆ្នាំ​សិក្សា មានតែ ៦ ប៉ុណ្ណោះ ក្នុងនោះ​មាន​វិញ្ញាសារ សរសេរ​តាម​អាន​ភាសា​ខ្មែរ និង ពុទ្ធ ប្រវត្តិ​ជាដើម ។​

ពុទ្ធបរិស័ទប្រគេនរង្វាន់លើកទឹកចិត្ត និងសញ្ញាបត្រដល់សមណសិស្ស ។

ពុទ្ធបរិស័ទប្រគេនរង្វាន់លើកទឹកចិត្ត និងសញ្ញាបត្រដល់សមណសិស្ស ។

សូមបញ្ជាក់ថា កម្មវិធីសិក្សា​ធម្ម​វិន័យ ជា​កម្ម​វី​ធី​រៀន​ខាង​ផ្លូវ​ព្រះពុទ្ធសាសនា​របស់​ព្រះសង្ឃ​នៅ តាម​វត្ត​អារាម​នានា​នៅក្នុង​ខេត្ត​ពល​លាវ ខេត្ត​ឃ្លាំង ខេត្ត​ក្រ​មូ​នស និង ខេត្ត​មាត់ជ្រូក​ជាដើម ។ កម្មវិធី​នេះ មាន ៣ ថ្នាក់ គឺ ថ្នាក់ដំបូង​ហៅថា ថ្នាក់​ត្រី  ថ្នាក់​ទី​ពីរ​ហៅថា ថ្នាក់​ទោ និង​ថ្នាក់​បញ្ចប់​ហៅ ថា ថ្នាក់​ឯក ។ ចំណែក​នៅ​ខេត្ត​ព្រះ​ត្រពាំង កម្មវិធីសិក្សា​នៃ​សាលា​ពុទ្ធ​ក​សិក្សា​ផ្ដោតលើ​ភាសាបាលី ដែល​ព្រះសង្ឃ​ត្រូវ​ចំណាយពេល ៧ ឆ្នាំ​ទើប​ចប់​ថ្នាក់​វិទ្យាល័យ ៕