ព្រះសង្ឃជាប់ពន្ធនាគារមួយអង្គត្រូវបានអាជ្ញាធរយួនដោះលែង

ដោយៈ ចៅ មុនីខេមរា
ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ខេត្តឃ្លាំង អតីតដែនដីកម្ពុជាក្រោម បានឲ្យដឹងថា បន្ទាប់ពីការដាក់ពន្ធនាគារអស់រយៈពេលជិតពីរឆ្នាំមកនេះ ព្រះសង្ឃមួយអង្គព្រះនាម លី សឿង ត្រូវបានគេឃើញក្រុមរដ្ឋអំណាចដោះលែងឲ្យមានសេរីភាពនៅក្រៅឃុំ ។
ដើម្បីប្រឆាំងនឹងទង្វើផ្តាច់ការរបស់រដ្ឋាភិបាលយួន កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ មានព្រះសង្ឃសមណៈនិស្សិតសាលាបាលីជាន់ខ្ពស់ (ខេត្តឃ្លាំង) ប្រមាណ ២០០ អង្គ បានចេញតវ៉ាដោយអហិង្សាទាមទារឲ្យរដ្ឋាភិបាលកុម្មុយនិស្តយួន គោរពជំនឿសាសនា ។ ក្រោយពីការបំបែកហ្វូងបាតុកម្ម មកដល់បច្ចុប្បន្ននេះយ៉ាងហោចណាស់មានព្រះសង្ឃប្រមាណជាង ២០ អង្គ ត្រូវអាជ្ញាធរ ចាប់ផ្សឹក និងចំនួន ៥ អង្គត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារពី ២ ទៅ ៤ ឆ្នាំ ដោយឥតមេធាវីការពារក្តី ដែលរួមមានភិក្ខុ គឹម មឿន ហៅ
ចំរើន ព្រះជន្ម ២៣ វស្សាគង់នៅវត្តសិរីតាសេក ភូមិតាសេក ឃុំតាសេក ស្រុកជ្រោយញ, ភិក្ខុ ថាច់ ធឿង ព្រះជន្ម ២៨ វស្សា, ភិក្ខុ លី សឿង ហៅធឿន គង់នៅវត្តទឹកប្រៃ ភូមិ ៥ ឃុំឡុងភូ ស្រុកឡុងភូ, ភិក្ខុ លី ហ្វាង គង់នៅវត្តពោធិសំរោង សង្កាត់ ៥ ទីរួមខេត្តឃ្លាំង និងភិក្ខុ យ៉ាន់តូន ។
សេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងទៀតថា បន្ទាប់ពីត្រូវបានតុលាការយួនខេត្តឃ្លាំង កាត់ទោសឲ្យជាប់ពន្ធនាគារកាលពីឆ្នាំ ២០០៧ និងដាក់ពន្ធនាគារប្រមាណជាងមួយឆ្នាំមកនេះ ប្រជាពលរដ្ឋដែលបានឃើញ ព្រះតេជគុណ លី សឿង ត្រូវអាជ្ញាធរយួនដោះលែងឲ្យមានសេរីភាពវិញហើយកាលពីថ្ងៃ ៗ នេះ ។ ទោះជាយ៉ាងណា វិទ្យុសំឡេងកម្ពុជាក្រោម មិនអាចធ្វើការទាក់ទងនឹងក្រុមគ្រួសារព្រះតេជគុណ លី សឿង បាននៅឡើយទេ ។
គួររំលឹកថា មុនការដោះលែងព្រះសង្ឃខាងលើ កាលពីថ្ងៃទី ២៣ តុលាកន្លងមក សភា នៃសហគមន៍អឺរ៉ុបបានស្រែកថ្កោលទោសរដ្ឋាភិបាលយួនយ៉ាងចាស់ដៃ ចំពោះសកម្មភាពរំលោភសិទិ្ធ មនុស្ស និងដាក់កម្រិតសេរីជំនឿសាសនា ៕
.