ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ទីក្រុងព្រៃនគរ៖ ព្រះសង្ឃខ្មែរក្រោមមួយព្រះអង្គ គង់ចាំព្រះវស្សានៅវត្តចន្ទរង្សី នាទីក្រុង ព្រៃនគរ បានសរសេរ លិខិតមួយច្បាប់ជម្រាបទៅអាជ្ញាវៀតណាម គ្រប់លំដាប់ថ្នាក់ឲ្យជួយ ស្វែងរកដំណោះស្រាយបញ្ហាដល់ព្រះអង្គ អំពីករណីព្រះសង្ឃយួន បានហាមព្រះអង្គនិយាយ ភាសាខ្មែរ នៅក្នុងទីសាធារណៈ ។
យោងតាមលិខិតដែលព្រះសង្ឃខ្មែរក្រោមបានផ្ញើទៅអាជ្ញាធរវៀតណាម បានចោទប្រកាន់ព្រះសង្ឃវៀតណាម ថា ទង្វើនេះបានរំលោភបំពាន លើរដ្ឋធម្មនុញ្ញនៃប្រទេសសាធារណ រដ្ឋសង្គមនិយមវៀតណាម និងធម្មនុញ្ញនៃ សមាគមព្រះពុទ្ធសាសនាវៀតណាម ។
ព្រះតេជព្រះគុណ យ័ញ បា តិន ព្រះជន្ម ២៣ ព្រះវស្សា ស្រុកកំណើតនៅខេត្តក្រមួនស (Xa Vinh Thanh, huyen Giong Rieng, Tinh Kien Giang) បច្ចុប្បន្ន គង់ចាំព្រះវស្សានៅវត្តចន្ទរង្សី ក្រុងព្រៃនគរ បានផ្ញើលិខិតមួយច្បាប់ ចុះថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១២ ទៅអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់ ដើម្បីស្វែងរកយុត្តិធម៌ដល់ព្រះអង្គព្រោះព្រះសង្ឃយួនបានហាមព្រះអង្គនិយាយភាសាខ្មែរ នៅក្នុងទីក្រុងព្រៃនគរ ។ ស្ថាប័នរដ្ឋដែលព្រះសង្ឃខ្មែរក្រោមអង្គនេះបានផ្ញើលិខិតជូននោះ រួមមាន រណសិរ្ស មាតុភូមិវៀតណាម ទីក្រុងព្រៃនគរ, គណៈកម្មការប្រតិបត្តិព្រះពុទ្ធសាសនាវៀតណាមទីក្រុង ព្រៃនគរ, គណៈសាសនាទីក្រុង ព្រៃនគរ, គណៈជនជាតិទីក្រុងព្រៃនគរ, មន្ត្រីសង្ឃខ្មែរក្រោមដែល មានតំណែង នៅក្នុងសមាគម ព្រះពុទ្ធសាសនាវៀតណាម មានដូចជា ព្រះតេជព្រះគុណ ដាវ ញឺ, ព្រះតេជព្រះគុណ យ័ញ ញឿង និង ព្រះតេជព្រះគុណ យ័ញ លុង ព្រះចៅអធីការវត្តចន្ទរង្សី ជា ដើម ។
យោងតាមលិខិតនេះ ព្រះតេជព្រះគុណ យ័ញ បា តិន បានរៀបរាប់ដំណើររឿងថា “នៅវេលា ម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១២ នាកីហ្វាង (Ky Quang) ខណ្ឌភូញឹង ដោយ មានដូនជីយួនម្នាក់ ឈ្មោះ ថិត ណឺ យ៉េវ ហ្វា (Thich Nu Dieu Hoa) បានធ្វើសង្ឃទាននៅវត្តកីហ្វាង ដែលក្នុងនោះ ព្រះសង្ឃថេរវាទខ្មែរ និងយួនរួមគ្នាចំនួន ៨ អង្គ ” ។
លិខិតនេះបានបន្តទៀតថា “ក្នុងពេលនោះ អាត្មាភាពបាននិយាយទៅកាន់ព្រះសង្ឃមួយអង្គ ជាភាសាខ្មែរ ស្រាប់តែព្រះតេជព្រះគុណ ទៀង ដាក (Thien Dat ) ព្រះចៅអធិការវត្តយ៉ាក ហ្វាង (Giac Quang) ខណ្ឌទី ៨ បានមកហាមអាត្មាភាពនិយាយភាសាខ្មែរ ។ អាត្មាភាពបានឆ្លើយ ទៅថា ព្រះតេជព្រះគុណ មានសិទ្ធិអ្វីមកហាមខ្ញុំព្រះករុណានិយាយភាសាម្ដាយរបស់ខ្ញុំព្រះ កុរណា ? ពេលនោះ ព្រះតេជព្រះគុណ ហ្វាង មិន (Quang Minh) ព្រះចៅអធិការវត្ត ពឹក បាវ (Phat Bao) ខណ្ឌតឹង បិន បាននិយាយថា ព្រះអង្គចង់អ្វី បើចង់និយាយភាសាខ្មែរ (Mien) ចូរ ទៅនៅភាគនិរតីទៅ កុំមកនិយាយនៅទីនេះ ….” ។
យោងតាមការទោះទែងពាក្យសម្ដីខាងលើនេះ ព្រះតេជព្រះគុណ យ័ញ បា តិន បានជម្រាបទៅអាជ្ញាធរ វៀតណាមតាមរយៈលិខិតនេះថា “នេះជាសកម្មភាពមួយផ្ទុយនឹងវិន័យ ព្រះសង្ឃ,ផ្ទុយ នឹងធម្មនុញ្ញនៃ សមាគមព្រះពុទ្ធសាសនាវៀតណាម, រំលោភបំពានលើសិទ្ធិនៃការប្រើប្រាស់ភាសា របស់ជនជាតិនីមួយៗ, រំលោភបំពានលើសិទ្ធិរបស់មនុស្សនៃជនជាតិនីមួយៗ , បែងចែកកម្លាំង សាមគ្គីនៃជនជាតិនានា ក្នុងប្រទេស វៀតណាម និង បំពានលើរដ្ឋធម្មនុញ្ញនៃប្រទេសសាធារណរដ្ឋ សង្គមនិយមវៀតណាមត្រង់ជំពូក ១ មាត្រាទី ៥ ” ។
ចុងក្រោយ ព្រះតេជព្រះគុណ យ័ញ បា តិន បានអំពាវនាវឲ្យសមត្ថកិច្ចវៀតណាមគ្រប់ជាន់ថ្នាក់ ដែលពាក់ព័ន្ធ ជួយកាត់សេចក្ដីឲ្យត្រូវតាមច្បាប់ជាធរមាន និងស្របតាមធម្មនុញ្ញនៃសមាគមព្រះពុទ្ធ សាសនាវៀតណាម ហើយ សុំឲ្យកាត់ទោសជនដែលត្រូវបានគេប្ដឹង ឬ តវ៉ា នោះប្រកបដោយយុត្តិ ធម៌បំផុត ៕