ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ព្រះសង្ឃខ្មែរក្រោមមួយអង្គដែលតែងតែចូលរួមក្នុងសកម្មភាពតវ៉ានៅមុខស្ថានទូតវៀតណាម និងបញ្ហាដីធ្លីនៅ ទីក្រុង ភ្នំពេញ ប្រទេសកម្ពុជា ព្រះតេជព្រះគុណ យ័ញ សឿង បានភៀសខ្លួនទៅប្រទេសថៃហើយ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ម្សិលមិញនេះ បន្ទាប់ពីព្រះសង្ឃអង្គនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួន នៅថ្ងៃទី ១៥ ខែធ្នូ ខាងមុខនេះ ដើម្បីសាកសួរ និងចោទប្រកាន់ទោសពីបទ “ចូលរួមសមាគមជនទុច្ចរិត” ។

ព្រះតេជព្រះគុណ យ៉ាញ សឿង ព្រះជន្ម ២៨ ឆ្នាំ ព្រះសង្ឃខ្មែរក្រោមវត្តសាគមគ្គីររង្សី ដែលមានមូលដ្ឋាននៅ ទីក្រុងភ្នំពេញ បានប្រាប់អំពីមូលហេតុដែលនាំឲ្យព្រះអង្គសម្រេចចិត្តភៀសខ្លួនទៅប្រទេសថៃថា ដោយសារតុលា ខ្មែរ បានចេញដីកាកោះនិមន្តព្រះអង្គឲ្យចូលខ្លួន ដើម្បីសាកសួរអំពីបទចោទថា ព្រះអង្គបានចូលរួមសកម្មភាពជា មួយសមាគមជនទុច្ចរិត ។
យោងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៤ បានចោទប្រ កាន់ តេជព្រះគុណ យ៉ាញ សឿង អំពីបទថា៖
ចូលរួមសមាគមនៃជនទុច្ចរិត តាមបទបញ្ញត្តិមាត្រា ៤៩៩ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ ប្រព្រឹត្តនៅចំណុចមុខវត្តសាមគ្គីរង្សី ស្ថិតនៅផ្លូវលំ ភូមិទ្រា ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។
យោងតាមដីកាដដែល បានបង្គាប់ឲ្យព្រះតេជព្រះគុណ យ៉ាញ សឿង ដែលមានលំនៅ ស្ថិតនៅក្នុងវត្តសាមគ្គីរង្សី “ឲ្យចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៤ វេលាម៉ោង ៩ ព្រឹក ដើម្បីសាក សួរ” ។
នៅក្នុងខែវិច្ឆិកានេះ យ៉ាងហោចណាស់ ព្រះសង្ឃខ្មែរក្រោម ៣ អង្គ នៅក្នុងកម្ពុជា ត្រូវបានអាជ្ញាធរខ្មែរចាប់បកស្បង់ ចីវរផ្សឹក ហើយបញ្ជូនទៅដាក់ពន្ធនាគារព្រៃស ដោយសារព្រះសង្ឃទាំងនេះ បានធ្វើសកម្មភាពតវ៉ារឿងទំនាស់ដី ធ្លី របស់ពលរដ្ឋខ្មែរ នៅក្នុងទីក្រុងភ្នំពេញ ៕