ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ព្រះសង្ឃខ្មែរក្រោមជាង ១០ អង្គ នៅថ្ងៃព្រឹកថ្ងៃសុក្រ ទី ២៧ ខែធ្នូ បានយកញ្ញតិ្តមួយដាក់នៅស្ថានទូតវៀតណាម ប្រយោជន៍ឱ្យមានការបញ្ឈប់ការបំពានសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។

ព្រះតេជព្រះគុណ ថាច់ ថាវវី បានថ្លែងប្រាប់អ្នកកាសែតថា ក្រោយពីជួបជាមួយមន្ត្រីតំណាងស្ថានទូតវៀតណាមរួមមក មន្ត្រីនោះ មិនបានទទួលយកញត្តិនោះទេ ពោលគឺគ្រាន់តែបានខ្លឹមសារញ្ញតិ្តនោះតែប៉ុណ្ណោះ ដោយស្នើឱ្យព្រះសង្ឃទាំង នោះ ដាក់ញ្ញតិ្តទៅក្រសួងការបរទេសកម្ពុជាវិញ ។
ញ្ញត្តិដែលតំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោមដាក់ទៅស្ថានទូតវៀតណាមនោះ គឺស្នើឱ្យដោះលែង ព្រះតេជព្រះគុណ លីវ នី, ព្រះតេជព្រះគុណ ថាច់ ធឿន, លោក ត្រា វ៉ាន់ ថា ,លោក ថាច់ ភូមិរិទ្ធិ និងពលរដ្ឋអ្នកភូមិព្រៃជាប់ ៤ នាក់ទៀត ដែលបានតុលាការបក្សកុម្មុយនិស្តវៀតណាម ផ្ដន្ទាទោស ឲ្យជាប់គុក ម្នាក់ពី ១០ ខែទៅ ៦ ឆ្នាំ កាលពីព្រឹកថ្ងៃទី ២៥ និង ២៧ ខែកញ្ញា ឆ្នាំ ២០១៣ នេះ ។
ញ្ញត្តិដដែល ក៏បានស្នើឱ្យបញ្ឈប់ជាបន្ទាន់ នូវការគំរាមកំហែងគ្រប់រូបភាព, ការតាមដាន, ការឃ្លាំមើល និងការបិទសិទ្ធិ សេរីភាពលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ។ និងបញ្ឈប់ជាបន្ទាន់ នូវការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងព្រះពុទ្ធសាសនាតាមវត្តអារាមនានា ៕
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៥ ខែកញ្ញា អ្នកភូមិព្រៃជាប់ ៥ នាក់ ដែលជាប់ទាក់ទិននឹង ព្រះតេជព្រះគុណ លី ចិន្ដា នៃវត្ត ព្រៃជាប់ ត្រូវបានតុលាការបក្សកុម្មុយនិស្តវៀតណាម ប្រកាសសាលក្រមឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ១០ ខែទៅ ១ ឆ្នាំ ពីបទ “បង្កអសន្តិសុខទីសាធារណៈ” តាមមាត្រា ២៤៥ នៃច្បាប់ព្រហ្មទណ្ឌ របស់ប្រទេសវៀតណាម ។
ជនជាប់ចោទជាពលរដ្ឋខ្មែរក្រោមទាំង ៥ នាក់ នេះ មានស្រុកកំណើតនៅភូមិបៀងដុង A (Bien Dong A ) ឃុំ វិញត្រាច់ដុង (Vinh Trach Dong) ទីក្រុងពលលាវ ខេត្តពលលាវ ម្នាក់ៗត្រូវបានតុការដំបូង របស់ បក្សកុម្មុយនិស្ត វៀតណាមសម្រេច ប្រកាស សាលក្រមឲ្យជាប់គុក ដូចតទៅ ៖
១.អ្នកស្រី លី ធី សាបុត (Lý Thị Sà Bột) ១ ឆ្នាំ
២.អ្នកស្រី លី ធី យន់ (Lý Thị Dạnh) ១ ឆ្នាំ
៣.អ្នកស្រី ឡឹម ធី ឡង (Lâm Thị Loan) ១ ឆ្នាំ
៤.លោក លី មិន ហាយ (Lý Minh Hải) ១១ ខែ និង
៥.លោក តាំង ផល្លា (Tăng Pho La) ១០ ខែ
ចំណែកអ្នកស្រី លី ធី សាបុត ត្រូវបានតុលាការកាត់ទោសកំបាំងមុខ ព្រោះគាត់បានភៀសខ្លួនចេញ ទៅក្រៅប្រទេស មុនពេលវៀតណាមចាប់ខ្លួន ។
យោងតាមសេចក្ដីប្រកាសរបស់ចៅក្រមនៅក្នុងអង្គសវនាការនេះថា ពលរដ្ឋខ្មែរក្រោមទាំង ៥ រូបនេះ ត្រូវ បានចោទប្រ កាន់ទោស ព្រោះបានជួយទូងស្គរ និងវៃរគាំងនៅវត្តព្រៃជាប់ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៣ ដើម្បីប្រឆាំងនឹងការ សម្រេចរបស់រដ្ឋាភិបាលវៀតណាម ក្នុងការចាប់ផ្សឹកព្រះតេជព្រះគុណ លី ចិន្ដា ។
មកដល់ថ្ងៃ ទី ២៧ ខែកញ្ញា តុលាការខេត្តឃ្លាំង នៃបក្សកុម្មុយនិស្តវៀតណាមបានប្រកាសសាលក្រម សម្រេចផ្ដន្ទាទោស ព្រះសង្ឃ ២ អង្គ និងពលរដ្ឋខ្មែរក្រោម ២ រូបឲ្យជាប់គុកម្នាក់ៗពី ២ ទៅ ៦ ឆ្នាំ ពីបទ “ចាត់តាំងនាំមនុស្ស ចេញទៅក្រៅ ប្រទេស” និង ” ទទួលប្រាក់ពីសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីចាត់តាំង ប្រឆាំងរដ្ឋាភិបាលបក្ស កុម្មុយនិស្តវៀតណាម” ។
សាលក្រមនេះ បានសម្រេចផ្ដន្ទាទោស ព្រះតេជព្រះគុណ ថាច់ ធឿន (Thach Thuol) ប្រសូត ឆ្នាំ ១៩៨៥ ជាគ្រូសូត្រវត្ត សេរីតាសេកឲ្យជាប់ពន្ធនាគារ ៦ ឆ្នាំ ព្រះតេជព្រះគុណ លីវ នី (Lieu Ny) ប្រសូត ឆ្នាំ ១៩៨៦ ជាព្រះចៅអធិការវត្ត សេរីតាសេក ឲ្យជាប់ពន្ធនាគារ ៤ ឆ្នាំ លោក ថាច់ ភូមិរិទ្ធ (Thach Phum Rich) កើត ឆ្នាំ ១៩៨៩ ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “ភៀសខ្លួនទៅប្រទេសក្រៅ ដើម្បីប្រឆាំងរដ្ឋាភិ បាល” និង លោក ត្រា វណ្ណ ថា (Tra Quanh Tha) ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ “ចាត់តាំងនាំ មនុស្សរត់ចេញទៅប្រទេសក្រៅ” ។ អ្នកទាំង ៤ រូបនេះ មានស្រុកំណើត ឃុំវិញហាយ (Vĩnh Hải) ស្រុកជ្រោយញរ ខេត្តឃ្លាំង ។
ក្រោយពីបក្សកុម្មុយនិស្តវៀតណាមបានចាប់ខ្លួនព្រះសង្ឃ និង ពលរដ្ឋខ្មែរក្រោមទាំងនេះ ដាក់ពន្ធនាគារ មក សហព័ន្ធ ខ្មែរកម្ពុជាក្រោម បានដឹកនាំព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេសធ្វើបាតុកម្ម នៅមុខស្ថានទូតវៀតណាមជា បន្តបន្ទាប់ ដើម្បីជម្រុញឲ្យវៀតណាមដោះលែងជនរងគ្រោះទាំងនេះ ។
កាលខែតុលា ឆ្នាំ ២០១៣ នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាន ចេញសេចក្ដីថ្លែង ការណ៍ជាភាសាអង់គ្លេសមួយ ហើយបានចេញផ្សាយតាមគេហទំព័រជាផ្លូវការរបស់ខ្លួន ទាមទារឲ្យវៀតណាមដោះ លែង ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដោយឥតលក្ខខណ្ឌ និងថ្លែងថា ការដែលវៀតណាមចាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរ ក្រោម ដាក់ពន្ធនាគារនោះ ជាការបំពានលើមាត្រានៃសេចក្ដីប្រ កាស ជាសកលស្ដីពីសិទ្ធិមនុស្ស និងសិទ្ធិជន ជាតិដើម ដែលវៀត ណាមជាប្រទេសហត្ថលេខី ៕