ព្រះវិហារវត្តបឹងកក់ ខេត្តឃ្លាំង ត្រូវឆេះដោយភ្លើងទៀនវស្សា

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ព្រះវិហារវត្តបឹងកក់ ឋិតនៅក្នុងភូមិបឹងកក់ ស្រុកពងទឹក ខេត្តឃ្លាំង (ấp Bưng Cóc, xã Phú Mỹ, huyện Mỹ Tú, tỉnh Sóc Trăng) ត្រូវបានភ្លើងឆេះទៀតហើយ បន្ទាប់ពីព្រះវិហារវត្តប្រសាទគង់ ដែលមានអាយុជិត ៨០០ ឆ្នាំ ត្រូវឆេះដោយភ្លើងទៀននៅក្នុង ខែសីហានេះដែរ ។  នេះជាលើក ទី ២ ហើយ ដែលព្រះវិហារ វត្តខ្មែរនៅកម្ពុជាក្រោម ត្រូវឆេះដោយភ្លើងទៀនក្នុង ទេសកាលចូលព្រះ វស្សាជាបន្តបន្ទាប់ ក្នុងអំឡុងពេល ២ សប្ដាហ៍តែ ប៉ុណ្ណោះ ។
ព្រះពុទ្ធបដិមានៅក្នុងព្រះវិហារក្រោយពីបានពន្លត់ភ្លើង ។
ប្រភពព័ត៌មានវៀតណាមក្នុងស្រុកបានរាយការណ៍ថា នៅថ្ងៃទី ២៥ ខែសីហា ម្សិលមិញនេះវេលា ម៉ោងបីកន្លះ រសៀល (ម៉ោង ១៥:៣០ នាទី) ភ្លើងបានចាប់ផ្ដើមឆាប់ឆេះព្រះវិហារវត្តបឹងកក់ ដោយទៀនព្រះវស្សា រលំហើយឆេះរាលតគ្នា ។
លោក ត្រឹង វ៉ាំង ហ្វាង (Trần Văn Quang) លេខាធិការឃុំភូម៉ី (xã Phú Mỹ) បានប្រាប់ សារព័ត៌ មានវៀតណាមអំពីមូលហេតុនៃការឆេះនេះថា ដោយសារទៀនព្រះវស្សារលំ ហើយឆេះរាលទៅ ទៀន ផ្សេងដែលនៅក្នុងព្រះវិហារ ។​  លោកបានបន្តទៀតថា មុនពេលភ្លើងឆេះ មានទៀនចំនួន ២៤ ដើមក្នុង មួយដើមៗទម្ងន់ប្រមាណពី ៩ ទៅ ១០ គីឡូក្រាម  នៅក្នុងព្រះវិហារនេះ  ។

មនុស្សរាប់រយនាក់ ក្នុងនោះមានពុទ្ធបរិស័ទដែលនៅជុំវិញវត្ត និងកម្លាំងសន្តិសុខសង្គ្រោះអគ្គិភ័យ នៃអាជ្ញាធរ វៀតណាម ផងដែរ បានមកជួយពន្លត់គ្រោះអគ្គិភ័យនេះ ។ រយៈពេលពីរម៉ោង នៃការ ឆេះភ្លើងត្រូវបានពន្លត់ តែវត្ថុផ្សេងៗក្នុងព្រះវិហារ ដូចជា ព្រះពុទ្ធរួប ជាដើមត្រូវបាន ឆេះកម្លោច ។

វត្តបឹងកក់ បានកកើតឡើងក្នុង ព. ស. ២២៧១ គ. ស. ១៧២៧ គិតមកទល់ពេលនេះ មានអាយុកាល ២៨៥ ឆ្នាំ ហើយ ។
នេះជាលើកទី ២ ហើយ ដែលវត្តខ្មែរនៅខេត្តឃ្លាំង ត្រូវបានឆេះក្នុងរដូវព្រះវស្សានេះជាបន្តបន្ទាប់ ក្នុងរយៈ ពេលពីរ សប្ដាហ៍កន្លងមកនេះ ក្រោយពីវត្តប្រាសាទគង់ ជាវត្តបុរាណដែលមានអាយុកាល ៧៨៨ ឆ្នាំ ត្រូវបានឆេះកាលពីព្រឹកថ្ងៃទី ១៣ ខែសីហា កន្លងទៅនេះ ។
សូមរំឭកឡើងវិញផងដែរថា កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០០៧ ព្រះវិហារវត្តសេរីតេ ជោ មហាទុប ឋិតនៅក្នុងខេត្តឃ្លាំង ត្រូវបានឆេះ ដោយករណីភ្លើងទៀន ព្រះវស្សានេះដែរ ។
ខេត្តឃ្លាំងមានវត្តទាំងអស់ចំនួន ៩១  ដែលជាកន្លែងសក្ការបូជារបស់ពលរដ្ឋខ្មែរក្រោម  កន្លែងព្រះ សង្ឃ សិក្សា ប្រតិបត្តិតាម ពុទ្ធោវាទ  និងជាមជ្ឈមណ្ឌលអក្សរ សាស្ត្រខ្មែរនៅដែនដីកម្ពុជាក្រោម ៕

ក្រុមពន្លត់អគ្គិភ័យនៅក្នុងព្រះវិហារក្រោយពេលភ្លើងបានរលត់ ។