ព្រះមហាក្សត្រថៃអនុញ្ញាតឲ្យរំលាយសភា តែក្រុមអាវលឿងទាមទារឲ្យរំលាយ ឫសគល់ខ្សែ លោក ទក្សិណ

បាតុករ​ប្រមាណ ​២០ ​ម៉ឺន​នាក់ នៅតែ​បន្ត​ប្រមូលផ្តុំ​នៅ​ទីក្រុង​បាងកក ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​ យីងលក្ខណ៍ ជីនវ័ត្រ ​រំលាយ​គណៈរដ្ឋមន្ត្រី​ហើយ​ប្រគល់​អំណាច​ឲ្យ​ក្រុមប្រឹក្សា​ប្រជាជន​ តាម​ការចាត់តាំង​ដើម្បី​ដឹកនាំ​ប្រទេស​វិញ ​។

បាតុកម្មនៅបាងកក ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៣ ។ រូបថត SITHIKORN WONGWUDTHIANUN  / Bangkok Post
បាតុកម្មនៅបាងកក ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៣ ។ រូបថត SITHIKORN WONGWUDTHIANUN / Bangkok Post

​សារព័ត៌មាន​ បាងកក​ប៉ុស្តិ៍​ ចុះផ្សាយ​ថា បាតុករ​ទាំងនោះ​ប្រមូលផ្តុំ​នៅតាម​ដងផ្លូវ​នានា​ នៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃ​អង្គារ​នេះ និង​នៅ​ក្បែរ​វិមាន​រដ្ឋាភិបាល ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​យី​ងឡាក់ ​រំលាយ​គណៈរដ្ឋមន្ត្រី ​។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ ​លោកស្រី​ យីងលក្ខណ៍ ជីនវ័ត្រ បានប្រកាស​រំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​នៅ​ថ្ងៃ​ទី ​២​ ខែ​កុម្ភៈ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ ​។

នៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ព្រះមហាក្សត្រ​ថៃ​បាន​យល់ព្រម ចំពោះ​ការរំលាយ​សភា និងរៀបចំ​ការបោះឆ្នោត​ឡើងវិញ​នេះ​ ។ ព្រះអង្គ​លើកឡើងថា ក្នុង​រយៈពេល​នេះ រហូត​ដល់​ការបោះឆ្នោត ​រដ្ឋាភិបាល​ ​លោកស្រី​ យីងលក្ខណ៍ ជីនវ័ត្រ ក្លាយ​ជា​រដ្ឋាភិបាលចាំផ្ទះ​ ។​

តែ​សម្រាប់​មេដឹកនាំ បាតុក​រលោក សូទេព ថង​សូ​បាន ថ្លែងថា ការរំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​នោះ មិន​គ្រប់គ្រាន់​ទេ​ គឺ​លោក​ទាមទារ​ឲ្យ​ដក​ខ្សែស្រលាយ ​លោក ទក្សិណ ចេញពី​ថ្នាក់​ដឹកនាំរដ្ឋាភិបាលទាំងអស់ ហើយ​ប្រគល់​អំណាច​ទៅឲ្យ​ក្រុមប្រឹក្សា ប្រជាជន​តាមការចាត់តាំង​វិញ ​។​

លោក​ សុទេព កំណត់​ឲ្យ​លោក​ ​លោកស្រី​ យីងលក្ខណ៍ ជីនវ័ត្រ ​ត្រូវ​រំលាយគណៈរដ្ឋមន្ត្រី ចោល​ក្នុងរយៈពេល​ ២៤ ​ម៉ោង ​ដោយ​មិនបាច់​បោះឆ្នោត​ ។ ​លោកព្រមាន ចំនួន​បាតុករ​ និងកើនឡើង​ពី​ ២០ ​ទៅ​ ៤០​ ម៉ឺន​នាក់ ប្រមូលផ្តុំ​នៅ​ទីក្រុង​បាងកក ដើម្បី​ទាមទារ​រហូតដល់ ​លោកស្រី​ យីងលក្ខណ៍ ជីនវ័ត្រ រំលាយ​គណៈរដ្ឋមន្ត្រី​ដោយ​មិន​មាន​លក្ខខណ្ឌ​ ៕