ដោយ៖ ចៅ មុនីខេមរា
ព្រះតេជគុណ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិន ខាងជើង ដែលទើបនឹងត្រូវបានអាជ្ញាធរយួនខេត្តមាត់ជ្រូកអនុ-ញ្ញាតិឲ្យទៅចូលរួមពិធីបុណ្យសពម្តាយ និងសួរសុខទុក្ខបងប្អូននៅប្រទេសកម្ពុជារយៈពេល ១៣ ថ្ងៃ កាលពីថ្ងៃទី ៤ មេសា បានសាងព្រះផ្នួសឡើងវិញពីថ្ងៃទី ១១ មេសា ឆ្នាំ ២០០៩ ក្នុងវត្តមួយនាប្រទេសកម្ពុជា ហើយក៏បានភៀសព្រះកាយភ្លាម ៗ ទៅកាន់ប្រទេសថៃ ឆ្លងកាត់តាមខេត្តបាត់ដំបង ដើម្បីសុំសិទ្ធិជាជនភៀសខ្លួនស្របច្បាប់ ជ្រកកោណក្នុងប្រទេសទី ៣ ។
ព្រះតេជគុណ ទឹម សាខន ព្រះជន្ម ៤១ វស្សា ដែលកំពុងលាក់ខ្លួននៅប្រទេសថៃ និងសុំសិទ្ធិជ្រកកោណទៅកាន់ប្រទេសទី ៣ បានមានសង្ឃដីកាឲ្យដឹងថា ព្រះអង្គបានទៅជួបមន្រ្តីឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដើម្បីផ្តល់ជូនឯកសារ និងស្នើរសុំឋានៈជនភៀសខ្លួនស្របច្បាប់ដើម្បីទៅកាន់ប្រទេសទីបី ។ ព្រះតេជគុណ ទឹម សាខន បន្ថែមថា ព្រះអង្គនឹងមិនវិលត្រឡប់ទៅកាន់ប្រទេសយៀកណាមវិញទេ បើទោះបីអាជ្ញាធរនៃខេត្តមាត់ជ្រូកបានដាក់កំហិតឲ្យទៅកាន់ប្រទេសកម្ពុជា តែក្នុងរយៈពេល ១៣ ថ្ងៃ ។
អតីតព្រះចៅអធិការវត្តភ្នំដិនខាងជើង ស្រុកគិរីវង្ស ខេត្តតាកែវ កំណើតខ្មែរកម្ពុជាក្រោម នៅស្រុកស្វាយទង ខេត្តមាត់ជ្រូកត្រូវបានក្រុមអាជ្ញាធរ និងលោកតា ទេព វង្ស ចាប់ផ្សឹកកាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៧ រួចបញ្ជូនទៅដាក់គុកនៅស្រុកយួន ។ ក្រោយមកតុលាការយួនខេត្តមាត់ជ្រូក បានកាត់ទោសឲ្យព្រះអង្គជាប់គុកមួយឆ្នាំ ក្រោមបទចោទប្រកាន់ថាបានធ្វើឲ្យបែកបាក់ចំណងសាមគ្គីភាពរវាងកម្ពុជា និងយៀកណាម ។
ព្រះតេជគុណ ទឹម សាខន បានឲ្យដឹងថា ព្រះអង្គត្រូវបានឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនផ្តល់ឋានៈជាជនភៀសខ្លួនស្របច្បាប់ បន្ទាប់ពីធ្វើបទសម្ភាសន៍ជាមួយព្រះអង្គអស់ជាងរយៈពេលជាង ៥ ម៉ោង ។ ព្រះតេជគុណ ទឹម សាខន បញ្ជាក់ថា ករណីរបស់ព្រះអង្គគឺជាករណីពិសេស ដែលសហគមន៍អន្តរជាតិសុទ្ធសឹងតែបានដឹងឮពីរឿងនេះ ហើយថែមទាំងទទួលបានការជួយអន្តរាគមន៍ ពីអង្គការការពារសិទ្ធិមនុស្សនានា និងអង្គការសហប្រជាជាតិនៅស្រុកខ្មែរផងដែរ ។ ព្រះអង្គបានប្រាប់បណ្តាញសារព័ត៌មានក្នុង និងក្រៅប្រទេសថា ព្រះអង្គមិនហ៊ានរស់នៅក្នុងប្រទេសកម្ពុជា និងយៀកណាមទេ ព្រោះកន្លងមកប្រទេសទាំងពីរនេះ បានពួតដៃគ្នាធ្វើបាបព្រះអង្គដោយមិនអាចពណ៌នាបាន ។
ទាក់ទឹន នឹងការស្វែងរកសិទ្ធិជ្រកកោណទៅកាន់ប្រទេសប្រទសទី ៣ នេះ លោក អាង ច័នឫទ្ធិ នាយកប្រតិបត្រអង្គការការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម មានទីស្នាក់ការនៅប្រទេសកម្ពុជាបានមានប្រសាសន៍អះអាងថា ក្រុមអង្គការការពារសិទ្ធិមនុស្សរបស់លោក និងអង្គការការពារសិទ្ធិមនុស្សមួយចំនួនទៀតសង្ឃឹម និងជឿជាក់ថា ព្រះតេជគុណ ទឹម សាខន នឹងត្រូវបានគេបញ្ជូនទៅកាន់ប្រទេសទី ៣ ឆាប់ ៗ ដើម្បីគេចផុតពីការភិតភ័យ ហើយពិភពលោក ក៏បានមើលឃើញទាំងអស់អំពីទង្វើដែលអាជ្ញាធរយួន និងកម្ពុជាបានធ្វើទៅលើព្រះអង្គដែរ ។
ចំពោះការស្វះសែ្វង រកសិទ្ធិជ្រកកោណទៅកាន់ប្រទេសទី៣ គឺបន្ទាប់ពីមានការភិតភ័យមិនហ៊ានរស់នៅក្នុងប្រទេសយៀក ណាម និងកម្ពុជា ។ លោកខៀវ សុភ័គ មន្រ្តីក្រសួងមហាផ្ទៃបាននិយាយថាធ្វើហីថា គំនិតព្រះតេជគុណ ទឹម សាខន គឺដើម្បីទៅកាន់ប្រទេសទី ៣ តែប៉ុណ្ណោះ ។ គ្មាននរណារវីរវល់នឹងព្រះអង្គឡើយ ។ លោកខៀវ សុភ័គបន្តថា ប្រជាជនកម្ពុជាជាង ១៣ លាននាក់អាចរស់នៅប្រទេសកម្ពុជាបាន ហេតុអ្វីព្រះអង្គមិនអាចរស់នៅទីនេះ ។ លោក ខៀវ សុភ័គ បានហៅការគេចព្រះអង្គរបស់អតីតព្រះចៅអធិការវត្តភ្នំដិន ទឹម សាខន ថាជាលេសគេចខ្លួនសុំជ្រកកោនណនៅបរទេស ។ លោក ខៀវ សុភ័គ ថ្លែងដូច្នេះថា ៖
“គោលដៅរបស់គាត់ទៅផ្សេងទៀត ដូច្នេះគាត់យកលេសហ្នឹងទៅ ដើម្បីសុំសិទ្ធិជ្រកកោន។ មិនមែនជារឿងថ្មីទេ មានគេដទៃទៀតច្រើនគ្នាដូចគាត់ដែរ” ។
ចំណែកបុគ្គលឈ្មោះ ទ្រិញ បាកាំ អ្នកនាំពាក្យស្ថានទូតយួនប្រចាំកម្ពុជា បានហៅការចាកចេញពីប្រទេសកម្ពុជារបស់អតីតព្រះចៅអធិការ ទឹម សាខន ថាជាអំពើខុសច្បាប់ ។ បុគ្គលទ្រិញ បាកាំ ដែលត្រូវបានគេដឹងថាចេះនិយាយភាសាខ្មែរប៉ាយឡាំ ៗ បាននិយាយទាំងទទឹងទិសស្តាប់មិនចូលត្រចៀកដូច្នេះ “យើងមិនឃាត់ឃាំងអីរឿងគាត់ចង់ទៅណាទៅណី គាត់សុំច្បាប់ត្រឹមត្រូវ
អាហ្នឹងសុំច្បាប់ ។ ប៉ុន្តែរត់ទៅ អាហ្នឹងវារបៀបខុសច្បាប់ហើយ”។
នាយកប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់
ង៉ុកថាច់ បានហៅសម្ដីរបស់មន្រ្តីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃថា ជាពាក្យសម្ដីគ្មានការទទួលខុសត្រូវលើពលរដ្ឋខ្លួនឯង និងបានហៅសម្ដីរបស់អ្នកនាំពាក្យស្ថានទូតយួន ប្រចាំកម្ពុជាថាជាការមើលងាយអធិបតេយ្យ នៃរាជាណាចក្រមួយនេះ ។ លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍ឆ្លើយតបទៅនឹងប្រសាសន៍របស់លោក ខៀវ សុភ័គ និង ទ្រិញ បាកាំ យ៉ាងដូច្នេះ “លោក ខៀវ សុភ័គ ក្រសួងមហាផ្ទៃហ្នឹង មិនបានយកចិត្តទុកដាក់ចំពោះសន្តិសុខរបស់ប្រជាពលរដ្ឋខ្លួនឯង ។ លោកបានចាប់បញ្ជូនរាស្រ្ដខ្មែរខ្លួនឯងទៅឲ្យយួនដាក់ឃុំឃាំង ដល់ត្រឡប់មកវិញ លោកប្រើភាសាថានៅមានសិទ្ធិដដែល ។ រាស្រ្ដខ្មែរចង់រស់នៅប្រទេសខ្លួនឯង មិនដូចលោក ខៀវ សុភ័គ ជាមន្រ្តីខ្មែរហើយមានគំនិតផ្សេងចំពោះប្រជាពលរដ្ឋខ្មែរខ្លួនឯង” ។
លោក ថាច់ ង៉ុក ថាច់ បន្តរិះគន់អ្នកនាំពាក្យស្ថានទូតយួន “ចំពោះលោកតំណាងឲ្យទូតយួន លោកមានសម្ដីនិយាយមើលងាយឯករាជភាពនៃប្រទេសខ្មែរទាំងមូល ។ បើរាជរដ្ឋាភិ-
បាលកម្ពុជា បានទទួលស្គាល់ថាខ្មែរក្រោមដែលមកដល់ប្រទេសកម្ពុជា គឺគាត់ទៅណាស្រេចតែលើគាត់ មិនមែនចេញដំណើរពីប្រទេសកម្ពុជា ហើយថាខុសច្បាប់នោះទេ ។ ដូច្នេះសូមរាជរដ្ឋាភិ-បាលកម្ពុជា យកចិត្តទុកដាក់សម្ដីរបស់លោក ខៀវ សុភ័គ ដែលជាអ្នកទទួលបន្ទុកយ៉ាងធំនៅប្រទេសកម្ពុជា ក៏ដូចជាតំណាងយួននៅក្នុងប្រទេសកម្ពុជា អ៊ីចឹងដែរ មើលងាយមើលថោកដល់
ព្រះរាជាណាចក្រកម្ពុជាម្ដងហើយម្ដងទៀត”។
ចំពោះពាក្យសម្តីទាំងគ្រោគគ្រាត ខ្វះសេចក្តីក្លាហានទទួលយកការពិតរបស់មន្រ្តីទាំងពីររូបខាងលើ ព្រះតេជគុណ ទឹម សាខន ដែលបានបំពេញបព្វជ្ជាជាសាមណេរ បានប្រតិកម្មពីទីកំពុងលាក់ព្រះអង្គមកថា សម្ដីរបស់មន្រ្តីទាំងពីររូបនេះជាសម្ដីមិនពិត “ការមានប្រសាសន៍របស់គាត់ហ្នឹងជាការមិនត្រឹមត្រូវទេ ព្រោះអាត្មាធ្លាប់ជួបប្រទះអំពីការលួចចាប់ផ្សឹកអាត្មាដ៏អយុត្តិធម៌ ហើយបញ្ជូនទៅវៀតណាមហ្នឹង តាំងពីថ្ងៃទី៣០ ខែ៦ ឆ្នាំ២០០៧ ម្ដង
ហើយ ។ អ៊ីចឹងបានអាត្មាចេះតែភ័យខ្លាច ហើយចេះតែមិនទុកចិត្តអាជ្ញាធរខ្មែរ ក៏ដូចជាវៀតណាម មកពីអាជ្ញាធរខ្មែរនៅក្រោមខ្សែញាក់របស់វៀតណាម ។ ទាក់ទិននឹងលោកអ្នកនាំពាក្យរបស់វៀតណាម ដែលថាអាត្មាហ្នឹងមិនមែនជាមនុស្សសំខាន់ទេ ហើយចុះបើមិនមែនជាមនុស្សសំខាន់ ហេតុអីបានវៀតណាមបញ្ជាឲ្យអាជ្ញាធរខ្មែរចាប់ព្រះសង្ឃបញ្ជូនទៅ ដាក់គុកអាត្មាយ៉ាងអយុត្តិធម៌ជាទីបំផុត រងទុក្ខវេទនារយៈពេល ១ ឆ្នាំ” ៕.