ដោយៈ ចៅ មុនីខេមរា
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានឲ្យដឹងថា កាលពីថ្មី ៗ នេះ លោកបានទទួលឯកសារចម្លងមួយច្បាប់ ដែលអាជ្ញាធរយួនប្រកាសដោះលែងព្រះតេជគុណ ទឹម សាខន អតីតព្រះចៅ-
អធិការវត្តភ្នំដិនខាងជើង ស្រុកគិរីវង្ស ខេត្តតាកែវ ឲ្យមានសេរីភាព ក្រោយពីជាប់ពន្ធនាគារអស់រយៈពេលមួយឆ្នាំ ។ លិខិតនោះចេញដោយមន្ទីរឃុំឃាំងបណ្តោះអាសន្ន នៃអាជ្ញាធរយួនខេត្តមាត់ជ្រូក ចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៨ ដោយវរសេនីយ៍ឯកយួនឈ្មោះ ឡេ ហ្វង់ម៉ុង ។ បន្ទាប់ពីមានការផ្សព្វផ្សាយលិខិតនេះ អ្នកភូមិបានឲ្យដឹងថា គេមិនឃើញព្រះតេជគុណ ទឹម សាខន រស់នៅក្នុងផ្ទះសាច់ញាតិបងប្អូន ឯភូមិបាជុក ស្រុកស្វាយទង ទៀតទេ ។
ក្នុងលិខិតដោះលែងព្រះតេជគុណ ទឹម សាខន បានសរសេរថា ព្រះតេជគុណ ទឹម សាខន កើតនៅឆ្នាំ ១៩៦៨ ជនជាតិខ្មែរ សញ្ជាតិយួន កាន់ព្រះពុទ្ធសាសនា រស់នៅក្នុងប្រទេសកម្ពុជា ខេត្តតាកែវ ប៉ុន្តែត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៧ ជាប់ចោទពីបទឧក្រិដ្ឋបានបំបែកបំបាក់គោលនយោបាយបង្រួបបង្រួមជាតិ គឺត្រូវជាប់ឃុំឃាំងរយៈពេលមួយឆ្នាំ ។ លិខិតនោះបានបញ្ជាក់ថា ទឹម សាខន នេះ បានទទួលទោសនៅក្នុងមន្ទីរឃុំឃាំងចប់សព្វគ្រប់ទៅតាមកាលកំណត់ហើយ ទើបត្រូវបានអនុញ្ញាតឲ្យមានសេរីភាព ក្នុងការវិលត្រឡប់ទៅរស់នៅឯឃុំភ្នំដិន ស្រុកគិរីវង្ស ខេត្តតាកែវ នៃប្រទេសកម្ពុជាវិញ ។
លិខិតដោះលែងចេញពីពន្ធនាគារនេះ បានបញ្ជាក់ទៀតថា ព្រះតេជគុណ ទឹម សាខន គួរតែបង្ហាញព្រះវត្តមានរបស់ព្រះអង្គនៅចំពោះមុខអាជ្ញាធរមូលដ្ឋានខេត្តតាកែវ នៅឯទីលំនៅរបស់ព្រះអង្គ ដោយត្រូវបង្ហាញខ្លួនឲ្យបានមុនថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០០៨ នេះ ។
លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានអះអាងថា ពាក្យដែលមន្រ្តីរដ្ឋាភិបាលខ្មែរ បញ្ជាក់កាលពីថ្មី ៗ នេះ ថាអតីតសង្ឃ ទឹម សាខន ស្ម័គ្រចិត្តទៅរស់នៅឯកម្ពុជាក្រោម មិនព្រមវិលត្រឡប់ទៅកម្ពុជាវិញនោះ គឺមិនពិតដូចចិត្តរបស់
ព្រះតេជគុណ ទឹម សាខន ឡើយ ។ លោក ថាច់ ង៉ុក ថាច់ បន្តទៀតថា ព្រះតេជគុណ ទឹម សាខន ចង់ត្រឡប់ទៅរស់នៅឯប្រទេសកម្ពុជាដើម្បីបានជួបជុំឪពុកចាស់ជរាវិញណាស់ តែទទួលរងការគាបសង្កត់ពីអាជ្ញាធរយួន ហើយសព្វថ្ងៃទោះបីដោះលែងចេញពីពន្ធនាគារហើយក្តី តែរដ្ឋាភិបាលយួនបានចាត់ឲ្យមនុស្សតាមឃ្លាំមើល និងយាមកាងព្រះតេជគុណ ទឹម សាខន យ៉ាងប្រុងប្រយ័ត្នបំផុត ។
គេនៅចាំបានថា លោក ខៀវ សុភ័គ្គ មន្រ្តីក្រសួងមហាផ្ទៃ នៃប្រទេសកម្ពុជា ធ្លាប់បានប្រកាសក្តែង ៗ ថាព្រះតេជគុណ ទឹម សាខន បានស្ម័គ្រចិត្តវិលត្រឡប់ទៅរស់នៅឯកម្ពុជាក្រោមវិញ ហើយថែមទាំងអះអាងថាមានលិខិតស្នាម និងស្នាមផ្តិតមេដៃរបស់ព្រះតេជគុណ ទឹម សាខន ជាតឹកតាងទៀតផង ។ ទោះជាយ៉ាងណា វិទ្យុរបស់រដ្ឋ នៃប្រទេសយួន (VOV) ធ្លាប់បានធ្វើការចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធ ទី ១ ខែសីហា ឆ្នាំ ២០០៧ ថា ក្រសួងការពាររដ្ឋធម្មនុញ្ញ នៃប្រទេសយួនចាប់បានព្រះតេជគុណទឹម សាខន ព្រះជន្ម ៤០ វស្សា ឆ្លងដែនចូលប្រទេសយួនដោយខុសច្បាប់ ។ ប៉ុន្តែគេនៅតែមិនយល់ ប្រសិនបើព្រះតេជគុណ ទឹម សាខន បានឆ្លងដែនចូលប្រទេសយួនខុសច្បាប់ ហេតុអីនៅក្នុងលិខិតដោះលែងចេញពីពន្ធនាគារ ដែលចុះហត្ថលេខាដោយឈ្មោះ ឡេ ហ្វង់ម៉ុង បែរជាថាព្រះតេជគុណ ទឹម សាខន មានសញ្ជាតិយួន ។ ក្រៅពីអះអាងថា ព្រះតេជគុណ ទឹម សាខន មានសញ្ជាតិយួន លិខិតដោះលែងនេះ នៅបញ្ជាឲ្យព្រះតេជគុណ ទឹម សាខន ទៅបង្ហាញខ្លួននៅឯប្រទេសកម្ពុជាយ៉ាងក្រឡេះខេះទៅវិញ ។
បន្ទាប់ពីមានការផ្សព្វផ្សាយថា អាជ្ញាធរយួនបានចេញលិខិតមួយដោះលែងព្រះតេជគុណ ទឹម សាខន ចេញពីគុក ថ្មី ៗ នេះមានដំណឹងថា ព្រះតេជគុណ ទឹម សាខន ត្រូវបានបាត់ខ្លួន ហើយសព្វថ្ងៃគេមិនឃើញព្រះអង្គស្នាក់នៅឯឃុំបាជុក ស្រុកស្វាយទងដូចមុនទៀតឡើយ ។
លោក ចៅ បាន ប្អូនប្រុសបង្កើតព្រះតេជគុណ ទឹម
សាខន បានមានប្រសាសន៍ឲ្យដឹងថា សព្វថ្ងៃព្រះតេជគុណ ទឹម សាខន មានជំងឺប្រចាំកាយមិនទាន់ព្យាបាលនៅឡើយ ហើយមានប៉ូលិសយួនតាមឃ្លាំមើលគ្រប់ជំហាន ទោះបីពេលនេះព្រះអង្គមិនកំពុងឋិតក្នុងឃុំបាជុកទៀតក៏ដោយ ។ លោក ចៅ បានបញ្ជាក់ថា ពេលនេះមានដំណឹងថា ព្រះអង្គកំពុងស្នាក់នៅក្នុងកូនខ្ទមចំការស៊ូមួយរបស់ជនជាតិយួនម្នាក់លើភ្នំពពាល ក្នុងស្រុកក្របៅ ខេត្តមាត់ជ្រូកដដែល ដោយមានការយាមកាងយ៉ាងតឹងរឹងបំផុតពីសំណាក់អាជ្ញាធរយួន ។ មូលហេតុដែលព្រះតេជគុណ ទឹម សាខន រត់ចេញពីផ្ទះសាច់ញាតិនៅឃុំបាជុក លោក ចៅ បាន មិនបានបញ្ជាក់ឲ្យច្បាស់ទេ ប៉ុន្តែលោកប្រាប់ថា ខណៈពេលរស់នៅក្នុងផ្ទះសាច់ញាតិ ព្រះតេជគុណ ទឹម សាខន ទទួលរងគំនាបទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសខ្លាចនាំការលំបាកដល់ក្រុមគ្រួសារអ៊ុំ ទើបព្រះអង្គសំរេចចិត្តវេចបង្វេចដើរចេញ ។ ចំពោះរឿងនេះ គ្មាននរណាដឹងថា នេះគឺជាល្បិចរបស់យួនដើម្បីជំរុញឲ្យ ព្រះតេជគុណ ទឹមសាខន ទៅរស់នៅតែលតោល ទាំងមានជំងឺរាំងរៃយ៉ាងណានោះឡើយ ។ ប៉ុន្តែគេគ្រាន់តែដឹងថា សព្វថ្ងៃនេះព្រះអង្គស្នាក់នៅក្រោមដំបូលខ្ទមយួនក្នុងចំការស៊ូមួយលើភ្នំពពាល ដោយមានទាំងក្រុមប៉ូលិសរបស់អាជ្ញាធរនៅជាមួយទាំងថ្ងៃទាំងយប់ ។
ថ្មី ៗ នេះដែរ លោកតា ទឹម ធៀង ឪពុកព្រះតេជគុណ ទឹម សាខន បានសរសេរលិខិតមួយច្បាប់ទូលថ្វាយព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ឲ្យជួយធ្វើអន្តរាគមន៍ ដើម្បីឲ្យមានការបញ្ជូនព្រះតេជគុណ ទឹម សាខន
ត្រឡប់ទៅប្រទេសកម្ពុជាវិញ ។ ប៉ុន្តែមកដល់ពេលនេះពុំទាន់មានកិច្ចអន្តរាគមន៍ណាមួយនោះទេ ។ ចំណែកលោក អាង ច័ន្ទរិទ្ធ ប្រធានអង្គការខ្មែរកម្ពុជាក្រោមការពារសិទ្ធិមនុស្ស បានឲ្យដឹងពីគោលជំហររបស់លោក និងអង្គការ-សមាគមនានាបន្តទៀត ក្រោយភាពស្ងប់ស្ងាត់ នៃការស្នើសុំមកសាកសួរសុខទុក្ខព្រះតេជ-គុណ ទឹម សាខន ថា “យើងរង់ចាំមើលលិខិតមួយ ដែលឪពុក
ព្រះតេជគុណ ទឹម សាខន ថ្វាយជូនព្រះមហាក្សត្រខ្មែរហ្នឹងជួយធ្វើអន្តរាគមន៍លើករណីហ្នឹង ហើយយើងក៏ស្នើសុំខាងក្រសួងការបរទេសរបស់ខ្មែរយើងឲ្យគេជួយអន្តរាគមន៍ ។ ប្រសិនបើយើងមិនឃើញមានការឆ្លើយតបទេ យើងនឹងធ្វើលិខិតមួយផ្សេងទៀតដាក់ជូនទៅអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដើម្បីឲ្យគេជួយធ្វើអន្តរាគមន៍លើករណីព្រះអង្គ ដើម្បីឲ្យព្រះអង្គបានរួចចេញពីការឃុំឃាំងក្នុងផ្ទះ ក្រោយពីដោះលែងចេញពីពន្ធនាគារ” ។ លោក អាង ច័ន្ទរិទ្ធ បានអំពាវនាវដល់រាជរដ្ឋាភិបាលខ្មែរឲ្យយកចិត្តទុកដាក់លើករណីនេះ ព្រោះការឃុំឃាំងប្រជាពលរដ្ឋរបស់ខ្លួន គឺជាការរំលោភលើសិទ្ធិបុគ្គល រដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាផ្សេង ៗ ដែលយើងបានចុះកិច្ចសន្យា ។
ព្រះតេជគុណ ទឹម សាខន ព្រះចៅអធិការវត្តភ្នំដិនខាង ជើង ស្រុកគិរីវង្ស ខេត្តតាកែវ ត្រូវបានអាជ្ញាធរខ្មែរចាប់ផ្សឹកទាំងកំរោលតាមបញ្ជាស្តេចសង្ឃ ទេព វង្ស កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៧ រួចបញ្ជូនទៅដាក់គុកនៅទីក្រុងបារាជ ។ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ តុលាការយួនកាត់ទោសព្រះអង្គឲ្យជាប់គុកមួយឆ្នាំ ។ សេចក្តីសំរេចរបស់តុលាការយួនបានធ្វើឲ្យមន្រ្តីអង្គការសិទ្ធិក្នុងប្រទេសកម្ពុជា និងមន្រ្តីសិទ្ធិមនុស្សអន្តរជាតិមួយចំនួនរិះគន់យ៉ាងខ្លាំង ព្រោះការពិត ព្រះតេជគុណ ទឹម សាខន មិនបានប្រព្រឹត្តកំហុសដូចដែលរដ្ឋាភិបាលកម្ពុជា និងយួនប្រឌិតរឿង ចោទប្រកាន់ទាំងអយុត្តិធមិនោះឡើយ ។
នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០០៧ កាសែតយួនឈ្មោះកឹង ថើ បានធ្វើការចុះផ្សាយថា រាជរដ្ឋាភិបាលកម្ពុជា គឺជាអ្នកនិរទេស ទឹម សាខន ឲ្យអាជ្ញាធរយួនដាក់គុក ។ ការចុះផ្សាយចំ ៗ បែបនេះ ធ្វើមជ្ឈដ្ឋានខ្លះវាយតំលៃថា រដ្ឋាភិបាលខ្មែរបច្ចុប្បន្ន នៅតែស្ថិតក្រោមឥទ្ធិពលរបស់បក្សកុម្មុយនិស្តយួន ដូចទសវត្សរ៍ ឆ្នាំ ១៩៨០ ដដែល ។
សូមបញ្ជាក់ដែរថា បន្ទាប់ពីរដ្ឋាភិបាលយួនធ្វើការដោះលែងព្រះតេជគុណ ទឹម សាខន ចេញពីគុកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០០៨ រដ្ឋាភិបាលកុម្មុយនិស្តយួនបានចាត់ឲ្យមនុស្សមួយក្រុមនាំព្រះអង្គ ដើរមើលស្រុកទេសអស់រយៈពេលមួយខែ ។ នៅដើមខែសីហា ឆ្នាំ ២០០៨ ព្រះតេជគុណ ទឹម សាខន ត្រូវបានគេឃើញព្រះអង្គបង្ហាញខ្លួននៅឯភូមិបាជុក ស្រុកស្វាយទង ខេត្តមាត់ជ្រូក ដោយរួមមានទាំងក្រុមប៉ូលិសខ្មែរ-យួនតាមយាមកាងទាំងថ្ងៃទាំងយប់ទៀតផង ។ ចំពោះទង្វើបែបនេះត្រូវបានមន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការសិទ្ធិមនុស្សនានាលើពិភពលោកចាត់ទុកថា ព្រះតេជគុណ ទឹម សាខន នៅតែបន្តជាប់គុកដដែល តែនេះជាគុកឥតជញ្ជាំង ។ ក្រោយពីបានរស់នៅជាមួយអ៊ុំឯភូមិបាជុក ស្រុកស្វាយទង អស់រយៈពេលប្រមាណមួយខែ បច្ចុប្បន្ននេះមានដំណឹងថា ព្រះអង្គកំពុងស្នាក់នៅលើភ្នំពពាល ស្រុកក្របៅ ។ គេមិនដឹងថា តើថ្ងៃក្រោយព្រះអង្គត្រូវគេនាំទៅណា ឬមានអ្វីកើតឡើងព្រះអង្គចំពោះទៀតទេ? ៕.