ព្រះចៅអធិការវត្តតាសេកជំទាស់ការផ្សឹកព្រះតេជព្រះគុណ ថាច់ ធឿន

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅព្រឹកថ្ងៃទី ០១ ខែសីហា នេះ ក្រុមមន្រ្តីសង្ឃ ខ្មែរក្រោម ដែលជាកម្មាភិបាលបក្សកុម្មុយនិស្ត វៀតណាម បានចូលទៅវត្តសេរីតាសេក ដើម្បីចាប់ ព្រះតេជ ព្រះគុណ ថាច់ ធឿន ផ្សឹកហើយ ក្រោយ ពីពួកគេ បានចេញសេចក្ដីប្រកាសមួយចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១២ នេះ ថា នឹង ចាប់ព្រះអង្គផ្សឹក ឲ្យបានក្នុងអំឡុងពេល ០៣ ថ្ងៃចាប់ពីថ្ងៃចុះ ហត្ថលេខា ។ យោងតាមសេចក្ដជូនដំណឹងពី ព្រះតេជព្រះគុណ សួន បូរ៉ា គង់នៅប្រទេសអូស្ត្រាលី តាមរយៈ អ៊ីមែលដែល សារព័ត៌មាន ព្រៃនគរ ទទួលបាននៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី ០១ ខែសីហា នេះ ថា ” វេលាចុងក្រោយសម្រាប់ការចាប់ផ្សឹកព្រះតេជព្រះគុណ ថាច់ ធឿន បានមក ដល់ហើយ ។ ពេលនេះអាជ្ញាធរយួនព្រមទាំងមន្រ្តីសង្ឃខេត្តបាននាំគ្នា ចូលទៅកាន់វត្តសេរីតា សេក ដើម្បីចាប់ព្រះតេជ ព្រះគុណ ថាច់ ធឿន ផ្សឹកហើយ ។ ហើយគេបាននិយាយទៀតថា បើ ព្រះតេជព្រះគុណ ថាច់ ធឿន មិនព្រមសឹកទេនោះ គេនឹងចាប់បកស្បង់ ចីវរ បោះឡើងឡាន ដោយកងកម្លាំងរបស់គេ ” ។

មិនទទួលស្គាល់ជាព្រះសង្ឃព្រោះបំពានធម្មនុញ្ញសមាគមសង្ឃវៀតណាម៖

តាមលិខិតមួយច្បាប់ចេញដោយគណៈកម្មការប្រតិបត្តិព្រះពុទ្ធសាសនាវៀតណាមខេត្តឃ្លាំង ចុះថ្ងៃទី ២៨ ខែកក្កដា បានសម្រេចថា “មិនទទួលស្គាល់ ព្រះភិក្ខុ ថាច់ ធឿន ប្រសូតឆ្នាំ ១៩៨៥ នៅវត្តតាសេក ឃុំវិញហាយ (Vinh Hai ) ស្រុកជ្រោយញរ (Vinh Chau) ខេត្តឃ្លាំង ថាជាព្រះ សង្ឃនៃសមាគមព្រះពុទ្ធ សាសនាវៀតណាមទៀតទេ ” ។

លិខិតដែលអាជ្ញាធរវៀតណាមចេញចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១២ ថា នឹងចាប់ផ្សឹកព្រះភិក្ខុ ថាច់ ធឿន ។

មិនបានបញ្ជាក់ពីកំហុសច្បាស់លាស់៖

លិខិតនេះបានបញ្ជាក់អំពីមូលហេតុដែលចាប់ព្រះភិក្ខុ ថាច់ ធឿន ផ្សឹកថា ” បានបំពានធម្មនុញ្ញ និងលក្ខន្តិកៈនៃ សមាគមព្រះពុទ្ធសាសនាវៀតណាម  និងបានបំពានឱវាទ, ព្រះវិន័យនៃព្រះពុទ្ធ សាសនាគណៈថេរវាទវាទខ្មែរ” ។

ព្រះភិក្ខុ ថាច់ ធឿន បានច្រានចោលការចោទប្រកាន់ខាងលើថា ការចោទប្រកាន់ពីក្រុមមន្រ្តីសង្ឃ ដែលមាន អាជ្ញាធរវៀតណាមនៅពីក្រោយនេះ មិនមានមូលដ្ឋាន និងភស្តិ៍តាងច្បាស់លាស់ ឡើយ ” មូលហេតុ [នៃការ ចោទប្រកាន់] ខាងលើអាត្មាភាពមិនទទួលស្គាល់ទេ ។ ប្រសិនបើ អាត្មាភាពធ្វើខុស ក្រុមមន្ត្រីសង្ឃត្រូវបញ្ជាក់ ឲ្យបានច្បាស់ថា អាត្មាភាពខុសត្រង់ចំណុចណាដែល អាត្មាភាពធ្វើខុស, បើអាត្មាភាពបំពានព្រះពុទ្ធោវាទ ក៏គួរតែសរសេរឲ្យបានច្បាស់ថា ខុសត្រង់ មាត្រាទីប៉ុន្មានដែរ ។ ក្នុងករណីអាត្មាភាពបំពាន នឹងច្បាប់ប្រទេស វៀតណាម អាជ្ញាធរវៀតណាម ក៏ដូចជានគរបាលខេត្ត ក៏ត្រូវតែបញ្ជាក់ឲ្យបានច្បាស់ថា អាត្មាភាពខុសកន្លែង ណាដែរ ។ ប្រសិន បើអាត្មាភាពធ្វើខុស គឺអាត្មាភាពសឹកដោយអង្គឯង មិនចាំបាច់មានអ្នកមកចាប់បង្ខំឡើយ ។ នេះបើយោងតាថេរដីការបស់ព្រះតេជព្រះគុណ ថាច់ ធឿន បានប្រាប់វិទ្យុអាស៊ីសេរីផ្នែកភាសាវៀតណាម ចេញផ្សាយកាលពីថ្ងៃទី ៣១ ខែកក្កដា ម្សិលមិញនេះ ។

មិនបានបំពានវិន័យ៖

ព្រះតេជព្រះគុណ លឺវ នី ព្រះចៅអធិការវត្តសេរីតាសេក បានថ្លែងជំទាស់ចំពោះសេចក្ដីសម្រេចរបស់ សមាគមសង្ឃវៀតណាមថា ព្រះតេជព្រះគុណ ថាច់ ធឿន មិនមានទោសគួរដល់ចាប់ផ្សឹក ទេ ព្រោះព្រះតេជ ព្រះគុណ ថាច់ ធឿន មិនបានត្រូវអាបត្តិបរាជិកក្នុងវិន័យព្រះពុទ្ធសាសនាឡើយ។

ព្រះតេជព្រះគុណ ឡឺវ នី ថ្លែង ថា៖ “តាមអាត្មាភាព ព្រះតេជព្រះគុណ ថាច់ ធឿន មិនសមនឹងចាប់ ផ្សឹកទេ ។ បំពានឹងព្រះវិន័យទាំង ០៤ ប្រការ គឺ សម្លាប់មនុស្ស, លួចទ្រព្យគេ , សេពមេថុនធម្ម និង និយាយឧត្តរិ- មនុស្សធម្ម ទើបត្រូវចាប់ផ្សឹង” ។

ដើម្បីបំបាក់ស្មារតីព្រះសង្ឃខ្មែរក្រោម៖

លោក ត្រឹង ម៉ាន់ រិន្ទ នាយកផែនការណ៍សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា ការចាប់ព្រះតេ ព្រះគុណ ថាច់ ធឿន ផ្សឹកនេះ ជាការគំរាមកំហែងបំបាក់ស្មារតីព្រះសង្ឃខ្មែរក្រោមដែលមានអាជ្ញា ធរវៀតណាម នៅពី ក្រោយខ្នង ។

លោក ម៉ាន់ រិន្ទ ថ្លែងថា៖ “ព្រះសង្ឃដែលធ្វើការនៅក្នុងសមាគមព្រះពុទ្ធសាសនាវៀតណាមនោះ ជាមនុស្ស ដែលអាជ្ញាធរវៀតណាមបានបន្តុបឡើង ដើម្បីធ្វើអ្វីទៅតាមអ្វីដែលបក្សកុម្មុយនិស្តចង់ បាន ។  ខ្ញុំចាត់ទុកថា នេះជា អំពើភេរវកម្មមួយដើម្បីបំបាក់ស្មារតីព្រះសង្ឃខ្មែរក្រោម…” ។

សូមបញ្ជាក់ថា នៅកម្ពុជាក្រោម បច្ចុនប្បន្ន រចនាសម្ព័ន្ធដឹកនាព្រះពុទ្ធសាសនា ឋិតនៅក្រោមសមាគម ព្រះពុទ្ធសាសនាវៀតណាម (Giao Hoi Phat Giao Viet Nam) ដែលជាសមាគមមួយបាន បង្កើតឡើង ដោយរណសិរ្សមាតុភូមិវៀតណាម ហើយរណសិរ្សមាតុភូមិវៀតណាមឋិតនៅក្រោម បក្សកុម្មុយនិស្តវៀតណាម ។

ព្រះសង្ឃខ្មែរក្រោមជាញឹកញាប់ត្រូវបានអាជ្ញាធរវៀតណាមចាប់ផ្សឹកនិងដាក់ពន្ធនាគារ ដូចជា កាលពីឆ្នាំ ២០០៧ ព្រះតេជព្រះគុណ ទឹម សាខន អតីតព្រះចៅអធីការវត្តភ្នំដិនខាងជើង នៃខេត្ត តាកែវ ត្រូវបាន មន្រ្តីសង្ឃខ្មែរនៃប្រទេសកម្ពុជាចាប់ផ្សឹក ហើយបញ្ជូនទៅដាក់គុកយួននៅខេត្តមាត់ ជ្រូក ឬ ខេត្តអាងយ៉ាង និង ព្រះសង្ឃទាំង ៥ អង្គនៅខេត្តឃ្លាំងត្រូវបានចាប់ផ្សឹកហើយដាក់គុកពី ២ ទៅ ៤ ឆ្នាំ ក្រោយពីសមណសិស្សជាង ២០០ អង្គ នៃសាលាមធ្យមសិក្សាបំពេញវិជ្ជាណាមបូ ឬ អតីតសាលាបាលីជាន់ខ្ពស់ខេត្តឃ្លាំង បានធ្វើបាតុកម្ម នៅមុខការិយាល័យនគរបាលវៀតណាម ខេត្តឃ្លាំងកាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ កន្លងទៅនេះ ៕