ព្រឹទ្ធាចារ្យ និង ស៊ិន សង្ឃឹមចំពោះយុវជន ខ្មែរក្រោម ទាំងព្រះសង្ឃ ទាំងគ្រហស្ថជាទំពាងល្អស្នងឬស្សី

ដោយ៖ ហៅ ឈូនលី/VOKK

ក្នុងឱកាស បង្សុកូលឧទ្ទិសកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធអង្គសម្ដេចឪ និង ប្រគេនវិញ្ញាណក្ខន្ធព្រះមហាយឿង សិន ស្ថាបនិកសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម និងវត្តសាមគ្គីរង្សី ។ ព្រឺទ្ធាចារ្យ និង ស៊ិន អតីតអ្នកដំណាងរាស្រ្តកម្ពុជា មានដើមកំណើតខ្មែរក្រោម បានមានប្រសាសន៍ថា លោក សង្ឃឹមចំពោះយុវជនខ្មែរក្រោមទាំងព្រះសង្ឃ ទាំងគ្រហស្ថជាទំពាងល្អស្នងឬស្សី ។ពិធីនេះប្រារព្ធធ្វើនៅវត្តសាមគ្គីរង្សីមជ្ឈមណ្ឌលខ្មែរក្រោម នាទីក្រុងភ្នំពេញ កាលពីល្ងាច ថ្ងៃទី ១៣ មរា ឆ្នាំ២០១៣ ដែលមានពុទ្ធបរិស័ទទាំងខ្មែរក្រោម ខ្មែរកណ្ដាល និងថ្នាក់ដឹកនាំអង្គការសមាគមខ្មែរក្រោម ចូលរួមផងប្រមាណជា ៥០ នាក់ ។ អង្គពិធីក្រៅពីបង្សុកូលឧទ្ទិសកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធអង្គសមដេចឪ និង ប្រគេនវិញ្ញាណក្ខន្ធព្រះមហាយឿង សិន ហើយនិងការប្រគេនភេសជ្ជៈ ប្រគេនទយវត្ថុ ដល់ព្រះសង្ឃ ៨៩ ព្រះអង្គ និងប្រគេនប្រាក់សំរាប់កសាងវត្ត​ចំនួន​ ២០០ ដុល្លា ក៏នៅមានការជប់លៀងជាបបរគ្រឿងយ៉ាងឆ្ងាញ់ពិសារដល់ភ្ញៀវចូលរួមទៀតផង។

ព្រឺទ្ធាចារ្យ និង ស៊ិន បានឲ្យដឹងថា ទ័យវត្ថុដែលធ្វើបុណ្យ ថ្ងៃនេះ ដែលគិតជាសាច់ប្រាក់មានចំនួន ៦០០ ដុល្លា មិនមែនជារបស់លោកផ្ទាល់ទាំងអស់នោះទេ គឺមានការរួមចំណែកពីបងប្អូនរបស់លោកចំនួន ៨០ដុល្លា ក្រៅពីនេះក៏នៅការចូលបំពេញកុសល់ជាសៀវភៅអាន ដែលមានចំណងជើងថា “និព្វានគឺជាអ្វី”ចំនួន ២៥០ក្បាលរបស់ព្រឹទ្ធាចារ្យ ឈុន​គឹម អៀត អតីតនិស្សិតអនុបរិញ្ញាប័ត្រ នៃមហាវិទ្យល័យទីក្រុងឡង់ប៊ិច រដ្ឋកាលីហ្វរនីញ៉ា សរអ ។ ឆ្លៀតក្នុងឱកាសឧទ្ទិសកុសលផលបុណ្យនេះ ព្រឺទ្ធាចារ្យ និង ស៊ិន បានមានមតិសំណេះសំណាល និងជនរួមជាតិ ដោយដក់ជាប់នៅក្ដីសង្ឃឹមចំពោះយុវវ័យ ក្នុងការជួយស្រោចស្រង់ខ្មែរនៅដែនដីកម្ពុជាក្រោម ដែលកំពុងស្ថិតនៅក្នុងភាពបាត់បង់។