ថ្មីៗនេះ វត្តក្រពុំឈូក (ក្នក) ស្ថិតនៅទិស ខាងលិចចម្ងាយប្រមាណជា
៨ គីឡូម៉ែត្រពីទីរួមខេត្តព្រះត្រពាំង បានប្រារព្ធធ្វើពិធីបុណ្យ “បញ្ចុះសីមា”
យ៉ាងមហោឡារិកអធិកអធ័ម ដោយមានមានពុទ្ធបរិស័ទខ្មែរក្រោមមក
ចូលរួមបំពេញកុសល និង កំសាន្តសប្បាយប្រជ្រៀតគ្នាយ៉ាងកុះករទាំង
ខាងក្នុងទីធ្លាវត្ត ក៏ដូចជានៅតាមដងវិថីចូលវត្ត បើតាមការប៉ាន់ស្មាន
របស់បងប្អូនខ្មែរក្រោមភាគច្រើនបានវាយតម្លៃថា បណ្តាមនុស្សដែល
បានមកចូលរួមក្នុងពិធីបុណ្យនេះ ច្រើនលើសលប់ជាង បុណ្យបញ្ចុះ
សីមានៅវត្តនានាកាលពីឆ្នាំមុនៗ គឺក្នុង ៣ រាត្រីបើគិតជាមធ្យមភាគ
មានមនុស្សមកចូល រួមប្រមាណជាង ៤ ម៉ឺននាក់ ។
ជាពិសេស ក៏
មាន មន្រ្តីរាជការ និងពុទ្ធបរិស័ទខ្មែរដែលបានអញ្ជើញ មកពីប្រទេស
កម្ពុជាផងដែរ ។ មិនតែប៉ុណ្ណោះ ក្រុមសិល្បៈអង្គរក្សរបស់លោក ហ៊ុន
សែន នាយក រដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ក៏បានអញ្ជើញមកសម្តែងកំដរ
ក្នុងពិធីបុណ្យនេះដែរ ។
វត្តក្រពុំឈូក (ក្នក) នេះ ជាឈ្មោះដែលគេ និយមហៅតាមឈ្មោះ
ស្រុក តែដែលមានពាក្យថា “ក្នក” ភ្ជាប់ខាងចុងផង គឺ ជាឈ្មោះភូមិ
មួយដែលខ្មែរយើងធ្លាប់ហៅតៗគ្នាតាំងពីដើមមក ។ វត្តក្រពុំឈូក
(ក្នក) ស្ថិតនៅភូមិក្នក(យួនៈTrà Nóc) ស្រុកកំពង់ធំ (យួនៈChâu
Thành ) ទីរួមខេត្តព្រះត្រពាំង ។ បានប្រារព្ធពិធីបុណ្យបញ្ចុះសីមា
ចាប់ តាំងពីថ្ងៃ ១0 រោច ខែផល្គុន ឆ្នាំជូតសំរិទ្ធិសក ព.ស.២៥៥២
ត្រូវនិងថ្ងៃទី ២0 ខែមិនា គ.ស ២០០៩ ។
កម្មវិធីបុណ្យបានចាប់ដើមពីថ្ៃងសុក្រ ១០ រោច ខែផល្គុន ឆ្នាំជូត
សំរិទ្ធិសក ព.ស២៥៥២ ត្រូវនិង ថ្ងៃទី ២០ ខែមិនា គ.ស២០០៩
ពេលព្រឹកប្រគេន ភត្តដល់ព្រះសង្ឃ លុះដល់ម៉ោង ៨.៣០ នាទី បាន
ចាប់ផ្តើមកម្មវិធីកាត់ខ្សែបូរួចរាល់ ក៏មានពិធីបដិ សណ្ឋារកិច្ចចំពោះ
ភ្ញៀវកិត្តិយសផ្នែកខាងស្ថាប័នរដ្ឋ និងព្រះសង្ឃខ្មែរក្រោមទាំងក្នុងនិង
ក្រៅខេត្ត រហូត ដល់រាត្រីប្រារព្ធពុទ្ធសាសននិយមកិច្ចនិងពិធីពុទ្ធាភិសេក ។
ថ្ងៃសៅរ៍ ១១ រោចខែឆ្នាំដដែល ព្រឹកប្រគេន ភត្ត ដល់ព្រះសង្ឃ និង
ធ្វើបដិសណ្ឋារកិច្ចដំណើរនិមន្ត និង អញ្ជើញ មករបស់ព្រះសង្ឃ
និងពុទ្ធ បរិស័ទ រហូតដល់ម៉ោង ៥ រសៀល ។
ពេលរាត្រី មានពិធីសម្តែងធម្មទេសនា ដោយ ព្រះឧបជ្ឈាយ៍ ថាច់
អង ព្រះមេគណរងនៃខេត្ត ព្រះត្រពាំង និងជាព្រះចៅអធិការ វត្ត
ទេពឧទ្យាន (តាដេវ) ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។
ថ្ងៃអាទិត្យ ១២ រោចខែ ឆ្នាំដដែល ព្រឹកប្រគេន ភត្តដល់ព្រះសង្ឃ
ទទួលធ្វើបដិសណ្ឋារកិច្ចដំណើរ និមន្ត និងអញ្ជើញមករបស់ព្រះ
សង្ឃនិងពុទ្ធបរិស័ទ រហូតដល់ម៉ោង ៥ រសៀល។
ពេលរាត្រី មានពិធីសម្តេអធម្មទេសនាដោយ ព្រះឧបាលីវង្ស សរ ប៊ុណ្ណា
រាជាគណៈថ្នាក់ត្រីអធិការកិច្ចការសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និង
ជាព្រះគ្រូចៅអធិការ វត្តវេលុការាម ហៅវត្តព្រែក ឫស្សី ។ ដល់ម៉ោង ១១
ធ្វើ សង្ឃកម្មនិង កាត់ឫសសីមា សម្រេចកម្មវិធីបុណ្យ ។
សូមបញ្ជាក់ផងដែរ ជារៀងរាល់រាត្រី មានក្រុម សិល្បៈអង្គរក្សរបស់
លោក ហ៊ុន សែន មកពីព្រះ រាជាណាចក្រកម្ពុជា រួមជាមួយ ក្រុម
សីល្បៈ រស្មីប្រទីប និងក្រុមសិល្បៈត្រេវអាង នៃខេត្តព្រះត្រពាំង
សម្តែងកំសាន្តជូនទស្សនារហូតទល់ភ្លឺ ។
អ្នកផ្តើមបុណ្យ៖
១- លោក ឧត្តមសេនីយ៍ឯក ហ៊ីង ប៊ុន ហៀង និងលោកស្រី ប៉ែន
ចន្នី ព្រមទាំងបុត្រធីតា ។
២- មហាឧបាសក ត្រឹម បេ និង មហាឧបាសិកា យៀង ដុង អាញ់
ព្រមទាំងបុត្រធីតា ។
៣- លោក ឧត្តមសេនីយ៍ឯក ឌៀង សារុន និង លោកស្រី គឹម សុភិន
ព្រមទាំងបុត្រធីតា ។
៤- ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃគ្រប់ព្រះអង្គ ក្នុង វត្តក្រពុំឈូក (ក្នក) ។
៥- គណៈកម្មការអាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត
ទាំងមូល ។
សូមបញ្ជាក់ វត្តក្រពុំឈូក (ក្នក) ឋិតនៅភូមិ ក្នក ឃុំអូរចាក ស្រុក
កំពង់ធំ ខេត្តព្រះត្រពាំង បាន កកើតឡើង នៅឆ្នាំ ១៦៥៥ ៕
អត្ថបទ៖ សារពត៌មានព្រៃនគរ.