ការប្រារព្ធពិធីបុណ្យខួប ៦៣ ឆ្នាំ ៤ មិថុនា ១៩៤៩- ៤ មិថុនា ២០១២ ត្រូវបានធ្វើឡើងប្រកបដោយជោគ ជ័យ គួរឱ្យមោទនភាពក្រៃលែង កាលពីព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១២ នៅផ្លូវសុធារស់ ឋិតនៅសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភំ្នពេញ ដែលបានរៀបចំ ដោយអង្គការសមាគមខ្មែរកម្ពុជា ក្រោម ប្រចាំព្រះរាជណាចក្រកម្ពុជា ក្រោមព្រះអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់ម្ចាស់ក្សត្រីយ៍ ពង្សនារី មុនីពង្ស ព្រះរាជតំណាងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី។ ក្នុងពិធីបុណ្យសង្កេតមានអ្នកតំណាងរាស្រ្តអញ្ជើញចូលរួមជាគណអធិបតី ប្រមាណ ១៣ រូប ក្នុងនោះមាន លោក អ៊ូ ច័ន្ទរិទ្ធ តំណាងឱ្យគណបក្សសិទ្ធិមនុស្ស និងលោក គង់ គាំ តំណាងឱ្យគណបក្សសមរង្ស៊ី ដែលបានអញ្ជើញចូលរួមជាអធិបតីផងដែរ ។ ក្នុងពិធីទាំងមូលសង្កេតឃើញមានព្រះសង្ឃ និងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និមន្ត និងអញ្ជើញចូលរួមប្រមាណជាង ២០០០ អង្គ/នាក់ ។
ថ្លែងមតិស្វាគមន៍ភ្ញៀវកិត្តិយសចូលរួមក្នុងពិធី ឯកឧត្តម សឺន ស៊ូប៊ែរ្តិ៍ ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជា ប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍ខ្មែរកម្ពុជាក្រោម បានថ្លែងនូវខ្លឹមសារសំខាន់ថា ការឈឺចាប់របស់បងប្អូន ខ្មែរកម្ពុជាក្រោម គឺជាការឈឺចាប់របស់បងប្អូនខ្មែរយើងទាំងអស់គ្នា ដោយសារបារាំង បានកាត់ទឹកដីនៃ កម្ពុជាក្រោម ទៅឱ្យរដ្ឋាភិបាលវៀតណាមធ្វើអាណានិគមនបន្ត ។ ទាក់ទងទៅបញ្ហានេះ បារាំងត្រូវតែ ទទួលខុសត្រូវចំពោះរឿងនេះ ដូច្នេះយើងត្រូវតែធ្វើការជាមួយបារាំង ដើម្បីអន្តរាគមន៍នូវការឈឺចាបរបស់យើង ។
ថ្លែងចំណាបអារម្មណ៍ក្នុងពិធី ឯកឧត្តម គង់ គាំ តំណាងគណបក្សសមរង្ស៊ី បានលើកឡើងនូវខ្លឹមសារថា កម្ពុជាក្រោម កម្ពុជាកណ្តាល កម្ពុជាលើ គឺជាខ្មែរតែមួយ ។ ឯកឧត្តម បានថ្លែងទៀតថា“ខ្ញុំ មានការសោកស្តាយ យ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានការរឹតបន្តឹង ចំពោះបងប្អូនខ្មែរក្រោម នៅពេលដែល សុំការអនុញ្ញាតិរៀបចំពិធីនេះម្តងៗ ដោយមិនបានគិតថាជាសាច់ឈាម របស់ខ្លួនកំពុង បានភាសខ្លួនមក រស់នៅលើទឹកដីកម្ពុជាដែលជាទីពឹងឡើយ”។
ឯកឧត្តមបានស្នើតាមរយៈ ព្រះរាជតំណាង ទូលថ្វាយព្រះមហាក្សត្រ ព្រះរាជអន្តរាគមន៍ទៅរាជរដ្ឋាភិបាលផ្តល់សិទ្ធិពេញលេញដល់បងប្អូនខ្មែរក្រោម ដែលបានឡើងមករស់នៅកម្ពុជាកណ្តាល និងសិទ្ធិជា អាទិភាព សម្រាប់អង្គការសមាគមខ្មែរកម្ពុជាក្រោមរៀបចំពិធីនេះជារៀងរាល់ឆ្នាំនៅថ្ងៃ ៤ មិថុនា ដោយមិនបាច់សុំការអនុញ្ញាតិច្បាប់ នៅទីកន្លែងសាធារណៈឡើយ ។
ថ្លែងចំណាប់អារម្មណ៍ក្នុងពិធីនោះដែរ ឯកឧត្តម អ៊ូ ច័ន្ទរិទ្ធិ តំណាងគណបក្សសិទ្ធិមនុស្ស បានថ្លែងនូវខ្លឹមសារ សំខាន់ៗថា៖ ផ្អែកទៅតាមការស្នើទៅរាជរដ្ឋាភិបាល ឱ្យដាក់បញ្ចូលថ្ងៃ៤ មិថុនា គឺជាថ្ងៃបុណ្យជាតិកាន់ទុក្ខ របស់ខ្មែរក្រោម ដែលសុន្ទរកថារបស់ឯកឧត្តម ថាច់ សេដ្ឋា បានលើកឡើងនោះ ក្នុងនាមគណបក្សសិទ្ធិមនុស្ស និងឯកឧត្តមផ្ទាល់ សូមចូលរួមសំដែងកាគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើនេះ ។
នៅក្នុងកម្មវិធី សង្កេតឃើញមានវេទិកាសំណួរចំលើយរបស់អ្នកចូលរួមទៅកាន់វាគ្មិនជាគណអធិបតីវេទិកានោះ ឃើញមានសំណួរចំនួនដែលអ្នកចូលរួម បានសួរទៅកាន់គណអធិបតី ក្នុងនោះនិស្សិតឈ្មោះ សឺន ចែងចើន បានលើកឡើងនៅសំណួរថា៖
១. ក្រោយថ្ងៃ៤ មិថុនា ឆ្នាំ១៩៤៩ តើកាលនោះនៅកម្ពុជាយើងមានបានធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលបារាំង ដើម្បីទាមទារមកវិញទេ? បើបានធ្វើ តើមានលទ្ធផលយ៉ាងណាខ្លះ? បើមិនបានធ្វើវិញតើយើងមានបានដឹង ពីមូលហេតុទេ?
២. បើតាមខ្ញុំដឹងថា តាមរយៈពិធីបុណ្យនេះ យើងមានបានដាក់ញាតិជាច្រើនលើកទៅរដ្ឋាភិបាលបារាំង ដើម្បីស្នើឱ្យលុបក្រិត្យលេខ៤៩/៧៣៣ ចោល ហើយបើតាមឭពត៌មានថា បារាំងគេមិន ទទួលខុសត្រូវទេ ពីព្រោះគេយកលេសថា កាលគេធ្វើអាណានិគមកាលនោះ មិនបានឃើញខ្មែរយើងជាអ្នកគ្រប់គ្រងដែនដីកម្ពុជាក្រោម ទេ តើនេះជារឿងពិត ឬយ៉ាងណា?
៣. រីឯយុវជន យ័ញសេរី បានលើកឡើងនៅសំណួរថា បើតាមខ្ញុំស្តាប់នូវសុន្ទរកថាដែលបានថ្លែងអម្បិញមិញនេះ ឭថាក្រោយពីរដ្ឋាភិបាលវៀតណាម បានធ្វើអាណានិគមមក បងប្អូនខ្មែរក្រោមយើង នៅឯកម្ពុជាក្រោម ត្រូវបានរំលោភសិទ្ធិ គាប សង្កត់ ធ្វើទុក្ខយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រជាជន និងរដ្ឋាភិបាលវៀតណាម តើរឿងនេះរដ្ឋាភិបាល វៀតណាមត្រូវតែទទួលខុសត្រូវយ៉ាងណា? តើអង្គ ការសហប្រជាជាតិមានចំណែកយ៉ាងខ្លះ ដើម្បីដាក់ទ័ណ្ឌកម្មទៅលើប្រទេសដែលមានការរំលោភ សិទ្ធិមនុស្សបែបនេះ?
៤. ព្រះតេជគុណ ជា លី បានលើកនៅសំណួរមួយថា៖ បច្ចុប្បន្ននេះរដ្ឋាភិបាលវៀតណាម កំពុងប្រើនយោ បាយលុបបំបាត់ជាតិសាសន៍ខ្មែរក្រោម តាមរយៈការរៀបអាពាហ៍ពិពាហ៍ជនជាតិវៀតណាមជាមួយ និងប្រជា ពលរដ្ឋខ្មែរក្រោម តើក្នុងនាមឯកឧត្តមតំណាងឱ្យខ្មែរកម្ពុជាក្រោម ត្រូវមានវិធីសាស្រ្តបែបណាចំពោះរឿងនេះ?
ឆ្លើយតបទៅ និងសំណួរទាំងនោះ ឯកឧត្ត សឺន ស៊ូប៊ែរ្តិ៍ បានអញ្ជើញឡើងបកស្រាយនូវសំណួរទី ១ ដែលមានខ្លឹមសារថា៖ កាលសម័យនោះ សម្តេចសីហនុ បានបញ្ជូនគណប្រតិភូមួយក្រុម ដែលដឹកនាំដោយសម្តេចបវរសេដ្ឋា សឺន សាន ដើម្បីទៅការពារប្រយោជន៍ខ្មែរនៅទីក្រុងប៉ារីស កាលនោះ មានឯកឧត្តម ឈាង វ៉ម ជាអ្នកសរសេរឯកសារដែលពាក់ព័ន្ធ ដើម្បីយកទៅការពារនោះ ប៉ុន្តែកាលនោះមិនបានលទ្ធផលទេ ពីព្រោះថា កាលនោះនៅកម្ពុជា គណប្រតិភូមិនបានដឹងថា បារាំងបានចរចាររួចហើយនៅកម្ពុជា ។ រីឯឯកឧត្តម ថាច់ សេដ្ឋា បានបំភ្លឺទៅនិងសំណួរដោយសារុបរួមថា៖ អង្គការសមាគមយើងបានធ្វើអន្តរាគមន៍ទៅទូតបារាំងសុំឱ្យលុបច្បាប់លេខ ៤៩/៧៣៣ ញាតិនោះ ឯកឧត្តម បានយកទៅជួបផ្ទាល់ជាមួយឯកអគ្គរដ្ឋទូតបារាំង អស់រយៈពេលប្រហែលមួយម៉ោង ញាតិនេះយើងក៏បានស្នើដល់ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដើម្បីគាំទ្រក្នុងការលុបច្បាប់ហ្នឹង ជាការឆ្លើយតបកាលនោះព្រះមហាក្សត្រព្រះបាទសម្តេចព្រះនរោត្តមសីហនុ បានចារលិខិតមួយច្បាប់គាំទ្រនិងឡាយព្រះហស្ថលេខា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាយល់ព្រមធ្វើរួមគ្នា ហើយយើងក៏បានឃើញការឆ្លើយ តបរបស់រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជាដែរ ។ យើងក៏បានឃើញ ឯកឧត្តម គង់ គាំ កាលគាត់ នៅជាគណកម្មាធិការ កិច្ចការធម្មការនៃព្រឹទ្ធសភា កាលដែលគាត់ បានទៅទស្សនកិច្ចនៅប្រទេសបារាំង គាត់ក៏បានធ្វើញាត់គាំទ្រ មួយដែរផ្ញើទៅរដ្ឋាភិបាលបារាំង ដើម្បីស្នើលុបក្រិត្យនោះដែរ ។ បន្ថែមពីលើនោះទៀត យើងក៏បានស្នើ ទៅរដ្ឋាភិបាលវៀត ណាមជាញឹកញាប់ ស្នើឱ្យមានការគោរពសិទ្ធិប្រជាពលរដ្ឋខ្មែរក្រោមនៅទីនោះ យើងឃើញ ថាគេមិនបានឆ្លើយតបទេ ប៉ុន្តែពេលខ្លះយើងឃើញថាគេមានការគោរពសិទ្ធិយើងដែរ ដូចជាករណី បានផ្តល់ លិខិត ឆ្លងដែនដល់ ខ្មែរក្រោមយើងបានឡើងមកកម្ពុជាដែរ ។
ទោះជាយ៉ាងនេះក៏ដោយនៅតែមានការពិបាក ដោយសារ កាលបានឡើងមកកម្ពុជា នៅពេលដែលត្រឡប់ ទៅវិញ អាជ្ញាធរតែងតែមានការហៅសួរនាំ។ ដោយសារពេលវេលាមានកំណត់សំណួរទាំងអស់មិន បានឆ្លើយ តបបានគ្រប់សព្វគ្រប់ទេ សូមឱ្យអ្នកចូលរួមទាំងអស់សិក្សាស្វែងយល់បន្ថែមទៅលើឯកសារនានា និងតាមរយៈ សិក្ខាសាលានានា ដើម្បីជាចំណេះដឹង និងធនធានទៅអនាគត់។
ជាចុងបញ្ចប់នៃការបិទកម្មវិធី ម្ចាស់ក្សត្រីយ៍ ព្រះរាជតំណាងព្រះមហាក្សត្រ បានមានព្រះសុវណ្ណីថ្លែងបិទកម្មវិធី និងបានពាំនាំនូវព្រះរាជទ្រព្យ ចូលរួមចំណែកក្នុងពិធីនោះដែរ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានព្រះទានព្រះរាជទ្រព្យជាថវិកាចំនួន ១០០០ ដុល្លារសហរដ្ឋអាមេរិកផងដែរ ៕ អត្ថបទដោយ៖ KKKHRDA