ពលរដ្ឋ​ខ្មែរ​ក្រោម​២៤​នាក់​រិះគន់​អង្គការ​UNHCR

ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន​២៤​រូប​បាន​រិះគន់​ថា អង្គការ UNHCR កំពុង​តែ​មើល​រំលង​ករណី​របស់​ពួកគេ ដែល​អាច​នឹង​ញ៉ាំង​ឲ្យ​ពួកគេ​ជួប​គ្រោះ​ថ្នាក់​មិន​ខាន​នៅ​គ្រា​ដែល​ អាជ្ញាធរ​វៀតណាម​កំពុង​តែ​តាម​ស្វែង​រក​ចាប់​ខ្លួន​របស់​ពួកគេ​ស្រាប់​នោះ។
ការ​រិះគន់​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ធ្នូ នេះ នៅ​ក្រោយ​ពេល​មួយ​ថ្ងៃ​ដែល​មន្រ្តី​ឧត្តម​ស្នងការ​របស់​អង្គការ​សហប្រជាជាតិ ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) បាន​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​ទៅ​លើ​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ចំនួន​២៤​ រូប​ដែល​ថៃ​ទើប​តែ​នឹង​បញ្ជូន​មក​ដល់​កម្ពុជា​នោះ​ទេ។ ការ​បដិសេធ​នេះ​ដោយ​សំអាង​ថា ច្បាប់​របស់​ខ្មែរ​បាន​ទទួល​ស្គាល់​ថា ជនជាតិ​ខ្មែរ​ក្រោម​ក៏​ជា​ខ្មែរ​ដែរ ដូច្នេះ​គេ​អាច​មាន​សិទ្ធិ​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​ដូច​ពលរដ្ឋ​ខ្មែរ​ ទូទៅ។

តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម លោក ថាច់ សុង មាន​ប្រសាសន៍​ថា ថ្វី​បើ​ច្បាប់​ខ្មែរ​អះអាង​ដូច្នេះ​មែន ប៉ុន្តែ​មាន​អ្វី​ក្នុង​ការ​ធានា​ឲ្យ​ក្រុម​ខ្មែរ​ក្រោម​ដែល​ប្រឆាំង​នឹង​ វៀតណាម រស់​នៅ​ដោយ​កក់​ក្តៅ​នោះ?

លោក ថាច់ សុង មាន​ប្រសាសន៍​ដូច្នេះ ៖ «អន់​ចិត្ត​នឹង UNHCR ដែរ ពីព្រោះ​អី​គាត់​បដិសេធ គឺ​មិន​សមរម្យ​ទាល់​តែ​សោះ ពីព្រោះ​ខ្មែរ​ក្រោម​គឺ​ជា​ខ្មែរ​ក្រោម មិន​មែន​ជា​ខ្មែរ​នៅ​កម្ពុជា​ទេ ហើយ​គាត់​ថា ឲ្យ​មក​នៅ​កន្លែង​ណា​ក៏​បាន តើ​អ្វី​ដែល​យើង​នៅ​បាន? ពួក​ខ្ញុំ​គ្រោះថ្នាក់​ច្រើន​ណាស់»។

ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​២៤​រូប​នោះ បាន​ភៀស​ខ្លួន​ទៅ​កាន់់​ប្រទេស​ថៃ ក្រោយ​ពី​មាន​ដីកា​ចាប់​ខ្លួន​ពី​អាជ្ញាធរ​វៀតណាម បន្ទាប់​ពី​ពួកគេ​មួយ​ចំនួន​បាន​ធ្វើការ​ប្រឆាំង​នឹង​អាជ្ញាធរ​វៀតណាម នៅ​លើ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​កំពុង​កាន់​កាប់​ដោយ​វៀតណាម​អំពី​រឿង​ដីធ្លី។ ខ្លះ​ទៀត​មាន​តវ៉ា​ទាមទារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ហើយ​ខ្លះ​ទៀត​តវ៉ា​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​និង​ជំនឿ​សាសនា​ជាដើម។

ក្រោយ​មក​កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ​កន្លង​មក អ្នក​ទាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ។ ជុំវិញ​ការ​ភ័យ​ព្រួយ​នៅ​ពេល​មក​ដល់​កម្ពុជា ខ្លាច​អាជ្ញាធរ​ខ្មែរ​ចាប់​បញ្ជូន​ទៅ​ឲ្យ​វៀតណាម មន្រ្តី​អង្គការ UNHCR កាល​ពី​ថ្ងៃ​ច័ន្ទ ២៨ ធ្នូ កន្លង​មក​នេះ បាន​ច្រាន​ចោល​ការ​ទទួល​ខុស​ត្រូវ​ដោយសារ​ច្បាប់​ខ្មែរ​បាន​អះអាង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ក៏​ជា​ខ្មែរ​ដែរ ហើយ​ជាមួយ​គ្នា​នោះ មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ក៏​បាន​អះអាង​ដូច​គ្នា​ជា​នៅ​ក្នុង​ច្បាប់​នោះ​ផង ​ដែរ។

យ៉ាង​ដូច្នេះ​ក្តី​មន្ត្រី​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ថ្លែង​ថា ការ​អះអាង​កន្លង​មក​មិន​ត្រូវ​បាន​គេ​គោរព​ឡើយ ដូចជា​ករណី​ព្រះតេជគុណ ទឹម សាខន ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ឲ្យ​វៀតណាម​កាត់​ទោស។ លោក​បន្ថែម​ទៀត​ថា នេះ​ជា​បញ្ហា​ដែល​គេ​កំពុង​បារម្ភ។

លោក អំ សំអាត មាន​ប្រសាសន៍​ថា ៖ «ធ្វើ​ម៉េច​ឲ្យ​ពួកគាត់​ទាំង​អស់​ គ្នា​ហ្នឹង​មាន​អត្តសញ្ញាណ​ប័ណ្ណ មាន​ប័ណ្ណ​គ្រួសារ​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​សម្រាប់​គាត់​កាន់​ដូច​ជា​ ប្រជាពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត ដើម្បី​ជា​ជំនឿ​នៃ​ការ​ទុក​ចិត្ត​ថា គាត់​អាច​មាន​សុវត្ថិភាព សេរីភាព​រស់​នៅ​ក្នុង​ប្រទេស​ដូច​ពលរដ្ឋ​ដទៃ ហើយ​ប្រកប​ការងារ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច»។

មក​ដល់​ពេល​នេះ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​២៤​រូប​នោះ កំពុង​រស់​នៅ​ដោយ​លាក់​លៀម មិន​ហ៊ាន​ដើរ​ហើរ​និង​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​នៅ​ឡើយ​ទេ៕
ប្រភពពីវិទ្យុអាស៊ីសេរី.