ពលរដ្ឋ​ខ្មែរតវ៉ា​បិទ​ផ្លូវ​និង​ដុត​គ្រឿងចក្រ​ឈូស​ដី ​ប្រឆាំង​នឹង​ការ​លក់​ដី​វត្ត​នៅ​ព្រែកលៀប

ប្រជាពលរដ្ឋ​ជាង ១.០០០​ នាក់ រស់​នៅ​ក្នុង​ភូមិ​ចំនួន​៣ គឺ​ភូមិ​ខ្ទរ ភូមិ​បាក់ខែង និង​ភូមិ​ព្រែកលៀប នៃ​សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ បាន​នាំ​គ្នា​ដុត​បំផ្លាញ​គ្រឿងចក្រ​ឈូស​ឆាយ​ដី ឬ​អេស្កាវ៉ាទ័រ​មួយ​គ្រឿង និង​បំពង់​ទីប​ជ័រ​ធំៗ​សម្រាប់​បូម​ខ្សាច់​ជា​ច្រើន​ដើម ព្រម​ទាំង​បាន​យក​រថយន្ត​ដឹក​សព​មួយ​គ្រឿង រនាំង​ដែក និង​បំពង់​ទីប​ជ័រ​ធំៗ​សម្រាប់​បូម​ខ្សាច់​ទៅ​គរ​បិទ​ផ្លូវ​ជាតិ​លេខ​៦​អា (6A) នៅ​ព្រឹក​ថ្ងៃ​ទី ​២៣ ខែ​វិច្ឆិកា ត្រង់​ចំណុច​មុខ​វត្ត​ខ្ទរ ក្បែរ​សាលា​បឋមសិក្សា​ខ្ទរ ។

ពលរដ្ឋ​នាំគ្នា​ដុត​បំផ្លាញ​គ្រឿងចក្រ​ឈូស​ឆាយ​ដី ឬ​អេស្កាវ៉ាទ័រ​មួយ​គ្រឿង និង​បំពង់​ទីប​ជ័រ​បូម​ខ្សាច់​ជា​ច្រើន​ដើម ខាង​មុខ​ប៉ាឆា​នៃ​វត្ត​ខ្ទរ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ។ RFA
ពលរដ្ឋ​នាំគ្នា​ដុត​បំផ្លាញ​គ្រឿងចក្រ​ឈូស​ឆាយ​ដី ឬ​អេស្កាវ៉ាទ័រ​មួយ​គ្រឿង និង​បំពង់​ទីប​ជ័រ​បូម​ខ្សាច់​ជា​ច្រើន​ដើម ខាង​មុខ​ប៉ាឆា​នៃ​វត្ត​ខ្ទរ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ។ RFA

ក្រុម​អ្នក​ភូមិ​តវ៉ា​ប្រឆាំង​នឹង​ការ​លក់​ដី​របស់​វត្ត និង​ការ​វាយ​បំផ្លាញ​ទី​ប៉ាឆា កាល​ពី​ម៉ោង ១២ ​អាធ្រាត្រ​យប់​ថ្ងៃ​ទី ​២២ ខែ​វិច្ឆិ កា។  ពួក​គេ​សង្ស័យ​ថា ចៅ​សង្កាត់​ព្រែកលៀប លោក ព្រាប មុន្នី និង​ព្រះចៅ​អធិការ​វត្ត​ខ្ទរ បាន​ឃុបឃិត​គ្នា​លក់​ដី​ទី​ប៉ាឆា​របស់​វត្ត និង​បាន​បើក​ដៃ​អោយ​អ្នក​ទិញ​ដី​នោះ​ទៅ​វាយ​បំផ្លាញ​ប៉ាឆា​ទាំង​យប់ ។

បន្ទាប់​ពី​បាន​តវ៉ា​បិទ​ផ្លូវ​ប្រហែល​មួយ​ម៉ោង អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ឃ្លាំង ហួត បាន​ចុះ​ទៅ​សម្រប​សម្រួល ដើម្បី​អោយ​ពលរដ្ឋ​បើក​ផ្លូវ​វិញ ។ ក្រុម​អ្នក​ភូមិ​នៅ​តែ​មិន​ព្រម​បើក​ផ្លូវ​ឡើយ ដោយ​ពួក​គេ​ទាមទារ​អោយ​ចៅ​សង្កាត់​ព្រែកលៀប និង​ព្រះចៅ​អធិការ​វត្ត​ខ្ទរ ចេញ​មុខ​មក​ដោះស្រាយ​បញ្ហា គឺ​ត្រូវ​បញ្ចប់​កិច្ច​សន្យា​ទិញ​លក់​ដី​វត្ត និង​ជួស​ជុល​ប៉ាឆា​ឡើង​វិញ ។

រហូត​ដល់​ម៉ោង ១០​ ព្រឹក ថ្ងៃទី ២៣ ខែវិច្ឆិកា ​នេះ អ្នក​ភូមិ​បាន​យល់​ព្រម​បើក​ផ្លូវ​វិញ នៅ​ពេល​ដែល​អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​លើក​ហេតុផល​បញ្ចុះ​បញ្ចូល​អោយ​អ្នក​ភូមិ​បើក​ផ្លូវ និង​សន្យា​ដោះស្រាយ​បញ្ហា ។ យ៉ាង​ណា អ្នក​ភូមិ​បាន​ដាក់​ឱសានវាទ​អោយ​ត្រឹម​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ ហើយ​ប្រសិន​បើ​ពុំ​មាន​ដំណោះស្រាយ​ដូច​ការ​ទាមទារ​ទេ​នោះ ពួក​គេ​នឹង​មាន​វិធាន​ការ​ថ្មី​ទៀត ។

ទី​ប៉ាឆា​នៃ​វត្ត​ខ្ទរ មាន​ទីតាំង​នៅ​ខាង​ក្រៅ​បរិវេណ​វត្ត គឺ​ឋិត​នៅ​កណ្ដាល​វាល​ខ្សាច់​ដែល​ក្រុមហ៊ុន​មួយ​បាន​បូម​ខ្សាច់​ចាក់​បំពេញ​ផ្ទៃ​បឹង​ក្នុង​ទំហំ​ជាង ១០​ ហិកតា ៕ RFA