ពលរដ្ឋខ្មែរដែលមានដើមកំណើត ពីទឹកដីកម្ពុជា ក្រោមម្នាក់ ត្រូវបានអាជ្ញាធរយួនក្នុងខេត្ត ឃ្លាំងព័ទ្ធចាប់ខ្លួន ពេលទៅសួរសុខទុក្ខម្ដាយឈឺ នៅដែនដី កម្ពុជាក្រោម ដែលគ្រប់គ្រងដោយរដ្ឋាភិបាលយួន ។ លោក ថាច់ ទឺ បានថ្លែងប្រាប់ទស្សនាវដ្ដីសារ ព័ត៌មានសេរី នារសៀលថ្ងៃអង្គារនេះថា មានតែគាត់ម្នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្សជាង១០នាក់ ដែលទៅពីកម្ពុជាត្រូវបានអាជ្ញាធរយួន ព័ទ្ធចាប់ខ្លួន កាលពីព្រឹកថ្ងៃទី៧ មេសា ។ ប៉ុន្តែគាត់បានរត់គេចខ្លួន ប្រមាណកន្លះម៉ោងមុន បន្ទាប់ពីដឹងផែនការនេះ ។
លោក ថាច់ ទឺ ដែលមានកំណើតកើតជានៅក្នុងភូមិ ក្វាន់តាង ឃុំ អណ្ដូងទឹក ស្រុក អណ្ដូងទឹក ខេត្ត ឃ្លាំង បានថ្លែងដូច្នេះថា ” ដោយសារម្ដាយខ្ញុំឈឺ ខ្ញុំនិងពលរដ្ឋខ្មែរក្រោមជាង១០នាក់ទៀតបានលួចចូលទៅក្នុងស្រុក យួន ហើយត្រូវបានអាជ្ញាធរយួនព័ទ្ធចាប់ខ្លួន នាវេលាម៉ោង១០ព្រឹកថ្ងៃទី៧មេសា គឺចាប់តែខ្ញុំម្នាក់ ។ ប៉ុន្តែដោយដឹងមុន ខ្ញុំបានគេចខ្លួនកន្លះម៉ោងមុន ..” ។
បើតាមការរៀបរាប់ លោក ថាច់ ទឺ ធ្លាប់បានចូលរួមក្នុងចលនាបាតុកម្ម ដែលដឹកនាំដោយព្រះសង្ឃ វត្តឃ្លាំង ដើម្បីទាមទារសិទ្ធិសេរីភាពឲ្យព្រះសង្ឃបាននិមន្តបិណ្ឌបាត ស្របតាមប្រពៃណីព្រះពុទ្ធសាសនា ។ ការនេះហើយដែលលោកសង្ស័យថា ជាមូលហេតុដែលអាជ្ញាធរយួនលើកគ្នាតាមចាប់ខ្លួន ។
យ៉ាងណាក៏ដោយក្រុមមន្ត្រីអង្គការសិទ្ធិមនុស្សក្នុងប្រទេស កម្ពុជា បានហៅឥរិយាបទបែបនេះរបស់អាជ្ញាធរយួនថា ជាការរំលោភ ច្បាប់ ប្រទេស និង សិទ្ធិមនុស្ស ។
លោក ចាន់ សូវ៉េត បានមានប្រសាសន៏ថា ” នេះជាការ គម្រាមកំហែងមួយ ហើយបងប្អូនខ្មែរកម្ពុជាក្រោមនៅកម្ពុជា គឺជាកម្ពុជាហើយ អត់មានច្បាប់រដ្ឋធម្មនុញ្ញហាមឃាត់ទេ គឺគាត់ មានសិទ្ធិគ្រប់គ្រាន់ដូចជាពលរដ្ឋខ្មែរដ៏ទៃទៀតអញ្ចឹង ហើយរាល់ការចាប់ខ្លួនគាត់ ត្រូវតែមានការទំនាក់ទំនងឆ្លងកាត់អាជ្ញាធរខ្មែរជាមុនសិន ។ បើពុំនោះទេ គឺមានន័យថា ជាការរំលោភសិទ្ធិមនុស្សហើយ..” ។
គួរបញ្ជាក់ថា បើទោះបីរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា បានចែងចាត់ទុក ពលរដ្ឋខ្មែររស់នៅលើទឹកដីខ្មែរក្រោម ដែលបច្ចុប្បន្នគ្រប់គ្រងដោយរដ្ឋាភិបាលយួនថា ជាខ្មែរតែមួយដូចខ្មែររស់នៅលើដែនដីកណ្ដាលនៃប្រទេសកម្ពុជា ក្ដី តែគេនៅតែគត់សម្គាល់ឃើញថា អាជ្ញាធរកម្ពុជាបច្ចុប្បន្ន នៅតែបង្ហាញភាពរើសអើង ហើយតែងតែបើកដៃ ឲ្យអាជ្ញាធរយួន ចាត់ការពលរដ្ឋខ្មែរក្រោមណាដែលប្រឆាំងនឹងនយោបាយយួន ទោះនៅលើទឹកដីកម្ពុជា ។ តួយ៉ាងដូចជាករណីព្រះចៅអធិការវត្តក្នុងខេត្ត តាកែវឈ្មោះ ទឹម សាខន ជាដើម ត្រូវបានអាជ្ញាធរខ្មែរចាប់ពីប្រទេសខ្មែរ យកទៅឲ្យយួនដាក់គុកកាលពីឆ្នាំ ២០០៧ ៕ ប្រភពព័ត៌មាន៖ ទស្សនាវដ្ដីសារព័ត៌មានសេរី