ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ពលរដ្ឋខ្មែរមកពីប្រទេស ណកវ៉េ លោក អៀ ចាន់ ណា និង ពលរដ្ឋខ្មែរក្រោមម្នាក់រស់នៅប្រទេសកម្ពុជា បានធ្វើដំណើរ ទៅ មើលទឹកដីកម្ពុជាក្រោម ត្រូវរដ្ឋាភិបាលវៀតណាមរំខាន ដោយមានចារកម្ម ដើរតាមពីក្រោយ ដើម្បីសាកសួរ និង ឃ្លាំមើលរាល់សកម្មភាពផ្សេងៗរបស់ពួកគេគ្រប់ពេល និងគ្រប់ កន្លែង ។

ពលរដ្ឋខ្មែរពីររូបទៅកម្ពុជាក្រោម ត្រូវអាជ្ញាធរវៀតណាមរំខាន
លោក អៀ ចាន់ ណា បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា លោកបានចូលទៅមើលភូមិស្រុកនៅ ដែនដីកម្ពុជាក្រោម កាលពីថ្ងៃទី ១៧ ខែធ្នូ ដើម្បីបានស្គាល់អំពីស្ថានភាពការរស់នៅរបស់ពលរដ្ឋខ្មែរ កម្ពុជាក្រោម ។ លោកបានបន្តទៀតថា ការដែលអាជ្ញាធរវៀតណាមបានដាក់ចារកម្មតាមដានរូប លោកនោះ បានធ្វើឲ្យពលរដ្ឋខ្មែរក្រោម មានការភ័យខ្លាច ។
ពួកខ្ញុំកំពុងនៅទឹកដីខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម ហើយខ្ញុំសង្កេតឃើញថា ពួកគេ តាមឃ្លាំមើល យើង គ្រប់ទីកន្លែង ។ គេមិនបានមកជួបដោយផ្ទាល់ទេ ប៉ុន្តែ ខ្ញុំសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរដែល ខ្ញុំត្រូវជួប មានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ ពីព្រោះនៅពេលដែលខ្ញុំទៅ ពួកហ្នឹងគេតែងតែ ទៅតាមទៅសួរខាងក្រោយថា ពួកខ្ញុំទៅណា ? មកណា ? មកធ្វើអ្វីជាដើម ។ ដូច្នេះហើយធ្វើឲ្យពួកគាត់ ទាំងអស់នេះមានអារម្មណ៍ភ័យព្រួយ ។ យើងគេអញ្ចឹងយើងកាន់តែលំបាកក្នុងការទំនាក់ទំនង ជាមួយ នឹងជនរួមជាតិ ដោយសារតែពួកវាមើលតាមបន្លាចធ្វើឲ្យខ្មែរយើងបៅទីនេះមានការព្រួយបារម្ភ ។
លោក អៀ ចាន់ ណា បានប្រាប់ថា លោកបានចូលស្នាក់នៅវត្ត និងបានចូលថ្វាយបង្គំព្រះសង្ឃ និងបានប្រាស្រ័យ ទាក់ទងជាមួយនឹងពលរដ្ឋខ្មែរក្រោមមួយចំនួន ដោយពលរដ្ឋខ្មែរក្រោមទាំងនោះ សម្ដែងក្ដីរីករាយយ៉ាងខ្លាំង ពេលបាន ជួប លោក ជាពលរដ្ឋខ្មែរមកពីប្រទេសកម្ពុជា ។
លោក អៀ ចាន់ណា បានបញ្ជាក់ថា ពលរដ្ឋខ្មែរក្រោមមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអាជ្ញាធរ វៀតណាម ដែល បាន ហៅពលរដ្ឋខ្មែរក្រោមរូបណាដែលបានជួបជាមួយនឹងលោក ទៅសួរចម្លើយ នៅសាលាភូមិឃុំ ពេលដែលលោក បាន ចេញ ផុតពីកន្លែងនីមួយៗ ។
លោក អៀ ចាន់ណា បានទទួលវីសាចូលប្រទេសវៀតណាម រយៈពេល ១ ខែ ហើយក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ លោក បានទៅមើលវត្តមួយចំនួននៅខេត្តព្រះត្រពាំង មណីយដ្ឋានស្រះគូ និង ដើម ឈើទាលបញ្ច្រាស់ចុងរបស់ លោក ឧកញ៉ា សឺង គុយ ជាដើម ។ ហើយលោកនឹងបន្តដំណើរទៅ មើលកន្លែងផ្សេងៗទៀតនៅទូទាំងដែនដីកម្ពុជាក្រោម ។
ពួកគាត់ទាំងអស់បានសំដែងនូវក្ដីរីករាយពេលដែលមានអ្នកមកពីកម្ពុជាខាងលើ (គាត់ហៅអ៊ីចឹង) មក លេងជាមួយនឹងពួកគាត់អ៊ីចឹង ពួកគាត់មានអារម្ភ រីករាយណាស់ ក៏ប៉ុន្តែ ក្នុងដំណើរក្រោយពេលនោះ គាត់ ក៏មានអារម្ភពិបាក ព្រោះគេហៅធ្វើអ្វីយើងត្រូវធ្វើតាមគេ ហើយម៉្យាងទៀត យើងត្រូវជូនដំណឹង ទៅឲ្យគេ ។ ពេលមានអ្នកណាប្លែកអ្វីជាដើម ខាងឃុំតែងតែ មកសួរ ។ អាជ្ញាធរតែងតែតាមមើលអ៊ីចឹង ។ ដូច្នេះ ពេលដែលដែលខ្ញុំសួរច្រើនគឺពួកគាត់អត់មាននិយាយអ្វីទេ គឺគាត់គ្រាន់តែថាមានការលំបាក ណាស់ គេមិនឲ្យយើងនិយាយអ្វីច្រើនទេ ។ ពួកគាត់នៅថា បានត្រឹមតែរស់ ហើយសុំត្រឹមតែរស់ទេ ហើយ ពួកគាត់ទាំងអស់ត្រូវរស់ក្រោមការគាបសង្កត់យ៉ាងខ្លាំងណាស់ ។ អ៊ីចឹង ហើយបានពួកគាត់ហ៊ាន និយាយថា «សុំត្រឹមតែរស់» គឺពួកគេឲ្យពួកគាត់ត្រឹមតែរស់ ហើយមិនឲ្យសេរីភាពក្នុងការដឹងឮ សេរីភាពក្នុងការនិយាយស្ដីអ្វី ។
លោក ថាច់ បញ្ញា ពលរដ្ឋខ្មែរក្រោម នៅភ្នំពេញ ជាអ្នកធ្វើដំណើរជាមួយ លោក អៀ ចាន់ ណា បានបញ្ជាក់ប្រាប់វិទ្យុ សំឡេង កម្ពុជាក្រោម ថា ទង្វើរបស់អាជ្ញាធរវៀតណាមដែលគំរាមកំហែងតាម រូបភាពដើររំខាននេះ ជាការរំលោភសិទ្ធិ មនុស្សមួយ ។
ម្សិលមិញ ខ្ញុំបានទៅលេងជិត វត្តខឿន ទៅដើមឈើទាល ដែលគេចំណាំថាដើមឈើ ទាល ដែលចៅ ហ្វាយ គុយ ដាំ ។ ហើយមើលទៅគឺមានការឃ្លាំមើលពីចារកម្មយួន ដែលគេមកគេ សាកសួរអ្នក ជិតខាងថា ៖ «ពីរនាក់នេះមកធ្វើអី ? មកពីណា ? » គេនិយាយភាសាយួន ប៉ុន្តែខ្ញុំចេះខ្លះៗ ខ្ញុំស្ដាប់បាន ។ ហើយជួនកាលគេសួរ ៖ «ពីរនាក់មកពីណា ? ដើម្បីគោលបំណងស្អី ? » គេនិយាយគ្នាគេ ប៉ុន្តែខ្ញុំ ស្ដាប់ បាន ។ យើងអាចនិយាយថា នេះជាទង្វើរំលោភសិទ្ធិយ៉ាងខ្លាំង ព្រោះយើងជាប្រជាពលរដ្ឋនៅប្រទេស ណាក៏ដោយ យើងត្រូវតែមានសិទ្ធិដើរដោយសេរី កុំឲ្យតែយើងធ្វើការកាប់សម្លាប់រំលោភបំពានដល់ នរណា គឺអត់មានទោសអីទេ ។ ក៏ប៉ុន្តែរដ្ឋាភិបាលយួន យើងគ្រាន់តែមើលនូវអ្វីដែលជាទឹកដីខ្មែរកម្ពុជា ក្រោម យើងខុសអី បានជាគេឲ្យមានចារកម្មដាក់មកឃ្លាំមើលយើង ? នេះជាស្អីទៅ ? ហើយខ្ញុំជាមួយ នឹងលោក ចាន់ ណា ហ៊ានកំណត់ថានេះជាអំពើរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំងក្លា ពីរដ្ឋាភិបាលយួន ពេលបច្ចុប្បន្ននេះ ៕