ក្នុងការស្រាវជ្រាវ ដើម្បីចងក្រងសៀវភៅ “ប្រវត្តិសាស្ត្រអាណាចក្រភ្នំ” ពីសតវត្សរ៍ទី១ដល់ទី៦” នេះ យើងខ្ញុំបានយកចិត្តទុកដាក់និងបញ្ហាទាក់ទងទៅនឹងការបង្កើតរដ្ឋមន ឈ្មោះទ្វារវតី ឬប៉ូឡូប៉ូទី នៃ ឯកសារនៅសតវត្សរ៍ទី៦ ដើមសតវត្សរ៍ទី៧នៃគ.ស. នៅលើទឹកដីថៃបច្ចុប្បន្ន ដែលដើមឡើយជាទឹកដី នគរភ្នំនោះទេ។
ចំពោះយើង សមិទ្ធិផលសង្គមខាងលើនេះ ដែលជាព្រឹត្តិការណ៍មួយថ្មីថ្មោងសម្រាប់ទំព័រប្រវត្តិ- សាស្ត្រ នៃភូមិភាគឥណ្ឌូចិននេះ បានប្រព្រឹត្តឡើងក្រោយពីការបែកបាក់នៃអាណាចក្រភ្នំ ដែលក្សត្ររដ្ឋ ចុងក្រោយ នៅចុងសតវត្សរ៍ទី៦នៃគ.ស។
គប្បីត្រូវដឹងថា ជនជាតិមននិងជនជាតិខ្មែរដែលស្ថិតនៅក្នុងអម្បូរភាសាមន-ខ្មែរ ដើមឡើយជា ជនរួមឈាមជ័រពូជសាសន៍ជាមួយ ដូចវត្តមាននៃប្រភេទឈាម(HE)ក្នុងរាងកាយរបស់ពួកគេជាសក្ខីភាព ស្រាប់។ ម៉្យាងទៀត គួររំលឹកឡើងវិញផងដែរថា : ក្នុងចំណោមកុលសម្ពន្ធមន-ខ្មែរជាច្រើន ដែលបានត ពូជពង្សពីសម័យបុរេប្រវត្តិសាស្ត្រនៅក្នុងទ្វីបឥណ្ឌូចិននេះ មានតែកុលសម្ពន្ធខ្មែរនិងកុលសម្ពន្ថមនទេ ដែលបានក្លាយទៅជារដ្ឋ ឬអាណាចក្រ ក្រោមឥទ្ធិពលនៃវប្បធម៌ អារ្យធម៌ក្លិង្គ នាដើមសម័យប្រវត្តិ-សាស្ត្រ។
ម៉្យាងទៀត យើងក៏អាចបញ្ជាក់ផងដែរថា ក្នុងចំណោមបដិមារសាស្ត្រនៃនគរភ្នំ គឺសិល្ប:បែប តាមិលពល្លវ: ដែលមានអាយុចំណាស់ច្រើនជាងសិល្ប:ផ្សេងៗទៀត ហើយចម្លាក់បុរាណទាំងនោះ ត្រូវបានគេរកឃើញនៅខេត្ត ផាងង៉ា នៃប្រទេសថៃបច្ចុប្បន្ន។ នេះជាចំណុចចាប់ផ្តើមនៃកាលប្រវត្តិ នៃប្រវត្តិសិល្ប: ឬប្រវត្តិសាស្ត្រកម្ពុជា ដែលគេពុំសូវចាប់អារម្មណ៍ ព្រោះខ្វះគំនិតសំយោគក្នុងការ ស្រាវជ្រាវ។
បញ្ហាប្រវត្តិសិល្ប:ខ្មែរ គឺជាបញ្ហាចម្បងមួយ ក្នុងប្រវត្តិសាស្ត្រកម្ពុជា។ មុនការស្រាវជ្រាវរបស់ យើង អ្នកស្រាវជ្រាវមួយចំនួនបានភ្លេចថា នាគ្រាបឋមនៃប្រវត្តិសាស្ត្រខ្មែរ តំបន់នានានៃឈូងសមុទ្រ សៀមបច្ចុប្បន្ន ស្ថិតក្នុងបរិវេណនៃដែនដីរបស់នគរភ្នំ ហើយស្ថានភាពនេះ មិនបានប្រែប្រួលប៉ុន្មាន រហូតដល់សតវត្សរ៍ទី១២ ដើមសតវត្សរ៍ទី១៣នៃគ.ស។ មានភស្តុតាងខ្លះសម្រាប់ការសន្និដ្ឋាននេះ ដែលថាខេត្តនគរស្រីធម្មរាជ ជយ៉ា កញ្ចនបូរី ។ល។ គឺជាអតីតទឹកដីខ្មែរនាសម័យមុនអង្គរ និងអង្គរ។ ការរំលឹកឡើងវិញនូវទំព័រប្រវត្តិសាស្ត្រចាស់ មិនគួរជាការភ្ញាក់ផ្អើលទេ ដោយមូលហេតុខាងលើ។
ដោយឡែក សូមជម្រាបថា តាមការស្រាវជ្រាវថ្មីរបស់លោកសាស្ត្រចារ្យអ៊ីហ្សីហ្សាវ៉ា យើងអាច ដឹងថា អវសាន្តរបស់អាណាចក្រនគរភ្នំពុំត្រូវបានបញ្ចប់នៅឆ្នាំ៥៥០នៃគ.ស ដូចដែលអ្នកប្រវត្តិវិទូបាន អាះអាងពីមុននោះទេ ក៏ប៉ុន្តែក្រោយពីឆ្នាំ៦២៧នៃគ.ស។ នេះសឲ្យឃើញថា ការរួមបញ្ចូលអាណាចក្រ ភ្នំ និងចេនឡា ឲ្យទៅជាធ្លុងមួយនៃសម័យមុនអង្គរដើម្បីមូលហេតុជាតិ ត្រូវបានធ្វើឡើងដោយសន្សឹមៗ ហើយបានប្រើពេលវេលាដ៏វែងអន្លាយ ដែលគេស្មានមិនដល់ពីមុនមក។
ទិន័យស្ថាបត្យកម្មក៏បង្ហាញឲ្យយើងដឹងថា រវាងឆ្នាំ៥៥០ ដល់ឆ្នាំ៦០០នៃគ.ស មានការដុះដាល នៃរចនាបថថលាបរិវ័ត នៅខេត្តចម្ប៉ាសាក់ ក្រចេះ ស្ទឹងត្រែង និងខេត្តច័ន្ទបូរណ៍(ច័ន្ទប៊ូន)នៃប្រទេសថៃ បច្ចុប្បន្ន។ គឺរចនាបថសិល្ប: ជាពិសេសក្បាច់ផ្តែរនេះហើយ ដែលបានផ្តល់កំណើតឲ្យរចនាបថ សម្បូរណ៍ព្រៃគុហ៍ នៃព្រះរាជធានីឥសានបុរ: ឬសម្បូរណ៍ព្រៃគុហ៍យើងនេះ។ ទិន្នន័យទាំងនេះ បង្ហាញ យ៉ាងច្បាស់លាស់ អំពីសារសំខាន់សម្រាប់យើង ក្នុងការស្រាវជ្រាវអំពីវប្បធម៌ អារ្យធម៌សម័យនគរភ្នំ ដែលនឹងត្រូវបញ្ចប់នៅឆ្នាំ៦២៧ នៃគ.ស។ ហើយអ្វីដែលធ្វើឲ្យចាប់អារម្មណ៍នោះមក ព្រះរាជាណាចក្រ កម្ពុជាបុរាណទាំងស្រុង ស្ថិតនៅក្រោមការត្តួតត្រាដឹកនាំដោយព្រះមហាក្សត្រចេនឡា។
ជាអវសាន សូមជម្រាបថា តាមគំហើញថ្មីដែលបានមកពីការស្រាវជ្រាវរបស់យើង គេអាច ឃើញថា អ្វីដែលលោកសាស្ត្រាចារ្យ ហ្គ្រោលីយេ និងប័កសឺលីយេ មានប្រសាសន៍អំពីទឹកដីនគរភ្នំ មានលក្ខណ:ត្រឹមត្រូវ សមស្របនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិត ក៏ប៉ុន្តែគប្បីគួរត្រូវបញ្ជាក់បន្ថែមទៀត ថា វប្បធម៌ឥណ្ឌាគ្រាន់តែបានគ្របដណ្តប់លើមូលដ្ឋានវប្បធម៌ខ្មែរ-មនចាស់តែប៉ុណ្ណោះ ដែលមាន វឌ្ឍនភាពខ្ពង់ខ្ពស់រួចមកហើយ ដូចជារូបភាពក្នុងសៀវភៅនេះ ជាសក្ខីភាពស្រាប់ ដែលបង្ហញនូវការ ចាក់ប្ញសនៃវប្បធម៌ឥណ្ឌា និងលក្ខណ:សំយោគនៃវប្បធម៌-អារ្យធម៌ខ្មែរ ចាប់តាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. មកម៉្លេះ។
*****************
សេចក្តីផ្តើម
ដោយសារការផ្សព្វផ្សាយវប្បធម៌-អារ្យធម៌របស់ឥណ្ឌា តាមវិស័យពាណិជ្ជកម្មនាដើមសតវត្សរ៍ ទី១នៃគ្រិស្តសករាជ គេឃើញមានការបង្កើតឡើងនូវអាណាចក្រតូចធំជាច្រើន ក្នុងភូមិនភាគអាស៊ី អគ្នេយ៍នេះ ហើយអាណាចក្រទាំងនេះ ដូចជានគរភ្នំ និងលិនយីឬចម្ប៉ា ក៏មានព្រះមហាក្សត្រគ្រប់គ្រង ដែលទ្រង់ព្រះនាមជាភាសាសំស្ក្រឹត។ ការសរសេរប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រខ្មែរបុរាណខាងលើ នេះ ត្រូវពឹងផ្អែកជាទូទៅ ទៅលើគន្លងស្នាមនៃវត្ថុបុរាណ សិលាចារឹក និងកំណត់ហេតុចិន។
រហូតមកដល់ពេលនេះ មានអ្នកស្រាវជ្រាវជាតិបារាំងសេសជាច្រើន គ្រាន់តែសំអាងទៅលើវត្ថុ បុរាណមួយចំនួនតូច ដែលគេបានរកឃើញនៅកំពង់ផែអន្តរជាតិ អូរកែវ នៅកម្ពុជាក្រោម បានបញ្ចេញ មតិថា : ស្តីពីនគរភ្នំ តាមពិតដែលគេពុំទាន់យល់ឲ្យអស់សេចក្តីនៅឡើយ មានលក្ខណ:ស្មុគ្រស្មាញ ណាស់។ នៅដើមសម័យនគរភ្នំ អ្នកប្រវត្តិវិទូបានជួបនូវស្ថានភាពមួយដែលផ្ទុយនឹងមតិធម្មតា:ក្នុងពេល ដែលប្រភពឯកសារជាលាយលក្ខអក្សរ សុទ្ធសឹងតែសរសេរេជាភាសាចិនទាំងស្រុង កំណាយបុរាណ វិទ្យា ពិសេសនៅអូរកែវ នៅកម្ពុជាក្រោម គឺប្រទេសវៀតណាមខាងត្បូងសព្វថ្ងៃ បានបង្ហាញនូវវត្ថុប្រើ ប្រាស់មកពីប្រទេសឥណ្ឌាមានច្រើនលើសលុប ឯវត្ថុដែលគេត្រូវប្រើប្រាស់នោះ ក៏មានប្រភពចេញពី រ៉ូម៉ាំង ឬម៉េឌីទែរ៉ាណេ មួយចំនួនធំ និងមកពីចិនមានបន្តិចបន្តួច។ ប្រភពឯកសារចិនដែលគេពឹងផ្អែក ទាំងនោះ គ្រាន់តែបាន ឆ្លុះបញ្ជាំងនូវចំនួនមួយភាគតិចនៃការពិតតែប៉ុណ្ណោះ ពីព្រោះយើងដឹងថា ភស្តុតាងសម្ភារ: ស្តីពីការទាក់ទងនឹងឥណ្ឌា អាចបញ្ជាក់ដោយងាយ នូវកម្រិតឥណ្ឌារូបនីយកម្មដ៏ខ្ពស់ ដែលគេឃើញតាមរយ: ផ្ទាំងសិលាចារឹកមុនដំបូង ថ្វីត្បិតតែគ្មានឯកសារឥណ្ឌាផ្ទាល់ណាមួយ បានមក ពន្យល់នូវហេតុផល នៃឥណ្ឌារូបនីយកម្មនោះក៏ដោយ។
ចំពោះយើង លក្ខណ:ខាងលើនេះ ថ្វីត្បិតតែបានដាក់ទម្ងន់ទៅលើសិលាចារឹកក៏ដោយ ក៏ពុំមាន លក្ខណ:ពេញលេញនៅឡើយដែរ។ ផ្ទុយទៅវិញ ត្រូវយកចិត្តទុកដាក់បំផុត នូវការពិពណ៌នារបស់ ប្រវត្តវិទូចិនដែលបានធ្វើកំណត់ហេតុ ដោយស្គាល់យ៉ាងច្បាស់លាស់នូវវិស័យភូមិសាស្ត្រ នយោបាយ វប្បធម៌ ដែលខ្លួនបានដឹងនិងឃើញ ក្នុងពេលដែលពួកគេមកទស្សនាផ្ទាល់ និងនិយាយយ៉ាងនេះ ពុំមែនមានន័យថា អ្នកដំណើរ ឬទូតចិន ត្រូវតែស្គាល់ប្រទេសនោះ ឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ តែយ៉ាងហោចណាស់ គេត្រូវស្គាល់យ៉ាងជាក់លាក់ នូវអ្វីដែលគេបានអធិប្បាយ ដើម្បីយកទៅថ្វាយ ព្រះរាជារបស់គេ។
ម្យ៉ាងទៀត ដោយហេតុថាកំពង់ផែអូរកែវ តាមពិតពុំមែនជា អុកអែវ ដូចគេបានសរសេរនោះទេ គ្រាន់តែជាកំពង់ផែសមុទ្រមួយក្នុងចំណោមកំពង់ផែសមុទ្រជាច្រើន នៅតាមសមុទ្រនៃចក្រភពភ្នំ ដែល ស្ថិតនៅតាមសមុទ្រថៃតែប៉ុណ្ណោះ ដោយពុំបានគិតដល់កំពង់ផែតូចធំដ៏ច្រើន ដែលស្ថិតនៅតាមដងទន្លេ ទៀតផង។ រីឯព្រះរាជធានី ឬព្រះរាជនគរ អាណាចក្រភ្នំវិញ យើងក៏មានទស្សន:ផ្សេងបន្តិច ពីមតិរបស់ ប្រវត្តិវិទូបរទេសមួយចំនួនដែរ ដែលរហូតដល់សព្វថ្ងៃ បានសន្និដ្ឋានថា វយ្យាធបុរ: ឬអង្គរបុរី នៅខេត្ត តាកែវ។ នៅត្រង់ចំណុចនេះ យើងចង់បំភ្លឺថា ការរកឃើញនេះ តាមពិតមិនខុសប៉ុន្មានទេ ពីព្រោះរហូត ដល់សតវត្សរ៍ទី២០នេះ ប្រជាពលរដ្ឋនៅខត្តតាកែវ នៅតែហៅអង្គរបុរី ជាព្រះរាជធានីរបស់គេដដែល។ សក្ខីកម្មមួយដែលគេពុំអាចប្រកែកបានគឺ បើសិនជាយើងសួរគេថា: តើអ្នកទៅណា ? គេឆ្លើយតបថា ទៅអង្គរ។ សូមបញ្ជាក់ថា មិនមែនសំដៅទៅអង្គរវត្តនោះទេ តែអង្គរនេះ មានន័យថា “ ទីក្រុងព្រះរាជ នគរ” ហើយដែលជាពាក្យផ្សំ រវាងនគរ និង អង្គរ ពោលគឺរាជធានីដែលមានស្តេចគង់។ ផ្ទុយទៅវិញ គេពុំប្រើពាក្យទៅអង្គរនេះ សំដៅទៅស្រុកបាភ្នំ នៅខេត្តព្រៃវែងនោះទេ។
អ្វីដែលបានជម្រាបអាចបញ្ជាក់នូវតួនាទីប្រវត្តិសាស្ត្រ ដែលទីក្រុងអង្គរធ្លាប់មានតាំងពីមុនមក។ តែទោះបីយ៉ាងណាក៏ដោយ យើងជឿជាក់ថា វយ្យាធបុរ: “ ទីក្រុងនៃទ្រមាក់ដំរី” ពុំមែនជាទីក្រុងតែមួយ គត់ របស់នគរភ្នំនោះទេ ពោលគឺមានរាជធានីជាច្រើនទៀត ដែលស្ថិតនៅតាមឆ្នេរសមុទ្រ ឬនៅតាម តំបន់ផ្សេងទៀត ដែលស្ថិតនៅតាមជ្រលងភ្នំ។
ផ្អែកលើការស្រាវជ្រាវផ្នែកបុរាណវិទ្យាថ្មីៗនេះ ក៏បានបញ្ជាក់ឲ្យដឹងទៀតថា តាមពិតនគរភ្នំគឺជា រដ្ឋចម្រុះ ឬក្សត្រប្រទេស។ បើនិយាយម្យ៉ាងទៀត នគរភ្នំ គឺជាលទ្ធផលផ្សំផ្គុំនៃរដ្ឋតូចធំទាំងឡាយ ដែល មានរបបនយោបាយនិងវប្បធម៌ដូចគ្នា។
ដោយសារជាតិនៃរចនាសម្ព័ន្ធសង្គមនេះហើយ បានជាយើងឃើញ នៅពេលដែលអំណាច កណ្តាលចុះទន់ខ្សោយដោយប្រការណាមួយ នៅពេលនោះ ក៏មានការបំបែករដ្ឋពីសំណាក់នគរចំណុះ ខ្លះ ជាមូលហេតុដែលនាំមកនូវចម្បាំង និងភាពវឹកវរក្នុងអាណាចក្រកម្ពុជា។
ដើម្បីឲ្យលោកអ្នកអានយល់ពីអាណាចក្រភ្នំ យើងសូមធ្វើសេចក្តីសំយោគ ពីប្រភពឯកសារ ប្រវត្តិសាស្ត្រជាច្រើនវិស័យ ដែលត្រូវរួមបញ្ចូលក្នុងការស្រាវជ្រាវនេះ និងការរកឃើញនូវបុរាណវត្ថុ ជាច្រើន ដែលគេពុំធ្លាប់ឃើញពីមុនមក។ ដូច្នេះ យើងនឹងផ្តោតការយកចិត្តទុកដាក់របស់យើង ទៅលើ ស្ថានីយ៍ប្រវត្តិសាស្ត្រជាច្រើន ដូចជាស្ថានីយ៍អង្គរបុរី អូរកែវ ចម្ប៉ាសាក់ អ៊ូថង និងស្ថានីយ៍ប្រវត្តិសាស្ត្រ មួយចំនួនទៀត ដែលស្ថិតនៅតាមឆ្នេរសមុទ្រសៀម គឺដើមឡើយ ទឹកដីនេះស្ថិតនៅក្នុងបរិវេណទឹកដី នគរភ្នំ ឬចេនឡា។
សូមរំលឹកថា នៅទីនេះ យើងមានវិភាគពីបញ្ហាវប្បធម៌មន នៃអាណាចក្រទ្វារវតី ពីព្រោះនគរ នេះ បានត្រូវចាប់បដិសន្ធិឡើងនៅសតវត្សរ៍ទី៦នៃគ្រិស្តសករាជ ពោលគឺក្រោយពិការបែកបាក់នៃ នគរភ្នំ។