តាមការស្រាវជ្រាវកាយរាវរកប្ញសគល់នៃវប្បធម៌-អារ្យធម៌ខ្មែរនាសម័យនគរភ្នំ ដែលបានធ្វើ ឡើងដោយលោក លូអ៊ី ម៉ាល័ររ៉េ នៅរមណីយដ្ឋានអូរកែវ ស្ថិតនៅក្នុងដែនដីសណ្តនៃទន្លេមេគង្គ ខាង ត្បូងភ្នំ បាថេ ក្នុងខេត្តក្រមួនស យើងក៏បានដឹងថា បុរាណស្ថាននេះ ជាកំពង់ផែធំមួយ របស់នគរភ្នំ។ ក្នុងការធ្វើកំណាយស្រាវជ្រាវនោះ បានផ្តល់ឲ្យយើងដឹងនូវវត្ថុផ្សេងៗជាច្រើន ដែលខ្លះមកពី ប្រទេសក្លិង្គ ចក្រភពរ៉ូម៉ាំង និងខ្លះទៀត មកពីប្រទេសចិន។ ម៉្យាងទៀត គេក៏បានរកឃើញនូវវត្ថុមួយ ចំនួន ជាថ្មរំលីងនិងសំរិទ្ធ ដែលជាសមិទ្ធិផលនាសម័យបុរេប្រវត្តិសាស្ត្រ។ ដោយសំអាងទៅលើវត្ថុ បុរាណទាំងអស់នោះ យើងអាចសន្និដ្ឋានថា នាសម័យមុនក្លិងចូលស្រុក គឺមានប្រជាពលរដ្ឋខ្មែរបាន រស់នៅលើទីតាំងនេះហើយ។ គួរកត់សម្គាល់ថា កំពង់ផែនេះ គ្រាន់តែជាកំពង់ផែមួយ ក្នុងចំណោម កំពង់ផែជាច្រើនទៀត ក្នុងដែនដីចក្រភពភ្នំ។ បើតាមការស្រាវជ្រាវថ្មីនេះ នៅស្រុកអង្គរបុរី ខេត្តតាកែវ យើងអាចសន្និដ្ឋានដោយមិនភាន់ច្រឡំថា ទីក្រុង ឬរាជធានីរបស់នគរភ្នំ គឺ វ្យាធបុរៈ ដែលមានទីតាំង នៅអង្គរបូរី ពោលគឺពុំមែននៅបាភ្នំទេ។
ប្រសិនបើយើងពិនិត្យមើលការសិក្សារបស់លោក ហ្សង់ ប័រស៊ីលីយេ យើងនឹងសម្គាល់ថា ក្រុងរបស់នគរភ្នំ គឺស្ថិតនៅវាលទំនាបខាងក្រោមរបស់ទន្លេមេណាម គឺរាជធានី អ៊ូថង ទៅវិញ ហើយ បន្ទាប់មកទៀត រាជធានីនេះត្រូវបានជម្លៀសទីតាំងមកនៅជិតពាមទ្លេមេគង្គ ខាងត្បូងនៃប្រទេសកម្ពុជា សព្វថ្ងៃនេះ។ ការដែលលោកសាស្ត្រចារ្យយល់បែបនេះ មិនខុសពីការពិតប៉ុន្មានទេ ដោយហេតុថា ទាំង កំពង់ផែ អូរកែវ ដែលមានទស្សនៈខ្លះបានចាត់ទុកថា ជារាជធានីរបស់នគរភ្នំដែរនោះ ទាំងទីក្រុង វ្យាធបុរៈនៅអង្គរបូរី ដែលមានកំពង់ផែជាច្រើនផង ទាំងនៅ អ៊ូថង ដែលនៅក្នុងប្រទេសថៃបច្ចុប្បន្ន បាន ន័យថា ទីតាំងប្រវត្តិសាស្ត្រទាំងនេះ គឺសុទ្ធសឹងតែស្ថិននៅក្នុងបរិវេណនគរភ្នំទាំងអស់។ ម៉្យាងទៀត តាមពិត ចក្រភពភ្នំត្រូវជាក្សត្រប្រទេស ដោយហេតុនេះហើយ បានជាយើងឃើញព្រះរាជធានីជាច្រើន នាសម័យបុរាណកាល។ គឺក្នុងសម័យនេះហើយ ដែលឈ្មោះ ស្រីទ្វារវតី ដែលគេជឿថា ជាស្តេច នគរមន ត្រូវបានគេជួបប្រទះនៅលើកាក់មាសមួយ នៅ(KA 196) អង្គរបូរី។
រួមសេចក្តីមក ចក្រភពភ្នំពីសតវត្សរ៍ទី១ដល់សតវត្សរ៍ទី៦ គេឃើញមានព្រះរាជធានីជាច្រើន ដូចជា វ្យាធបុរៈ ស្រេស្នបុរៈ(សម្បូណ៌ព្រៃគុហ៍ សតវត្សរ៍ទី៦ និងទី៧) អវធ្យបុរៈ ស្រីទេព។ល។ ដែល ជាមជ្ឃមណ្ឌលនយោបាយនិងវប្បធម៌ដ៏មហារុងរឿង។
ទាក់ទងនឹងចម្បាំងរវាងចេនឡានិងនគរភ្នំ ដែលបានធ្វើឡើងដោយព្រះបាទមហេន្ទ្រវម៌្ម ឬ ចិត្រសេន ហើយនិងការជម្លៀសចេញពីរាជធានី វ្យាធបុរៈ(ឬអង្គរបូរី) ដោយព្រះបាទភវវម៌្មទី១ ដូចដែល ឯកសារចិនរជ្ជកាល ថាំង និង ស៊ុយ បានពិពណ៌នា សិលាចារឹកនៃប្រាសាទឥដ្ឋនៅតំបន់ ហ្គោសាយ ស្រុក ឌឹកហ្វា តំបន់វាលភក់នៃកម្ពុជាក្រោម បានបញ្ជាក់អំពីព្រឹត្តិការណ៍នេះស្របនឹងកំណត់ហេតុចិន ដោយមានខ្លឹមសារដូចតទៅ ៖ព្រះបាទភវវម៌្មទី១ បានដាក់បញ្ញត្តិឲ្យទ័ពរបស់ព្រះអង្គ ចំនួន១០០.០០០ នាក់ ដកចេញឆ្ងាយពីទីក្រុង វ្យាធបុរៈ ដើម្បីទៅកាន់តំបន់មួយដែលស្ថិតឆ្ងាយពីនោះ ហើយមុនអនុវត្ត ព្រះរាជបញ្ជាខាងលើនេះ ប្រជាពលរដ្ឋបានលាក់កប់នូវទ្រព្យសម្បត្តិ គ្រឿងអលង្កាធ្វើពីមាសប្រាក់ និងវត្ថុ សំរឹទ្ធដែលខ្លួនមាន។
សូមជម្រាបថា សិលាចារឹកខាងលើនេះ បានត្រូវគេចារឡើងនៅលើសន្លឹកមាសមួយ (២.១x៤ស.ម.) ហើយបានត្រូវគេរកឃើញជាមួយវត្ថុមួយចំនួនធំ ដែលនៅក្នុងនោះ មានវត្ថុធ្វើពីមាស ២៦ ក្នុងដីជម្រៅប្រមាណ១ម.៧០ នៅចំកណ្តាលប្រាសាទឥដ្ឋមួយ ក្នុងតំបន់ ហ្គោសាយ ដូចដែលបាន ពោលខាងលើនេះស្រាប់។
ម៉្យាងទៀត សិលាចារឹកនោះក៏បានឲ្យដឹងបន្ថែមទៀតថាៈ”មុននឹងដកទ័ពថយ ព្រះបាទភវវម៌្មទី១ បានបញ្ជាឲ្យគេធ្វើពិធីបួងសួងមួយ ថ្វាយចំពោះទេវតាផ្សេងៗនិងព្រះឥន្ទ ដើម្បីសេចក្តីសិរីមង្គល ដោយ មានដង្វាយដូចជា រូបដំរី កងដៃ កងជើង ក្រណាត់សំពត់ និងភ្លុកដំរី ហើយក្នុងឳកាសនោះ ព្រះបាទ ភវវម៌្មទី១បានមានព្រះឳង្ការទៅកាន់ប្រជាពលរដ្ឋនៅទីនោះ ឲ្យមានជំនឿទៅលើសាសនាថ្មីមួយ ដែល ទើបតែគោរពប្រតិបត្តិ។ ម៉្យាងទៀត នៅខាងចុងអត្ថបទនោះ គេឃើញមានការសរសើរនូវបារមីរបស់ ព្រះព្រហ្មទៀតផង។
សូមរំលឹកឡើងវិញថា តំបន់វាលភក់ខាងលើនេះ សម្បូរទៅដោយស្ថានីយ៍ប្រវត្តិសាស្ត្រ នា សម័យនគរភ្នំ ដូច្នេះហើយ គ្រាន់តែនៅក្នុងស្រុក ឌឹកហ្វា តែមួយ គេឃើញស្ថានីយ៍ខ្មែរបុរាណមុន សម័យអង្គរដល់ទៅជាង៥០ទៅហើយ បើគេយោងទៅលើការស្រាវជ្រាវរបស់លោក យ៉ ស៊ីខាយ នៅក្នុងឆ្នាំ១៩៨៧។
សរុបសេចក្តីមក ខ្លឹមសារនៃសិលាចារឹកខាងលើនេះ ដែលស្របទៅនឹងកំណត់ហេតុចិន មាន អត្ថប្រយោជន៍សំខាន់ណាស់ ក្នុងការឈ្វេងយល់អំពីព្រឹត្តិការណ៍នយោបាយខ្មែរ នាសម័យមុនអង្គរ។
វត្តមានរបស់ព្រះពុទ្ធសាសនា
ដោយមានកំពង់ផែសមុទ្រជាច្រើន ដែលស្ថិតនៅតាមឆ្នេរសមុទ្រសៀមសព្វថ្ងៃនេះ វិស័យ ពាណិជ្ជកម្មរវាងក្រុងភ្នំនិងប្រទេសចិន ត្រូវបានប្រព្រឹត្តិឡើងយ៉ាងសកម្ម។ ក្នុងពង្សាវតារាជវង្សស៊ីខាង ត្បូង មានសេចក្តីរាការណ៍ថា កាំងតុង បានត្រឡប់មកនគរភ្នំវិញ ដើម្បីនាំជាមួយពួកគេនូវព្រះភិក្ខុសង្ឃ មួយអង្គព្រះនាមនាគសេន។ ដោយអកុសល នាវានេះត្រូវ ព្យុះសង្ឃរាបោកបក់ដោយឲ្យរសាត់ទៅជាប់ នឹងឆ្នេរសមុទ្រនៃប្រទេស លិនយី ឬ ចម្ប៉ា ដែលជាហេតុធ្វើឲ្យភិក្ខុសង្ឃនាគសេនធ្វើដំណើរមកប្រទេស កម្ពុជាតាមផ្លូវគោកវិញ។
ព្រះមហាក្សត្រខ្មែរនាសម័យនោះ ដែលព្រះនាមថា កៅណ្ឌិន្យជ័យវម៌្ម(ចៅយេប៉ាមោ)គាវឆេងយូ ទ្រង់បានជ្រាបនូវព្រឹត្តិការណ៍ដ៏សំខាន់នេះហើយ ទើបព្រះភិក្ខុសង្ឃអង្គនេះនាំព្រះរាជសារ ព្រមទាំង ដង្វាយផ្សេងៗទៅថ្វាយស្តេចក្រុងចិន វូទី នៃរជ្ជកាលអ៊ី នៅឆ្នាំ៤៨៤ នៃគ.ស.។ ចំពោះដង្វាយខ្មែរ គេ ឃើញមានរូបបល្ល័ង្កដែលធ្វើពីមាសសុទ្ធ ដោយមានឆ្លាក់រូបនាគប្រកបដោយក្បាច់ក្បូរយ៉ាងល្អប្រណិត និងវត្ថុមួយចំនួនទៀតធ្វើពីភ្លុកដំរី។
សូមជម្រាបថា គេបានរកឃើញក្នុងបរិវេណនៃវត្តស្រីមហាពោធិ នូវសិលាចារឹកមួយមានសេចក្តី ដូចតទៅនេះ “ អំណោយទៅពេទ្រ ឯ វ្យាធបុរៈ “។ តាមសិលាចារឹកនេះ យើងដឹងថា បុរាណស្ថានខាង លើនេះ ដើមឡើយមានឈ្មោះថា វ្យាធបុរៈ ឬ ទីក្រុងអហិង្សា ដែលមានមន្ទីរពេទ្យនិងប្រជាពលរដ្ឋរស់ នៅយ៉ាងកុះករទៀតផង។ សេចក្តីទាំងនេះសឲ្យឃើញថា ព្រះពុទ្ធសាសនាមានវត្តមាននៅក្នុងទឹកដីខ្មែរ ដោយគេឃើញមានវត្តអារាម និងមន្ទីរពេទ្យជាស្នូលតាំងពីដើមសម័យប្រវត្តិសាស្ត្រម៉្លេះ។
ក្រៅពីនេះ ប្រភពឯកសារបានឲ្យដឹងទៀតថា ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវម៌្ម ខាងលើនេះ មានព្រះភិក្ខុសង្ឃពីព្រះអង្គបាននិមន្តទៅស្រុកចិនតាមសេចក្តីអញ្ជើញរបស់ស្តេចចិន ដើម្បីបកប្រែគម្ពីរ សាសនារបស់មហាយានរបស់ខ្មែរ ដែលសរសេរជាភាសាសំស្ក្រឹត ទៅជាភាសាចិន។ ព្រះសង្ឃទាំងពីរ ព្រះអង្គមានព្រះនាមថា សង្ឃបាល និង មន្ត្រសេន។ ព្រះសង្ឃព្រះនាម សង្ឃបាលបានគង់នៅប្រទេស ចិនមានថេរវេលា១៦ឆ្នាំ ហើយបានធ្វើការក្នុងការិយាល័យទាំងប្រាំ។ សូមជម្រាបថា ព្រឹត្តិការណ៍ជា ប្រវត្តិសាស្ត្រខាងលើនេះ មិនខុសប៉ុន្មានទេ ទៅនឹងការដែលព្រះសង្ឃថៃបានបង្កើតការិយាល័យខ្មែរ-ថៃ មួយ ស្ថិតនៅខាងកើតវត្តសាកេត នៅទីក្រុងបាងកក សម្រាប់បកប្រែគម្ពីរព្រះត្រៃបិតកខ្មែរទៅជា ភាសាថៃ ចាប់តាំងពីឆ្នាំ១៩៧០មក។
សរុបសេចក្តីមក គឺព្រះមហាក្សត្រខ្មែរនេះហើយ ដែលធ្វើឲ្យព្រះពុទ្ធសាសនាមានភាពដុះដាល រុងរឿងរីកចម្រើនអស្ចារ្យនៅនគរភ្នំ ដូចជាការដែលស្តេចខ្មែរចាត់ឲ្យនាំព្រះពុទ្ធអង្គ នៅឆ្នាំ៥០៣នៃគ.ស. ទៅថ្វាយស្តេចចិនជាសក្ខីភាពស្រាប់។
នៅពាក់កណ្តាលសតវត្សរ៍ទី៥នៃគ.ស. ព្រះបាទជ័យវម៌្ម ដែលត្រូវជាព្រះវរាជបិតារបស់ព្រះបាទ គុណវម៌្ម ជាអភិបាលខេត្តនៅម្តុំស្រុកទឹកខ្មៅ នៅកម្ពុជាក្រោម ប្រារព្ធលើជំនឿសាសនាយ៉ាងមុតមាំ។ សិលាចារឹក ដុង ថាប មឿយ បានប្រៀបធៀបរិទ្ធិបារមីរបស់ព្រះបាទ គុណវម៌្ម ប្រដូចនឹងព្រះចន្ទ្រ នៃរាជវង្ស កៅណ្ឌិន្យ ។
ម៉្យាងទៀត ឯកសារចិនក៏បានពិពណ៌នាអំពីការដុះដាលលូតលាស់ នៃព្រះពុទ្ធសាសនានៅ នគរភ្នំ ជាពិសេស ក្នុងរជ្ជកាលរបស់ព្រះបាទ កៅណ្ឌិន្យជ័យវម៌្ម។ ក្រោយពីទ្រង់យាងមកពីតំបន់ លីហ្គោ ដែលស្ថិតនៅជ្រោយ ម៉ាឡាយូ ស្តេចអង្គនេះក៏បានឡើងសោយរាជនៅលើបល្ល័ង្ក។ ព្រះបាទ កៅណ្ឌិន្យ ជ័យវម៌្ម បានសព្វព្រះទ័យនឹងព្រះពុទ្ធសាសនា ថ្វីត្បិតតែព្រហ្មញ្ញសាសនានិកាយសិវៈ នៅមានឥទ្ធិពល ខ្លាំងក្លាយ៉ាងណាក៏ដោយ។ សូមជម្រាបថាទំនៀមទម្លាប់នាសម័យនោះ គឺការគោរពបូជាដល់ព្រះ មហេស្វរៈ ដែលស្ថិតនៅលើភ្នំដ៏ពិសិដ្ឋមួយដ៏ជាទីសក្ការៈ មានឈ្មោះថា ម៉ូតាន នៅស្រុកបាភ្នំ ខេត្ត ព្រៃវែង។ “ព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គបានទទួលពីព្រះអាទិទេព នូវសិរីមង្គល ហើយប្រជារាស្ត្រមាន សន្តិភាព” ដោយហេតុថា ព្រះពោធិសត្វលោកេស្វរៈ “ទ្រង់មានមេត្តាធម៌ប្រោសប្រណីចំពោះពួកគេ”។