ឯកសារចិន ហ្សិយ ងាតហូ (ជំពូក១៩៧) និងសិលាចារឹកខ្មែរបានឲ្យដឹងថា ព្រះមហាក្សត្រខ្មែរ សោយរាជនៅ ពាលាទិត្យបុរៈ គឺស្ថិតក្នុងរជ្ជកាលរបស់ព្រះបាទ រាជេន្ទ្រវម៌្មទី២(៩៤៤ ៩៦៨)នៃគ.ស. ។ តាមប្រភពឯកសារខាងលើនេះ បានឲ្យដឹងថា ព្រះបាទ រាជេន្ទ្រវម៌្មទី២ ស្ថិតក្នុងសន្តតិវង្សអនិន្ទិត ។ តាមពិតវត្តមានរបស់ព្រះរាជវង្ស អនិន្ទិត នេះ នៅទសវត្សរ៍ទី៨ នៃគ.ស. ដែលមាននយោបាយ វប្បធម៌នៅ អនិន្ទិតបុរៈ គឺជាភស្តុតាងបង្ហាញឲ្យយើងដឹងថា នៅសម័យចេនឡា ជាសម័យដែលប្រទេស ខ្មែរ ជាប្រទេសដែលលេចធ្លោឡើងនូវអំណាចមូលដ្ឋានជាច្រើន និងសារជាតិនៃរបៀបគ្រប់គ្រងស្រុក ទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ម៉្យាងទៀត សម័យនោះក៏ដូចជាសម័យនគរភ្នំដែរ ការលេច ឡើងនូវរាជវង្សខ្មែរនានា ជាសក្ខីភាពមួយអាចបញ្ជាក់ឲ្យឃើញ នូវការទន់ខ្សោយនូវអំណាចកណ្តាល។ ភស្តុតាងនៃបញ្ហានេះ ត្រូវបានឯកសារចិនកត់ត្រាទុកដែរ ពីព្រោះក្នុងអន្តរកាលនេះហើយ ដែលប្រទេស ចេនឡាត្រូវចែកបែកជាពីរ គឺចេឡាទឹក និង ចេនឡាគោក។
ព្រះរាជវាំងព្រះមហាក្សត្រខ្មែរស្ថិតនៅ ប៉ូឡូទីប៉ូ ដែលត្រូវនឹងពាក្យ ពាលាទិត្យបុរៈ នៃសិលា ចារឹកខ្មែរ នាគ.ស. ៨០៦ ក្នុងរជ្ជកាលនៃព្រះបាទ រាជេន្ទ្រវម៌្មទី២(៩៤៤-៩៦៨)នៃគ.ស.។ សូមរំលឹកថា ទីក្រុងរបស់ព្រះមហាក្សត្រអង្គនេះ គឺអនិន្ទិត្យបុរៈ។
ឯខ្លឹមសារសំខាន់មួយទៀតរបស់សិលាចារឹកខាងលើនេះ គឺព្រះបាទ រាជេន្ទ្រវម៌្មទី២ បានបញ្ជាក់ ថា ព្រះអង្គមានព្រះបំណងចង់ស្តារឡើងវិញ នូវរាជវង្ស ពាលាទិត្យ ជាវង្សត្រកូលរបស់ព្រះអង្គ ដែល សោយរាជនៅ ពាលាទិត្យបុរៈ ឬ អនិន្ទិត្យបុរៈ។
តាមប្រភពសិលាចារឹកប្រែរូប (K.806) ដែលបានចារឡើងនៅឆ្នាំ ៩៦១នៃគ.ស. គេឃើញមាន បញ្ជាក់នូវរាជវង្ស ស្រីពាលាទិត្យ ដែលមានបុព្វបុរស កៅណ្ឌិន្យ និង សោមា។ ព្រះបាទ ស្រីពាលាទិត្យ បានសោយរាជនៅឯ អនិន្ទិតបុរៈ តាមរយៈព្រះមាតារបស់ព្រះអង្គ ។ ម៉្យាងទៀត យើងក៏បានដឹងតាម រយៈសិលាចារឹក(K.508) នៃប្រាសាទមេបុណ្យខាងកើត ដែលបានចារឡើងនៅឆ្នាំ៩៥២ នៃ គ.ស. ថាព្រះអង្គបានសាងនូវសិវលិង្គមួយ នៅឯ ស្វគ៌ទ្វារបុរៈ និងនៅកន្លែងផ្សេងទៀតក្នុងព្រះនគរ។ ប្រភព សិលាចារឹកក៏បានឲ្យដឹងទៀតថា ព្រះរាជបុត្រីរបស់ព្រះអង្គ គឺ សរស្វតី បានរៀបអភិសេកជាមួយ ព្រាហ្មណ៍ម្នាក់ឈ្មោះ វិស្វរូប ហើយក្នុងចំណោមព្រះរាជបុត្រដែលប្រសូត្រពីគូស្វាមីភរិយានេះ គេឃើញ មានព្រះបាទ នរបតីន្ទ្រវ៌ម្ម(នបតីន្ទ្រវម៌្ម) ដែលត្រូវជាព្រះបិតារបស់ព្រះបាទ បុស្សរាក្ស ។ ព្រះបាទ បុស្សរាក្ស គឺជាអ្នកបង្កើតនូវរាជវង្ស សម្ភុបុរៈ។ ក្នុងព្រឹត្តិការណ៍មួយទៀត ដែលយើងត្រូវផ្តោតការយក ចិត្តទុកដាក់ដែរ ពីព្រោះរាជបុត្រនិងព្រាហ្មណ៍ វិស្វរូប ខាងលើនេះ បានប្រសូត្រនូវរាជបុត្រីមួយព្រះអង្គ ដែលត្រូវជាជាយារបស់ វេទវតី ដែលមានកូនស្រីម្នាក់ឈ្មោះ មហេន្ទ្រទេវី។ ព្រះនាង មហេន្ទ្រទេវី បាន រៀបការជាមួយព្រះបាទមហេន្ទ្រវម៌្ម ដែលបានតពូជពង្សព្រះបិតារបស់ វេទវតី ដែលបានគង់នៅភវបុរៈ។
ព្រះបាទ មហេន្ទ្រវម៌្ម និង មហេន្ទ្រទេវី បានប្រសូត្របុត្រមួយព្រះអង្គ គឺព្រះបាទ រាជេន្ទ្រវម៌្មទី២ ដែលបានសោយរាជនៅដំបន់សៀមរាប–អង្គរ។ បញ្ហាមួយទៀតដែលបានចោទឡើងនៅទីនេះ គឺគេ ពិបាកដោះស្រាយឲ្យដាច់ស្រឡះណាស់ ពីទីតាំងរបស់រាជធានី ទិត្យបុរៈ ឬ អនិន្ទិតបុរៈ ដោយហេតុថា សិលាចារឹករបស់ព្រះបាទ ពាលាទិត្យ ត្រូវគេជួបប្រទះពីតំបន់អង្គរ រហូតដល់ទឹកដីកម្ពុជាក្រោម (K.11) ដូចជានៅខេត្ត មាត់ជ្រូក ជាដើម។ ចំពោះយើង យើងជឿថា ព្រះរាជធានីខាងលើនេះ ពិតជានៅឆ្ងាយពី តំបន់អង្គរ ជាពុំខាន។
រីឯទីក្រុង ភវបុរៈ របស់ព្រះបាទ ភវវម៌្មទី១ (៥៩៨ នៃគ.ស.) វិញ ដែលស្ថិតនៅម្តុំអំពិលរលំ ប្រមាណ៣០គីឡូម៉ែត្រ នៅទិសខាងជើងឆៀងខាងកើតនៃខេត្តកំពង់ធំ យើងជឿថា នាដើមសម័យអង្គរ រាជវង្ស អនិន្ទិត្យ ពិតជាបានផ្លាស់ទីតាំងរបស់ព្រះអង្គ ទៅកាន់តំបន់ខាងជើងនៃជួរភ្នំដងរែក។
រួមសេចក្តីមក សេចក្តីអធិប្បាយនៃសិលាចារឹក ដែលជាមូលដ្ឋានប្រវត្តិសាស្ត្រនាសម័យចេនឡា ជាពិសេស គឺវត្តមានរបស់បុរាណដ្ឋានជាច្រើន នៅម្តុំជួរភ្នំដងរែកទាំងពីរខាង បង្ហាញផ្ទុយពីមតិខ្លះ គឺក្នុង ភូមិភាគទាំងនេះហើយ ដែលរាជវង្ស អនិន្ទិត្យបុរៈ បានស្ថិតនៅ។ ជាមូលដ្ឋានដំបូងនៃការជ្រើសរើស ភូមិសាស្ត្រនេះ ដែលជាប្រភពនៃវឌ្ឍនភាព គឺទី១ ស្ថិតនៅឆ្ងាយពីតំបន់អង្គរ និងជានិមិត្តរូបនៃអំណាច កណ្តាល។ ទី២ គឺជាតំបន់សេដ្ឋកិច្ច ដែលប្រកបដោយភាពងាយស្រួលក្នុងការអភិវឌ្ឍន៍តំបន់ ។ ដោយ ឡែកទៀត អំណាចកណ្តាលពុំមានវត្តមាននៅទីនេះទេ ហើយថែមទាំងស្ថិតយ៉ាងឆ្ងាយពីរាជធានីផង គឺប្រហែលជាករណីនេះហើយ ដែលយើងបានជួបប្រទះ នូវវត្តមាននគរមួយចំនួន ដូចជា ចានាស ជាដើម នៅលើខ្ពង់រាប នគររាជសីមា។
ទីតាំងរបស់ វ្យាធបុរៈ តាមឯកសារប្រវត្តិសាស្ត្រ
ប្រភពឯកសារចិនបានឲ្យដឹងថា អាណាចក្រភ្នំមានទំហំប្រមាណ៥,០០០លី ដែលត្រូវនឹង ២,០០០ គីឡូម៉ែត្រ។ ចំពោះទំហំនេះ យើងគិតថាវាសមរម្យនឹងស្ថានភាពជាក់ស្តែង នៃភូមិសាស្ត្រ បុរាណ នៃអតីតព្រះរាជាណាចក្រខ្មែរ ។ តាមពិត ប្រសិនបើគេវាស់វែងចម្ងាយនេះ តាមរយៈខ្សែរ បណ្តោយ ឬជម្រៅ យើងឃើញថា ព្រំប្រទល់ពិតជាត្រឹមត្រូវ ក៏ប៉ុន្តែបើគេគិតពីឈូងសមុទ្រថៃសព្វថ្ងៃ ដែលពីដើមមានឈ្មោះថាឈូងសមុទ្រខ្មែរ ក៏វាជាការសមហេតុផល។ ម៉្យាងទៀតសូមរំលឹកថា ក្នុង អាណាចក្រភ្នំ ប្រែថាសុវណ្ណភូមិនោះ មានរដ្ឋតូចធំជាច្រើនដែលបានដុះដាលធំធាត់ឡើង ដោយសារពាណិជ្ជកម្មអន្តរជាតិ។
ចំពោះបញ្ហាដែលស្តីពីទីតាំងរបស់ទីក្រុង វ្យាធបុរៈ ឬ ទីក្រុងអង្គរបូរី ដែលចិនហៅថា តូទូ នោះ មានមតិផ្ទុយគ្នាជាច្រើន តែចំពោះយើង យើងសូមឯកភាពជាមួយលោក អែម៉ូលីយេ ដោយហេតុថា ដូចអ្នកប្រវត្តិសាស្ត្រទូទៅបានសន្និដ្ឋានថា ទីក្រុងនេះស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវសព្វថ្ងៃ។
បុព្វហេតុដែលនាំឲ្យអ្នកប្រាជ្ញនេះសន្និដ្ឋានដូច្នោះ គឺមកពីគេរកឃើញននៅលើទីតាំងនេះ នូវ វត្ថុបុរាណសំខាន់ៗនាសម័យនគរភ្នំជាច្រើន ដូចជាព្រះវស្ណុថ្មដៃ៨នៅភ្នំដាមួយយ៉ាងធំ កំពស់២ម៉ែត្រ ៧០ ដែលជារូបចម្លាក់មួយធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ ហើយតាមរយៈការស្រាវជ្រាវ របស់អ្នកឯកទេសអាមេរិកាំង ដែលសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រ កម្ពុជាយើង ក៏បានបញ្ជាក់ថា មតិរបស់អ្នកប្រាជ្ញខាងលើនេះ ពិតជាត្រឹមត្រូវមែន។ ថ្មីៗនេះ តាមរូបភាព របស់ផ្កាយរណប (ស្ពួត) បានបង្ហាញឲ្យយើងឃើញនូវកំពែងនៃក្រុងបុរាណធ្វើអំពីឥដ្ឋ ដែលមានប្រវែង ប្រមាណ៤គីឡូម៉ែត្រ។
រួមសេចក្តីមក ចំពោះយើង ការដែលគេចាត់ទុកថា វ្យាធបុរៈស្ថិតនៅតំបន់ បាភ្នំ ជាការមិនសម ហេតុសមផលទេ ដោយសំអាងលើមូលហេតុខាងលើនេះ ថ្វីត្បិតតែសន្តតិវង្ស បាម៉ូ(រុទ្ទ្រវម៌្ម)នៃកំណត់ ហេតុចិន មានពាក្យស្រដៀងនិងហ្វ៊ូណន ឬ នគរភ្នំយ៉ាងណាក៏ដោយ។ គប្បីរំលឹកថា ទីក្រុងស្ថិតឆ្ងាយពី ភ្នំ ម៉ូតាន់ ឬ បាភ្នំ ប្រមាណជា៥៣គីឡូម៉ែត្រ។ ម៉្យាងទៀត យើងក៏បានកត់សំគាល់ដែរថា អ្នកបរទេស មួយចំនួនដែលរក្សាពីប្រវត្តិសាស្ត្រខ្មែរ ភាគច្រើនពុំបានស្គាល់ទីក្រុង អង្គរបូរី ឬ វ្យាធបុរៈទេ ដូច្នេះបាន ជាទស្សនៈរបស់គេ គ្មានភាពប្រាកដនិយមឡើយ។ មួយវិញទៀត នាសម័យអតីតកាល គ្មានការបែង ចែកឬវែកញែកខេត្តមួយទៅខេត្តមួយទៀត បានច្បាស់លាស់ដូចសព្វថ្ងៃនេះទេ។
ឥឡូវនេះ គប្បីលើកយកសេចក្តីអធិប្បាយពីទីតាំងនគរភ្នំ ដែលកត់ត្រាក្នុងឯកសារចិន មក ពិនិត្យ។
ទីក្រុង វ្យាធបុរៈស្ថិតនៅឆ្ងាយពីសមុទ្រប្រវែង៥០០លី ដែលមានភ្នំ ម៉ូតាន់ (បាភ្នំ) ជាភ្នំការពារ ព្រះរាជនគរ។ មានទន្លេមួយដែលទឹកហូរពីខាងជើងឆៀងខាងលិច តម្រង់ទៅទិសខាងកើត ដើម្បីហូរ ចាក់ទៅសមុទ្រ។ តាមពិត ទន្លេនេះគឺជាទន្លេមេគង្គដែលមានដៃទន្លេជាច្រើន នៅកម្ពុជាក្រោម សម្រាប់ សម្រួលដល់សំពៅនិងទូកដែលធ្វើជំនួញជួញប្រែ រវាងខ្មែរនិងបរទេស។
ចំពោះទីក្រុងវ្យាធបុរៈដែលជារាជធានីនៃនគរភ្នំ ថ្វីត្បិតតែយើងអាចកំណត់ទីតាំងដោយមិនភាន់ ច្រឡំក៏ដោយ ប៉ុន្តែយើងក៏នៅតែមានទស្សនៈមួយចំនួនទៀតដូចតទៅនេះ ដោយសំអាងទៅលើកំណត់ ហេតុចិន និងរូបចម្លាក់សំណង់ប្រាសាទវប្បធម៌បុរាណ ដែលគេបានរកឃើញសេសសល់នៅក្នុងអាណា ខេត្តជិតឈូងសមុទ្រសព្វថ្ងៃនេះ គឺយើងអាចកត់ត្រាថា វ្យាធបុរៈ ឬ អង្គរបូរី ពុំមែនជារាជធានីមួយ របស់ចក្រភពភ្នំទេ។ ពោលគឺមានរាជធានីមួយចំនួនទៀត ដូចជា អ៊ូថង “សុផាន់បុរី” លង្កាស៊ូកា ជាដើម ដែលជាអតីតទីក្រុងរបស់នគរភ្នំ ហើយដែលសព្វថ្ងៃស្ថិតក្នុងខណ្ឌសីមា របស់ប្រទេសថៃឡង់ដ៍។
សរុបមក តាមបុរាណវិទ្យា យើងអាចសន្និដ្ឋានថា ស្ថេរភាពនយោបាយនិងសេចក្តីរុងរឿងនៃ តំបន់នេះ បណ្តាលមកពីកសិកម្ម ពាណិជ្ជកម្ម និងតំបន់នានា នៃដែនដីសណ្ត។ ផ្លូវទឹកនានាមានតួនាទី យ៉ាងសំខាន់បំផុត ក្នុងការផ្សព្វផ្សាយវប្បធម៌-អារ្យធម៌ឥណ្ឌាចូលក្នុងទីប្រជុំជនខ្មែរនានា។ រូបចម្លាក់ បុរាណ ដូចជាព្រះគណេស ព្រះហរិហរៈ ព្រះវិស្នុ ព្រះព្រហ្ម និងព្រះពុទ្ធរូបទាំងឡាយ ដែលគេរកឃើញ បានឆ្លុះបញ្ចាំងឲ្យយើងដឹងស្គាល់ នូវជំនឿសាសនានាសម័យនោះ។ ថ្វីត្បិតតែខ្មែរនាសម័យនោះនិយម បូជាសាសនាក្លិង្គ ដែលមានពហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាជាអាទិ៍ តែគេក៏នៅតែគោរពដូនតា ដែលបានចែកស្ថានទៅដែរ។ ការរកឃើញនូវក្បាលអ្នកតាជាច្រើន បង្ហាញឲ្យយើងស្គាល់នូចជំនឿ អ្នកស្រុក នៅគ្រាបឋមនៃប្រវត្តិសាស្ត្រយើង។
គប្បីរំលឹកឡើងវិញថា នាសម័យបុរាណនោះ សេដ្ឋកិច្ចមូលដ្ឋាននៃអង្គរបូរី ដែលមានកំពង់ផែ អូរកែវ ដែលស្ថិតនៅកម្ពុជាក្រោមសព្វថ្ងៃ គឺជាវិស័យពាណិជ្ជកម្មអន្តរជាតិរវាងខ្មែរនិងឥណ្ឌា ព្រម ទាំងចក្រភព ហ្គ្រិកូ–រ៉ូម៉ាំង។ ការជួញដូរនេះដែរ ជាប្រភពនៃការចាក់ប្ញសគល់វប្បធម៌បរទេស នៅក្នុង អតីតទឹកដីកម្ពុជា និងជាប្រភពនៃវឌ្ឍនភាពនៃព្រះរាជាណាចក្រភ្នំ ។ យើងអាចឃើញស្លាកស្នាមមួយ ចំនួន តាមរយៈរឿងព្រេងនិទាន ដូចជាភ្នំបូរី ភ្នំដា នៅខេត្តតាកែវជាដើម។ ចំណុចមួយទៀតរបស់ រឿងនិទានស្តីពីកំណើតនៃទីក្រុងអង្គរបូរី ឈ្មោះទីភ្នំបុរី ដែលដែលជាកន្លែងសក្តិសិទ្ធិបំផុតក្នុងសម័យ បឋម នៃប្រវត្តិសាស្ត្រកម្ពុជា។ តាមពិត តាមរយៈរឿងព្រេងនេះ យើងដឹងថា ភ្នំបូរី នេះ គឺ“ភ្នំរបស់ទីក្រុង អង្គរបូរី” ដែលស្ថិតនៅក្រៅបរិវេណនៃទីក្រុង ហើយគឺនៅទីនេះហើយ ដែលខ្មែរយើងបានសាងសង់ ប្រាសាទបុរាណមួយ សម្រាប់ជាទីសាក្ការៈបូជាព្រះអាទិទេព។ សូមជម្រាបបញ្ជាក់ថា ការសាងសង់ បូជនីយដ្ឋានសម្រាប់ព្រះរាជា នៅលើកំពូលភ្នំដែលស្ថិតនៅក្រៅទីក្រុង ឬបុរីជាប្រពៃណី ធ្លាប់មាននៅ ឥណ្ឌា និងចិន។ ដូច្នេះ ពេលបុណ្យទានម្តងៗ ទាំងព្រះរាជាទាំងប្រជារាស្ត្រ រមែង “ឡើងភ្នំ ចុះភ្នំ” ជា និច្ចកាល ដើម្បីបន់ស្រន់សូមសិរីមង្គលពីសំណាក់ព្រះអាទិទេព គឺព្រះវិស្ណុ ឬព្រះនារាយណ៍ដៃ៨ ឬព្រះ ហរិហរៈ ដែលប្រថាប់នៅក្នុងប្រាសាទទាំងពីរ នៃភ្នំបុរីនេះ។ ម៉្យាងទៀត គឺតាមកំពង់ផែនេះហើយ ដែល ព្រះភិក្ខុសង្ឃខ្មែរបាននិមន្តទៅកាន់ប្រទេសចិន ដើម្បីចម្លងនិងប្រែគម្ពីរធម៌ថ្វាយស្តេចចិន។ ក៏ប៉ុន្តែគ្មាន អ្វីដែលថា ចម្ងាយនេះមិនមែនជាចម្ងាយរវាងសមុទ្រនឹងទីក្រុងអ៊ូថង ដែលជាអតីតរាជធានីខ្មែរដ៏សំខាន់ មួយរបស់អាណាចក្រភ្នំ ដែលសព្វថ្ងៃស្ថិតនៅក្នុងប្រទេសថៃបច្ចុប្បន្ន។