ប្រវត្តិសាស្រ្តខ្មែរភាគទី៦៖ ភាពថ្កុំថ្កើងរុងរឿងរបស់ នគរភ្នំ

វឌ្ឍនភាពនៃនគរភ្នំ បណ្តាលមកពីសេដ្ឋកិច្ចអន្តរជាតិ នៅដើមសតវត្សរ៍ទី១នៃគ្រិស្តសករាជ ដោយហេតុថា នាសម័យបុរាណ ឈូងសមុទ្រទាំងប៉ុន្មានរបស់ខ្មែរ គឺជាកន្លែងដែលមានសំពៅបរទេស ឥណ្ឌានិងចិនមកចត ដើម្បីទិញដូរ។ ម៉្យាងទៀត កំពង់ផែបុរាណទាំងនោះ មានសារសំខាន់ជាអនេក សម្រាប់ជនបរទេស ដើម្បីឈប់សម្រាកមុននឹងធ្វើដំណើរទៅមុខទៀត គឺចេញពីស្រុកខ្មែរទៅកាន់ស្រុក ចិន ឬពីប្រទេសចិនឆ្ពោះទៅកាន់ប្រទេសឥណ្ឌាវិញ។ ភូមិសាស្ត្រនៃនគរភ្នំដែលស្ថិតនៅចំកណ្តាល រវាងចិននិងឥណ្ឌានេះហើយ ដែលជាកត្តាធ្វើឲ្យប្រទេសនេះមានភាពថ្កុំថ្កើងរុងរឿង។

នៅលើទឹកដីនគរភ្នំ ព្រះរាជាខ្មែរបានចាត់ចែងឲ្យមានប្រព័ន្ធទឹកនៅគ្រប់ទិសទីទាំងអស់ ដូចជា ត្រពាំង ស្រះ និងព្រែក ដើម្បីងាយស្រួលដាំដុះធ្វើស្រែចំការ និងធ្វើចរាចរតាមផ្លូវទឹក។ រូបភាពដែលគេ បានថតពីអាកាសដោយយន្តហោះ បង្ហាញឲ្យយើងឃើញនូវប្រព័ន្ធទឹកដ៏ខ្វាត់ខ្វែងទាំងនោះ ដែលជា មូលដ្ឋានសេដ្ឋកិច្ច។

ភាពចម្រើនលូតលាស់នៃអាណាចក្រខ្មែរនេះ ត្រូវបានឆ្លុះបញ្ចាំងដោយវត្ថុបុរាណជាច្រើនដូចជា គ្រឿងអលង្កា ប្រាក់ ត្បូង ត្រា ស្ថាបត្យកម្ម រូបចម្លាក់ ភាជន៍ ដែលមានក្បូរក្បាច់រចនាយ៉ាងល្អប្រណិត។ តាមពិត វត្ថុបុរាណទាំងអស់នេះ គឺជាភស្តុតាងមួយយ៉ាងសំខាន់ ដែលបញ្ជាក់នូវទំនាក់ទំនងរវាងខ្មែរ និងក្លិង្គ ព្រមទាំងប្រទេសអ៊ីតាលីបុរាណផង។  តែទោះបីយ៉ាងណាក៏ដោយ កសិកម្មក្នុងភូមិភាគនេះ ក៏ជាមូលដ្ឋាននៃវឌ្ឍនភាព របស់នគរភ្នំដែរ។

អំណាចកណ្តាលរឹងពឹងមាំមួន ក៏អាស្រ័យលើកសិកម្មនេះដែរ ដែលជាមូលដ្ឋាននៃសេដ្ឋកិច្ចខ្មែរ ជាពិសេស គឺនៅក្នុងភូមិភាគដែនដីសណ្តនេះហើយ ដែលជាកន្លែងមានជីរជាតិបំផុត ជាហេតុនាំឲ្យមាន ការរីកដុះដាលនូវប្រជាពលរដ្ឋ តាំងតែពីសម័យបុរេប្រវត្តិសាស្ត្រម៉្លេះ។ រួមសេចក្តីមក ក្នុងការបង្កើតរដ្ឋ ខ្មែរឥឡូវនេះ កត្តាជាមូលដ្ឋានខាងលើនេះ ក៏បានរួមចំណែកមួយយ៉ាងសំខាន់បំផុតដែរ។ ម៉្យាងទៀត សហគមន៍មនុស្សដែលបានដុះដាលជាភូមិគ្រិះ ក៏បានរីកសុះសាយនៅភូមិភាគនេះ នៅតាមទាំងពីរ ខាងនៃទន្លេមេគង្គ តាំងពីសម័យមុនក្លិង្គចូលស្រុកម៉្លេះ។

ដោយសារមាស-ប្រាក់-កែវ-កង បានមកពីសេដ្ឋកិច្ចទីផ្សារ ដែលជាទ្រព្យសម្បត្តិមិនដែលមានពី មុនសោះនាសតវត្សរ៍ទី៣នៃគ្រិស្តសករាជ ព្រះរាជា ផាន់ ឆេ ម៉ាន បានពង្រីកអំណាចរបស់ខ្លួនតាមរយ: ការស្ថាបនានាវាចម្បាំង។ កងទ័ពសមុទ្រខ្មែរបានបង្ក្រាបតំបន់មេណាម ព្រមទាំងភាគខាងជើង នៃ ជ្រោយម៉ាឡាកា។ ដូច្នេះ ការដែលគ្រប់គ្រងតំបន់នេះ ពុំមែនឥតប្រយោជន៍សម្រាប់អំណាចកណ្តាល របស់ខ្មែរនោះទេ។ ព្រះមហាក្សត្រខ្មែរនាសម័យនោះ ទ្រង់ចាប់ផ្តើមឈ្វេងយល់ថា ភូមិភាគនេះជា យុទ្ធសាស្ត្រមួយសំខាន់បំផុត សម្រាប់ត្រួតត្រាផ្លូវទឹកឆ្លងកាត់ បូរដឺក្រា ដែលពួកឈ្មួញរមែងតែប្រើ ប្រាស់ ដើម្បីចៀសវាងបកមកក្រោយវិញ តាមរយ:ដៃសមុទ្រម៉ាឡាកា។ ដោយសារឥទ្ធិពលដ៏ខ្លាំងក្លា នេះហើយ ទើបព្រះបាទ ផាន់ ឆេ ម៉ាន់ បានចងស្ពានមេត្រីតាមផ្លូវទូត ជាមួយនឹងព្រះរាជាណាចក្រ វ៉ូ នៅ ណាងកាំង ប្រទេសឥណ្ឌា អ៊ីរ៉ាន់ និងជាពិសេស រាជវង្ស មូរុណ្ឌ ប្រទេសដែលស្ថិតនៅទិសបូព៌ា នៃសមុទ្រមេឌីទេរ៉ាណេជាដើម។ នៅត្រង់នេះ យើងសូមលើកយកកាក់រ៉ូម៉ាំងជាច្រើនមកធ្វើជាភស្តុតាង នៃទំនាក់ទំនងសេដ្ឋកិច្ច ដូចជាកាក់រូបស្តេចសេហ្សានៅអង្គរបុរីជាដើម កាក់រូបស្តេច អាំងតូណាំង នៅអូរកែវ កម្ពុជាក្រោម និងកាក់រ៉ូម៉ាំងមួយចំនួនទៀត នៅខេត្តកញ្ចន:បុរី នៃប្រទេសៀមសព្វថ្ងៃ។

ម៉្យាងទៀត ដោយសារយើងបានរកឃើញនូវវត្តមានរបស់កាក់ធ្វើអំពីប្រាក់ មាស និងសំណមួយ ចំនួន ដែលមានលក្ខណ:ស្រដៀងនឹងកាក់ដែលគេប្រើនៅក្នុងរាជធានី ស្រីក្សេត្រា នៃព្រះរាជាណាចក្រ ព្យូ ត្រូវជាប្រទេសភូមាសព្វថ្ងៃនេះ យើងក៏អាចសន្និដ្ឋានថា នគរភ្នំពិតជាមានទំនាក់ទំនងជាមួយប្រទេស ភូមានេះពុំខាន នៅក្នុងបុរាណកាល។ សូមជម្រាបថា ជាច្រើនសតវត្សរ៍មុនគ្រិស្តសករាជ ជនជាតិក្លិង្គ បានហៅប្រទេសខ្មែរថា សុវណ្ណភូមិ ឬ “ដែនដីមាស” ដែលគេបានរួមបញ្ចូលក្នុងនគរភ្នំ នូវនគរភ្នំរបស់ ខ្មែរផង ហើយនៅរវាងសតវត្សរ៍ទី៥នៃគ្រិស្តសករាជ គេឃើញវត្តមាននៃបំណែកធម៌ជាភាសាបាលី នៅ ស្រុក ហ្មៅហ្សា ជិតទីក្រុង ព្រហ្ម ដែលជាសក្ខីភាពនៃឥទ្ធិពលក្លិង្គនៅក្នុងប្រទេសនេះ។

អ្នកការទូតចិន គឺលោក កាំង ថៃ ដែលបានអញ្ជើញមកនគរភ្នំនៅរវាងសតវត្សទី៣នៃគ.ស. បានពិពណ៌នាអំពីវប្បធម៌ខ្មែរ ក្នុងកំណត់ហេតុរបស់លោកថា ភាពរុងរឿងរបស់នគរភ្នំ ដែលមានរយ: កាលប្រមាណ៦សតវត្សរ៍នោះ ត្រូវបានចុះទន់ខ្សោយទៅវិញ ហើយរចនាសម្ព័ន្ធចាស់ក៏ពុំបានពង្រឹង ដូចមុនទៀតដែរ។

មានអ្នកស្រាវជ្រាវមួយចំនួនបានសន្និដ្ឋាន ដោយទម្លាក់កំហុសទៅលើភាពទន់ខ្សោយ ថាមកពី ប្រទេសចិននិងប្រទេសក្លិង្គមានវិបត្តិផ្ទៃក្នុង ទើបវិស័យសេដ្ឋកិច្ច ឬពាណិជ្ជកម្មដែលទាក់ទងជាមួយ នគរភ្នំ ត្រូវបានផ្តាច់។ ជាការពិតណាស់ ព្រោះចាប់ពីសតវត្សរ៍ទី៧នៃគ្រិស្តសករាជ កំណត់ហេតុចិន បានផ្អាកការកត់ត្រាស្តីពីប្រទេសកម្ពុជា ក្នុងរយ:ពេលមួយដ៏យូរ។ ប៉ុន្តែមូលហេតុមួយទៀត ដែលគេត្រូវ ជ្រាបដែរ គឺព្រះមហាក្សត្រនគរភ្នំមិនចង់ឲ្យមានចម្បាំងរវាងខ្មែរនឹងខ្មែរតទៅទៀត ព្រោះថាភាគីណា ក៏ជាខ្មែរដែរ ទើបទ្រង់ព្រះតម្រិះសម្រួលព្រះទ័យលើការផ្សះផ្សានិងបង្រួបបង្រួមជាតិឡើងវិញ ដោយ ទុកលទ្ធភាពឲ្យស្តេច ចេនឡា គ្រប់គ្រងប្រទេសម្តង។ ដូច្នេះហើយ បានជានគរចេនឡា ដែលដើម ឡើយជានគរចំណុះ បានឡើងដឹកនាំប្រទេសឲ្យមានការរីកចម្រើនទៅមុខវិញម្តង ក្រោយពីដណ្តើម យកបានអាណាចក្រភ្នំនេះទាំងមូល នៅសតវត្សរ៍ទី៧នៃគ្រិស្តសករាជ។

រាជធានីបុរាណខ្មែរនាសម័យ នគរភ្នំ និង ចេនឡា

ជនជាតិខ្មែរមានរាជធានីជាច្រើននៅក្នុងអតីតកាល។ វត្តមាននៃរាជធានីទាំងអស់នោះ  ជា ភស្តុតាងនៃការវិវឌ្ឍន៍របស់ប្រវត្តិសាស្ត្រកម្ពុជា ហើយក៏ជានិមិត្តរូបនៃវឌ្ឍនភាពដែរ។

ការស្ថាបនានូវរាជធានីនិមួយៗ ត្រូវផ្អែកលើកត្តាជាច្រើន ដូចជាកត្តនយោបាយ យោធា សេដ្ឋកិច្ច និងសាសនា។ រីឯការផ្លាស់ប្តូរទីតាំងរបស់ទីក្រុង ឬរាជធានីវិញ គឺបណ្តាលមកពីការផ្លាស់ប្តូរ រជ្ជកាលរបស់ស្តេចខ្មែរ ដែលជានិច្ចកាលរមែងតែងតម្រូវឲ្យមានការសាងសង់នូវទីក្រុងថ្មី សម្រាប់ឧទ្ទិស ដល់បុព្វបុរស និងទេវតាប្រចាំត្រកូលរបស់ខ្លួន។ ដូច្នេះហើយ បានជាយើងឃើញនាសម័យនគរភ្នំ មាន រាជធានីមួយចំនួនដែលបានសាងសង់ឡើង ដូចខាងក្រោមនេះ :

អ៊ូថង : ស្ថិតត្រង់វាលទំនាបខាងក្រោម នៃទន្លេមេណាម ក្នុងខេត្ត សុផានបូរី នៃប្រទេសថៃ (តាមទស្សន:របស់លោក ហ្សង់ប័រសឺលីយេ និងហ្សហ្សឺណូ)ពីសតវត្សរ៍ទី១ដល់សតវត្សរ៍ទី៥ នៃគ.ស។ ទន្ទឹមនឹងនេះ យើងក៏បានឃើញទីក្រុងខ្មែរមួយចំនួនទៀត ដែលស្ថិតនៅលើពាមទន្លេមេគង្គ នៅខាង ត្បូងកម្ពុជាសព្វថ្ងៃ  គឺទីក្រុង វយ្យាធបុរ:។

វយ្យាធបុរ: ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ ពីសតវត្សរ៍ទី១ ដល់សតវត្សរ៍ទី៦នៃគ.ស . ដែល មានកំពង់ផែអន្តរជាតិ គឺ អូរកែវ។

ស្រេស្នបុរ: ស្ថិតនៅប្រទេសលាវ ត្រង់ម្តុំចម្ប៉ាសាក់-វត្តភូ បានសាងសង់ដោយព្រះបាទ ស្រេសវម៌្ម ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីខេត្តស្ទឹងត្រែង ដីខ្មែរបច្ចុប្បន្ន។ ទីក្រុងនេះ ត្រូវបានស្ថាបនា ឡើងចាប់ពីសតវត្សរ៍ទី៥ នៃគ.ស.។

ស្រីទេព : ស្ថិតនៅខេត្ត ពេជ្រប៊ុន ក្នុងស្រុកថៃសព្វថ្ងៃ ពីសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៧ ដែល ព្រះបាទភវវម៌្ម បានគ្រប់គ្រងរាជធានីនេះក្នុងរជ្ជកាលមួយដ៏ខ្លី។ ឥទ្ធិពលរបស់ស្រីទេពបានលាតសន្ធឹង រហូតដល់ខេត្តអរញ្ញ និងបច្ចឹមបូរី ព្រមទាំងចន្ទបូរី។

នរវរនគរ : ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ក្នុងសតវត្សរ៍ទី៦ នៃ គ.ស។ ទីក្រុងនេះមានឈ្មោះ ថា ណាហ្វូណា តាមឯកសារចិន។

-ភវបុរ: ទីក្រុងនេះស្ថាបនាដោយព្រះបាទ ភវវរម៌្ម នៅសតវត្សរ៍ទី៦ នៃគ.ស ស្ថិតនៅខេត្តកំពង់ធំ និងព្រៃនគរ។

សម្ភុបុរ: សាងសង់ដោយព្រះបាទ មហេន្ទ្រវម៌្ម នៅសម្បូរណ៍ លើដងទន្លេមេគង្គ ក្នុងសតវត្សរ៍ ទី៦-ទី៧ នៃគ.ស.។

-ឥសានបុរ: សាងដោយព្រះបាទឥសានវម៌្មទី១  នៅដើមសតវត្សរ៍ទី៧នៃគ.ស. នៅក្បែរទីក្រុង ចាស់មួយដែលត្រូវបានសាងសង់ឡើងនៅមុនសតវត្សរ៍ទី៦នៃគ.ស. នៅស្រុកសម្បូរព្រៃគុហ៍ ជិតស្ទឹង សែន នៅក្នុងខេត្តកំពង់ធំ ទឹកដីខ្មែរបច្ចុប្បន្ន។

ឥន្ទ្របុរ: ស្ថិតនៅក្នុងតំបន់ភូមិមៀន នៅសតវត្សរ៍ទី៨ នៃគ.ស. ។

អនិន្ទិរបុរ: ស្ថិតនៅម្តុំសៀមរាប ដោយព្រះបាទពាលាទិត្យ នៃត្រកូល បុស្ករាក្ស នៅពាក់ កណ្តាលសតវត្សរ៍ទី៨ នៃគ.ស.។

-ហារិហារាល័យ : ស្ថិតនៅទីក្រុងលលៃ​ ដោយព្រះបាទវម៌្មទី២ នៅសតវត្សរ៍ទី៨នៃគ.ស. មុនការសាងសង់ប្រាសាទលលៃ។

-អម្រិន្ទរបុរ : ស្ថិតនៅភ្នំស្រុក ដោយព្រះបាទវម៌្មទី២ នៅសតវត្សរ៍ទី៨នៃគ.ស.។

សូមជំរាបថា គេសង្កេតឃើញនៅមានទីក្រុងជាច្រើនទៀត ដែលស្ថិតនៅតាមតំបន់នានា ដែល អមឈូងសមុទ្រសៀមសព្វថ្ងៃ ដែលបានស្ថាបនាឡើងដោយឥទ្ធិពលវប្បធម៌ក្លិង្គ នាដើមសតវត្សរ៍ទី១ នៃគ.ស. ដូចជាសុរាតធានី នគរស្រីធម្មរាជ នគរលង្កាស៊ូកា នគរប៉ាតានី… ។ល។ ដែលស្ថិតក្នុងទឹកដី របស់ចក្រភពភ្នំ។