ដើមកំណើតនៃប្រវត្តិសាស្ត្រខ្មែរ ត្រូវបានបញ្ជាក់ដោយរឿងព្រេងមួយ ដែលកត់ត្រាដោយអ្នក ការទូតចិនម្នាក់ឈ្មោះ កាំង ថៃ ដែលបានអញ្ជើញមកនគរភ្នំផ្ទាល់ ក្នុងរជ្ជកាល វូ នាដើមសតវត្សរ៍ទី៣ នៃគ្រិស្តសករាជ។ តាមពិត រឿងព្រេងនេះជាទេវកថាសំខាន់មួយ ដូចមានសេចក្តីតទៅនេះ :
ហ៊ុនចេង (ហ៊ុនទៀន ឬកៅណ្ឌិន្យ)គោរពបូជាព្រះអាទិទេព( នៃព្រហ្មញ្ញសាសនា)ជានិច្ចជាកាល ដោយមានជំនឿមោះមុតក្រៃលែង។ ដូច្នេះ ព្រះអាទិទេពសព្វព្រះទ័យចំពោះទឹកចិត្តជ្រះថ្លាដ៏ជ្រាលជ្រៅ នេះណាស់។ យប់មួយ ហ៊ុន ទៀន ដេកយល់សប្តិ៍ឃើញអ្នកតាឲ្យធ្នូទិព្វមួយទៅគាត់ ហើយបញ្ជាគាត់ ឲ្យឡើងសំពៅជំនួញមួយយ៉ាងធំ ដើម្បីធ្វើដំណើរចេញទៅ។
ក្រោយពីភ្ញាក់ដឹងខ្លួនឡើង ហ៊ុន ទៀន ក៏បានឃើញធ្នូនេះនៅមុខអាសន: ហើយក៏យកធ្នូចេញ តាមសំពៅធំមួយ កាត់សមុទ្រវែងអន្លាយ។ ឃើញដូច្នោះ ទេវតាក៏បានបង្កើតខ្យល់ឡើង ដើម្បីជម្រុញ នាវានេះឲ្យបើកមកកាន់ ហ៊ូ ណន(នគរភ្នំ)។
ដោយសារនាង លីវ យី មានបំណងប្លន់យក(ទ្រព្យសម្បត្តិផ្ទុកក្នុងនាវានោះ) បានជា ហ៊ុន ទៀន លើកធ្នូឡើងបាញ់សរ ធ្វើឲ្យទូករបស់ លីវ យី ធ្លុះពីម្ខាងទៅម្ខាងទៀត។ ឃើញការដូច្នោះ នាង លីវ យី ភ័យតក់ស្លុតជាខ្លាំង ហើយក៏សុខចិត្តចុះចាញ់។ ហ៊ុន ទៀន បានក្លាយទៅជាស្តេច នៅនគរ ហ៊ូ ណន (នគរភ្នំ)។
សូមជម្រាបថា នៅមានរឿងមួយទៀត ដែលមានលក្ខណ:ប្រហាក់ប្រហែលនឹងរឿងខាងលើ នេះដែរ បានដំណាលថា: “ ហ៊ុន ទៀន បានមកដល់រាជធានី ហ្វ៊ូណន(នគរភ្នំ) ដោយផ្លូវទឹក។ លីវ យី បានបញ្ជាកងទ័ពដើម្បីច្បាំងទប់ទល់នឹង ហ៊ុន ទៀន។ ហ៊ុន ទៀន បានលើកធ្នូឡើងបាញ់។ លីវ យី ភ័យខ្លាច ហើយក៏បានសុខចិត្តចុះចាញ់។ ដូច្នេះបានជា ហ៊ុន ទៀន យក លីវ យី ធ្វើប្រពន្ធ និងកាន់កាប់ ព្រះរាជាណាចក្រ ហ៊្វូ ណន(នគរភ្នំ)នេះទៅ”។
សូមរំលឹកឡើងវិញថា រាជទូត កាំង ថៃ បានប្រមូលឯកសារមួយចំនួនធំស្តីពីនគរភ្នំ និងនគរ ផ្សេងៗ ដែលស្ថិតនៅជិតខាងប្រទេសខ្មែរ ដូចជាប្រទេសឥណ្ឌាជាដើម។ ស្នាដៃរបស់លោកបានត្រូវបាត់បង់ទៅ ក៏ប៉ុន្តែជាភព្វសំណាងវិញ ព្រោះអ្នកប្រវត្តិសាស្ត្រចិនជំនាន់ក្រោយ បានដកស្រង់នូវកំណត់ ហេតុផ្សេងៗចេញពីស្នាដៃរបស់លោក ដើម្បីយកទៅប្រើប្រាស់ក្នុងឯកសាររបស់ពួកគេ។
តាមពិត ការវិភាគខ្លឹមសារនៃរឿងព្រេងនេះ បានផ្តល់ចំពោះយើង នូវព័ត៌មានសំខាន់ៗពីរ គឺ :
ទី១- ប្រភពនៃអំណាច ដែលមានលក្ខណ:ពិសិដ្ខរបស់ព្រះរាជា ដែលបញ្ជាក់ដោយប្ញទ្ធានុភាព របស់ធ្នូទិព្វ សម្រាប់គ្រប់គ្រងផែនដី។
ទី២- កំណើតនៃសន្តតិវង្សខ្មែរ តាមរយ:ការរៀបពិធីអភិសេក រវាងព្រាហ្មណ៍ក្លិង្គ កៅ ណ្ឌិន្យ ជាមួយនាង លីវ យី ឬនាង សោមា ដែលជាអ្នកស្រុក។
រួមសេចក្តីមក រឿងព្រេងដែលបានបង្ហាញខាងលើនេះ មានលក្ខណ:ជាប្រវត្តិសាស្ត្រ ពីព្រោះ វាបង្ហាញនូវកំណើតរបស់អ្នកស្រុក និងព្រះរាជវង្សានុវង្សខ្មែរ ដែលបានចាប់បដិសន្ធិឡើងនៅដើម សតវត្សរ៍ទី១នៃគ្រិស្តសករាជ ហើយម៉្យាងទៀត វត្ថុបំណងរបស់វា គឺការលើកតម្លៃយ៉ាងខ្ពស់ នូវរបប រាជានិយម។
មួយវិញទៀត សូមរំលឹកថា សិលាចារឹក មី សឺង ដែលជាសិលាចារឹករបស់ជនជាតិចាម ក្នុងឆ្នាំ ៦៥៨នៃគ្រិស្តសករាជ ក៏បាននិយាយអំពីព្រះរាជវង្សានុវង្សខ្មែរ សម័យចេនឡា ថា : “ ព្រាហ្មណ៍ កៅណ្ឌិន្យ បានដោតធ្នូ ដែលបានមកពីប្រទេស ភវបុរ:” ។ ការពីពណ៌នាខាងលើ មានន័យថា ព្រាហ្មណ៍ កៅណ្ឌិន្យ បានគ្រប់គ្រងដែនដីនេះ។ តាមសិលាចារឹកដដែលបានបន្ថែមទៀតថា ក្រោយពីនោះ ព្រាហ្មណ៍កៅណ្ឌិន្យ បានធ្វើរាជាពិសេកជាមួយ នាង សោមា ។ គប្បីបញ្ជាក់នៅត្រង់នេះថា ប្រទេស ភវបុរ: គឺជាអាណាចក្រ ចេនឡា ម៉្យាងទៀតព្រឹត្តិការណ៍នេះ ត្រូវបានប្រព្រឹត្តឡើងមុនឆ្នាំ៦០៧ នៃគ្រិស្ត សករាជ។
រីឯសិលាចារឹកបក្សីចាំក្រុង ដែលចារឹកទុកនៅខេត្តសៀមរាប នាឆ្នាំ៩៤៨វិញ ក៏បានឲ្យដឹងអំពី ព្រះរាជាចុងក្រោយ នៃព្រះរាជាណាចក្រនគរភ្នំ គឺព្រះបាទ រុទ្រវរ្មន៌ ដែលបានបន្តរាជបល្លង្កពីព្រះបាទ កោណ្ឌិន្យ និងនាង សោមា។ សូមរំលឹកឡើងវិញថា ក្រោយពីរជ្ជកាលព្រះបាទ កៅណ្ឌិន្យ និង ជ័យវរ្មន៌ នាឆ្នាំ៤៧៨-៥១៤ នៃគ្រិស្តសករាជ គេរកឃើញមានសម័យកាលពីរ។
១- ន័យរបស់ពាក្យ ហ៊្វូ ណន
យើងរាល់គ្នាដឹងហើយថា អាណាចក្រដែលសំខាន់បំផុតនៃអាស៊ីអាគ្នេយ៍ ដែលបានតាំងឡើង ក្នុងសតវត្សរ៍ទី១ និងសតវត្សរ៍ទី៧នៃគ្រិស្តសករាជ គឺអាណាចក្រ ហ៊្វូ ណន។ តើពាក្យនេះ មានប្រភព ចេញពីណាមក ?
សូមជម្រាបថា ពាក្យ ហ៊្វូ ណន មកពីពាក្យខ្មែរ វ្នំ ហើយដែលភាសាខ្មែរបច្ចុប្បន្ន ហៅថា ភ្នំ នៃ ព្រះរាជារបស់នគរខ្មែរនាសម័យបុរាណ ដែលទ្រង់មានព្រះនាមជាភាសសំស្ក្រឹតថា បព៌តភូបាល ឬ សៃលរាជ។ ដូច្នេះ ឋានន្តរនាម កុរុង (ក្រុងវ្នំ) មានន័យថា ស្តេចភ្នំ។
២- ទីតាំងរបស់ នគរភ្នំ
ស្តីពីបញ្ហារបស់នគរភ្នំ មានមតិជាច្រើនដែលផ្ទុយគ្នា តែទោះបីយ៉ាងណាក៏ដោយ ក៏យើងត្រូវ ពឹងផ្អែកលើការអធិប្បាយ របស់អ្នកប្រវត្តិសាស្ត្ររបស់ចិនបុរាណ ជាមូលដ្ឋាន។ ទីតាំង និងព្រះនាម របស់ព្រះមហាក្សត្រខ្មែរមួយចំនួនធំនាជំនាន់នោះ ដែលបានគ្រប់គ្រងប្រទេស ត្រូវបានគេស្គាល់ តាមកំណត់ហេតុចិន ក្នុងរាជវង្ស ឈិន “ ឆ្នាំ២៦៥-២៨៣នៃគ្រិស្តសករាជ “ និងសិលាចារឹកខ្មែរ។
នៅសម័យកាលដែលទីតាំងនៅតាមដងទន្លេ នគរភ្នំ មានលាតសន្ធឹងទៅដល់ប្រទេសលិន យីឬ ចាម្ប៉ា ដែលសព្វថ្ងៃ ក្លាយជាប្រទេសវៀតណាម នៅទិសខាងលិចប្រមាណ ៣.០០០លី។ នេះជា សេចក្តី អធិប្បាយ បានមកពីឯកសារចិន ដែលមានដូចខាងក្រោមនេះ :
នគរភ្នំ ឬ ព្រះរាជាណាចក្រ ហ្វ៊ូ ណន ស្ថិតនៅខាងលិច ហើយឆ្ងាយពីប្រទេស លិន យី ឬ ចាម្ប៉ា ៣.០០០លី ហើយមានចម្ងាយ៧.០០០លី ពីហ្សេណាន់ ឬតុងកឹង។ ឯកសារចិនបានបន្ថែមទៀតថា នគរភ្នំ “ ដើមឡើយមានទំហំតែ៣.០០០លី តែក្រោយមក ត្រូវបានពង្រីកឡើងទៅដល់៦.០០០លី” ។
ម៉្យាងទៀត នគរភ្នំ បានស្ថិតក្នុងឈូងសមុទ្រដ៏ធំ និងមានទន្លេមួយហូរចេញមកពីទិសពាយ័ព្យ ចាក់ទៅក្នុងសមុទ្រ។
បើយើងយោងលើការពិពណ៌នារបស់ចិននោះ យើងនឹងអាចដឹងថា អតីតនគរភ្នំស្ថិតនៅឆ្ងាយពី ប្រទេសចាម្ប៉ាប្រមាណ១.៧២៨ គីឡូម៉ែត្រ ដោយហេតុថា: – មួយលីប្រវែងប្រមាណ៥៧៦ម៉ែត្រ។ តាមពិតប្រវែងខាងលើនេះ គឺសមហេតុផលណាស់ ពីព្រោះប្រទេសខ្មែរ ថៃ និងលាវ ផ្នែកកណ្តាល និង វៀតណាមខាងត្បូង ស្ថិតនៅក្នុងបរិវេណនៃទឹកដីនគរភ្នំទាំងអស់។ រីឯឈូងសមុទ្រនិងទន្លេដែល អធិប្បាយដោយជនជាជាតិចិនបុរាណ គឺពិតជាឈូងសមុទ្រថៃសព្វថ្ងៃ និងទន្លេសាប ឬទន្លេមេគង្គ ដែលនាំទឹកហូរទៅចាក់ឈូងសមុទ្រចិនផ្នែកកម្ពុជាក្រោម ដែលស្ថិតក្រោមវាលទំនាបខាងក្រោម នៃ ទន្លេមេគង្គ។
គប្បីបញ្ជាក់នៅត្រង់នេះថា ក្នុងសម័យបុរាណ ព្រំប្រទល់នៃអតីតនគរខ្មែរពុំទាន់មានលក្ខណ: ដូចសព្វថ្ងៃនេះ នៅឡើយទេ ពោលគឺពុំទាន់បោះបង្គោលសីមាច្បាស់លាស់ទេ។ បើយើងនិយាយម៉្យាង ទៀត បរិវេណនៃនគរខ្មែរមានការអភិវឌ្ឍន៍ជានិច្ចកាល តម្រូវតាមព្រឹត្តិការណ៍នយោបាយ សេដ្ឋកិច្ច និងវប្បធម៌សាសនា។ ទស្សន:នេះ គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ វាជាការធម្មតាទេ ដែលទំហំផែនដីខ្មែរ រមែងទាក់ទងយ៉ាងជិតស្និទ្ធ ទៅនឹងប្រព័ន្ធសេដ្ឋកិច្ច ឬ នយោបាយ។ យើងនិយាយត្រង់នេះថា នៅ ពេលណាដែលអំណាចកណ្តាលបានរឹងពឹងមាំមួន ពេលនោះ គ្មានការបំបែករដ្ឋទៅជាអប្បគមន៍ទេ តែផ្ទុយទៅវិញ នៅពេលដែលអំណាចកណ្តាលមានភាពវឹកវរ រំជើបរំជួលដោយមូលហេតុណាមួយ គឺ នៅពេលនោះហើយ ដែលពិតជាមានវិបត្តិនយោបាយពុំខាន និងជាហេតុធ្វើឲ្យប្រទេសបាត់បង់នូវ ឯកភាព។
ក្នុងករណីនេះហើយ ដែលយើងអាចសន្និដ្ឋានតាមឯកសារចិនថា អាណាចក្រភ្នំបានលាតសន្ធឹង ពី៣.០០០លី ទៅដល់៦.០០០លី នៅក្នុងសម័យកាលដែលប្រទេសនេះ ស្គាល់នូវភាពថ្កុំថ្កើ ងរុងរឿង កប់កំពូល។ ចំពោះបញ្ហានេះ យើងនឹងអធិប្បាយឲ្យបានវែងឆ្ងាយ នៅក្នុងទំព័រខាងមុខ។
ប្រភពឯកសារចិន វ៉ាន់ ជិន ដែលមានជីវិតនៅឡើយក្នុងសតវត្សរ៍ទី៨នៃគ្រិស្តសករាជ បាន សរសេរថា អាណាចក្រភ្នំ តាំងនៅទិសខាងកើតពីប្រទេស លិន យី ប្រមាណ៣.០០០លី។ នគរភ្នំ គឺជាប្រទេសឯករាជ ហើយមានមន្ត្រីខាងស្តាំនិងខាងឆ្វេង។ ក្រៅពីនេះ នគរភ្នំ ជាប់តពី លិន យី ទាំង ជើងគោកនិងជើងទឹក លើសពីនេះទៅទៀត ប្រទេសទាំពីធ្លាប់ជួយគ្នាទៅវិញទៅមកផង។
ក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ប្រភពឯកសារចិនបានឲ្យដឹងថា ប្រទេសនេះមានទីក្រុងជាច្រើន ដែលព័ទ្ធដោយកំពែងឥដ្ឋ ព្រះរាជវាំង និងផ្ទះសម្បែងជាច្រើន។ មនុស្សនៅក្នុងស្រុកនេះ មិនចេះលួច ឆក់ទាល់តែសោះ។ គេធ្វើស្រែចំការ គេចូលចិត្តឆ្លាក់តុបតែង ហើយដាប់ក្បាច់ក្បូរលើមាសប្រាក់។ វត្ថុ ជាច្រើនដែលពួកគេប្រើប្រាស់ ធ្វើពីប្រាក់។ គេបង់ពន្ធដារដោយមាសប្រាក់ គុជ និងទឹកអប់។ ពួកគេ មានគម្ពីរសៀវភៅ និងឃ្លាំងសម្រាប់តម្កល់ឯកសារ។ តួអក្សររបស់ពួកគេ មានលក្ខណ:ដូចពូកហ៊្វូ (ឥណ្ឌា)។