ប្រវត្តិសាស្រ្តខ្មែរភាគ៤៖ ឯកសារមូលដ្ឋាន ស្តីពីនគរភ្នំ

នគរភ្នំជាព្រះរាជាណាចក្រខ្មែរមុនដំបូងបង្អស់ ដែលបានបង្កើតឡើងដោយឥទ្ធិពលនៃវប្បធម៌ ក្លិង្គ ឬឥណ្ឌូរូបនីយកម្ម នាដើមសតវត្សទី១នៃគ្រិស្តសករាជ។ការសិក្សាពីនគរភ្នំត្រូវអាស្រ័យលើឯកសារចិន ដែលបានសរសេរនៅសតវត្សរ៍ទី១៣នៃគ្រិស្ត សករាជ ដូចជាសៀវភៅ សានគូឈើ នាឆ្នាំ៣០៧នៃគ្រិស្តសករាជជាដើម។ សូមជម្រាបថា ប្រភព ឯកសារចិនដែលចាស់ជាងគេ បានត្រូវកត់ត្រាឡើងដោយរាជវង្សហានខាងលិច “១០០ឆ្នាំមុនគ្រិស្ត សករាជ ១០០ឆ្នាំនៃគ្រិស្តសករាជ” ហើយក៏មានពិពណ៌នាពីរដ្ឋខ្មែរដំបូងនេះដែរ។

សូមជម្រាបថា មួយភាគធំខាងលើដែលបានចងក្រងឡើង ដោយលោក កាំង ថៃ និង ជូ យិន នៅពេលដែលគាត់បានមកធ្វើទស្សនកិច្ចនៅនគរភ្នំ ត្រូវបានបាត់បង់ទៅហើយ។ ប៉ុន្តែអ្នកប្រាជ្ញខាង ប្រវត្តិសាស្ត្របុរាណចិនបានដកស្រង់ព្រឹត្តិការណ៍យ៉ាងសំខាន់ ដែលជាហេតុញ៉ាំងឲ្យយើងអាចតាមដាន ដោយជាក់លាក់ នូវដំណើរនៃប្រវត្តិសាស្ត្រកម្ពុជា តាំងពីដើមសតវត្សរ៍ទី១ នៃគ្រិស្តសករាជតរៀងមក។

ប្រភពឯកសារទាំងនោះបានប្រាប់ឲ្យយើងដឹងអំពីកំណើត “ នគរភ្នំហ្វ៊ូណន “  បើយើងហៅ តាមចិន ដែលជាលទ្ធផលក្នុងការរៀបអភិសេក រវាងតាព្រាហ្មម្នាក់ជាតិក្លិង្គត្រកូលកៅណ្ឌិន្យ ដែលមក ពីស្រុកឥណ្ឌាខាងត្បូង ជាមួយនាង លីវយី ឬនាងនាគ ដែលជាកូនអ្នកស្រុក។ គឺការរួមសង្វាស រវាងស្វាមីនិងភរិយាដំបូងនេះហើយ ដែលបានឲ្យកំណើតទៅជាសន្តតិវង្ស ឬព្រះរាជវង្សានុវង្សខ្មែរ នៅនាសម័យក្រោយៗទាំងអស់។ ទន្ទឹមនឹងនេះ យើងក៏អាចជ្រាបថា ស្ពានមេត្រីភាពរវាងពាណិជ្ជកម្ម និងការទូត រវាង នគរភ្នំ និងចក្រភពចិន បានធ្វើឡើងរវាងឆ្នាំ២៣១នៃគ្រិស្តសករាជ។ មិនតែប៉ុណ្ណោះ កំណត់ហេតុចិនក៏បានបញ្ជាក់ឲ្យដឹង ពីទីតាំងរបស់នគរភ្នំ និងព័ត៌មានជាច្រើនទៀត ទាក់ទិននឹង ប្រពៃណីខ្មែរបុរាណ ដែលនឹងភាក្សា នៅបន្តិចទៀតនេះ។

ក្រៅពីប្រភពឯកសារចិន យើងនៅមានប្រភពឯកសារមួយទៀត គឺសិលាចារឹកខ្មែរនិងចាម ដែលជាមូលដ្ឋាននៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ ការសិក្សាវិភាគនូវអត្ថបទសិលាចារឹក មានសារ សំខាន់ជាអនេក ដោយហេតុថា វាអាចបញ្ជាក់នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលបានកត់ត្រាទុក ឯកសារចិន ឬបំពេញនូវកង្វះខាតនានា  ជាប្រយោជន៍ដល់ការស្វែងយល់អំពីអារ្យធម៌-វប្បធម៌ខ្មែរ បុរាណ។

លើសពីនេះទៅទៀត ផ្ទាំងសិលាចារឹកខ្មែរទាំងឡាយ ក៏ជាមុខសញ្ញាសម្រាប់បញ្ជាក់ឲ្យយើងដឹង អំពីអតីតបង្គោលសីមា របស់ព្រះរាជាណាចក្រកម្ពុជានាសម័យបុរាណដែរ ដោយហេតុថាជាការពិត ណាស់ ដែលកន្លែងណាមានសិលាចារឹកខ្មែរ កន្លែងនោះគឺជាទឹកដីខ្មែរ។ ម៉្យាងទៀត វត្តមានរបស់សិលា ចារឹកខ្មែរ ដែលសរសេរជាភាសាសំស្ក្រឹត បាលី ឬខ្មែរ ក៏ជានិម្មិតរូបនៃអ្វីមួយដែលយើងអាចចាត់ទុកថា ជាឯកសារផ្នែកវប្បធម៌ដែរ ពីព្រោះអ្វីៗដែលបានចារឡើងនោះ ត្រូវបានធ្វើឡើងសម្រាប់ជនជាតិខ្មែរ ផងដែរ ឧទ្ទាហរណ៍មួយដ៏ជាក់ស្តែង គឺយើងមិនអាចបញ្ចូលនូវសិលាចារឹកទាំងអស់ដែលស្ថិតនៅ ប្រទេសថៃ ថាជាសំណង់វប្បធម៌បានជាដាច់ខាត ដោយហេតុថា សិលាចារឹករបស់ជនជាតិថៃដែល ចាស់ជាងគេបង្អស់ បានចារឡើងនៅសតវត្សរ៍ទី១៣នៃគ្រិស្តសករាជ ត្រូវបានសរសេរជាភាសាថៃ តែប្រើតួអក្សរខ្មែរ។ ទាំងនេះសឲ្យឃើញថា មុនបង្កើតតួអក្សរថៃតាមលំនាំអក្សរខ្មែរ នៅសតវត្សរ៍ទី១៣-១៤ នៃគ្រិស្តសករាជ នៅខេត្តសុខោទ័យ ជនជាតិថៃជាជនជាតិឥន្តោប្រវេសន៍ ហើយជនជាតិនេះ ពុំទាន់មានអក្សរនៅឡើយទេ។ យើងចង់និយាយនៅត្រង់នេះថា ជនជាតិថៃនាសម័យនោះ ស្ថិតក្នុង ស្ថានភាពមួយមិនខុសពីបងប្អូនខ្មែរលើ ឬ ព្នង ប៉ុន្មានទេ ឬក៏ជាជនជាតិខ្មែរនាសម័យមុនប្រវត្តិសាស្ត្រ។ ក្នុងករណីនេះហើយ ដែលខ្មែរយើងនៅខេត្តសៀមរាប កាលបើបានឃើញរូបចម្លាក់កងទ័ពសៀម  ឬថៃ នៅតាមប្រាសាទអង្គរវត្ត រវាងតែងតែភ្លាត់មាត់ថា ព្នងចិន ។ តាមពិតពាក្យពីម៉ាត់ខាងលើនេះ  ដែល និយាយពីជំនាន់មួយទៅជំនាន់មួយទៀតមិនដាច់ សំដៅទៅជនជាតិនាសម័យនោះ គ្មានន័យបន្ទាប បន្ថោកទេ គឺគ្រាន់តែជាពាក្យមួយដែលគេប្រើដើម្បីប្រៀបធៀបកម្រិតវប្បធម៌ ឬក៏ពូជសាសន៍តែប៉ុណ្ណោះ ទេ។ សូមកុំភ្លេចថា ជាទស្សន:របស់យើង ពាក្យព្នងចិន ក៏ដូចជាពាក្យព្នងខ្មែរដែរ ដែលពាក្យនេះ សំដៅពួកខ្មែរដែលរស់នៅតាមព្រៃភ្នំ ឬខ្ពង់រាប ឬខ្មែរដើមដែលបានរួមឈាមជ័រជាមួយខ្មែរតែប៉ុណ្ណោះ។

ម៉្យាងទៀត ក្នុងការស្រាវជ្រាវរបស់យើង យើងនឹងផ្តោតការចាប់អារម្មណ៍ទៅលើវត្ថុបុរាណ ដែលជាខឿនអារ្យធម៌-វប្បធម៌បុរាណខ្មែរ និងដែលគេបានជួបប្រទះរកឃើញ មិនគ្រាន់តែនៅក្នុងខណ្ឌ សីមានៃកម្ពុជាបច្ចុប្បន្ននោះទេ ដែលត្រូវបានព្រឹត្តិការណ៍នយោបាយបង្រួញឲ្យតូច ក៏ប៉ុន្តែមាននៅឯ ស្រុកលាវ យួន ឬវៀតណាមខាងត្បូង និងស្រុកសៀម ឬថៃ ថែមទៀតផង ដែលដើមឡើយ ជាអតីត ទឹកដីនៃព្រះរាជាណាចក្រនគរភ្នំ ឬ ចេនឡា។

យើងមានជំនឿយ៉ាងមាំថា ធ្វើយ៉ាងនេះ យើងពិតជាបានសម្រេចនូវវត្ថុបំណងដ៏ពិសិដ្ឋរបស់ យើងពុំខាន គឺការស្រាវជ្រាវរកភាពពិត ឬសារជាតិពិត របស់ប្រវត្តិសាស្ត្រកម្ពុជា ដែលគេបានបំភ្លេច ដោយអយុត្តិធម៌បំផុត។

សរុបសេចក្តីមក មូលដ្ឋានរបស់ប្រវត្តិសាស្ត្រកម្ពុជា មានឯកសារជាលាយល័ក្ខអក្សរ គឺកំណត់ ហេតុចិន និងសិលាចារឹកខ្មែរ ក៏ប៉ុន្តែការចងក្រងប្រវត្តិសាស្ត្រនេះ ក៏ត្រូវពឹងផ្អែកទៅលើវត្ថុបុរាណ ដែល បានមកពីកំណាយស្ថានីយ៍ប្រវត្តិសាស្ត្រផ្សេងៗដែរ ហើយអត្ថប្រយោជន៍របស់ប្រភពឯកសារខាងលើ នោះ គឺការផ្តល់ចំពោះយើងនូវព្រឹត្តិការណ៍សំខាន់ៗ ទាក់ទងពីភូមិសាស្ត្រ នយោបាយ​ សេដ្ឋកិច្ច អក្សរ សិល្ប អក្សរសាស្ត្រ។ល។  គួរបញ្ជាក់ថា នាសម័យរុងរឿងនៃនគរភ្នំ ព្រះរាជាណាចក្រថៃ “សៀម” និង លាវ ហើយនិងវៀតណាមខាងត្បូង ពុំទាន់មានវត្តមាននៅក្នុងភូមិភាគឥណ្ឌូចិនកណ្តាលនៅឡើយទេ ហើយបង្គោលសីមានៃប្រទេសទាំងនេះ ស្ថិតនៅក្នុងបរិវេណនគរខ្មែរ និងមន។ កំណើតនៃប្រទេស ទាំងបីនេះ បានចាប់បដិសន្ធិឡើងនៅក្នុងព្រំប្រទល់នៃនគរភ្នំទាំងអស់ គឺរដ្ឋនេះហើយ ដែលបានកើត ឡើងនៅសតវត្សរ៍ទី៧ ក្រោយពីការបែកបាក់នៃនគរភ្នំ ដូចយើងបានពោលរួចមកហើយ។

នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលគេត្រូវតែដឹងក្នុងការស្រាវជ្រាវប្ញសគល់វប្បធម៌ខ្មែរ បើពុំ ដូច្នោះទេ ការសិក្សានិងការធ្វើវិភាគអំពីប្រវត្តិសាស្ត្រកម្ពុជា នឹងពុំអាចមានលក្ខណ:ពេញលេញឡើយ។

គួររំលឹកដែរថា វឌ្ឍនភាព អារិយធម៌ វប្បធម៌ របស់នគរភ្នំ បណ្តាលមកពីការខ្ចីរបស់ក្លិង្គ នូវ របៀបរៀបចំស្រុកទេស ដែលមានរបបរាជានិយមជាមូលដ្ឋាន និងពាណិជ្ជកម្មតាមផ្លូវសមុទ្រ និងទន្លេ នានា នៅដើមសតវត្សរ៍ទី១នៃគ្រិស្តសករាជ ដែលជាថាមពលសម្រាប់ជម្រុញការអភិវឌ្ឍន៍ និងទំនាក់ ទំនងរវាងឈូងសមុទ្រសៀមសព្វថ្ងៃ ដែលអ្នកដំណើរនិងពាណិជ្ជករអារ៉ាប់ នៅសតវត្សរ៍ទី១០-១១ បានឲ្យឈ្មោះថា ឈូងសមុទ្រខ្មែរ និងឈូងសមុទ្រចិននៅសម័យនោះ អមដោយកំពង់ផែជាច្រើនផង ដែលជាកត្តាមួយសម្រាប់បង្រួបបង្រួមកុលសម្ព័ន្ធទាំងឡាយ ដែលរស់នៅយ៉ាងកុះករជាធ្លុងមួយ តាមដែនដីសណ្ត និងតាមវាលទំនាប ក្រោមការគ្រប់គ្រងនៃព្រះរាជា។ លើសពីនេះទៀត គេក៏អាច សម្គាល់ដែរថា​ វិស័យសេដ្ឋកិច្ចនេះ ជាកត្តាមួយអាចនាំមកនូវឯកភាពជាតិផ្នែកវប្បធម៌និងសាសនា ក្នុងភូមិភាគនេះ។

រួមសេចក្តីមក ភាពរុងរឿងរបស់នគរភ្នំ គឺនយោបាយនិងសេដ្ឋកិច្ចទីផ្សារ ដោយមានការប្រើជា លើកដំបូងបង្អស់ នូវប្រាក់កាក់ លុយ ក្នុងវិស័យពាណិជ្ជកម្ម តាមបែបក្លិង្គនិងចិន។ ក្នុងព្រឹត្តិការណ៍ មួយផ្សេងទៀត ដែលត្រូវគេយកចិត្តទុកដាក់នោះ គឺការរកឃើញនូវជាតិដែក នាសតវត្សរ៍ទី៥នៃគ្រិស្ត សករាជ និងការប្រើប្រាស់រ៉ែដែកនេះ ជាការបដិវត្តន៍ផ្នែកបច្ចេកទ្ទេសមួយយ៉ាងសំខាន់បំផុត សម្រាប់ អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ច ដូចជាការផលិតគ្រឿងនិងឧបករណ៍ មានជាអាទិ៍ កណ្ឌៀវ ផាល នង្គ័ល ពូថៅ កាំបិត …ជាដើម សម្រាប់របសរកសិកម្ម ឬក៏ជាអាវុធសម្រាប់ការពារសន្តិសុខនៃកុល សម្ព័នតូចធំនានា ហើយកេរដំណែលនេះបានត្រូវបន្តនិងពង្រីកនៅសម័យនគរភ្នំ ប្រយោជន៍នឹងធ្វើឲ្យ សង្គមខ្មែរកាន់តែរុងរឿងឡើងជាលំដាប់។

ការរកឃើញស្ថានីយ៍ប្រវត្តិសាស្ត្រដែលមានចំនួនច្រើនលើសលុបជាង១០០​នៅកម្ពុជាក្រោម និងយ៉ាងតិចជាង២០នៅស្រុកសៀមសព្វថ្ងៃ ដោយឥតគិតប្រទេសកម្ពុជាក្នុងនោះផង បានបង្ហាញឲ្យ យើងដឹងថា នៅតាមមាត់សមុទ្រ មានប្រជាជនមករស់នៅយ៉ាងច្រើន គឺនៅទីនោះហើយដែល វប្បធម៌-អារ្យធម៌បានហូរចូលបន្តិចម្តង លាតសន្ធឹងទូទៅទាំងទឹកដីខ្មែរ។ ម៉្យាងទៀត រូបភាពថតពីលើអាកាស ក៏បានបញ្ជាក់ពីសកម្មភាពតាមឆ្នេរសមុទ្រដែរ ដោយបានបង្ហាញឲ្យឃើញនូវវត្តមានរបស់ប្រព័ន្ធទឹក ឬបណ្តាញផ្លូវទឹកខ្វាត់ខ្វែង ដូចជាព្រែក ស្ទឹង ដែលជីកឡើង ដោយបុព្វបុរសខ្មែរ នៅម្តុំអូរកែវ ចន្ទបូរី ។ល។

វឌ្ឍនភាពផ្នែកសង្គមកិច្ច ដែលបណ្តាលមកពីពាណិជ្ជកម្មរវាងខ្មែរនិងបរទេស ក៏បានលើស្ទួយ ជីវភាពរបស់អ្នកស្រុកនៅឆ្នេរសមុទ្រឲ្យខ្ពស់ឡើងជាលំដាប់ ដូចជាការរកឃើញនូវវត្ថុបុរាណ ដែលវិភាគ ខាងលើជាសក្ខីភាពស្រាប់ ។ យើងនឹងខិតខំប្រមែប្រមូលនូវសក្ខីភាពទាំងឡាយ ដើម្បីជាភស្តុតាង ក្នុងការស្រាវជ្រាវនេះ។

សូមបញ្ជាក់ថា ដើមឡើយ ក្នុងទឹកដីមួយដ៏ធំធេង ដែលនឹងក្លាយជានគរភ្នំ មានកុលសម្ព័ន្ធ ជាច្រើនគ្រប់គ្រងដោយមេកន្ទ្រាញ។ នៅដើមសតវត្សរ៍ទី១នៃគ្រិស្តសករាជ កុលសម្ព័ន្ធទាំងអស់ ដែលស្ថិតក្រោមឥទ្ធិពលក្លិង្គនោះ បានផ្សំផ្គុំគ្នាជារដ្ឋមួយមានអំណាចកណ្តាល ដែលមានព្រះរាជាជា ប្រមុខ។ ម៉្យាងទៀត វត្តមានរបស់ព្រះរាជាបង្ហាញឲ្យដឹងថា ខ្មែរសម័យនោះ បានខ្ចីរបៀបគ្រប់គ្រងតាម របៀបឥណ្ឌា ឬរចនាសម្ព័ន្ធក្លិង្គ។ រីឯទំនៀមទម្លាប់ក៏មានការវិវឌ្ឍន៍របៀបថ្មីដែរ ពោលគឺពីមុនគ្រិស្ត សករាជ  ប្រជាជនខ្មែរទូទៅមានទម្លាប់កប់ខ្មោច ឥឡូវនេះ គេបែរជានាំគ្នាបូជាសពទៅវិញ ដោយតម្រូវ តាមពិធីព្រហ្មញ្ញសាសនានិងពុទ្ធសាសនា ដែលមានមហាក្សត្រខ្មែរ និងនាម៉ឺនសព្វមុខមន្ត្រីបានខ្ចីពី ក្លិង្គ។ ក្នុងវិស័យអក្សរសាស្ត្រវិញ ខ្មែរយើងបានខ្ចីតួអក្សរពីបល្លវ: ដែលមានប្រភពពីឥណ្ឌាខាងត្បូង សម្រាប់ធ្វើជាអក្សរផ្ទាល់ខ្លួនដែរ។ ទាំងនេះសឲ្យឃើញថា បុព្វបុរសខ្មែរស្ថិតក្នុងអានុភាពរបស់វប្បធម៌ ក្លិង្គយ៉ាងប្រាកដ។

ដោយសង្ខេប យើងអាចសន្និដ្ឋានថា ក្នុងការបង្កើតរដ្ឋភ្នំ និងការអភិវឌ្ឍន៍វប្បធម៌សាសនា នៅ គ្រាដំបូង គ្រប់ភូមិភាគនៃប្រទេសឥណ្ឌាបច្ចុប្បន្ន ឬមហាជម្ពូទ្វីប បានចូលរួមវិភាគទានសឹងតែទាំងអស់ តាមរយ:អ្នកជំនួញជួញប្រែដែលបានចាកចេញពីកំពង់ផែធំៗ នាសម័យនោះ ។ តែទោះបីយ៉ាងណាក៏ ដោយ ក៏ខ្មែរនៅតែរក្សាបាន នូវអត្តសញ្ញាណជាតិរបស់ខ្លួនដែរ ដោយហេតុថា វប្បធម៌ក្លិង្គគ្រាន់តែ ពង្រីកនិងពង្រឹង នូវវប្បធម៌ដើមរបស់ខ្មែរ តែប៉ុណ្ណោះ។