ប្រវត្តិសាស្ត្រកម្ពុជា ភាគទី២៣: ការប្រើត្រសាល់ត្រចៀក

ស្រាវជ្រាវដោយ៖ សឺង សម្រេច

ក្រៅពីគ្រឿងអលង្ការធ្វើអំពីមាស ប្រាក់ និង​សំណ ដូចជាកងដៃកងជើង ដែលគេរកឃើញនៅ ស្រុកអង្គរបូរី នៅមានគ្រឿងតុបតែងខ្លួនប្រុសស្រីមួយចំនួនទៀត ធ្វើអពីសំរឹទ្ធិ គឺត្រសាល់ត្រចៀក។ វត្ថុបុរាណទាំងអស់នេះជាស្លាកស្នាមសំណាកប្រវត្តិសាស្ត្រមួយយ៉ាងសំខាន់ ដែលមានប្រវត្តិទាក់ទង ទៅនឹងប្រវត្តិបុរាណវិទ្យានៃប្រវត្តិសាស្ត្រមួយចំនួន ដូចជាអ៊ូថង ស្រីធម្មរាជ យ៉ាឡា អូរកែវ។ល។ ដែល សុទ្ធតែបុរាណដ្ឋានចំណាស់ នាសម័យនគរភ្នំ។

ម៉្យាងទៀត ភស្តុតាងផ្នែកបុរាណវិទ្យា ដូចជារូបចម្លាក់និងពុម្ពថ្មដាតូចៗជាច្រើនដែលបានរក ឃើញ ក៏អាចទុកជាសំអាងមួយដ៏ជាក់ច្បាស់ ស្តីអំពីប្រាក់ត្រសាល់ត្រចៀកដែរ។

រួមសេចក្តីមក មនុស្សខ្មែរដែលរស់នៅស្រុកអង្គរបូរី ក៏ជាប់ទាក់ទងផ្នែកវប្បធម៌និងសេដ្ឋកិច្ច ជា  មួយក្រុងដ៏ទៃទៀតនៃអាណាចក្រភ្នំដែរ ​ព្រោះថា កំណាយស្រាវជ្រាវលើផ្នែកបុរាណវិទ្យាក្នុងស្ថានីយ៍ ប្រវត្តិសាស្ត្រជាច្រើន ក៏បានផ្តល់នូវត្រសាល់ត្រចៀក ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងវត្ថុ សិល្បៈ នៅក្រុងអង្គរបូរីដែរ។

ចំណែកការនិយមត្រសាល់នេះ សូមជម្រាបបញ្ជាក់ថា បើយើងអាស់អាងទៅលើការសិក្សា លក្ខណៈរូបចម្លាក់មួយចំនួន ជាថ្ម និងជាដីដុត  យើងអាចសន្និដ្ឋានថា ការនិយមនូវគ្រឿងអលង្ការនេះ មិនជាច្រើនប៉ុន្មានដែរ ពីព្រោះប្រហែលជាមានតែអ្នកមានទេ ដែលពាក់ត្រសាល់ត្រចៀក។

ទាក់ទងនឹងប្រវត្តិរបស់ត្រសាល់ យើងសូមបញ្ជាក់ថា ត្រចៀកនៃទេវតាជាច្រើន ដូចជាព្រះ សុរិយានៅក្រុងស្រីទេព និងយក្សនៅកឹងយ៉ុក នាទឹកដីកម្ពុជាក្រោមជាដើម​សុទ្ធសឹងតែត្រូវបានបំពាក់ ដោយគ្រឿងលំអកាយខាងលើនេះ មិនខុសពីទ្វារបាល ជាខ្លា ឬ ជាគ្រុឌ នៃប្រាសាទបន្ទាយស្រី នា សតវត្សរ៍ទី១០ឡើយ។

ព្រះបដិមាពុម្ព ឬព្រះពុម្ព

ការរកឃើញនូវពុម្ពជាច្រើន ដែលធ្វើអំពីថ្មនិងដីដុត បញ្ជាក់ឲ្យដឹងថា វិធីធ្វើព្រះដោយធ្វើពុម្ព ត្រូវបាននិយមដោយជនជាតិខ្មេរយើង តាំងពីសម័យនគរភ្នំម៉្លេះ។ មួយវិញទៀត ការធ្វើពុម្ពបែបនេះ នៅតែរស់រវើកតាំងពីសម័យនោះរហូតមកដ់សព្វថ្ងៃ ដោយបានឆ្លងកាត់សម័យអង្គរ ដែលជាសម័យ មួយដ៏មហាថ្កុំថ្កើងរុងរឿងក្នុងប្រវត្តិសាស្ត្រខ្មែរ។

បើនិយាយម៉្យាងទៀត តាំងពីសម័យនគរភ្នំរហូតមកដល់សព្វថ្ងៃនេះ ជិត២.០០០ឆ្នាំមកហើយ ដែលវិចិត្រករខ្មែរយើង បានបន្តបច្ចេកទេសធ្វើពុម្ពនេះ ពីសម័យមួយទៅសម័យមួយទៀត ដោយមិន ដាច់។ បញ្ហាដែលចោទនៅទីនេះ គឺថា​ តើជនជាតិក្លិង្គជាអ្នកបង្រៀនខ្មែរឲ្យចេះធ្វើពុម្ពខាងលើនេះ ឬក៏ជា ទំនៀមទម្លាប់របស់ខ្មែរ តាំងតែពីសម័យប្រវត្តិសាស្ត្រ។ តាមការស្រាវជ្រាវរបស់យើង ការធ្វើពុម្ព បែបនេះកើតមានប្រាកដ នៅក្នុងសម័យបុរេប្រវត្តិសាស្ត្រ ក្នុងការធ្វើឧបករណ៍ប្រើប្រាស់ ឬគ្រឿង អលង្ការនានាប្រចាំថ្ងៃដូចជាផ្លែដឹង កាំបិទ ចិញ្ចៀន កងដៃ កងជើង ម្កុដ។ល។ដោយហេតុថាពុម្ពដីដុត មួយចំនួនធំ បានត្រូវគេរកឃើញ។ ការរកឃើញនូវព្រះបដិមាក្នុងភូមិភាគឥណ្ឌូចិននេះ មានតែព្រះ បដិមាពុម្ព មន ទេ ដែលចាស់ជាងគេ។

ពេទ្យ

ការរកឃើញនូវប្រដាប់កិនថ្នាំ ធ្វើឥអំពីថ្មរំលីងជាច្រើននៅក្នុងបរិវេណនៃប្រាង្គប្រាសាទនានា នៅស្រុកអង្គរបូរី សបញ្ជាក់ឲ្យឃើញថា បូជនីយដ្ឋាននាម័យនគរភ្នំក៏ដូចជាសម័យអង្គរដែរ នារជ្ជកាល នៃព្រះបាទជ័យវរ្ម័នទី៧​ (សតវត្សរ៍ទី១២-១៣ នៃគ.ស.) សុទ្ធសឹងជាកន្លែងដែលគេថែជម្ងឺផ្សេងៗរបស់ ប្រជាពលរដ្ឋ ដោយមានការមើលខុសត្រូវរបស់គ្រូពេទ្យដែលជាព្រាហ្មណ៍។

សូមបញ្ជាក់ថា ឧបករណ៍កិនថ្នាំទាំងនោះមានពីរផ្នែក គឺត្បាល់និងអង្រែ ហើយមានខ្នាតខុសៗ ពីគ្នា។ ម៉្យាងទៀត ភាគច្រើននៃប្រដាប់កិនថ្នាំទាំងនោះ ធ្វើឡើងដោយថ្មដាពណ៌ខ្មៅរលោង និងថ្មភក់។ តាមរយៈឧបករណ៍កិនថ្នាំខាងលើនេះ យើងអាចដឹងថា រុក្ខជាតិជាច្រើនប្រភេទ ត្រូវបានខ្មែរយើងនា សម័យនគរភ្នំ យកមកប្រើជាថ្នាំសម្រាប់ទប់ទល់នឹងរោគា។ នេះជាប្រភពឯកសារស្តីពីការថែរក្សាជម្ងឺ តាមរបៀបបុរាណ។ ដូច្នេះសម្រាប់វិស័យសុខាភិបាល យើងជឿជាក់ថា ថ្ងៃក្រោយយើងពិតជាមាន ព័ត៌មានបន្ថែមទៀតពុំខាន។

ព្រះរាជធានីស្រីទេព នៅខេត្តពេជ្រប៊ុន

ឯកសារចិនបានឲ្យដឹងថា ចក្រភពភ្នំមានទីក្រុងតូចធំជាង១០០។ ដូច្នេះហើយ ទីក្រុងស្រីទេព អាចជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំងនោះ។ ស្ថិតនៅចន្លោះនៃភូមិភាគកណ្តាលនិងឥសាន ត្រង់ ខ្សែស្របទី១៦អង្សា ខាងជើងខ្សែបណ្តោយទី១០១អង្សា ខាងកើត ទីក្រុងស្រីទេពស្ថិតនៅក្នុងខេត្ត ពេជ្រប៊ុន(ពេជ្របូរណ៍) ដែលជាខេត្តមួយមានទីតាំងស្ថិតនៅភូមិភាគខាងជើង និងភូមិភាគឥសាន។ ខេត្តនេះមានបរិវេណប្រវែង២៩៦គីឡូម៉ែត្រ ហើយមានកំពស់ពីផ្ទៃសមុទ្រ ប្រមាណ១១៤ម៉ែត្រ។

ខេត្តពេជ្រប៊ុន មានព្រំប្រទល់ជាមួយនឹងខេត្តជិតខាងមួយចំនួន ដូចជាខាងជើងជាប់នឹងខេត្ត ឡឹយ ខាងត្បូងជាប់នឹងខេត្តលប់បូរី ខាងកើតជាប់នឹងខេត្តជ័យភូមិនិងខនកែវ និងខាងលិចទល់ខេត្ត ភិចិត្ត ភិស្នុលោក និងណាខនសុវណ្ណ។ សូមជម្រាបថា ក្នុងបរិវេណនៃខេត្តទាំងប៉ុន្មានខាងលើនេះ មាន បូជនីយដ្ឋានជាច្រើន ដែលត្រូវបានសាងសង់ឡើងដោយបុព្វបុរសខ្មែរ នាសម័យបុរាណ។

កេរ្តិ៍ឈ្មោះនិងកិត្តិនាមផ្ទាល់របស់ខេត្តពេជ្រប៊ុន គឺទីក្រុងស្រីទេព ដែលបានចាប់បដិសន្ធិឡើង នាសម័យនគរភ្នំ ហើយដែលជាទីក្រុងខ្មែរបុរាណមួយធំជាងគេបំផុត ក្នុងព្រះរាជណាចក្រថៃបច្ចុប្បន្ន។ ជាបឋម គេសង្កេតឃើញថា ទីក្រុងនេះមានលក្ខណៈជារូបគ្រោងនៃទីក្រុងភ្លោះមួយគូ ដែលចែកចេញ ជាពីរផ្នែក គឺផ្នែកដែលស្ថិតនៅក្នុងក្រុង និងផ្នែកដែលស្ថិតនៅក្រៅក្រុងបុរាណនេះ ដែលជាមត៌កវប្បធម៌ បុរាណ។

ការស្រាវជ្រាវរបស់អ្នកបុរាណវិទូថៃបានឲ្យដឹងថា ផ្នែកក្នុងក្រុង មានរូបរាងសណ្ឋានស្ទើរមូល  ស្ទើរជ្រុង ឡោមព័ទ្ធជុំវិញដោយគូទឺក ដោយមានទំនប់ខ័ណ្ឌបាំង ហើយមានច្រកទឹកចេញចូល និងមាន ទ្វារទឹកចំនួន៨ ។ ម៉្យាងទៀតក្នុងបរិវេណនៃទីក្រុងនេះ គេសង្កេតឃើញមានស្រះទឹក ត្រពាំង រាយប៉ាយ ពាសពេញទីនោះ ប្រយោជន៍នឹងទ្រទ្រង់ជីវិតនាសម័យបុរាណ។

ចំណែកផ្នែកក្រៅក្រុងវិញ ដែលមានទ្រង់ទ្រាយជារាងចតុកោណកែង គេឃើញនៅមុមខាងលើ

នូវគូទឹក ទំនប់ខ័ណ្ឌបាំងនៅរួមគ្នាជាមួយនឹងផ្នែកខាងក្នុងក្រុង។ គូទឹកបុរាណនេះ មានទ្វារ ឬច្រកទឹក ចេញចូល៧កន្លែង។

ការសិក្សាស្រាវជ្រាវបានឲ្យដឹងទៀតថា នៅក្នុងតំបន់ផ្ទៃនៃទីក្រុងស្រីទេព មានបូជនីយដ្ឋានជា ច្រើនដូចជា ប្រាង្គប្រាសាទស្រីទេព ប្រាសាទបងប្អូនពីរនាក់ និងបុរាណស្ថានជាច្រើនទៀត ដែលបាន ត្រូវគេបំភ្លេចបំផ្លាញស្ទើរតែទាំងអស់ទៅហើយ។ ដូចនេះ រមណីដ្ឋានខ្មែរផ្សេងៗឯទៀត យើងឃើញនៅ ផ្លូវចេញចូលនាទិសខាងកើត មានខ្ទមអ្នកតាស្រីទេព ដែលពលរដ្ឋធ្វើការគោរពសក្ការៈបូជា។

សូមជម្រាបអំពីផ្ទៃដីទាំងមូល មានទំហ៊ំប្រមាណ២៩៨៩ម៉ែត្រ ត្រូវជា៤.៧គីឡូម៉ត្រក្រឡា ពោល គឺផ្នែកខាងក្នុងមាន១៣០០រ៉ៃ និងខាងក្រៅក្រុងមាន១៥៨៩ រ៉ៃ។

ក្រៅពីនោះ នៅខាងក្នុងក្រុងស្រីទេព  នាទិសខាងជើង មានបុរាណដ្ឋានក្រុងមួយ នៅត្រង់ម្តុំភូមិ ស្រះស្បូវ ស្ថិតចម្ងាយប្រមាណ១.៥គីឡូម៉ែត្រពីទីក្រុងដ៏ល្បីល្បាញនេះ គឺភ្នំឃ្លាំងក្រៅ។

បុរាណវត្ថុដែលគេបានជួបប្រទះក្នុងក្រុងស្រីទេព មានទាំងព្រះបដិមាស្ថាបនាឡើងតាមទម្រង់ ពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដែលជាហេតុនាំឲ្យយើងមានការលំបាកច្រើន ក្នុងការស្រាវជ្រាវអំពី ប្រវត្តិសាស្ត្រខ្មែរក្នុងសម័យកាលនោះ។ បើយើងពិនិត្យលក្ខណៈនៃបដិមាទាំងនោះ ដែលគេបានរក ឃើញរហូតមកដល់សព្វថ្ងៃ យើងឃើញថា ក្នុងទីក្រុងនេះ ជនជាតិខ្មែរនិយមសាសនាធំៗពីរ គឺព្រះ ពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដោយឥតបញ្ចូលនូវជំនឿអារក្សអ្នកតាក្នុងនោះផង ដែលជាជំនឿ ប្រពៃណីរបស់អ្នកស្រុកភូមិ។

ក្នុងវិស័យសិល្បៈ ដោយសារជនជាតិខ្មែរនាសម័យនោះ បានកាន់សាសនាក្លិង្គទាំងពីរ បានជា យើងឃើញនូវទេវរូបថ្មនៃលិទ្ធិព្រហ្មញ្ញសាសនាជាច្រើន ដូចជារូបព្រះនារាយណ៍ពាក់មួកឈរកាច់ចង្កេះ ព្រះវិស្នុ សិវលិង្គ ព្រះក្រឹស្ណ ព្រះសុរិយា។ រីឯបដិមាកម្មតាមទម្រង់ព្រះពុទ្ធវិញ គេឃើញមានរូបព្រះពុទ្ធ អង្គ សិលាធម្មចក្រថ្ម និងបង្គោលសីមា ព្រមទាំងព្រះបដិមាពុម្ព ធ្វើអំពីដីដុតជាច្រើន។

ដើម្បីឲ្យដឹងច្បាស់ នូវកាលបរិច្ឆេទនៃបដិមាកម្ម ពោលគឺចំណាស់របស់វត្ថុបុរាណទាំងនោះ គួរ គប្បីយើងលើកយករូបចម្លាក់បុរាណ និងសិលាចារឹកដែលគេបានរកឃើញ ក្នុងបង្គោលសីមានៃទីក្រុង នេះ មកពិនិត្យសិក្សាឲ្យបានហ្មត់ចត់សិន។ តាមការស្រាវជ្រាវវិភាគ យើងអាចដឹងថា ថ្វីត្បិតតែរូប ចម្លាក់បុរាណនៃទីក្រុងស្រីទេពមានអាយុខុសគ្នាក៏ដោយ ក៏ប៉ុន្តែចម្លាក់ដែលចាស់ជាងគេ ស្ថិតក្នុងរចនា-បថភ្នំដា ឬនគរភ្នំ ដូចជាព្រះក្រឹស្ណ និងព្រះនារាណ៍ជាដើម។ រីឯអក្សរនៃសិលាចារឹកដែលចាស់ជាងគេ ដែលសរសេរលើបំណែកថ្មមានជារាងបួនជ្រុងមួយ គឺអក្សរបល្លវៈ នៃប្រទេសឥណ្ឌាខាងត្បូង។

ត្រង់នេះ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា ទីក្រុងស្រីទេពនេះ កើតឡើងនៅក្នុងសម័យនគរភ្នំ។ បន្ទាប់មកទៀត អ្នកបុរាណវិទូថៃ ក៏បានរកឃើញសិលាចារឹកពីរផ្ទាំងទៀត ដែលមានចារឈ្មោះព្រះ មហាក្សត្រខ្មែរមួយព្រះអង្គគឺព្រះបាទភវវរ្ម័នទី១ ដែលគ្រប់គ្រងអាណាចក្រចេនឡារវាងឆ្នាំ៥៩៧ នៃគ.ស. ពោលគឺមុនព្រះបាទឥសានវរ្ម័នបន្តិច ដែលបានទទួលកេរមត៌កពីស្តេចអង្គនេះ។

ដូច្នេះ បើតាមការវិភាគរបស់យើង បដិមាកម្មនិងសិលាចារឹកទាំងនេះ មិនគ្រាន់តែផ្តល់ចំពោះ យើង នូវអាយុកាលនៃទីក្រុងនេះប៉ុណ្ណោះទេ ក៏ប៉ុន្តែផ្តល់ប្រវត្តិកំណើតរបស់រាជធានីខ្មែរដ៏ធំសម្បើមនេះ ថែមទៀតផងដែរ ហើយទីក្រុងនេះ ស្ថិតនៅក្រោមអំណាចឥទ្ធិពលរបស់អាណាចក្រនគរភ្នំ។

អ្នកប្រវត្តិវិទូបានបញ្ជាក់ថា វត្តមាននៃសិលាចារឹករបស់ព្រះបាទភវវរ្ម័នទី១ ដែលជាភស្តុតាង ប្រវត្តិសាស្ត្រយ៉ាងសំខាន់ បានឲ្យយើងដឹងថា ព្រះរាជាណាចក្រចេនឡាបានពង្រីកអំណាចរបស់ខ្លួន ចូលមកដល់ខាងក្រោមដងទន្លេបាសាក់ឯណោះ ហើយការគ្រប់គ្រងទីក្រុងនេះដោយជនជាតិខ្មែរ បាន ប្រព្រឹត្តទៅតាំងពីសម័យនគរភ្នំ រហូតដល់សតវត្សរ៍ទី១១និងទី១២នៃគ.ស. បើតាមខ្លឹមសារនៃសិលា ចារឹកទី២ ដែលបានត្រូវចារឡើងជាភាសាខ្មែរ នាសម័យអង្គរ។ ក្រៅពីនេះ នៅមានវត្ថុសិល្បៈមួយ ចំនួនទៀត ដូចជាព្រះពុទ្ធអង្គ ទេវតា ទ្វារបាលធំៗជាដើម ដែលស្ថិតនៅក្នុងរចនាបថបាយ័ន នៃព្រះ បាទជ័យវរ្ម័នទី៧ គ.ស. ១១៨០-១២១៦។

ម៉្យាងទៀត ព្រឹត្តិការណ៍សំខាន់មួយដែលយើងគួរផ្តោតអារម្មណ៍ គឺវត្តមានរបស់លិទ្ធិថេរវាទ នៅ ក្នុងតំបន់នេះនាគ្រាបឋមនៃប្រវត្តិសាស្ត្រខ្មែរ នាសម័យមុនអង្គរ។

វត្ថុតាងចាស់ជាងគេ ដែលគេបានជួបប្រទះនៅទីក្រុងស្រីទេព មានលក្ខណៈជាពុទ្ធសាសនា និកាយថេរវាទ ឬហីនយាន ថែមទៀតផង គឺជាគាថាបាលី  “យ៉េធម្មា” ដែលគេបានចារលើបល្ល័ង្កព្រះ។ ក្រៅពីនេះ នៅមានវត្ថុបុរាណមួយចំនួនទៀត ដែលបញ្ជាក់នូវវត្តមានរបស់ព្រះពុទ្ធសាសនាថេរវាទទាំង នោះ ដូចជាធម្មចក្រ ឬបំណែកធម្មចក្រ បង្គោលសីមាថ្មភក់និងថ្មបាយក្រៀម ជាបដិមាពុម្ព។ល។

ចំពោះសាសនដ្ឋាន ដែលគេប្រទះឃើញនៅក្នុងទីក្រុងស្រីទេពនោះហើយ ដែលមានសារៈសំខាន់ ជាងគេ គឺបុរាណស្ថានទាក់ទងព្រះពុទ្ធសាសនា។ បុរាណស្ថាននេះ ដែលមានលក្ខណៈជាសិល្បៈក្លិង្គ បានសាងសង់លើប្រថែនផ្ទាំងថ្មបាយក្រៀម ដោយមានរាងបួនជ្រុង កំពស់៦ម៉ែត្រហើយតួអង្គអាគារ ធ្វើអពីឥដ្ឋដុតមានរាងបួនជ្រុង ជម្រៅជារាងចតុកោណកែង មានទ្វារខាងមុខបែរទៅរកទិសខាងលិច ហើយមានទ្វារបញ្ឆោតបីទៀត។ នៅលើឃឿនសាសនដ្ឋាន នេះ គេឃើញមានរូបចម្លាក់ធ្វើអំពីបាយអ ជាច្រើន ដូចជាយក្ស ដំរី មនុស្ស ជាដើម សម្រាប់លំអបុរាណស្ថានទាំងនោះផង។ សូមបញ្ជាក់ថា ដោយ ចម្លាក់តុបតែងនេះ មានលក្ខណៈសិល្បៈស្រដៀងនឹងសិល្បៈមន បានជាគេយល់ច្រឡំថា សាសនដ្ឋាន ខាងលើនេះ ជាសិល្បៈមន ឬឥណ្ឌា។ ប៉ុន្តែទស្សនៈនេះ ពុំមានមូលដ្ឋានមាំទេ។ ចំពោះការដុះដាល លេចធ្លោនៃនគរមន ឈ្មោះទ្វារវតី តាមប្រសាសន៍របស់លោក ឌុយប៉ុង នគរនេះបានត្រូវបង្កើតឡើង នៅសតវត្សរ៍ទី៦ ពោលគឺក្រោយពីការបែកបាក់របស់អាណាចក្រភ្នំ។