ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK
ថ្វីត្បិតតែពាណិជកម្មក្រៅប្រទេសនិងក្នុងប្រទេស ជាប្រភពនៃវឌ្ឍនភាពរបស់នគរភ្នំក៏ដោយ ក៏ប៉ុន្តែយើង មិនត្រូវបំភ្លេចចំពោះកសិកម្ម ដែលជាវិស័យសំខាន់បំផុតដែរ សម្រាប់វិស័យសេដ្ឋកិច្ច។
វឌ្ឍនភាពនិងវិបុលភាពនៃនគឬភ្នំ អាចមានឡើងក៏ដោយសារនយោបាយទឹកនាសម័យនោះដែរ ដែល គេអាចឃើញនៅក្នុងស្រុកអង្គរបូរី នៅម្តុំដែនដីសណ្តនៃកម្ពុជាក្រោម និងនៅតាមឆ្នេរសមុទ្រសៀមសព្វថ្ងៃនេះ។ តាមរូបភាពដែលគេថតពីលើអាកាស បានបង្ហាញឲ្យឃើញនូវប្រព័ន្ធប្រឡាយទឹកដ៏ខ្វាត់ខ្វែងនាសម័យបុរាណ ដែលមានរហូតមកដល់សព្វថ្ងៃនេះ។
ក្នុងដែនដីសណ្ត គេឃើញមានព្រែកជាច្រើន ដែលជនជាតិខ្មែរនាសម័យនគរភ្នំនិងសម័យចេនឡា បានជីកបង្ហូរទឹកពីទន្លេមេគង្គ ឲ្យបន្សាបទឹកប្រៃដែលជ្រាបចូលក្នុងតំបន់ ប្រយោជន៍ដើម្បីឲ្យធ្វើស្រែបាន។ ម៉្យាងទៀត បណ្តាញព្រែកទាំងនោះ ក៏បានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតាមទូកនិងសំពៅតូចធំ ក្នុងភូមិភាគនេះ។
ចំពោះសកម្មភាពសេដ្ឋកិច្ចដ៏មហាថ្កុំថ្កើង ប្រភពឯកសារចិនក៏បានឲ្យដឹងថា គេអាចច្រូតស្រូវបានបីដង ក្នុងមួយឆ្នាំ។ រីឯតាមប្រភពនៃសិលាចារឹកវិញ មានរបាយការណ៍អំពីដើមឈើខ្លះៗ ដូចជាអំពៅ ស្លា ក្រូច ដូង ត្នោត។ល។
សេចក្តីសន្និដ្ឋានខាងលើនេះ បង្ហាញឲ្យយើងដឹងពីភាពរុងរឿងអស្ចារ្យនៃអាណាចក្រភ្នំ ដែលជាមូលដ្ឋាន នៃសង្គមខ្មែរ នាសម័យបុរាណ។
ការកាត់ទោស
នាគ្រាបឋមនៃប្រវត្តិសាស្ត្រនគរភ្នំ គេអាចសម្គាល់ថា ពុំទាន់មានវិធានការតឹងរឹងចំពោះអ្នកទោសនៅ ឡើយទេ ហើយទំនៀមទម្លាប់នាសម័យនោះទាំងអស់ មានលក្ខណៈទៅនឹងស្រដៀងនឹងពួកកុលសម្ព័ន្ធខ្មែរលើ ជាពិសេស ក្នុងវិស័យនៃការពិន័យ។
ឯកសារចិនបានឲ្យដឹងថា នាសម័យនោះ គ្មានគុកសម្រាប់ដាក់ជនជាប់ពិរុទ្ធទេ។ ចំពោះអ្នកមានទោស ស្រាល គេគ្រាន់តែដាក់ពិន័យបន្តិចបន្ទួចប៉ុណ្ណោះ។ ក៏ប៉ុន្តែចំពោះអ្នកមានទោសធ្ងន់វិញ គេយកអ្នកទាំងនោះ ឲ្យក្រពើ ឬសត្វព្រៃស៊ីតែម្តង។ ម៉្យាងទៀត បើក្នុងរយៈពេលបីថ្ងៃ សត្វសាហាវមិនស៊ីទេ គេនឹងដោះលែងអ្នក ទោសទាំងអស់នោះវិញ។ ការដាក់ទារុណកម្មបែបនេះ បង្ហាញឲ្យយើងឈ្វេងយល់អំពីប្រព័ន្ធតុលាការនាសម័យ បុរាណ ដែលជាមូលដ្ឋាននៃសីលធម៌ខ្មែរសម័យនោះ។
គ្រឿងភ្លេងភ្លាត់
សិលាចារឹកជាច្រើនបានបង្ហាញឲ្យឃើញថា ព្រះរាជាជាអ្នកការពារសាសនា និងគ្រប់គ្រងប្រាសាទតូចធំ ទាំងឡាយ។ ក្នុងវិស័យសាសនា ព្រះមហាក្សត្របំពេញជានិច្ចជាកាល នូវពិធីសក្ការៈបូជាផ្សេងៗចំពោះទេវតា ព្រមទាំងធ្វើឲ្យប្រទេសជាតិមានស្ថេរភាពនយោបាយ។
ដូច្នេះហើយ ក្នុងអត្ថបទសិលាចារឹកK៦០០ គេឃើញមានការអធិប្បាយអំពីគ្រឿងភ្លេង ដែលគេបានប្រើ នាសម័យនោះ។
ដោយមានឯកសារមិនទាន់គ្រប់គ្រាន់នៅឡើយ យើងពុំទាន់អាចរៀបរាប់ឲ្យបានពិស្តារ នូវឧបករណ៍ភ្លេង ទាំងអស់នោះបានទេ។ ថ្មីៗនេះ ការជីករករបស់បុរាណដោយខុសច្បាប់ ក្នុងក្រុមប្រាង្គប្រាសាទឥដ្ឋ នៅភូមិកំពង់ ពោធិ គេបានឃើញនូវជួងនិងកណ្តឹងសំរឹទ្ធជាច្រើន។ ក្រៅពីនេះ គេឃើញមានមាសសន្លឹក មានឆ្លាក់រូបអ្នកដេញ ចាប៉ីដងវែង ជាពិសេសនៅភូមិភាគដែនដីសណ្ត នៃកម្ពុជាក្រោម។
ចំពោះប្រភពនៃពាក្យចាប៉ី ពាក្យនេះគឺជាពាក្យដែលកើតចេញពីភាសាក្លិង្គសុទ្ធសាធ។ (កំណត់របស់វិទ្យុ សំឡេងកម្ពុជាក្រោមៈ បើតាមនាទីអក្សរសាស្រ្ត ដែលយើងខ្ញុំបានស្តាប់តាមវិទ្យុនៅទសវត្សរ៍ឆ្នាំ១៩៦០ សម្តេច ព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា ពាក្យចាប៉ី គឺមកពីឧបករណ៍ភ្លេងដែលគេធ្វើអំពី”ឈើ” ហើយដើម្បីលេង គេតែងយកមក”បី” ទើបលេងបាន ដូច្នេះចាប៉ី ក្លាយមកពីពាក្យថា “ឈើបី”។)
ម៉្យាងទៀត គេឃើញមានការថ្វាយនូវតង្វាយជាវង់ភ្លេងចំពោះព្រះចៅក្រុងចិន ពីសំណាក់ស្តេចនគរភ្នំ។
ទំនាក់ទំនងផ្នែកវប្បធ៌ រវាងតំបន់នានា
បុព្វហេតុដែលនាំឲ្យមានការទាក់ទង រវាងតំបន់ខ្ពង់រាបនឹងវាលទំនាប ឬពីតំបន់មួយទៅតំបន់មួយទៀត គឺបណ្តាលមកពីពាណិជ្ជកម្មនូវវត្ថុធាតុដើមមួយចំនួន ដែលជាសេចក្តីត្រូវការរបស់សង្គមមនុស្ស។ ដូច្នេះ គេមិន ត្រូវការត្រឹមតែវត្ថុមកពីក្លិង្គទេ គេក៏ត្រូវការវត្ថុធាតុដើម ដែលមាននៅក្នុងស្រុកផងដែរ ថ្វីត្បិតតែវត្ថុទាំងនោះ ស្ថិត នៅឆ្ងាយដាច់ស្រយាលយ៉ាងណាក៏ដោយ។ ប្រការនេះ ជាការរីកចម្រើនដុះដាលនៃវប្បធម៌ឥណ្ឌូ-ខ្មែរ ដែលថ្មីៗ នេះ យើងបានឃើញស្លាកស្នាមយ៉ាងច្រើនលើសលប់ នៅខេត្តសៀមរា ដូចជានៅប្រាសាទព្រៃក្មេង និងនៅខេត្ត បន្ទាយមានជ័យ នៅស្ថានីយ៍ភូមិស្នាយ។
គេសង្កេតឃើញថា ក្នុងសម័យនោះ ការផ្សព្វផ្សាយព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា បានចូលមក ដល់តំបន់ដ៏ជ្រៅ ដូចជានៅម្តុំវត្តភូនិងម្តុំស្រីទេព ជាហេតុបណ្តាលឲ្យមានការកសាងនូវរជាធានីក្នុងភូមិភាគនេះ ហើយក្នុងសង្គមខ្មែរមានការបែងចែកវណ្ណៈ ថ្វីត្បិតតែគ្មានភាពតឹងរ៉ឹង ដូចនៅប្រទេសក្លិង្គក៏ដោយ។ ឯរចនាសម្ព័ន្ធ ថ្មី ដូចជាផ្នែកការងាររដ្ឋបាល ដែលដឹកនាំដោយក្រុមជំនាញការផ្សេងៗក៏កើតឡើងដែរ ដោយមនុស្សទាំងនោះស្ថិតនៅក្រោមការដឹកនាំរបស់មេខ្លួន។
ក្នុងអម្លុងសតវត្សរ៍ទី៦នៃគ.ស. នគរភ្នំដែលមានអំណាចយ៉ាងខ្លាំងក្លាបំផុត បានជះឥទ្ធិពលវប្បធម៌របស់ ខ្លួន ក្រោយពីបានត្រួតត្រាតំបន់មួយភាគធំ ក្នុងភូមិភាគកណ្តាល នៃឥណ្ឌូចិនយើងនេះ ដែលក្នុងនោះ ក្រៅពី តំបន់នានានៃឈូងសមុទ្រសៀមសព្វថ្ងៃ និងស្ថិតមិនឆ្ងាយពីនោះ ដូចជាខេត្តល្វោ សុផាន់បុរី(ឬ សុវណ្ណបុរី) ជលបុរី អ៊ូថង ពេជប៊ុន នគររាជសីមា សុរិន្ទ្រ អ៊ូបន និងតំបន់វត្តភូ ជាដើម។ ក៏ប៉ុន្តែចាប់តាំងពីសតវត្សរ៍ទី៧ ឥទ្ធិពលរបស់នគរភ្នំបានចុះទន់ខ្សោយ ហើយក៏បានត្រូវស្ថិតនៅក្រោមឥទ្ធិពលរបស់ចេនឡាយ៉ាងប្រាកដ។ រីឯនៅស្រុកខ្មែរវិញ គេឃើញមានខេត្តព្រៃវែង ស្វាយរៀង តាកែវ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម និងកំពង់ធំ ដែលស្ថិតនៅក្រោមអានុភាពរបស់នគរភ្នំ។ យើងដឹងអំពីការផ្សព្វផ្សាយវប្បម៌នគរភ្នំ តាមរយៈ ស្ថាបត្យកម្មបុរាណ ដោយហេតុថា ក្នុងសម័យកាលនោះ មានការផ្សំគ្នារវាងសិល្បៈខ្មែរនឹងសិល្បៈក្លិង្គ ហើយបាន បង្កើតនូវរចនាបថភ្នំដារ(៥៤០-៦០០ នៃគ.ស.) ដែលជារចនាបថស្ថិតក្នុងសម័យកាលនគរភ្នំ។ នាដើមសតវត្សរ៍ ទី៧ ពោលគឺនៅសម័យចេនឡា ទើបយើងឃើញនូវវត្តមានរបស់ប្រាង្គប្រាសាទឥដ្ឋ ក្នុងរចនាបថសម្បូរណ៍ ព្រៃគុហ៍ ព្រៃក្មេង និងកំពង់ព្រះ ជាក់លាក់គឺនៅរវាងឆ្នាំ៦១៥ ដល់៨០០ នៃគ.ស.។
ដោយមានការជ្រោមជ្រែងបង្រួបបង្រួមអាណាខេត្តនានា ដោយព្រះមហាក្សត្រខ្មែរនាសម័យបុរាណ ដូចជាខ្លឹមសារនៃសិលាចារឹកជាច្រើនជាសក្ខីភាពស្រាប់ វប្បធម៌នាសម័យនគរភ្នំ និងចេនឡា មានការលូតលាស់ ជាខ្លាំង ហើយចំពោះឥទ្ធិពលនៃវប្បធម៌ក្លិង្គនេះ គេក៏អាចធ្វើតាមបុរាណ ដូចជាទេវរូប ពុទ្ធរូប គ្រឿងតុបតែង ប្រាសាទ គ្រឿងអលង្កា និងបូជនីយដ្ឋានមួយចំនួន។
ឯកសារស្តីពីវត្តមានរបស់អ្នករាំរបាំនាសម័យនគរភ្នំ មានពីរប្រភេទ គឺរូបសម្លាក់ និងសិលាចារឹក។ សម្រាប់ខ្មែរនាសម័យបុរាណ របាំជាពិធីមួយដែលមានតួនាទីយ៉ាងសំខាន់បំផុត ក្នុងសង្គមខ្មែរបុរាណ ដោយ ហេតុថា របាំជាតង្វាយមួយដ៏ពិសិដ្ឋ ដែលព្រះរាជខ្មែរថ្វាយចំពោះព្រះអាទិទេពនៃពហ្មញ្ញសាសនា ដើម្បីសេចក្តី សុខចំរើននៃប្រទេសជាតិឬភូមិស្រុក។ ម៉្យាងទៀត តង្វាយជារបាំចំពោះទេវតាតាមរយៈបូជនីយដ្ឋាន ដូចជាប្រាង្គ ប្រាសាទនានា ត្រូវបានគេកត់សម្គាល់ឃើញយ៉ាងច្រើនក្នុងសិលាចារឹក ដូចជាសិលាចារឹកK.600 K.51 ដែល បានចារឡើងនាសតវត្សរ៍ទី៦ និងទី៧ នៃគ.ស.។ តាមពិត វត្តមានរបស់ក្រុមរបាំ អ្នកចម្រៀង អ្នកភ្លេងប្រពៃណី ខ្មែរយើងបានរក្សាក្នុងសង្គម រហូតមកដល់សព្វថ្ងៃ។
រីឯប្រភពឯកសារដែលទាក់ទងនឹងវិស័យតូរ្យតន្ត្រី នាសម័យនគរភ្នំវិញ គេឃើញមានរូបចម្លាក់អ្នករាំរបាំ និងអ្នកដេញចាប៉ីលើបន្ទះដីដុត និងលើសន្លឹកមាសស្តើងៗមួយចំនួន ក៏ប៉ុន្តែនាគ្រាបឋមនៃសម័យកាលនោះ ទាំង លក្ខណៈរបាំ ទាំងលក្ខណៈឧបករណ៍ មានទម្រង់ជាក្លិង្គ។ ទាំងនេះ បញ្ជាក់នូវឥទ្ធិពលដ៏ខ្លាំងក្លា របស់វប្បធម៌ក្លិង្គ នាសម័យបុរាណ។
ភាសា
ភាសាដែលជនជាតិខ្មែរគ្រប់មជ្ឈដ្ឋាននាប្រើប្រាស់នាសម័យប្រវត្តិសាស្ត្រ គឺភាសាដែលស្ថិតក្នុងអំបូរ ភាសា មន–ខ្មែរ ហើយភាសានេះសោធ ក៏បានត្រូវបង្កើតឡើងនាសម័យបុរេប្រវត្តិសាស្ត្រ ពោលគឺមុនការ ប្រស្រ័យទាក់ទងជាមួយជនជាតិឥណ្ឌា។
ថ្វីត្បិតតែជនជាតិខ្មែរនាដើមសតវត្សរ៍ទី១នៃគ.ស. បានខ្ចីតួអក្សរក្លិង្គដើម្បីយកមកកត់ត្រា នូវព្រឹត្តិការណ៍ ផ្សេងៗប្រចាំជាតិរបស់ខ្លួនក៏ដោយ ក៏ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ យើងពុំទាន់ឃើញមានភស្តុតាងណាមួយ យ៉ាងច្បាស់លាស់នៅឡើយ ដែលបានចារឡើងនៅក្នុងយុគ្គសម័យនោះ ក្រៅពីអក្សរ២-៣តួ ឬបន្ទាត់តែ ប៉ុណ្ណោះ(K85)។ តាមពិតគេត្រូវរង់ចាំដល់សតវត្សរ៍ទី៣នៃគ.ស. ទើបឃើញមាននូវសិលាចារឹក ដែលប្រកប ដោយអត្ថបទវែង ហើដែលជាប្រភពនៃអក្សរសាស្រ្តខ្មែរ។
សូមរំលឹកឡើងវិញថា ការដែលផ្ទាំងសិលាចារឹក ដូចជាសិលាចារឹក វូកាញ់ ជាដើម ត្រូវបានចារឡើងជា ភាសាសំស្ក្រឹត ពុំមែនមានន័យថា ជនជាតិក្លិង្គជាអ្នកចារឯកសារទាំងនោះទេ ក៏ប៉ុន្តែគឺជានជាតិខ្មែរដែលជា អ្នកចារ។ មួយវិញទៀត ការចារជាភាសាសំស្រ្កឹតនោះ ក៏អាចបញ្ជាក់ឲ្យយើងឃើញនូវចំណេះដឹងយ៉ាងជ្រៅជ្រះ របស់ខ្មែរនាជំនាន់នោះ ជាពិសេស គឺមជ្ឈដ្ឋានអ្នកដឹកនាំស្រុកទេស ដែលមានវិជ្ជាយ៉ាងខ្ពង់ខ្ពស់អស្ចារ្យ។
ទន្ទឹមនឹងសិលាចារឹកដែលប្រើតួអក្សរនិងភាសាសំស្ក្រឹត គេក៏បានជួបនូវផ្ទាំងសិលាចារឹកជាច្រើន ដែល បានសរសេរឡើងជាភាសាខ្មែរសុទ្ធសាធ ហើយប្រើតួអក្សរក្លិង្គ ប៉ុន្តែផលវិបាករបស់ផ្ទាំងអក្សរទាំងនោះ បណ្តាល មកពីការដែលគ្មានកំណត់អំពីកាលបរិច្ឆេទ លើកលែងតែសិលាចារឹកនៅវាលកន្ទេល ដែលត្រូវបានចារឡើង នៅឆ្នាំ៦១៣នៃគ.ស. សិលាចារឹកទួលវត្តគំនូរ K600 ត្រូវបានចារឡើងនៅឆ្នាំ៦១១នៃគ.ស.។ការវិភាគលក្ខណៈ តួអក្សរ គ្រាន់តែអាចបញ្ជាក់ថាអក្សរថ្មទាំងនោះត្រូវបានចារឡើង រវាងសតវត្សរ៍ទី និងទី៦នៃគ.ស.តែប៉ុណ្ណោះ។