ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK
សូមបញ្ជាក់ថា ការដែលព្រះសិវៈសណ្ឋិតលើភ្នំនោះ ពុំមែនរឿងមួយចៃដន្យទេ ក៏ប៉ុន្តែគឺសម ស្របនឹងទស្សនវិជ្ជារបស់ជនជាតិខ្មែរ ដែលធ្លាប់មានមកតាំងពីសម័យមុនបុរេប្រវត្តិសាស្ត្រ។ ការសិក្សា អំពីខឿនវប្បធម៌ខ្មែរនាសម័យមុនឥណ្ឌូរូបនីយកម្ម បានឲ្យដឹងថា ដំបូក ទួល ឬភ្នំ ត្រូវបានជនជាតិខ្មែរ ធ្វើសក្ការបូជា ដោយចាត់ទុកថាជាទីកន្លែងពិសិដ្ឋ ហើយត្រូវបានគេលើកឋានៈឲ្យស្មើនឹងអាទិទេព ក៏ពុំ មែនជាទេវតាដូចគេបានយល់ច្រឡំនោះទេ។ ហេតុផលយ៉ាងសំខាន់មួយ គឺមកពីគេជឿថា អាទិទេព ឥណ្ឌា ឬក៏វត្ថុសក្តិសិទ្ធិ ដូចជាអារក្សអ្នកតា រមែងតែងស្ថិតនៅទីតាំងណាដែលខ្ពស់ពីដី ដូចនេះ មាន មនោគមវិជ្ជាសាសនានេះ បានកើតឡើងពីខឿនវប្បធម៌សំយោគ គឺឥណ្ឌា-ខ្មែរ ក៏ប៉ុន្តែអ្វីដែលសំខាន់ គឺតាមរយៈពិធីសាសនា ព្រះរាជាអាចយាងព្រះអាទិទេពឥណ្ឌា ដូចជាព្រះឥសូរជាដើម ឲ្យមកប្រថាប់ ឬសណ្ឋិតក្នុងព្រះកាយរបស់ព្រះអង្គ។ នេះជាភស្តុតាងបង្ហាញនូវលក្ខណៈពិសិដ្ឋរបស់រាជាធិបតេយ្យ។ គឺក្នុងករណីនេះហើយ បានជាគេឃើញមានសម្ព័ន្ធភាពរវាងព្រះរាជានឹងព្រះអាទិទេព យ៉ាងប្រាកដ។
រួមសេចក្តីមក សម្រាប់ជនជាតិខ្មែរ ទួលឬភ្នំ គឺជាលំនៅដ្ឋានរបស់អច្ឆរិយវត្ថុ មិនចំពោះតែទេវតា ក្លិង្គប៉ុណ្ណោះទេ ក៏ប៉ុន្តែចំពោះទេវតាខ្មែរថែមទៀតផង។ នៅប្របទេវតាខ្មែរ ដែលមានភ្នំជានិមិត្តរូប គេ ឃើញមានទេវតាក្លិង្គមករួមរស់ជាមួយគ្នា ដោយសុខដុមរមនា។ គឺក្នុងពេលជាមួយគ្នានេះ និងដោយ មានមូលដ្ឋានដូចគ្នានេះ ដែលគេឃើញខ្មែរនាសម័យនគរភ្នំ បានស្ថាបនានូវប្រាង្គប្រាសាទ ពោលគឺ បូជនីយដ្ឋានដែលមានលក្ខណៈព្រហ្មញ្ញសាសនា នៅលើភ្នំ ឬកំពូលភ្នំ ឬលើទួល គេក៏លើកដីឲ្យខ្ពស់ធ្វើ ជាខឿន សម្រាប់សាងសង់ប្រាសាទភ្នំពីលើ។
មួយវិញទៀត ជាទួទៅ ចំពោះខ្មែរបុរាណ ព្រះរាជាដែលជាអ្នកគ្រប់គ្រងផែនដីទាំងមូល ជាអ្នក តំណាងអាទិទេព ដោយហេតុថា អំណាចរបស់ព្រះអង្គ គឺជាអំណាចមួយដែលមានលក្ខណៈពិសិដ្ឋ។ ក្នុងកំណត់ហេតុចិន យើងដឹងថា អំណាចរបស់ព្រះមហាក្សត្រ ឬជារាជសម្បត្តិរបស់ព្រះអង្គ ត្រូវបន្តពី ព្រះបិតាទៅរាជបុត្រ ហើយដោយសារហេតុផលនេះហើយ គេបានជួបនូវវិបត្តិរាជវង្ស ក្នុងទំព័រប្រវត្តិ-សាស្ត្រនៃប្រទេសកម្ពុជា។ ក៏ប៉ុន្តែទុកជាយ៉ាងណា ក៏ប្រជារាស្ត្រអាចលើកតាំងជ្រើសរើសវិរជនណាមួយ ដែលខ្លួនពេញចិត្ត ដើម្បីឡើងសោយរាជ្យ ដូចករណីខ្លះដែលបានពីពណ៌នាដោយកំណត់ហេតុចិន។
ក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត តាមរយៈកំណត់ហេតុចិន យើងក៏បានដឹងទៀតថា ព្រះរាជានា សម័យនគរភ្នំមានឋានៈជាមហារាជាធិរាជ ឬសាវិភោម ដែលជាស្តេចចក្រវាឡ។ ឋានៈរបស់ព្រះមហា-ក្សត្រខ្មែរ ក្នុងអម្លុងសតវត្សរ៍ទី១ដល់សតវត្សរ៍ទី៦ មិនធ្វើឲ្យយើងភ្ញាក់ផ្អើលទេ ដោយហេតុថា ចក្រភព ខ្មែរនាសម័យនោះ ជាការផ្សំផ្គុំនៃរដ្ឋតូចធំជាច្រើន ដែលចំណុះទៅនឹងអំណាចកណ្តាល ដែលគ្រប់គ្រង ដោយព្រះចៅអធិរាជ។ ដោយអាស្រ័យហេតុនេះហើយ បានជាឮគេនិយាយអំពីលក្ខណៈជា សាមន្តរាជ របស់អធិរាជអាណាចក្រភ្នំជាញឹកញាប់ ក្នុងរាជពង្សាវតាចិន។
អ្វីដែលអធិប្បាយខាងលើនេះ បញ្ជាក់ឲ្យយើងឃើញ នូវរបបនយោបាយនិងរចនាសម្ព័ន្ធរដ្ឋបាល របស់ប្រទេសខ្មែរ នាគ្រាបឋមនៃប្រវត្តិសាស្ត្រ។ គួរកត់សម្គាល់ថា របៀបដឹកនាំគ្រប់គ្រងសង្គមខ្មែរនា សម័យនោះ មានលក្ខណៈស្រួយ ដោយហេតុថា កាលណាអំណាចកណ្តាលខ្សោយដោយប្រការណា មួយ ពួករដ្ឋសមាន្តរាជតែងតែទាមទារឯករាជ្យភាពរៀងៗខ្លួនជានិច្ច ហើយការទាមទារនេះ នាំមកនូវ សង្គ្រាមបះបោរជានិច្ចជាកាល។ ម៉្យាងទៀត អាណាចក្រចេនឡា ក៏ស្គាល់នូវករណីនេះដែរ ព្រោះថា នេះជាសារជាតិរបស់ប្រទេសកម្ពុជា ដែលជាក្សត្រប្រទេស។
ក្នុងវិស័យរដ្ឋបាល គេឃើញមានមន្ត្រីឆ្វេង និងមន្ត្រីនៅជាប់ព្រះមហាក្សត្រ។ ក្នុងសវនាការ មន្ត្រីឆ្វេងតែងអង្គុយនៅខាងឆ្វេង និងមន្ត្រីស្តាំអង្គុយនៅខាងស្តាំ។ ម៉្យាងទៀត ព្រះរាជានៅមានអមទៅ ដោយមន្ត្រីធំតូចដ៏ច្រើនទៀតផង។ រីឯនៅតាមអាណាខេត្តនានាវិញ គេឃើញមានអភិបាលខេត្ត ជាអ្នក ត្រួតត្រាគ្រប់គ្រង។ មន្ត្រីទាំងនោះ សុទ្ធតែជាប់សាច់ឈាមជាមួយព្រះរាជា ហើយប្រកបដោយឥទ្ធិពល ខ្លាំងក្លាបំផុត។
កំណត់ហេតុចិនបានឲ្យដឹងទៀតថា ជាញឹកញាប់ ព្រះមហាក្សត្រខ្មែរប្រទានសវនាការ ដល់ ប្រជារាស្ត្រ និងជនបរទេស។ ពួកគេតែងយកតង្វាយមកថ្វាយស្តេចខ្មែរជានិច្ចជាកាល ដើម្បីសំដែងនូវ គារវកិច្ច និងកតញ្ញូតាធម៌។ នៅពេលដែលព្រះអង្គប្រទានសវនាការម្តងៗ គេឃើញព្រះអង្គគង់ប្រថាប់ ដោយទម្លាក់ព្រះបាទឆ្វេងដល់ដី ហើយបញ្ឈរព្រះបាទស្តាំ។ នៅចំពោះមុខព្រះភក្ត្ររបស់ព្រះរាជា គេឃើញមានកម្រាលមួយផ្ទាំង ហើយនៅលើកម្រាលនោះ មានភាជន៍ធ្វើអំពីមាសសុទ្ធនិងដីដុត ប្រកប ដោយគ្រឿងក្រអូបផ្សេងៗជាប្រពៃណីក្លិង្គ ដែលព្រះរាជាខ្មែរប្រតិបត្តិតាម។
ម៉្យាងទៀត ប្រភពឯកសារចិនក៏បានបន្ថែមព័ត៌មានមួយចំនួនទៀត ដូចជាយានជំនិះរបស់ស្តេច ជាដើម…។ កាលណាយាងទៅក្រៅព្រះបរមរាជវាំង ឬយាងចូលមកវិញ ព្រះអង្គប្រថាប់លើដំរី។ រីឯពួក មន្ត្រីនិងស្រីស្នំ ក៏ដូចគ្នាដែរ។ បើតាមប្រភពឯកសារចិនដដែល ព្រះរាជានាសម័យនគរភ្នំ សព្វព្រះទ័យ នឹងការបរបាញ់ដំរី ហើយក្នុងការបរបាញ់នេះ ព្រះអង្គអាចប្រើពេលច្រើនថ្ងៃ ឬច្រើនខែ។ តាមពិត ការ បរបាញ់នេះ បញ្ជាក់នូវលក្ខណៈពិសិដ្ឋរបស់របបរាជាធិបតេយ្យខ្មែរ។ សូមរំលឹកឡើងវិញថា ពាក្យ វយ្យាធបុរៈ ដែលជាឈ្មោះរបស់រាជធានីខ្មែរមួយដំបូងបង្អស់ មានន័យថា ទីក្រុងរបស់អ្នកទាក់ដំរី ។ នៅ ទីបញ្ចប់ សូមជម្រាបថា ការបរបាញ់ដ៏ស្ទាត់ជំនាញនេះ បានធ្វើឲ្យព្រះកិត្តិនាមនិងកេរ្តិ៍ឈ្មោះរបស់ព្រះ រាជាខ្មែរ ឮរន្ទឺទូទាំងប្រទេស ហើយបានធ្វើឲ្យប្រជារាស្ត្រកោតសរសើរក្រៃលែង។
ចំពោះទីក្រុង របស់នគរភ្នំ
តាមទស្សនៈរបស់លោកសាស្ត្រចារ្យ ហ្សក សឺដេស (ឆ្នាំ១៩៦៨) ទីក្រុងអង្គរបូរី អាចជាទីក្រុង របស់ព្រះបាទរុទ្រវរ្ម័ន ដែលជាស្តេចចុងក្រោយបង្អស់របស់នគរភ្នំ នាសតវត្សរ៍ទី៦ នៃគ.ស. ដែលមាន កំពង់ផែអន្តរជាតិសមុទ្រមួយ គឺ អូរកែវ លាតសន្ធឹងទៅទ្វីបអគ្នេយ៍ ក្នុងទឹកដីកម្ពុជាក្រោម ដែលបាន ក្លាយទៅជាស្រុកវៀតណាមខាងត្បូង។ តែតាមពិត នេះគ្រាន់តែជាទីក្រុងមួយក្នុងចំណោមទីក្រុង ជាច្រើន នៃចក្រភពភ្នំប៉ុណ្ណោះ ដោយសារកំណត់ហេតុចិនបានឲ្យដឹងថា យ៉ាងហោចណាស់ ក៏មាន ទីក្រុងចំនួន១២ ទៀត ហើយមានប្រឡាយទឹកមិនតិចជាង២០០គីឡូម៉ែត្រ ដែលស្ថិតក្នុងបរិវេណនៃ ព្រះអធិរាជាណាចក្រភ្នំ។
ម៉្យាងទៀត ទីក្រុងអង្គរបូរីនេះ ត្រូវបានស្ថាបនាឡើងនាដើមសម័យប្រវត្តិសាស្ត្រ ពោលគឺនៅ សតវត្សរ៍ទី១និងទី២ នែគ.ស. ហើយដោយយើងសំអាងទៅលើបដិមាសាស្ត្រ និងកាក់រ៉ូម៉ាំង ដែលគេ បានរកឃើញថ្មីៗនេះ។
គប្បីរំលឹកនៅទីនេះដែរ តាមការស្រាវជ្រាវរបស់បុរាណវិទូថៃ យើងក៏អាចសន្និដ្ឋានថា ឥទ្ធិពល វប្បធម៌របស់នគរភ្នំ បានលាតសន្ធឹងរហូតដល់ទីក្រុងស្ត្រេស្ឋបុរៈ នៅចម្ប៉ាសាក់ (លាវ)និងនៅឥសានបូរី
ព្រមទាំងស្រីទេពដែលស្ថិតនៅក្នុងខេត្តពេជប៊ុន និងនៅខេត្តអ៊ូដន សព្វថ្ងៃនេះ។ បុរាណស្ថាន និង បដិមាសាស្ត្រជាច្រើន ដែលគេបានរកឃើញក្នុងទីក្រុងខាងលើនេះ ក៏អាចឲ្យយើងជឿជាក់ថា បូរីនេះ ត្រូវបានចាប់បដិសន្ធិឡើង រវាងសតវត្សរ៍ទី៥-ទី៦ នៃគ.ស. ហើយម៉្យាងទៀត ទីតាំងបុរាណនេះ ក៏ជា ផ្នែកមួយនៃអធិរាជាណាចក្រភ្នំដែរ។