ប្រវត្តិសាស្ត្រកម្ពុជា អាណាចក្រភ្នំ (សតវត្សរ៍ទី១ ដល់សតវតវត្សរ៍ទី៦)

អាណាចក្រភ្នំ (សតវត្សរ៍ទី១ ដល់សតវតវត្សរ៍ទី៦)

​​​​​​​​​​  ដោយបណ្ឌិត មីសែល ត្រាណេ

ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ភ្នំពេញ ពស ២៥៤៦ គស ២០០២

កំណត់របស់អ្នកចុះផ្សាយឡើងវិញ តាមរយ:វិទ្យុសំឡេងកម្ពុជាក្រោម:

គឺដោយសារមោទនភាព និងការស្រឡាញ់ពេញចិត្ត ចំពោះវប្បធម៌របស់ជនជាតិខ្លួននោះឯង បានធ្វើឲ្យខ្មែរក្រោមដែលធ្វើដំណើរមកប្រទេសកម្ពុជា ពេលវិលត្រឡប់ទៅកម្ពុជាក្រោមវិញ តែងខំលួច លាក់យកសៀវភៅជាភាសាខ្មែរអ្វីមួយទៅតាមខ្លួន ដោយប្រថុយប្រថាន។ ហេតុអ្វីក៏ចាំបាច់ត្រូវលួច លាក់ ?  កុំថាឡើយដល់សៀវភៅប្រវត្តិសាស្ត្រ សូម្បីសៀវភៅធម៌មួយក្បាល ក៏ឆ្លងខ្សែព្រំដែនពីដីកម្ពុជា ទៅកម្ពុជាក្រោមបានដោយចៃដន្យបំផុត ព្រោះអាជ្ញាធរវៀតណាមមានវិធានការឆែកឆេរយ៉ាងតឹងរឹង ក្នុងផែនការមួយច្បាស់លាស់ មិនឲ្យខ្មែរក្រោមយល់ដឹងពីវប្បធម៌ជាតកំណើតរបស់ខ្លួនឡើយ។ រឿង នេះ ខ្មែរក្រោមគ្រប់រូបសុទ្ធតែបានដឹងរួចមកហើយ។ ដើម្បី ឆ្លើយតបចំពោះសេចក្តីស្រេកឃ្លាននៃជន រួមលោហិតជាទីស្នេហា ខ្ញុំយល់ថា មានតែការខំស្រាវជ្រាវរកឯកសារប្រវត្តិសាស្ត្រដ៏សំខាន់ៗ ផ្សាយ តាមរយ:គេហទំព័រនានាទាំងនេះទេ ដែលអាចឆ្លងកាត់របាំងមនុស្ស ដែលមានគំនិតក្តិចត្រួយប្រល័យ ពូជសាសន៍ តាមរយ:ការរំលាយវប្បធម៌និងប្រវត្តិសាស្ត្រ អាចបានទៅដល់ខ្មែរដ៏អភព្វ ក្នុងពិភពងងិត សូន្យសុងនោះបាន។

ម៉្យាងទៀត ខ្មែរនៅកម្ពុជាក្រោមភាគច្រើន មានសៀវភៅហើយ ក៏មិនចេះអានទៀត។ ដូច្នេះ មានតែសំឡេងទេ ដែលជួយឲ្យជនអភព្វទាំងនោះ អាចដឹងអំពីប្រវត្តិជាតិកំណើតរបស់ខ្លួន  ព្រោះថា ទោះជាជនជាតិណា កំពុងតែរស់នៅលើទឹកដីនៃប្រទេសណា តែងចង់ដឹងថា ខ្លួនជាអ្នកណា។ ទោះជា ជនប្តូរទីលំនៅ ឧទ្ទាហរណ៍កូនខ្មែរដែលកើតពីឪពុកម្តាយខ្មែររបស់ខ្លួន នៅសហរដ្ឋអាមេរិកឬប្រទេស ដ៏ទៃទៀតណាក៏ដោយ ពេលធំដឹងក្តីឡើង តែងខំស្វែងយល់អំពីប្រភពកំណើតរបស់ខ្លួន និងមូលហេតុ នៃការប្តូរទីកន្លែង។ ចុះទម្រាំដល់ខ្មែរនៅកម្ពុជាក្រោម ដែលពុំមែនជាជនប្តូរទីកន្លែងទេ តែគឺជាជនជាតិ ដែលកំពុងរស់នៅលើទឹកដីមត៌កកេរដូនតារបស់ខ្លួនរាប់ពាន់ឆ្នាំមកហើយនោះ តម្រូវការចង់ដឹងឮនេះ កាន់តែមានទំហ៊ំធំធេងណាស់ទៅទៀត។ តាមបទពិសោធន៍ផ្ទាល់ និងតាមសេចក្តីសង្កេត ពេលដែល ខ្មែរក្រោមបានធ្លាក់ខ្លួនទៅក្នុងកណ្តាប់ដៃយួនត្រួតត្រា នៅក្រោមសម្ពាធនៃការជិះជាន់សង្កត់សង្កិន និងការបាត់បង់សិទ្ធិសេរីភាព ខ្មែរក្រោមកាន់តែដុះគំនិតស្នេហាទឹកដីប្រទេសជាតិមាតុភូមិរបស់ខ្លួន កាន់តែខ្លាំងឡើង។ ភ័ស្តុតាងក្នុងរឿងនេះបាន បង្ហាញពីការក្រោកឡើងតស៊ូជាច្រើនលើកច្រើនសារ មកហើយ មិនត្រឹមតែនៅកម្ពុជាក្រោមទេ សូម្បីនៅប្រទេសកម្ពុជា ក៏កងទ័ពខ្មែរក្រោមធ្លាប់បានលើកគ្នា មកជួយច្បាំងយ៉ាងប្តូរផ្តាច់អង់អាចក្លាហាន ដើម្បីការពារទឹកដីខ្មែរ ដែលត្រូវពួកយួនយៀកកុងវាយលុក ចូលក្នុងទសវត្សរ៍១៩៧០ជាដើម។

ដើម្បីជាការបំភ្លឺចំពោះបងប្អូនខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោមសព្វថ្ងៃ បានដឹង អំពីប្រភពដើមនៃជាតិកំណើតរបស់ខ្លួន និងដើម្បីជាទឡ្ហីករណ៍ចំពោះប្រទេសវៀតណាម ដែលព្យាយាម សរសេរប្រវត្តិសាស្ត្រថ្មីបំភ្លៃខុសពីការពិត អំពីដែនដីសណ្តនៃទន្លេមេគង្គ វិទ្យុសំឡេងកម្ពុជាក្រោមសូម ធ្វើការចុះផ្សាយនូវប្រវត្តិដើមនៃនគរភ្នំ ជាចំណុចទីតាំងរបស់កម្ពុជាក្រោម(វៀតណាមខាងត្បូងសព្វថ្ងៃ) ពីសតវត្សរ៍ទី១ដល់សតវត្សរ៍ទី៦ ដែលស្រាវជ្រាវដោយបណ្ឌិត មីសែល ត្រាណេ។

ខ្ញុំព្រះករុណា-ខ្ញុំសង្ឃឹមថា ឯកសារប្រវត្តិសាស្ត្រនេះ ដែលអ្នកនិពន្ធចងក្រងពិតជាមានបំណង សុក្រិតល្អបរិសុទ្ធ គ្មានគំនិតក្រឡៃបំភ្លៃដើម្បីបំភាន់មតិអ្នកណាម្នាក់ នឹងបានជាវត្ថុមានតម្លៃមួយសម្រាប់ ការសិក្សាស្រាវជ្រាវរបស់កូនខ្មែរកម្ពុជាក្រោម ទឹកដីដែលត្រូវគេពុះចេញពីអាណាចក្រនគរភ្នំ ដោយ អយុត្តិធម៌បំផុតនោះ។

សូមរំលឹកថា ទោះបីពេលវេលាកន្លងទៅយូរប៉ុណ្ណា ទោះជាអ្នកគ្រប់គ្រងថ្មីខំព្យាយាមភូតកុហក តាមរយ:ប្រវត្តិសាស្ត្រថ្មីយ៉ាងណា ការពិតមានតែមួយដដែល ហើយកូនខ្មែរគ្រប់រូបគួរណាស់ស្វែងយល់ ឲ្យបានដឹងច្បាស់ថា:

– តើខ្លួនជាអ្នកណា ?

– មកពីទីណា ?

– កំពុងតែនៅទីណា ?

– ហើយកំពុងតែធ្វើដំណើរទៅទីណា ?

ប្រសិនបើឆ្លើយរួចចំពោះចំណុចទាំង៤ខាងលើនេះហើយ នោះគឺយើងពុំមែនជាជនវង្វេងទីទេ។

ថ្ងៃទី១ ខែមករា​ឆ្នាំ២០១៣

សឺង សម្រេច

នាយកព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម