ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK
សូមរំលឹកឡើងវិញថា វឌ្ឍនភាពរបស់ខ្មែរយើងសម័យនគរភ្នំ បណ្តាលមកពីពាណិជ្ជកម្ម និង ទេពកោសល្យរបស់ជនជាតិនេះ ដែលបានកែឆ្នៃមត៌កវប្បធម៌របស់ខ្លួន។ ហេតុនេះហើយបានជាអ្នក ប្រវត្តិសាស្ត្រចិននាសម័យនោះបាននិយាយថា មានឃ្លាំងដាក់សៀវភៅឯកសារប្រចាំជាតិ រីឯអក្សរខ្មែរ វិញមានលក្ខណៈដូចជាអក្សរដែលគេសរសេរនៅប្រទេស លិនយី ពោលគឺចម្ប៉ា គឺអក្សរដែលមាន ប្រភពចេញពីប្រទេសឥណ្ឌា។
តាមពិតការពិពណ៌នាពីឃ្លាំងងឯកសារខាងលើនេះ ជាព្រឹត្តិការណ៍មួយដ៏សំខាន់ណាស់ ហើយ បើយើងពិនិត្យបញ្ហានេះឲ្យបានស៊ីជម្រៅ យើងអាចសម្គាល់ថា ការដែលប្រទេសខ្មែរអាចមានលទ្ធភាព មានឃ្លាំងដាក់សៀវភៅឯកសារប្រចាំជាតិរបស់ខ្លួនឯងបាន លុះត្រាតែមានស្ថេរភាពនយោបាយ និង ភាពរុងរឿងផ្នែកវប្បធម៌ឬសេដ្ឋកិច្ច ហើយប្រទេសនេះបានឈានទៅរកវឌ្ឍនភាពកប់កំពូល។ មិនមែន គ្រាន់តែសង្គមខ្មែរមានការរីកចម្រើន ក្នុងវិស័យអក្សរសិល្ប-អក្សរសាស្ត្រតែប៉ុណ្ណោះទេ ក៏ប៉ុន្តែក្នុងវិស័យ អប់រំថែមទៀតផង ពោលគឺការផ្ទេរនូវការចងចាំនិងការចេះដឹងទាំងប៉ុន្មានរបស់សង្គមជាតិ តាមរយៈ ការកត់ត្រាដោយតួអក្សរ។ នេះបញ្ជាក់ឲ្យឃើញថា នាសម័យនោះ មានការចាប់ផ្តើមនូវការស្ថាបនា ស្មារតីជាតិ ឬសតិសម្បជញ្ញៈជាតិមួយយ៉ាងប្រាកដ ហើយចលនាបែបនេះ គឺជាសកម្មភាពមូលដ្ឋាន របស់សង្គមជាតិ ដែលយើងចាត់ទុកថាកម្លាំងស្នេហាជាតិមួយដ៏ជាក់ស្តែង។ប្រសិនជាគ្មានពង្សាវតារទេ នោះក៏មិនខុសពីកុលសម្ព័ន្ធខ្មែរដែលរស់នៅខ្ពង់រាបប៉ុន្មានទេ ហើយពិតជាគ្មានប្រទេសកម្ពុជាសព្វថ្ងៃ ឡើយ។
ម៉្យាងទៀត យោងតាមសកម្មភាពនេះ ទំនៀមទម្លាប់ជាអចិន្ត្រៃរបស់ជនជាតិខ្មែរ ដែលបាន ប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាំងពីមុនសម័យអង្គររហូតដល់បច្ចុប្បន្នកាល ដូចជាវត្តមានរបស់បណ្ណាល័យ នៅតាមប្រាសាទសំខាន់ៗមួយចំនួន (ដូចជាភ្នំរុង បាគង ព្រះគោ អង្គរវត្ត បាយ័ន ជាដើម) និងស្មៀន ប្រចាំព្រះបរមរាជវាំង ដើម្បីកត់ត្រានូវព្រះរាជពង្សាវតារ នៃព្រះមហាក្សត្រដែលបានសោយរាជនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ជាសក្ខីភាពស្រាប់( K1036) យើងអាចបញ្ជាក់ថា អ្វីដែលពិពណ៌នាថ្លែង ការណ៍ដោយជនជាតិចិន មានភាពត្រឹមត្រូវពិតប្រាកដ។
គម្ពីរសាសនា
ថ្វីត្បិតតែយើងមានកង្វះខាតចំពោះរឿងនេះក៏ដោយ ប៉ុន្តែមានរបាយការណ៍ពីក្រុមប្រវត្តិវិទូចិន នារជ្ជកាលលាង បានឲ្យដឹងថា ស្តេចខ្មែរជំនាន់នោះ បានបញ្ចូលជនជាតិឥណ្ឌាម្នាក់ឈ្មោះ បរមាថ៌ ឬ គុណរតនៈដែលបានមកស្នាក់អាស្រ័យនៅអាណាចក្រភ្នំ ដើម្បីនាំយកគម្ពីរសាសនាជាច្រើនទៅប្រទេស ចិន។ បញ្ហានេះ ឯកសារចិនបានលើកមកនិយាយដោយបានបញ្ជាក់ថា នៅចន្លោះគ្រិស្តសករាជ៥០៥ និង៥៤៥ មានរាជទូតចិនបានអញ្ជើញមកនគរភ្នំ តាមព្រះរាជតម្រិះរបស់ស្តេចចិន ដើម្បីសុំឲ្យព្រះមហា ក្សត្រខ្មែរផ្តល់ចំពោះប្រទេសចិន នូវគម្ពីរព្រះពុទ្ធសាសនា។
គួរកត់សម្គាល់ថា គម្ពីដីការទាំងប៉ុន្មាន សុទ្ធសឹងទាក់ទងនឹងព្រះពុទ្ធសាសនានិកាយមហាយាន ហើយនិកាយនេះ ខុសពីប្រទេកម្ពុជា ត្រូវបានជនជាតិចិន ប្រារព្ធប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ។
តាមការវិភាគរបស់យើង គម្ពីព្រះពុទ្ធសាសនាទាំងនោះដែលនាំទៅចិន មានលក្ខណៈជាក្រាំង ធ្វើអំពីក្រដាសដូចសព្វថ្ងៃ គឺពុំមែនជាសាស្ត្រាស្លឹករឹតទេ។ តាមពិត ការចារគម្ពីរដីការលើក្រាំងឬស្លឹករឹត ជាប្រពៃណីដែលហូរចេញពីប្រទេសក្លិង្គ ជាពិសេសពីស្រីលង្កា ម៉្លោះហើយគេបានជួបរហូតដល់សព្វថ្ងៃ នូវទំនៀមនេះនៅកម្ពុជាក្រោម និងនៅស្រុកសៀម ខ្មែរ លាវ និងនៅប្រទេសជ្វា ដែលជាតំបន់ធ្លាប់ស្ថិត ក្រោមឥទ្ធិពលក្លិង្គទាំងអស់។
ម៉្យាងទៀតសូមជម្រាបថា ការផ្សព្វផ្សាយលិទ្ធិព្រហ្មញ្ញាសាសនានិងព្រះពុទ្ធសាសនាទាំងឡាយ ដែលជាយានសម្រាប់ជម្រុញអភិវឌ្ឍន៍មនោគមវិជ្ជារបស់លិទ្ធិសាសនា។ យ៉ាងណាមិញ ជនជាតិក្លិង្គក៏ បានប្រើប្រាស់ផងដែរនូវព្រះបដិមា ដើម្បីងាយនាំចូលអតីតដែនដីនគរភ្នំនិងប្រទេសឥណ្ឌូណេស៊ី នូវរូប ចម្លាក់តំណាងព្រះពុទ្ធអង្គដែលជាសិល្បៈក្លិង្គអមរាវតី ឬគន្ធារៈ សុទ្ធសាធ។
សូមរំលឹកឡើងវិញដែរថា ក្នុងកំណត់ហេតុចិន មាននិយាយអំពីការសុំនិមន្តព្រះសង្ឃខ្មែរពីរ ព្រះអង្គពីនគរភ្នំទៅ ដើម្បីបកប្រែគម្ពីរពីភាសាសំស្ក្រឹតទៅជាភាសាចិនដែរ។ ព្រះសង្ឃទាំងពីរអង្គនោះ មានព្រះនាមថាសង្ឃបាល និងមន្ត្រសេន។ យ៉ាងណាមិញតាមសិលាចារឹកវាលកន្ទេល យើងឃើញ មានដង្វាយនូវព្រះគម្ពីររាមកេរ្តិ៍ និងបុរណៈនៅបូជនីយដ្ឋាន ដើម្បីឲ្យគេសូត្រប្រចាំថ្ងៃផង។
ផ្ទះសម្បែង
ដោយបានការបញ្ជាក់ពីកំណាយស្ថានីយ៍ប្រវត្តិសាស្ត្រនានា គេអាចដឹងថា ផ្ទះសម័យនគរភ្នំ ត្រូវបានសង់ឡើងពីឈើ ហើយស្ថិតខ្ពស់ពីដីដើម្បីការពារពីសត្វសាហាវនិងទឹកជំនន់។ ម៉្យាងទៀតតាម កំណត់ហេតុចិន យើងក៏អាចដឹងថា ផ្ទះសម័យនោះដែលស្ថិតនៅជិតមាត់សមុទ្រប្រក់ស្លឹកចាក ប៉ុន្តែផ្ទះ អ្នកមានប្រក់ក្បឿងធ្វើអំពីដីដុត។ កន្លងមកនេះ យើងបានរកឃើញរូបភាពផ្ទះ ព្រមទាំងក្បឿងដីដុត មួយចំនួន នៅស្ថានីយ៍អង្គរបូរី ដែលជាភស្តុតាងនៃផ្ទះសម្បែងសម័យកាលខាងលើនេះ។
ប្រការមួយទៀតដែលគេត្រូវកត់ត្រា គឺផ្ទះនាសម័យនគរភ្នំត្រូវគេតុបតែង ដោយក្បាច់ក្បូរយ៉ាង ល្អប្រណិត។
មួយវិញទៀត ផ្ទះនិមួយៗមានរបងឈើឡោមព័ទ្ធ ហើយឈើទាំងនោះត្រូវបានគេកាប់យក ចេញពីព្រៃ។ ដូច្នេះហើយ បានជាគេអាចសន្និដ្ឋានថា ដីធ្លីខ្មែរនាសម័យនោះសុទ្ធសឹងតែមានកម្មសិទ្ធិ លើកលែងតែដីព្រៃ ហើយសិទ្ធិនៅលើដីធ្លីនោះ ត្រូវបានផ្ទេរទៅគ្រួសារញាតិសន្តាន ជាបន្តបន្ទាប់គ្នា ដោយមិនដាច់។
ការគោរពបូជាភ្នំ
សម័យនគរភ្នំ ភ្នំទាំងឡាយត្រូវបានគេគោរពជាកន្លែងស័ក្តិសិទ្ធិ ដោយហេតុថា ជាទីកន្លែងដែល ទេវតាប្រថាប់។ តាមឯកសារចិន “ជាញឹកញយ អាទីទេពយាងចុះមកប្រថាប់លើកំពូលភ្នំម៉ូតាន់(ភូខៅ ចម្ប៉ាសាក់) ពីព្រោះភ្នំនេះ គឺជាទីកន្លែងដែលព្រះបានជ្រើសរើស សម្រាប់សំដែងនូវមហិទ្ធិប្ញទ្ធិរបស់ ព្រះអង្គ។ គឺនៅទីនោះហើយ ដែលព្រះអាទិទេពប្រសិទ្ធិពរជ័យសិរីមង្គល ថ្វាយចំពោះព្រះមហាក្សត្រ ខ្មែរគ្រប់ព្រះអង្គ ហើយប្រជារាស្ត្រក៏បានទទួលសេចក្តីសុខសប្បាយផងដែរ”។
សូមជម្រាបថា ការដែលព្រះចៅអធិរាជខ្មែរគ្រប់ព្រះអង្គ នាសម័យនគរភ្នំស្តេចយាងឡើងភ្នំ សម្រាប់ធ្វើពិធីបួងសួងព្រះសិវៈ ដើម្បីសេចក្តីថ្កុំថ្កើងរុងរឿងរបស់ព្រះរាជនគរនិងប្រជារាស្ត្រ ជាព្រះរាជ
កិច្ចមួយដ៏ឧត្តុងឧត្តម ហើយប្រកបដោយសីលធម៌ដ៏ធំធេងអស្ចារ្យ។ ព្រះរាជកិច្ចនេះ ក៏ត្រូវបានព្រះ មហាក្សត្រខ្មែរសម័យអង្គរ ដូចជាព្រះបាទសុរិយាវរ្ម័នទី១និងទី២ជាដើម បានប្រារព្វប្រតិបត្តិយ៉ាង ជាប់លាប់ ក្នុងការកសាងស្ថាបនាប្រទេសជាតិ។
ប្រភពសិលាចារឹកក៏បានឲ្យដឹងដែរថា ព្រះបាទសុរិយាវរ្ម័នទី១ ព្រះអង្គក៏បានស្តេចយាងធ្វើ បុណ្យបួងសួងនៅលើប្រាសាទព្រះវិហារ ដែលស្ថិតលើភ្នំព្រះវិហារ។ រីឯព្រះបាទសុរិយាវរ្ម័នទី២ វិញ ព្រះអង្គក៏បានដើរតាមគន្លងអតីតព្រះមហាក្សត្រខ្មែរដ៏ទៃទៀតដែរ គឺស្តេចបានធ្វើដំណើរយ៉ាងវែងឆ្ងាយ ដើម្បីប្រារព្ធពិធីបូជាយញ្ញនៅលើកំពូលភ្នំវត្តភូ ដែលជាបូជនីយដ្ឋានដ៏ពិសិដ្ឋ តាំងតែពីសម័យចេនឡា ម៉្លេះ។ តើព្រះរាជសកម្មភាពនេះ ពុំមែនមិនប្រកបដោយវិរភាព សីលធម៌ និងព្រហ្មវិហាធម៌ដ៏មហាធំធេង ទេឬ?
តាមពិត ជំនឿសាសនាមានអានុភាពយ៉ាងខ្លាំងក្លាបំផុត ជាមួយនឹងប្រព័ន្ធនយោបាយ ហើយ នឹងវិស័យស្ថាបត្យកម្ម ដូចជាការជីករូងភ្នំនៅចង្កេះភ្នំដា ដើម្បីធ្វើជាទីសក្ការៈបូជាទេវតា និងការសាង ប្រាសាទថ្ម និងអាស្រមមហាប្ញស្សី ដែលធ្វើនៅទិសខាងត្បូង ក្រៅពីកំពែងរាជធានីអង្គរបូរី ជាសក្ខីភាព ស្រាប់។
វិស័យនយោបាយ សាសនា
រដ្ឋបាលនៃអាណាចក្រភ្នំ ត្រូវបានរៀបចំឡើងតាមរបៀបគ្រប់គ្រងដែលមាននៅប្រទេសក្លិង្គ ដោយហេតុថាខ្មែរយើងបានទទួឥទ្ធិពលវប្បធម៌នៃប្រទេសនេះ នាគ្រាបឋមនៃប្រវត្តិសាស្ត្ររបស់ខ្មែរ។
ក្នុងករណីនេះហើយ យើងឃើញអ្នកដឹកនាំកំពូលនៃប្រទេសជាតិ ជាព្រះមហាក្សត្រដែល ប្រថាប់នៅក្នុងព្រះបរមរាជវាំងធ្វើអំពើឈើមួយ ដោយមានរបងឥដ្ឋព័ទ្ធជុំវិញ។ ព្រះរាជវាំងរបស់ព្រះ រាជាស្ថិតមិនឆ្ងាយប៉ុន្មានពីភ្នំដ៏ពិសិដ្ឋមួយ។ គឺនៅលើកំពូលភ្នំដាក្បែរអង្គរបូរីនេះហើយ ដែលព្រះមហា-ក្សត្រខ្មែរយាងឡើងទៅធ្វើពិធីគោរពបូជាចំពោះព្រះមហេស្វរៈ ដែលជាព្រះរបស់ព្រះសិវៈ ម៉្យាងទៀត នៅទីនេះក៏មានតម្កល់នូវព្រះសិវលិង្គមួយឈ្មោះព្រះគិរិស ដែលជានិមិត្តរូបរបស់ព្រះសិវៈ ឬឥសូរ។ ដូច្នេះហើយ បានជាព្រះអង្គមានឋានន្តរនាមថា ក្រុងភ្នំ (កុរុង វ្នំ ) ឬស្តេចភ្នំ ដែលជាឈ្មោះសម្គាល់ភ្នំ ជាព្រះរាជសក្ការបូជា។